ថៃប្រហារជីវិតអ្នកទោសជាលើកទី១គិតពីឆ្នាំ២០០៩
កាលពីថ្ងៃចន្ទ ថៃបានធ្វើការប្រហារជីវិតអ្នកទោសម្នាក់ ដែលជាប់ទោសពីបទមនុស្សឃាត។ នេះគឺជាលើកទី១ហើយ គិតក្នុងរយៈពេល៩ឆ្នាំកន្លងទៅនេះ ដែលថៃអនុវត្តទោសប្រហារជីវិត។ ការអនុវត្តទោសប្រហារជីវិត ដែលបង្កឲ្យមានការរិះគន់យ៉ាងខ្លាំង ហើយវាកើតឡើងនៅចំពេលដែលលោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា ត្រូវទៅបំពេញទស្សនកិច្ចនៅអឺរ៉ុប។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ពិរុទ្ធជនដែលត្រូវប្រហារជីវិត កាលពីថ្ងៃចន្ទនេះ មានឈ្មោះថា ធីរ៉ាសាក់ ឡុងជី វ័យ ២៦ឆ្នាំ ជាប់ទោសពីបទថាបានសម្លាប់មនុស្សដោយចាក់២៤កាំបិត ដើម្បីប្លន់យកលុយ និងទូរស័ព្ទដៃ កាលពីឆ្នាំ២០១២កន្លងទៅ។ នេះបើតាមការបញ្ជាក់ពីមន្រ្តីពន្ធនាគារថៃ។
គួរបញ្ជាក់ថា គិតចាប់តាំងពីឆ្នាំ១៩៣៥មក ថៃបានប្រហារជីវិតអ្នកទោសគិតជាសរុបចំនួន ៣២៥នាក់។ ការអនុវត្តទោសប្រហារជីវិតត្រូវបានថៃកាត់បន្ថយច្រើន ជាពិសេស នៅក្នុងចន្លោះពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៩ ដែលមានអ្នកទោសតែ ៦នាក់ប៉ុណ្ណោះ ដែលត្រូវបានប្រហារជីវិត ហើយគ្មានការអនុវត្តទោសប្រហារជីវិតសោះ ចាប់ពីឆ្នាំ២០០៩មក។
យោងតាមអង្គការ Amnesty International ការមិនមានការអនុវត្តទោសប្រហារជីវិតសោះ ក្នុងរយៈពេលជិត ១០ឆ្នាំនេះ បានធ្វើឲ្យគេគ្រោងនឹងចាត់បញ្ចូលប្រទេសថៃទៅក្នុងបញ្ជីប្រទេសដែលមានទោសប្រហារជីវិតតែលើក្រដាស ហើយមិនអនុវត្តទោសជាក់ស្តែង។ ក៏ប៉ុន្តែ នៅទីបំផុតទៅ ថៃ ដែលស្ថិតក្រោមការដឹកនាំដោយរបបសឹក ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០១៤មកនោះ បែរជាបានចាប់ផ្តើមអនុវត្តទោសប្រហារជីវិតវិញ ដែលអង្គការ Amnesty International ចាត់ទុកថាជាការដើរថយក្រោយ។ អង្គការសម្ព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស (FIDH) ក៏បានធ្វើការថ្កោលទោសការចាប់អនុវត្តទោសប្រហារជីវិតឡើងវិញនៅថៃនេះដែរ។
គួរបញ្ជាក់ថា ចាប់តាំងពីឡើងកាន់អំណាចតាមរយៈរដ្ឋប្រហារ នៅឆ្នាំ២០១៤មក របបសឹកថៃតែងតែទទួលរងនូវការរិះគន់ជុំវិញការរំលោភសិទ្ធិមនុស្ស ជាពិសេស រងការចោទប្រកាន់ថាបានប្រើប្រព័ន្ធតុលាការ និងបទល្មើសប្រមាថព្រះមហាក្សត្រ មកធ្វើជាមធ្យោបាយ ដើម្បីធ្វើទុក្ខបុកម្នេញគូប្រជែងនយោបាយ។
ការចាប់ផ្តើមអនុវត្តទោសប្រហារជីវិតឡើងវិញនៅពេលនេះ រឹតតែធ្វើឲ្យរបបសឹកត្រូវរងការរិះគន់កាន់តែខ្លាំង ហើយវាកើតឡើង នៅចំពេលដែលលោកប្រាយុទ្ធ ចាន់អូចា ត្រូវចេញដំណើរទៅបំពេញទស្សនកិច្ចនៅអឺរ៉ុប ដោយគ្រោងទៅជួបនាយករដ្ឋមន្រ្តីអង់គ្លេស នៅទីក្រុងឡុងដ៍ នៅថ្ងៃពុធ និងជួបលោកប្រធានាធិបតីបារាំង នៅទីក្រុងប៉ារីស នៅថ្ងៃចន្ទក្រោយ។
អង្គការ Amnesty International បានធ្វើការអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេស អង់គ្លេស និងបារាំង ឲ្យប្រើគ្រប់មធ្យោបាយការទូតនិងនយោបាយ ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលថៃ ឲ្យបញ្ឈប់ការអនុវត្តទោសប្រហារជីវិត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ