អានតួអត្ថបទ

ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​ក្រុមហ៊ុន ​Huawei ​ត្រូវបាន​ចាប់ខ្លួន​នៅ​កាណាដា

ចិន​បាន​​បញ្ចេញ​ប្រតិកម្ម​ដោយ​កំហឹង នៅថ្ងៃ​ព្រហស្បតិ៍​នេះ ក្រោយ​ពី​មន្រ្តី​ជាន់ខ្ពស់​ទទួល​បន្ទុក​ផ្នែក​ហិរញ្ញវត្ថុ​​របស់​ក្រុមហ៊ុន Huawei ត្រូវ​បាន​ចាប់ខ្លួន នៅ​ក្នុង​ប្រទេស​កាណាដា។ ការ​ចាប់ខ្លួន​នេះ​ត្រូវ​បាន​ធ្វើឡើង ទៅតាម​សំណើ​របស់​សហរដ្ឋ​អាមេរិក ហើយ​វា​អាច​នឹង​ធ្វើ​ឲ្យ​សង្គ្រាម​ពាណិជ្ជកម្ម​ចិន-អាមេរិក ដែល​ទើប​នឹង​បាន​ធូរស្រាល​មកវិញ​ប៉ុន្មាន​ថ្ងៃ​មកនេះ ត្រូវ​ធ្លាក់​ទៅ​ក្នុង​ភាព​តានតឹង​ឡើងវិញ។

លោកស្រី ម៉េង វ៉ាន់ចូវ (Meng Wanzhou) អនុប្រធានក្រុមប្រឹក្សាភិបាល និង​ជា​ប្រធានគ្រប់គ្រងហិរញ្ញវត្ថុ​ក្រុមហ៊ុន Huawei
លោកស្រី ម៉េង វ៉ាន់ចូវ (Meng Wanzhou) អនុប្រធានក្រុមប្រឹក្សាភិបាល និង​ជា​ប្រធានគ្រប់គ្រងហិរញ្ញវត្ថុ​ក្រុមហ៊ុន Huawei Reuters
ផ្សាយពាណិជ្ជកម្ម

លោកស្រី ម៉េង វ៉ាន់ចូវ (Meng Wanzhou) ប្រធានគ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ ហើយ​ដែល​ត្រូវ​ជា​អនុប្រធានក្រុមប្រឹក្សា​ភិបាល និង​ជា​កូនស្រី​ស្ថាបនិក​ក្រុមហ៊ុន​ Huawei ផង​នោះ ត្រូវ​បាន​ចាប់ខ្លួន តាំង​ពី​ថ្ងៃ​ទី១​ខែ​ធ្នូ នៅ​ពេល​ដែល​លោកស្រី​ធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទេស​កាណាដា។ យោងតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​យុត្តិធម៌​កាណាដា ចេញផ្សាយ​កាល​ពីថ្ងៃ​ពុធ លោកស្រី ម៉េង វ៉ាន់ចូវ ត្រូវ​បាន​ចាប់ខ្លួន​ទៅ​តាម​សំណើ​របស់​សហរដ្ឋ​អាមេរិក ហើយ​តុលាការ​កាណាដា​នឹង​បើក​សវនាការ​នៅ​ថ្ងៃ​សុក្រ​ស្អែក ដើម្បី​សម្រេច​ថា​ តើ​​លោកស្រី​អាច​នឹង​ត្រូវ​​ដោះលែង​​ឲ្យ​នៅ​ក្រៅឃុំ​បណ្តោះអាសន្ន​ដែរ​ឬ​ក៏​យ៉ាងណា នៅ​ក្នុង​អំឡុង​ពេល​រង់ចាំ​សេចក្តីសម្រេច​ទាក់ទង​នឹង​ការ​ធ្វើ​បត្យាប័ន​លោកស្រី​ទៅ​កាន់​សហរដ្ឋ​អាមេរិក។

មន្រ្តី​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន បាន​ប្រាប់​អ្នក​សារព័ត៌មាន នៅ​ឯ​ទីក្រុង​ប៉េកាំង នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ចិន​បានធ្វើការ​តវ៉ា​ជាផ្លូវការ​ទៅកាន់​រដ្ឋាភិបាល​កាណាដា និង​សហរដ្ឋ​អាមេរិក ដោយ​ទាមទារ​ឲ្យ​ប្រទេស​ទាំងពីរ​ធ្វើការ​បកស្រាយ​ជា​បន្ទាន់​អំពី​ហេតុផល​នៃ​ការ​ចាប់ឃុំខ្លួន​លោកស្រី ម៉េង វ៉ាន់ចូវ ព្រមទាំង​ទាមទារ​ឲ្យ​ដោះលែង​លោកស្រី​​ជា​បន្ទាន់​ផងដែរ។

គួរបញ្ជាក់ថា រហូតមកទល់​នឹង​ពេលនេះ ទាំង​កាណាដា ទាំង​អាមេរិក​​មិន​បាន​បញ្ជាក់​ឲ្យដឹង​នៅឡើយទេ​ថា តើ​លោកស្រី ម៉េង វ៉ាន់ចូវ ត្រូវ​បាន​ចាប់ខ្លួន ដោយ​ជាប់ចោទ​ពី​បទល្មើស​អ្វី​ពិតប្រាកដ។ ក៏ប៉ុន្តែ កាល​ពី​ខែ​មេសា​កន្លងទៅនេះ បណ្តាញ​សារព័ត៌មាន​​ធំៗ​របស់​អាមេរិក​បាន​ចុះផ្សាយ​ឲ្យដឹង​ថា ក្រុមហ៊ុន​ Huawei កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​របស់​អាជ្ញាធរ​អាមេរិក ជុំវិញ​ការ​សង្ស័យ​ពី​ការ​រំលោភ​ទណ្ឌកម្ម​ ដែល​អាមេរិក​ដាក់​លើ​អ៊ីរ៉ង់ និង​កូរ៉េ​ខាង​ជើង។

គួរធ្វើ​ការ​កត់សម្គាល់​ផងដែរ​ថា ការ​ចាប់ខ្លួន​មន្រ្តី​ជាន់ខ្ពស់​ក្រុមហ៊ុន Huawei នៅថ្ងៃ​ទី១​ធ្នូ​នេះ គឺ​កើតឡើង នៅ​ចំថ្ងៃតែមួយ ដែល​លោក​ដូណាល់ ត្រាំ និង​លោក​ស៊ី ជីនពីង ជួប​​គ្នា​នៅ​អាហ្សង់ទីន ហើយ​បាន​ព្រមព្រៀងផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការ​ដំឡើង​ពន្ធ​លើ​មុខទំនិញ​គ្នា​ទៅវិញ​ទៅមក សម្រាប់​រយៈពេល ៩០ថ្ងៃ នៅ​ក្នុង​ពេល​កំពុងចរចា​រក​ដំណោះស្រាយ​បញ្ចប់​ជា​ស្ថាពរ​នូវ​សង្រ្គាម​ពាណិជ្ជកម្ម​នឹង​គ្នា។

រហូត​មក​ទល់​នឹង​ពេលនេះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅតែ​បញ្ជាក់​ពី​ជំហរ​ចង់​បន្ត​អនុវត្ត​ទៅតាម​អ្វី​ដែល​​លោក​ដូណាល់ ត្រាំ និង​លោក​ស៊ី ជីនពីង បាន​ព្រមព្រៀងគ្នា​នៅ​អាហ្សង់ទីន។ ក៏ប៉ុន្តែ ការ​ចាប់ខ្លួន​លោកស្រី ម៉េង វ៉ាន់ចូវ អាច​នឹង​ក្លាយ​ជា​បញ្ហា​ចម្រូងចម្រាស​មួយ​បន្ថែម​ទៀត ដែល​អាច​ចោទ​ជា​បញ្ហា​នៅ​ក្នុង​ដំណើរការ​ចរចា​​ដោះស្រាយ​សង្គ្រាម​ពាណិជ្ជកម្ម រវាង​ចិន និង​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ