ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/11 12h00 GMT
អាមេរិក

​ម៉ិចស៊ិក​​រង​គ្រោះ​រញ្ជួយដី​​កម្រិត​​៨,២រ៉ិចទ័រ​ ស្លាប់យ៉ាងហោច​១៥នាក់​​​​ អាជ្ញាធរ​​​ត្រៀម​អាសន្ន​​​ស៊ូណាមី​​​​

media  
ប្រជាជន​ម៉ិចស៊ិក​នៅ​រដ្ឋធានី​ម៉ិចស៊ីកូ នាំគ្នា​ចុះ​មក​តាម​ផ្លូវ ដោយ​បារម្ភ​ពី​គ្រោះ​រញ្ជួយដី យប់​ថ្ងៃ​៧កញ្ញាម្សិលមិញ ។ Reuters

គ្រោះរញ្ជួយដី​កម្រិត​៨,២រ៉ិចទ័រ​បាន​វាយប្រហារ​ឆ្នេរ​ប៉ាស៊ីហ្វិក នៅ​ភាគខាងត្បូង​ម៉ិចស៊ិក យប់ថ្ងៃ​ព្រហស្បតិ៍​ ឈានចូលព្រឹក​ថ្ងៃសុក្រ​នេះ។ នេះ​ជាគ្រោះ​រញ្ជួយដី​ធ្ងន់បំផុត ​សម្រាប់​ម៉ិចស៊ិក គិត​មួយសតវត្ស​មកនេះ។ មនុស្ស​យ៉ាងហោច​១៥នាក់​បានស្លាប់ ក្នុង​នោះ​មាន​ទារក​តូចម្នាក់។ ​អាជ្ញាធរ​ម៉ិចស៊ិកបាន​ចេញ​ការ​​​​ប្រកាស​អាសន្ន​អោយ​ប្រុងប្រយ័ត្ន​ចំពោះ​គ្រោះស៊ូណាមី ដែល​រលកសមុទ្រ​អាច​បោកបក់​រហូត​កម្ពស់​៤ម៉ែត្រ។

គ្រោះរញ្ជួយដី​នៅ​ភាគខាងត្បូង​ម៉ិចស៊ិក កម្រិត​៨,២រ៉ិចទ័រ បាន​កើតឡើង នៅ​ប៉ាស៊ីហ្វិក ប្រមាណ​១០០គីឡូម៉ែត្រ​នៅឆ្នេរ​រដ្ឋ​Chiapas ​ហើយ​​កក្រើក​រហូត​ដល់​រដ្ឋធានី ធ្វើអោយ​មនុស្ស​រាប់រយនាក់​ស្លន់ស្លោ នាំគ្នា​​រត់ចេញ​មកតាមផ្លូវ។ ប្រជាជន​ម៉ិចស៊ិក​​​​​មានការ​ភ្ញាក់ផ្អើល​ដោយសារ​តែ​ហេតុការណ៍​បានកើតឡើង ក្បែរ​ម៉ោង​អធ្រាត្រ ពេល​ពួកគេ​ត្រៀមចូល​ដំណេក។ ​​សាលារៀន​បាន​បិទទ្វារ។ អាជ្ញាធរ​បាន​ដាក់ចេញ​​និតិវិធី​ការពារ​ប្រជាជន។ ស្ត្រី២នាក់​បានស្លាប់​ដោយសារ​ការរលំ​បាក់អគារ ហើយ​ទារក​ម្នាក់​កំពុង​ទទួល​ការ​ដកដង្ហើម​នៅ​មន្ទីរពេទ្យ​ក៏បាន​ស្លាប់ដែរ ដោយសារ​ការដាច់​ចរន្ត​អគ្គិសនី ​បង្កឡើង​ដោយ​ការរញ្ជួយដី។

ពេលនេះ មជ្ឈមណ្ឌល​ប្រកាស​​អាសន្ន​ស៊ូណាមី បាន​ប្រាប់​អោយប្រុងប្រយ័ត្ន​ពីគ្រោះ​ស៊ូណាមី ដែល​អាច​មាន​រលក​បោក​បក់ រហូត​កម្ពស់​៤ម៉ែត្រ។ ​ប្រទេស​​ក្វាតេម៉ាឡា សាល់វ៉ាឌ័រ កូស្តារីកា នីការ៉ាហ្កា ប៉ាណាម៉ា ហុងឌូរ៉ាស រហូត​ដល់​អេក្វាទ័រផង ក៏ត្រូវ​ត្រៀម​អាសន្ន​ស៊ូណាមី​​ដែរ។ គ្រោះ​រញ្ជួយដី​ម៉ិចស៊ិក​បាន​រញ្ជួយ​រហូត​ដល់​ព្រំដែន​ជាមួយ​ហ្កាតេម៉ាឡា​ទៀតផង។ ​

ដោយឡែក ​យោងតាម​មជ្ឈមណ្ឌល​ជំនាញ​អាមេរិក​ USGS ការរញ្ជួយដីនៅ​ម៉ិចស៊ិក​ ​មានកម្រិត​៨,១រ៉ិចទ័រ ប៉ុន្តែ ប្រធានាធិបតី​ម៉ិចស៊ិក​ប្រាប់ថា ​កម្រិត​៨,២រ៉ិចទ័រ។ ទោះ យ៉ាងនេះក្តី នេះ​ជាគ្រោះរញ្ជួយដី​ធ្ងន់បំផុត​ដែល​វាយប្រហារ​ម៉ិចស៊ិក​គិត​មួយសតវត្ស​មកនេះ។ ​​កាលពីខែកញ្ញា ​ឆ្នាំ​១៩៨៥​ រដ្ឋធានី​ម៉ិចស៊ិក​បាន​រង​ការវាយប្រហារ​ដោយ​​គ្រោះ​រញ្ជួយដី​ កម្រិត​៨,១រ៉ិចទ័រ ​សម្លាប់​មនុស្ស​រហូទ​ជាង​​មួយម៉ឺននាក់។ តាំងពីពេលនោះមក ​អាជ្ញាធរ​បាន​ពង្រឹង​បទបញ្ជា​ផ្នែក​សំណង់ ​និង​អភិវឌ្ឍន៍​ប្រព័ន្ធ​ត្រៀមអាសន្នផ្សេងៗ ដើម្បី​ការពារ​ប្រជាជន។

ដោយឡែក ល្ងាចថ្ងៃសុក្រ​​​នេះ​ដែរ​ ​ម៉ិចស៊ិក​ក៏​កំពុង​ស្ថិត​ក្នុង​ដំណើរ​ផ្លូវ​របស់​ព្យុះKatia។ ព្យុះ​សង្ឃរាKatiaអានុភាព​កម្រិត២ ​នៅ​ឈូងម៉ិចស៊ិក​កំពុង​គំរាម​​​មនុស្ស​ជាង​មួយលាននាក់ នៅ​រដ្ឋ​វេរ៉ាគ្រូស៕ ​​

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ