អានតួអត្ថបទ

យន្តហោះ​ប៊ូអ៊ីង 737 ​ចុះហួសផ្លូវ​ជ្រុល​ធ្លាក់​ទៅក្នុង​ទឹកទន្លេ​នៅ​អាមេរិក

យន្តហោះដឹកអ្នកដំណើរ​​មួយគ្រឿង ធុន​ប៊ូអ៊ីង 737 បាន​ចុះហួសផ្លូវ ហើយ​ជ្រុលធ្លាក់​ទៅ​ក្នុង​ទឹកទន្លេ​ ក្នុង​រដ្ឋហ្វ្លរីដា សហរដ្ឋ​អាមេរិក កាល​ពី​យប់ថ្ងៃ​សុក្រ​ ក៏ប៉ុន្តែ គ្រោះថ្នាក់​នេះ​មិនបាន​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់​នោះទេ ដោយ​អ្នក​ដំណើរទាំងអស់​ត្រូវ​បាន​គេ​សង្រ្គោះចេញ​ពី​ក្នុងទន្លេ។ នេះ​គឺ​ជា​គ្រោះថ្នាក់​យន្តហោះមួយទៀត​របស់​ក្រុមហ៊ុន​ប៊ូអ៊ីង ក្នុងពេល​ដែល​​យន្តហោះធុន 737 MAX ត្រូវបាន​គេ​ហាមឃាត់​មិន​ឲ្យ​ហោះហើរ​នៅ​ទូទាំង​ពិភពលោក ដោយ​សារ​តែ​ជួប​នឹង​គ្រោះថ្នាក់​ផ្ទួនៗគ្នា​ កាល​ពីពេល​កន្លងមក។

យន្តហោះធុនប៊ូអ៊ីង 737 ដែល​ចុះហួសផ្លូវ​ជ្រុល​ទៅ​ក្នុង​ទន្លេ នៅ​រដ្ឋ​ហ្វ្លរីដា សហរដ្ឋ​អាមេរិក ថ្ងៃសុក្រ៣ឧសភា២០១៩
យន្តហោះធុនប៊ូអ៊ីង 737 ដែល​ចុះហួសផ្លូវ​ជ្រុល​ទៅ​ក្នុង​ទន្លេ នៅ​រដ្ឋ​ហ្វ្លរីដា សហរដ្ឋ​អាមេរិក ថ្ងៃសុក្រ៣ឧសភា២០១៩ JACKSONVILLE SHERIFF’S OFFICE /via REUTERS
ផ្សាយពាណិជ្ជកម្ម

យន្តហោះ​ប៊ូអ៊ីង ដែល​ជួប​នឹង​គ្រោះថ្នាក់​ កាល​ពី​យប់ថ្ងៃ​សុក្រ​នេះ មាន​ដឹកអ្នកដំណើរ រួមទាំង​​អ្នក​បើកបរ និង​បុគ្គលិក​យន្តហោះ សរុប​ទាំងអស់ ១៤៣នាក់ ធ្វើ​ដំណើរ​ចេញ​ពី​​ហ្គ័នតាណាម៉ូ ក្នុង​ប្រទេស​គុយបា សំដៅ​មក​មូលដ្ឋាន​ទ័ពជើងទឹក​អាមេរិក នៅ​ក្នុង​ទីក្រុង​ជែកសុនវីល រដ្ឋ​ហ្វ្លរីដា (Jacksonville, Florida)។

រហូត​មក​ទល់​នឹង​ពេលនេះ គេនៅ​មិនទាន់​ដឹង​លម្អិត​ច្បាស់ អំពី​ហេតុការណ៍​​​ជុំវិញ​គ្រោះថ្នាក់​យន្តហោះ​នេះ​នៅឡើយទេ គេ​គ្រាន់តែ​ដឹង​ថា នៅ​ពេល​កើតហេតុ មេឃកំពុង​ភ្លៀងខ្លាំង ដោយ​​មាន​ទាំង​ផ្គរ និង​រន្ទះ​ផង ហើយ​​យន្តហោះ​នេះ​​បាន​​ចុះ​យ៉ាងគំហុក រហូត​​ជ្រុល​ហួស​ផ្លូវ ​រួចហើយ​​ធ្លាក់​ទៅ​ក្នុង​ទឹកទន្លេ ដែល​នៅ​ក្បែរ​នោះ។

ដោយសារ​តែ​ទឹក​ទន្លេ​នោះ​មិន​សូវ​ជ្រៅ ដូច្នេះហើយ​បាន​ជា​តួ​យន្តហោះ​មិន​បាន​លិចបាត់​ទៅ​ក្នុង​ទឹកនោះទេ ហើយ​មន្រ្តី​នៃ​មូលដ្ឋាន​ទ័ព​ជើងទឹក ក៏ដូចជា​មន្រ្តី​ប៉ូលិស​ក្រុង​ជែកសុនវីល​បាន​ឲ្យដឹង​ថា ​​មនុស្ស​ទាំង​អស់​ដែល​ជិះ​នៅលើ​យន្តហោះ ត្រូវ​បាន​គេ​សង្រ្គោះ​ចេញ​ពី​ទន្លេ​ ដោយ​មាន​អ្នក​រងរបួស​​តែ ២១នាក់ប៉ុណ្ណោះ ហើយ​ក្នុង​ចំណោម​នោះ​ក៏​មិនមាន​អ្នក​ដែល​រងរបួស​ធ្ងន់ធ្ងរ​នោះដែរ។

National Transportation Safety Board ដែល​ជា​ការិយាល័យស៊ើបអង្កេត​ករណីធ្លាក់​យន្តហោះ​របស់​អាមេរិក បាន​ឲ្យដឹង​ថា ខ្លួន​បាន​បញ្ជូន​អ្នក​ស៊ើបអង្កេត​មួយក្រុម​ឲ្យ​ទៅ​កន្លែង​កើតហេតុ ដើម្បី​ចាប់ផ្តើម​បើក​ការ​ស៊ើបអង្កេត​លើ​ករណីគ្រោះថ្នាក់​យន្តហោះ​នេះ។

គួរបញ្ជាក់ថា យន្តហោះ​ដែល​ជួប​នឹង​គ្រោះថ្នាក់​នៅ​យប់ថ្ងៃ​សុក្រ​នេះ ត្រូវ​បាន​គេ​ដាក់​ឲ្យ​ដំណើរការ​ ១៨ឆ្នាំមកហើយ គឺ​ជា​យន្តហោះ​ធុន​ប៊ូអ៊ីង 737 ​ម៉ូដែល​ចាស់​ មុនម៉ូដែល 737​ MAX ដែល​ធ្លាក់​នៅ​ឥណ្ឌូណេស៊ី​កាល​ពី​ខែតុលា​ឆ្នាំ​ទៅមិញ និង​នៅ​អេត្យូពី​កាល​ពីខែមីនា​កន្លងទៅថ្មីៗនេះ។

ក៏ប៉ុន្តែ បើទោះបី​ជា​វាជា​ម៉ូដែល​ផ្សេងគ្នា​ក៏ដោយ គ្រោះថ្នាក់​យន្តហោះ​ធុន 737 នេះ វាជា​បញ្ហា​ផ្ទួនៗគ្នា ដែល​ក្រុមហ៊ុន​ប៊ូអ៊ីង​ត្រូវ​ប្រឈម ក្នុងពេល​ដែល​បញ្ហា​ទាក់ទង​នឹង​ការធ្លាក់​យន្តហោះ​កាល​ពី២លើក​មុន​នៅ​មិនទាន់​មាន​ដំណោះស្រាយ​នៅឡើយ ហើយ​យន្តហោះ​ធុន 737 MAX ​ដែល​ត្រូវ​បាន​គេហាមឃាត់នៅ​ទូទាំង​ពិភពលោក​នោះ ក៏​នៅ​មិនទាន់​អាច​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ហោះហើរ​វិញ​នៅឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ