អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​រថយន្តអគ្គិសនី​អាច​ជួយ​បរិស្ថាន​បាន​ប៉ុណ្ណា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

រថយន្តអគ្គិសនី​គឺ​ជា​ប្រធានបទ​ដ៏​ធំមួយ​នៃ​ពិព័រណ៍​រថយន្តអន្តរជាតិ​ឆ្នាំនេះ​ ដែល​ចាប់​បើក​ធ្វើ​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ តាំង​ពីថ្ងៃ​ទី៧មីនា​សប្តាហ៍​មុន។ រដ្ឋាភិបាល​នៅ​តាម​បណ្តា​ប្រទេស​ជាទូទៅ នៅ​ទូទាំង​ពិភពលោក ជឿថា រថយន្តអគ្គិសនី​ដើរតួនាទី​ដ៏សំខាន់ នៅ​ក្នុងការ​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ និង​អាច​ជួយ​ទប់ស្កាត់​ការឡើងកម្តៅ​នៃ​ភពផែនដី។ ក៏ប៉ុន្តែ អ្ន​កវិទ្យាសាស្រ្ត​មួយចំនួន​បាន​ចោទ​ជា​សំណួរ​ជុំវិញ​ប្រសិទ្ធភាព​នៃ​រថយន្តអគ្គិសនី ក្នុងការ​ជួយ​ដល់​បរិស្ថាន។

រថយន្តអគ្គិសនី​ដែល​គេ​ដាក់តាំង​បង្ហាញ​នៅ​ឯ​ពិព័រណ៍​រថយន្តអន្តរជាតិ​ក្រុង​ហ្សឺណែវ ឆ្នាំ២០១៩
រថយន្តអគ្គិសនី​ដែល​គេ​ដាក់តាំង​បង្ហាញ​នៅ​ឯ​ពិព័រណ៍​រថយន្តអន្តរជាតិ​ក្រុង​ហ្សឺណែវ ឆ្នាំ២០១៩ REUTERS/Denis Balibouse
ផ្សាយពាណិជ្ជកម្ម

ជាការពិត​ថា រថយន្តអគ្គិសនី​មិន​បញ្ចេញ​ឧស្ម័នកាបូនិក​ដូចជា​រថយន្ត​ប្រើ​ប្រេង​ធម្មតា​នោះទេ។ អ្នក​វិទ្យាសាស្រ្ត​ជាទូទៅ សុទ្ធតែ​ឯកភាព​គ្នា​នៅ​ត្រង់​ចំណុច​នេះ។ ក៏ប៉ុន្តែ អ្វី​ដែល​អាច​ចោទ​ជា​បញ្ហា​ចំពោះ​បរិស្ថាន មិនមែន​ចេញ​ពី​រថយន្តអគ្គិសនី​ដោយ​ផ្ទាល់​នោះទេ គឺ​ចេញ​ពី​ចំណុច​ពីរផ្សេងទៀត គឺ​ទីមួយ ​ដំណើរការ​ផលិត​តួ​រថយន្ត និង​អាគុយ​​ និង​ ទីពីរ​ ​ដំណើរការ​ផលិត​ថាមពល​អគ្គិសនី ដើម្បី​យក​ទៅ​ប្រើ​ក្នុង​រថយន្តអគ្គិសនី។

ការសិក្សា​ជាទូទៅ​បង្ហាញ​ថា នៅ​ក្នុង​ដំណាក់​កាល​នៃ​ការ​ផលិត រថយន្តអគ្គិសនី​បង្កផល​ប៉ះពាល់​ដល់​បរិស្ថាន​ច្រើន​ជាង​រថយន្ត​ធម្មតា ដោយសារ​តែ​ដំណើរការ​ផលិត​រថយន្ត​អគ្គិសនី​ត្រូវ​បញ្ចេញ​ឧស្ម័ន​កាបូនិក​ច្រើន​ជាង​ការ​ផលិត​រថយន្ត​ធម្មតា។

បាន​ជា​ការផលិត​រថយន្តអគ្គិសនី​ត្រូវ​បញ្ចេញ​ឧស្ម័ន​កាបូនិក​ច្រើន​ គឺ​ដោយសារ​តែ​​គេ​ត្រូវ​បូកបញ្ចូល​គ្នា​នូវ​​ឧស្ម័ន​កាបូនិក​ដែល​បញ្ចេញ​​ដោយ​ដំណើរការ​ផលិត​តួរថយន្ត​ផង និង​ឧស្ម័ន​កាបូនិក​ដែល​បញ្ចេញ​ដោយ​ដំណើរការ​ផលិត​អាគុយ​របស់​វាផង ហើយឧស្ម័នកាបូនិក​ដែល​បញ្ចេញ​ដោយ​ដំណើរការ​ផលិត​អាគុយ​នេះ គេ​ត្រូវ​​គិត​ចាប់តាំង​ពី​ប្រតិបត្តិការ​​ជីកយករ៉ែ ដើម្បី​ធ្វើ​ជា​​វត្ថុធាតុដើម ការដឹកជញ្ជូន​វត្ថុធាតុដើម រហូត​ដល់​ដំណើរការ​ផលិត​ចេញ​ជា​អាគុយ។

ហេតុដូច្នេះហើយ​បាន​ជា​នៅ​ក្នុង​​ការ​សិក្សា​មួយ​ចំនួន គេ​រកឃើញ​ថា ​ដំណើរការ​ផលិត​រថយន្តអគ្គិសនី​ត្រូវ​បញ្ចេញ​ឧស្ម័ន​កាបូនិក​ច្រើន​ជាង​ដំណើរការ​ផលិត​រថយន្ត​ធម្មតា រហូត​ដល់​ទៅ ​ប្រមាណ​ពី ៥០% ទៅ ៦០% ​ឯណោះ។

បន្ទាប់​ពី​ដំណាក់កាល​នៃ​ការ​ផលិត ចូលដល់​ដំណាក់កាល​ប្រើប្រាស់។ ជាទូទៅ គេ​ច្រើន​តែ​នាំគ្នា​គិត ដោយ​យល់ច្រឡំថា ការប្រើប្រាស់​រថយន្តអគ្គិសនី​មិន​បញ្ចេញ​ឧស្ម័ន​កាបូនិក​ទាល់តែសោះ។ ជាការពិត​ថា តួរថយន្តអគ្គិសនី​ខ្លួនឯង​ផ្ទាល់​មិនមាន​បញ្ចេញ​ឧស្ម័ន​កាបូនិក​នោះទេ ដោយសារ​តែ​វា​ដើរ​ដោយ​អាគុយ។ ក៏ប៉ុន្តែ អាគុយនេះ​វា​ត្រូវការ​ថាមពល​អគ្គិសនី ហើយ​​ការផលិត​ថាមពល​​អគ្គិសនី​ ដើម្បី​យក​មក​បញ្ចូល​អាគុយ​​​​នេះហើយ ដែល​ត្រូវ​បញ្ចេញ​ឧស្ម័ន​កាបូនិក។

ដូច្នេះ នៅ​ក្នុង​ដំណាក់កាល​នៃ​ការ​ប្រើប្រាស់​ រថយន្តអគ្គិសនី​ក៏​បណ្តាល​ឲ្យ​មាន​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក​ផងដែរ ហើយ​ការបញ្ចេញ​ឧស្ម័ន​កាបូនិក​នៅ​ក្នុង​អំឡុងពេល​ប្រើប្រាស់​​នេះ​វា​អាច​មាន​កម្រិត​តិច ឬ​ច្រើន ដោយ​អាស្រ័យ​ទៅលើ​​ថា តើថាមពល​អគ្គិសនី​​ដែល​គេ​យក​មក​ប្រើ​ដើម្បី​បញ្ចូល​អាគុយ​រថយន្ត​អគ្គិសនី​នេះ​ ត្រូវ​ផលិតឡើង​ដោយ​វិធីណា ? បើ​សិនថាមពល​អគ្គិសនី​នេះ​ត្រូវ​ផលិតឡើង​ ពី​រោងចក្រ​ដើរដោយ​នុយក្លេអ៊ែរ, ពី​ទំនប់​វារីអគ្គិសនី, ពី​កញ្ចក់​ស្រូបពន្លឺព្រះអាទិត្យ ឬ​ពី​ថាមពល​ខ្យល់ ដែល​ជា​វិធីផលិតអគ្គិសនី​មិន​បញ្ចេញ​ឧស្ម័ន​កាបូនិក ការប្រើប្រាស់​រថយន្តអគ្គិសនី​ក៏​មិន​ត្រូវ​បញ្ចេញ​ឧស្ម័នកាបូនិក។ ផ្ទុយ​ទៅវិញ បើ​សិន​ជា​ថាមពល​អគ្គិសនី​ត្រូវ​ផលិតឡើង​​ពី​រោងចក្រ​ដើរ​ដោយ​​​ប្រេង ឬ​ធ្យូងថ្ម ដែល​ត្រូវ​បញ្ចេញ​ឧស្ម័ន​កាបូនិកច្រើន ការ​ប្រើប្រាស់​រថយន្តអគ្គិសនី​ក៏​ត្រូវ​បង្ក​ឲ្យ​មាន​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិកច្រើនទៅតាម​នោះ​ដែរ។

និយាយ​បែបនេះ មិនមែន​មានន័យថា រថយន្តអគ្គិសនី​មិនជួយកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូនិក ហើយ​មិន​ជួយ​ដល់​បរិស្ថាន​នោះទេ។

យោងតាម​ការសិក្សា​របស់​អ្នក​ជំនាញ​ជាច្រើន ជាពិសេស ការសិក្សា​ថ្មីៗ​ចុងក្រោយ​ដោយ​ក្រុម​អ្នក​ជំនាញ​នៅ​ឯសកលវិទ្យាល័យ​ក្នុង​ប្រទេស​ន័រវែស​ និង​ការ​សិក្សា​របស់​អ្នក​ជំនាញ​មក​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា MIT របស់​សហរដ្ឋ​អាមេរិក ដែល​ធ្វើការ​ប្រៀបធៀបគ្នា រវាង​រថយន្តអគ្គិសនី និង​រថយន្ត​ប្រើ​ប្រេងធម្មតា ចាប់តាំង​ពី​ដំណើរការ​ជីកយក​វត្ថុធាតុដើម រហូតដល់​ការ​ផលិត និង​ការ​ប្រើប្រាស់​រថយន្ត គេ​បាន​រកឃើញ​ថា គិតជាសរុបទៅ រថយន្តអគ្គិសនី​​នៅតែ​បញ្ចេញ​ឧស្ម័នកាបូនិក​តិចជាង​រថយន្តធម្មតា ដោយ​ខ្លះ​អាច​ជួយកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូនិក​រហូត​ដល់​ទៅ​ប្រមាណ​ជា ៥០% រីឯខ្លះ​ទៀត​ជួយកាត់បន្ថយ​បាន​ត្រឹមតែ ៨០% អាស្រ័យ​ទៅតាម​ម៉ូដែល ទៅតាម​បច្ចេកវិទ្យា​ដែលគេប្រើ និង​ជាពិសេស គឺ​អាស្រ័យ​ទៅលើ​ប្រភព​នៃ​ថាមពល​អគ្គិសនី​ដែល​គេ​យក​មក​ប្រើប្រាស់។

ដូច្នេះ និយាយ​ជាសរុបមកវិញ រថយន្តអគ្គិសនី​ពិតជា​អាច​ជួយ​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក​បាន​ ក៏ប៉ុន្តែ វា​ក៏​មិនមែន​មិន​បញ្ចេញ​ឧស្ម័ន​កាបូនិក​ទាល់តែ​សោះ​នោះដែរ ហើយ​ប្រសិនបើ​គេ​គិតគូរតែ​ពី​ការ​កែលម្អ​បច្ចេកវិទ្យា​នៃ​រថយន្តអគ្គិសនី ក៏ប៉ុន្តែ នៅតែ​បន្ត​ផលិតថាមពល​អគ្គិសនី​ដោយ​ប្រើប្រេង ឬ​ធ្យូងថ្ម​ដដែល​នោះ រថយន្តអគ្គិសនី​ក៏​នឹង​មិន​អាច​ជួយ​អ្វី​បាន​ច្រើន​ប៉ុន្មាន​ដល់​បរិស្ថាន​នោះដែរ។ នេះ​គេ​នៅ​មិន​ទាន់​និយាយ​ផង​ទៅដល់​ការ​ប៉ះពាល់​ខាង​ផ្នែក​​បរិស្ថាន និង​​ខាង​ផ្នែក​សង្គម ដែល​បង្ក​ឡើង ដោយ​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​លោហៈកម្រ ដែល​ជា​វត្ថុធាតុដើម​ចម្បង ក្នុងការ​​​ផលិត​អាគុយ​សម្រាប់​រថយន្តអគ្គិសនី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ