អានតួអត្ថបទ

យន្តហោះ​ចម្បាំង​តៃវ៉ាន់ ឃ្លាំមើល​សមយុទ្ធ​យន្ដហោះ​ទំលាក់​គ្រាប់បែក​ចិន នៅក្បែរ​កោះតៃវ៉ាន់

កោះតៃវ៉ាន់​បានបញ្ជូន​យន្តហោះ​ចម្បាំង​របស់ខ្លួន ទៅតាម​ដានសកម្មភាព​សមយុទ្ធ​របស់​យន្តហោះ​ទំលាក់​គ្រាប់បែក​របស់ចិន ដែលកំពុង​ហោះហើរ​នៅតាម​ច្រកសមុទ្រ​ព័ទ្ធកោះតៃវ៉ាន់ កាលពីថ្ងៃសុក្រ ទី២៥ ខែឧសភា។ សកម្មភាព​សមយុទ្ធ​យោធា​មួយនេះ ត្រូវបាន​ធ្វើឡើង​តែប៉ុន្មាន​ម៉ោងក្រោយពេល​ដែលកោះតៃវ៉ាន់​ប្ដេជ្ញាថា មិនចុះញ៉ម​ដោយសារ​បាត់បង់​ចំណង​ការទូត​ជាមួយប្រទេស​ប៊ូគីណា ហ្វាសូរ ស្របពេល​ដែលឥទ្ធិពល​របស់ចិន​កំពុង​កើនឡើង។

ក្រសួងការពារជាតិតៃវ៉ាន់ បង្ហាញរូបថតនៃយន្តហោះកងទ័ពអាកាសចិន (រូបខាងឆ្វេង) និងយន្តហោះទំលាក់គ្រប់បែករបស់ចិន (រូបខាងស្ដាំ)
ក្រសួងការពារជាតិតៃវ៉ាន់ បង្ហាញរូបថតនៃយន្តហោះកងទ័ពអាកាសចិន (រូបខាងឆ្វេង) និងយន្តហោះទំលាក់គ្រប់បែករបស់ចិន (រូបខាងស្ដាំ) Handout / TAIWAN DEFENCE MINISTRY / AFP
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិតៃវ៉ាន់ បានអោយដឹងនៅ​ថ្ងៃសុក្រនេះថា តៃវ៉ាន់បានបញ្ជូន​យន្តហោះ​ចម្បាំង​របស់ខ្លួន ទៅឃ្លាំមើល​និងយាមការពារ​នៅដែនសមុទ្រ​តៃវ៉ាន់ ដែលចិនកំពុងធ្វើ​សកម្មភាព​សមយុទ្ធយោធា។ សមយុទ្ធ​របស់ចិន​នោះរួមមាន យន្តហោះទំលាក់គ្រាប់បែក H-៦ ចំនួន២គ្រឿង ដែលធ្វើការ​ហោះហើរនៅ​តាមច្រកសមុទ្រ​ភាគខាងត្បូងនិង​ភាគឥសាន​នៃកោះតៃវ៉ាន់។

រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​តៃវ៉ាន់រូបនេះ​បានបន្ថែមទៀតថា តៃវ៉ាន់អាចគ្រប់គ្រង​ស្ថានការណ៍​បានទាំងស្រុង ហើយតៃវ៉ាន់​បានរៀបចំត្រៀមរួច​ជាស្រេចនូវ​វិធានការពារ​ដើម្បីធានា​សន្ដិសុខជាតិ។

ការធ្វើសមយុទ្ធយោធារបស់ចិន​នៅក្បែរដែនកោះ​តៃវ៉ាន់លើកនេះ គឺធ្វើឡើង​តែមួយថ្ងៃក្រោយ​ពេលដែល​ប្រទេសប៊ូគីណា ហ្វាសូរ បានប្រកាស​ផ្ដាច់ទំនាក់ទំនង​ការទូត​ជាមួយ​កោះតៃវ៉ាន់។

សូមបញ្ជាក់ថា ចាប់តាំងពី​ប្រធានាធិបតី​តៃវ៉ាន់​បច្ចុប្បន្ន លោកស្រី Tsai Ing-Wen ឡើងកាន់តំណែង​ក្នុងឆ្នាំ២០១៦មក កោះតៃវ៉ាន់​បានរបូតសម្ព័ន្ធមិត្ត​ចំនួន៣រួចមកហើយ មុនពេលប៊ូគីណា ហ្វាសូរ ប្រកាសផ្ដាច់ខ្លួន​ពីកោះតៃវ៉ាន់ កាលពីថ្ងៃព្រហស្បត្តិ៍​ ទី២៥ ខែឧសភា។ ប្រទេសទាំង៣​នោះរួមមាន សាធារណរដ្ឋដូមីនិក សៅតូម៉េ និង ប៉ាណាម៉ា ហើយប្រទេសទាំង៣នេះ សុទ្ធតែបានងាកទៅ​ចងសម្ព័ន្ធមិត្ត​ជាមួយប្រទេសចិន។ ការផ្ដាច់ខ្លួន​របស់ប៊ូគីណា ហ្វាសូរ ពីកោះតៃវ៉ាន់លើកនេះ គឺធ្វើឡើងដោយស្ថិតក្រោមសម្ពាធ​របស់ប្រទេសចិន នេះបើយោងតាម​ការអោយដឹង​របស់អ្នកវិភាគ។

ទោះជាបច្ចុប្បន្ននេះ ប៊ូគីណា ហ្វាសូរ មិនទាន់បានប្រកាស​ភ្ជាប់ទំនងទំនងការទូតជាមួយ​ចិនក៏ដោយ ក៏ចិនបានប្រកាស​ស្វាគមន៏ជំហ៊ានរបស់​ប្រទេសមួយនេះ ដែលដើរចេញ​ពីកោះតៃវ៉ាន់។ កន្លងមក ចិនមានការមិនពេញចិត្ត​ចំពោះចំណងទំនាក់ទំនង​ការទូតរវាង​កោះតៃវ៉ាន់និងប្រទេសដទៃ ដែលទទួលស្គាល់តៃវ៉ាន់ជា​ប្រទេសឯករាជ្យ មិនមែន​ជាផ្នែកមួយនៃប្រទេសចិន។ ពេលថ្មីៗនេះ ចិនក៏ខឹងសម្បារចំពោះ​ចំណងមិត្តភាព​ក៏កក់ក្ដៅរវាងតៃវ៉ាន់​និងអាមេរិក បើទោះបីជាប្រទេស​ទាំងពីរនេះ ពុំមានចំណងការទូត​ជាផ្លូវការយ៉ាងណាក្តី។

ចំណែកតៃវ៉ាន់ បានព្រមានចិន​កាលពីថ្ងៃព្រហស្បតិ៍ថា តៃវ៉ាន់នឹងមិនអត់អោន​ចំពោះឥរិយាបថ ឬទង្វើណា​ដែលធ្វើអោយប៉ះពាល់​ដល់អធិបតេយ្យភាព​របស់តៃវ៉ាន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ