អានតួអត្ថបទ
ស៊ីរី-លីបង់

មេបញ្ជាការទ័ព​នៃ​ចលនា​អេស្បូឡាលីបង់​មូស្តាហ្វា បាដដ្រឺឌីន​ស្លាប់​ក្នុង​ទឹកដី​ស៊ីរី

នៅ​ថ្ងៃ​សុក្រ ទី១៣ ឧសភា​នេះ ចលនា​អេស្បូឡាលីបង់​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ស្លាប់​មេបញ្ជាការ​របស់​ខ្លួន​មូស្តាហ្វា បាដដ្រឺឌីន​ក្នុង​ទឹកដី​ស៊ីរី។ ផ្អែក​តាម​សេចក្តីជូន​ដំណឹង​របស់​ចលនាអេស្បូឡាលីបង់ មូស្តាហ្វា បាដដ្រឺឌីន​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយប្រហារ​មួយ​ស្ថិត​ក្បែរ​អាកាសយានដ្ឋាន​ក្នុង​ទីក្រុង​ដាម៉ាស់។ គួរ​រម្លឹក​ជូន​ថា តាំង​ពី​ស៊ីរី​ធ្លាក់​ក្នុង​វិបត្តិ​ហែកហួរ​ផ្ទែក្នុង​ជាង ៥ឆ្នាំ​កន្លង​មក ចលនា​អេស្បូឡាលីបង់​បាន​បញ្ជូន​ទ័ព​ទៅ​ជួយ​គាំទ្រ​កម្លាំង​រដ្ឋាភិបាល​ស៊ីរី​របស់​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ​ក្នុង​ការ​ប្រឆាំង​នឹង​ក្រុម​បះបោរ។

មេបញ្ជាការទ័ព​នៃ​ចលនា​អេស្បូឡាលីបង់​មូស្តាហ្វា បាដដ្រឺឌីន​ស្លាប់​ក្នុង​ទឹកដី​ស៊ីរី
មេបញ្ជាការទ័ព​នៃ​ចលនា​អេស្បូឡាលីបង់​មូស្តាហ្វា បាដដ្រឺឌីន​ស្លាប់​ក្នុង​ទឹកដី​ស៊ីរី Hezbollah Media Office
ផ្សាយពាណិជ្ជកម្ម

ក្រៅ​ពី​ការ​ស្លាប់​មេបញ្ជាការ​មូស្តាហ្វា បាដដ្រឺឌីន ចលនា​អេស្បូឡាលីបង់​ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ទ័ពអេស្បូឡា​រងរបួស​ជា​ច្រើន​នាក់​នៅ​ក្នុង​ព្រឹត្តិការណ៍​ផ្ទុះ​មួយ​ស្ថិត​ក្បែរ​អាកាសយានដ្ឋាន​ក្នុង​ទីក្រុង​ដាម៉ាស់។ តែ​នៅ​ក្នុង​សេចក្តីជូនដំណឹង​ដដែល ចលនា​អេស្បូឡាលីបង់​មិន​បាន​បញ្ជាក់​ពី​ថ្ងៃ​ខែ និង​ដើមហេតុ​នៃ​ព្រឹត្តិការណ៍​ផ្ទុះ​នោះ​ទេ។ នៅ​ក្នុង​ន័យ​នេះ ចលនាអេស្បូឡា​បាន​ប្រកាស​ពី​ការ​បើក​ការ​ស៊ើបអង្កេត​ដើម្បី​ស្វែង​រក​ការ​ពិត ពិសេស​ចង់​ដឹង​ឲ្យ​ច្បាស់​ថា តើ​ការ​ផ្ទុះ​នោះ​បង្ក​ឡើង​ដោយ​គ្រាប់មីស៊ីល ដោយ​គ្រាប់ប្លោង ឬ​មួយ​ដោយ​ការ​ទម្លាក់​គ្រាប់បែក​ពី​លើ​យន្តហោះ។

សូម​ជម្រាប​ជូន​ថា ចលនា​អេស្បូឡាលីបង់​ដែល​ជា​ចលនាប្រដាប់អាវុធ​និកាយ​ឈីអ៊ីត​ដ៏​មាន​ឥទ្ធិពល​នៅ​ក្នុង​ប្រទេស​លីបង់ គឺ​ជា​សត្រូវ​ស៊ីសាច់ហុតឈាម​នឹង​ប្រទេស​អ៊ីស្រាអែល និង​ដែល​សហរដ្ឋអាមេរិក​ចាត់​ទុក​ជា​អង្គការ​ភេរវនិយម។ ចលនា​នេះ​ហើយ​ដែល​បាន​ធ្វើ​សង្រ្គាម​ប្រឆាំង​នឹង​អ៊ីស្រាអែល​ក្នុង​ឆ្នាំ ២០០៦ និង​តែងតែ​ចោទ​អ៊ីសា្រអែល​ពី​បទ​ធ្វើ​ឃាត​សម្លាប់​មន្រ្តី​ខ្លួន។ តែ​នៅ​ក្នុង​ការ​ស្លាប់​មេបញ្ជាការ​មូស្តាហ្វា បាដដ្រឺឌីន​ក្នុង​ទឹកដី​ស៊ីរី​ពេល​នេះ ចលនា​អេស្បូឡា​នៅ​មិន​ទាន់​ទម្លាក់​កំហុស​ដាក់​អ្នក​ណា​មួយ​នៅ​ឡើយ​ទេ។

មាន​អាយុ​ប្រមាណ​ជា ៥៥ឆ្នាំ មូស្តាហ្វា បាដដ្រឺឌីន ជា​អ្នក​ទទួល​ខុស​ត្រូវ​សំណុំរឿង​ស៊ីរី ដោយ​បាន​ដឹកនាំ​កងពល​ទ័ព​អេស្បូឡា​មាន​គ្នា​ពី ៧ ០០០ ទៅ ១០ ០០០នាក់​ទៅ​ជួយច្បាំង​ទ័ព​រដ្ឋាភិបាល​ស៊ីរី​ប្រឆាំង​នឹង​ក្រុមបះបោរ។ បើ​គិត​តាំង​ពី​ថ្ងៃ​ផ្តើម​ចូល​អន្តរាគមន៍​នៅ​ស៊ីរី​ក្នុង​ឆ្នាំ ២០១៣ មក មាន​ទ័ព​អេស្បូឡា​ស្លាប់​ក្នុង​ទឹកដី​ស៊ីរី​ប្រមាណ​ជា ១ ៣០០នាក់ ក្នុង​នោះ​មាន​មេទ័ព​សំខាន់ៗ​យ៉ាង​តិច ៥នាក់ និង​របួស​ជិត ៥០០នាក់​ផ្សេង​ទៀត។

គួរ​រម្លឹក​ជូន​ថា មូស្តាហ្វា បាដដ្រឺឌីន​ធ្លាប់​បាន​ជាប់ចោទ​ពី​បទ​បាន​រៀបចំ​ភេរវកម្ម​សម្លាប់​លោក​នាយករដ្ឋមន្រ្តី​លីបង់​រ៉ាហ្វិក ហារីរី​ក្នុង​ទីក្រុង​បៃរូត​ក្នុង​ឆ្នាំ ២០០៥។ តែ​ចលនាអេស្បូឡា​តែងតែ​បាន​ចាត់​ទុក​ការ​ចោទ​ប្រកាន់​នេះ​ថា​ជា​រឿងនយោបាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ