អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​យុទ្ធសាស្រ្ត​របស់​លោក​ដូណាល់ត្រាំ​ពិតជា​មាន​ប្រសិទ្ធភាព​​ក្នុងការ​ចរចា​ពាណិជ្ជកម្មមែនឬ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយ​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ថ្មី​ រវាង​សហរដ្ឋអាមេរិក កាណាដា និង​ម៉ិកស៊ិក ត្រូវបានបិទបញ្ចប់ និង​ប្រកាស​ជាផ្លូវការ អ្នក​ជំនាញ​បានលើកឡើង​ថា យុទ្ធសាស្ត្រដាក់ស​ម្ពាធខ្លាំងៗ​ក្នុង​ការ​ចរចាពាណិជ្ជកម្មរបស់​លោកដូណាល់​ ត្រាំ ទទួល​បាន​ជោគជ័យផ្លែផ្កា​លើកាណាដា និង​ម៉ិកស៊ិក។ ជាមួយ​គ្នា អ្នក​ជំនាញ​ទាំង​នោះក៏បាន​បង្ហាញ​ផងដែរអំពី ​​ការព្រួយបារម្ភលើ​​នយោបាយរបស់​លោកដូណាល់​ ត្រាំ ចំពោះ​ភាព​ផុយស្រួយ​នៃ​​សេដ្ឋកិច្ច​សាកល និង​បញ្ជាក់​ថា យុទ្ធសាស្រ្ដរបស់​លោក​ត្រាំ​មិន​ប្រាកដថា​ទទួលបាន​ផលនោះទេ ចំពោះ​ប្រទេស​ផ្សេងទៀតដែល​មិន​សូវពឹង​ផ្អែកខ្លាំង​លើ​សេដ្ឋកិច្ច​អាមេរិក។​

លោក​ដូណាល់ ត្រាំ ពេល​ជួប​ជាមួយ​នាយករដ្ឋមន្រ្តី​កាណាដា​ ជជែក​អំពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កាល​ពីថ្ងៃទី១១ តុលា ២០១៧
លោក​ដូណាល់ ត្រាំ ពេល​ជួប​ជាមួយ​នាយករដ្ឋមន្រ្តី​កាណាដា​ ជជែក​អំពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កាល​ពីថ្ងៃទី១១ តុលា ២០១៧ REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

យុទ្ធសាស្ត្រពើងទ្រូងរបស់​លោក​ត្រាំទទួលបាន​ផ្លែផ្កា

ផ្អែក​លើ​លទ្ធផល​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ថ្មី​ រវាង​សហរដ្ឋអាមេរិក កាណាដា និង​ម៉ិកស៊ិក (l'Accord Etats-Unis-Mexique-Canada ‘AEUMC’) គេ​មើល​ឃើញ​ថា យុទ្ធសាស្ត្រពើង​ទ្រូង ដំឡើង​សាច់ដុំ ឬ​ជា​ភាសាបារាំង “Bomber le Torse” របស់​លោក​ត្រាំ ទទួល​បាន​ជោគជ័យ និងផ្លែផ្កា។ នេះ​បើ​យោង​តាមការ​ចេញ​ផ្សាយ​របស់​កាសែតបារាំងAFP ពី​ទីក្រុង​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃពុធ សប្តាហ៍នេះ។

​តាម​អ្នក​ជំនាញ ​ទោះ​បីជា ​សហរដ្ឋអាមេរិក​មិន​បាន​ទទួល​អ្វីដូច​ដែល​ខ្លួនសង្ឃឹម​ទាមទារ​ចង់​បានតាំង​ពីដំបូង ក៏​ការដាក់​សម្ពាធបង្ខំ​ចរចាលើ​ដៃ​គូពាណិជ្ជកម្ម​ពីសំណាក់​រដ្ឋបាលរបស់​លោកដូណាល់ ​ត្រាំ ​(អតីត​អ្នក​ជំនួញដ៏ល្បីល្បាញ​ ឬ​បុគ្គលដែល​គេ​មិន​អាច​ទាយ​ទុកមុន​បាន) បាន​ចេញ​ជា​​ផ្លែផ្កាហើយ​នាលពេល​នេះ។

យុទ្ធសាស្រ្ដរបៀប​នេះរបស់​លោកដូណាល់​ ត្រាំ ត្រូវ​បាន​ធ្វើ​ឡើង​មិនមែន​ត្រឹម​តែ​ចំពោះ​ប្រទេសគូប្រជែងពាណិជ្ជកម្មធំបំផុត​តួយ៉ាងដូចប្រទេស​​ចិន​ ក៏ប៉ុន្តែ​ការដាក់​សម្ពាធ​ក៏​មាន​ផងដែរ​ចំពោះ​ប្រទេសឥណ្ឌា ឬប្រេស៊ីល និង​សូម្បី​តែសម្ព័ន្ធមិត្ត​ប្រវត្តិសាស្ត្រ​ដូច​ជា​បណ្ដាប្រទេស​​នៅ​សហភាពអឺរ៉ុប ឬជប៉ុន និង​កូរ៉េខាងត្បូង។

គោលដៅ​ផ្សេង​ទៀត​របស់​លោក​ត្រាំបន្ទាប់​ពី​កាណាដា និងម៉ិកស៊ិក

នៅ​ក្នុង​គំនិត​របស់​លោក​ត្រាំ និយាយជាលក្ខណៈ​សាមញ្ញ ទំនាក់​ទំនង​ពាណិជ្ជកម្មទ្វេភាគីរវាង​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​ណាមួយ​ផ្សេង​ទៀត​ជា​រឿង​ចម្បង​ដែល​ត្រូវយកចិត្ត​ទុក​ដាក់​ ហើយ​ឱនភាពជញ្ជីងពាណិជ្ជកម្ម​របស់​សហរដ្ឋអាមេរិក​មាន​លើ​ប្រទេស​នោះគឺ​ជា​បញ្ហាដែលបង្ក​​ជា​ការ​ខាត​បង់​ផលប្រយោជន៍​ជាតិចំពោះ​​សហរដ្ឋអាមេរិក។

ភ្លាម​ៗ ​ក្រោយកិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរី​ថ្មីរវាង​សហរដ្ឋអាមេរិក កាណាដា និង​ម៉ិកស៊ិក ត្រូវបាន​ប្រកាសចាប់​កំណើតជាផ្លូវ​ការ លោក​ត្រាំ​បានថ្លែង​សាទរ​ពីការ​សម្រេចសមិទ្ធិផលជោគជ័យ​របស់​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន និង​​បាន​សង្កត់ធ្ងន់ៗ​ផងដែរ​អំពី ឱនភាព​ពាណិជ្ជកម្ម​របស់​សហរដ្ឋអាមេរិក​​ជាមួយ​នឹងបណ្ដា​ប្រទេស​ធំៗផ្សេង​ទៀត ដូចជាចិន ឥណ្ឌា សហភាពអឺរ៉ុប ប្រេស៊ីល ជប៉ុន និង​កូរ៉េខាងត្បូង ហើយ​ខ្លួន​បានប្រកាសសន្យា​ទាមទារឱ្យ​មាន​ការ​សើរើចរចា​កិច្ច​ព្រមព្រៀង​ឡើងវិញ។ លោក​ត្រាំ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ឱនភាពជញ្ជីង​ពាណិជ្ជកម្ម​របស់​សហរដ្ឋអាមេរិកជាមួយ​ប្រទេស​ក្រីក្រ​មិន​ជា​បញ្ហា​ទេ តែ​ជាមួយ​ប្រទេស​អ្នក​មាន​ លោក​ទទួល​យក​មិន​បាន​ទេ ហើយ​អ្វី​ដែល​លោក​ត្រាំ​ទាម​ទារ​ចង់​បាន​នាល​ពេល​នេះគឺឱ្យ​​ប្រទេស​ទាំង​នោះ​ត្រូវ​ចាត់​វិធានការ​ទិញ​ទំនិញ ឬ​សេវាកម្ម​នាំ​ចូល​ពីអាមេរិក​ឱ្យ​បាន​ច្រើន​ជាង​មុន។

ប្រតិកម្ម​របស់​​អ្នក​ជំនាញ

ក៏​មាន​ផង​ដែរ​ ប្រតិកម្ម​ជា​បន្តបន្ទាប់​របស់​អ្នក​ជំនាញ​ ជាពិសេសពីសំណាក់​សាស្រ្ដាចារ្យ​សកលវិទ្យាល័យ ​និង​សេដ្ឋវិទូ ពី​ប្រទេស​កាណាដា ម៉ិកស៊ិក អឺរ៉ុប និង​ពីអាមេរិក​ផ្ទាល់។ អ្នក​ជំនាញ​ខ្លះ​យល់​ថា យុទ្ធសាស្រ្ដ​របស់​លោក​ត្រាំ​ជាយុទ្ធសាស្រ្ដថ្មីក្នុង​ពេល​បច្ចុប្បន្ន ហើយ​ការទាមទារចរចាឡើងវិញ​ដោយការដាក់សម្ពាធធ្ងន់ធ្ងររបៀបនេះ សម្រាប់​ករណី​ខ្លះ គឺ​មិន​អាចទទួល​យក​បានទេ ដូចជាករណី​ដំឡើង​ពន្ធ​លើ​អាលុយមីញ៉ូម និង​ដែកថែប ចំពោះប្រទេសកាណាដា ចិន​ ម៉ិកស៊ិក និង​សហភាពអឺរ៉ុប។ ប្រសិន​បើ នៅ​ចុង​បញ្ចប់​ កិច្ច​ព្រម​ព្រៀង​ណាមួយ​មិន​ត្រូវ​បាន​សម្រេច​ឡើងជាផ្លូវ​ការ​​ទេ នោះ​ផល​ប៉ះពាល់ជាអវិជ្ជមានដល់​សុខភាព​សេដ្ឋកិច្ចក្នុង​តំបន់ និង​ពិភពលោក​ទាំងមូល នឹងប្រឈម​នឹង​ហានិភ័យខ្ពស់ និង​មាន​​ភាព​ផុយស្រួល​ខ្លាំង​ណាស់។

ទោះជាយ៉ាងណា ប្រសិទ្ធភាព​នៃ​យុទ្ធសាស្រ្តចរចា​របស់​លោក​ដូណាល់ ត្រាំ វាអាស្រ័យថាតើទំហំពាណិជ្ជកម្ម​របស់​ប្រទេស​ជាដៃគូ​ចរចា​នោះពឹងផ្អែក​​ខ្លាំងប៉ុណ្ណា​លើសេដ្ឋកិច្ចរបស់អាមេរិក?​ ក្នុង​ករណី​ប្រទេស​កាណាដា និង​ម៉ិកស៊ិក ប្រាកដ​ណាស់ ​ប្រទេស​ទាំង​ពីរពឹង​ផ្អែក​ខ្លាំង​លើសេដ្ឋកិច្ច​អាមេរិក​ ហើយនេះ ​វា​ជា​មូលហេតុ​ចម្បង​ដែល​ពួកគេ​ចាំបាច់ត្រូវ​​ស្វែងរក​កិច្ច​ព្រម​ព្រៀង​ណាមួយជាមួយអាមេរិក​ ​នៅ​ទីបញ្ចប់​។ ផ្ទុយ​ទៅវិញ សម្រាប់​បណ្ដាប្រទេសដែល​មាន​ទីតាំងភូមិសាស្រ្ដ​នៅឆ្ងាយ​ពីអាមេរិក ហើយ​ទំហំ​ពាណិជ្ជកម្ម​មិន​សូវ​ពឹង​ផ្អែក​ខ្លាំង​លើ​សេដ្ឋកិច្ច​អាមេរិក ដូចករណី​ប្រទេស​ឥណ្ឌា និង​ប្រេស៊ីល យុទ្ធសាស្រ្ដ​ដាក់​សម្ពាធ​របស់​លោក​ត្រាំ​មិន​ប្រាកដ​ថា​បាន​ជោគ​ជ័យ​នោះទេ។ អ្នក​ជំនាញ​ខ្លះសង្កត់ធ្ងន់​​ថា រដ្ឋាភិបាលឥណ្ឌា​អាច​នឹង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដើម្បីប្រឈម​នឹង​សម្ពាធនេះ។

គួររំលឹក​ផង​ដែរ​ថា សម្រាប់​ពេល​បច្ចុប្បន្ន សហរដ្ឋអាមេរិកមាន​ឱនភាព​ជញ្ជីងពាណិជ្ជកម្មជាមួយឥណ្ឌា ក្នុង​ទំហំ​ទឹកប្រាក់​ ២៧ពាន់លានដុល្លារអាមេរិក ជាមួយ​ប្រើស៊ីល ២៨ពាន់លានដុល្លារអាមេរិក ប្រៀប​ធៀប​ជាមួយ​ចិន ​ឱនភាពជញ្ជីងពាណិជ្ជកម្មមាន​រហូតដល់​ ៣៣៥ពាន់លានដុល្លារអាមេរិក ក្នុង​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ទំនិញ និង​សេវាកម្ម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ