អានតួអត្ថបទ
កម្ពុជា

របៀប​គណនា​ចំនួន​អាសនៈ​ក្នុង​ការ​បោះឆ្នោត​ឃុំសង្កាត់នៅ​កម្ពុជា

នៅ​កម្ពុជា ការ​បោះឆ្នោត​ឃុំសង្កាត់ ក៏ដូចជា​ការ​បោះឆ្នោត​តំណាងរាស្រ្តដែរ គឺ​ជា​ការ​បោះឆ្នោត​តាម​ប្រព័ន្ធ​សមាមាត្រ។ ពលរដ្ឋ​កម្ពុជា​មិន​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​ណាមួយ​ឲ្យ​ធ្វើ​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំសង្កាត់​​នោះទេ ក៏ប៉ុន្តែ បោះឆ្នោត​ជ្រើសរើស​បញ្ជីឈ្មោះ​បេក្ខជន​នៃ​គណបក្ស​មួយ។ ចេញ​ពី​ចំនួន​ស្លឹកឆ្នោត​សរុប​ដែល​បោះ​ឲ្យ​គណបក្ស​នីមួយៗ​នេះ ទើប​គេ​យក​ទៅ​គណនា​រក​ចំនួន​អាសនៈ ដែល​គណបក្ស​នីមួយ​ៗ​ទទួលបាន នៅ​ក្នុង​ក្រុមប្រឹក្សា​ឃុំសង្កាត់។ តើ​ការ​កំណត់​ចំនួន​អាសនៈ​នេះ ត្រូវ​ធ្វើឡើង​ដោយ​របៀបណា?

ការបោះឆ្នោត​ឃុំសង្កាត់​នៅ​កម្ពុជា​ត្រូវ​ធ្វើឡើង​ទៅតាម​ប្រព័ន្ធ​សមាមាត្រ
ការបោះឆ្នោត​ឃុំសង្កាត់​នៅ​កម្ពុជា​ត្រូវ​ធ្វើឡើង​ទៅតាម​ប្រព័ន្ធ​សមាមាត្រ
ផ្សាយពាណិជ្ជកម្ម

តាមច្បាប់​បោះឆ្នោត​ឃុំសង្កាត់​ ចំនួន​អាសនៈ​ក្រុមប្រឹក្សា​ឃុំសង្កាត់ ដែលត្រូវ​បែងចែក​ទៅ​ឲ្យ​​គណបក្ស​នយោបាយ​ណាមួយ នៅ​ក្នុងការ​បោះឆ្នោត​ ត្រូវ​គណនា​ ដោយ​ប្រើ​រូបមន្ត​ “មធ្យមភាគ​ខ្ពស់បំផុត” ហើយ​ការ​បែងចែក​អាសនៈ​ ត្រូវ​ធ្វើ​ឡើង​នៅ​តាម​ឃុំសង្កាត់​នីមួយៗ ដោយ​មិន​ធ្វើ​ទៅតាម​ចំនួន​សន្លឹកឆ្នោត​សរុប នៅ​ទូទាំង​ប្រទេស​នោះទេ។

ជំហានទី១៖ កំណត់​ចំនួន​កូតា​នៃ​សន្លឹកឆ្នោត​ក្នុងមួយ​អាសនៈ
 
មុននឹង​ចាប់ផ្តើម​​ធ្វើការ​បែងចែក​ចំនួន​អាសនៈ​ ជាដំបូង គេ​ត្រូវ​គណនា​ឲ្យ​ឃើញ​សិន​​អំពី​ចំនួន​កូតា​នៃ​សន្លឹកឆ្នោត​ក្នុងមួយ​អាសនៈ (មានន័យថា ចំនួន​សន្លឹកឆ្នោត ដែលគណបក្ស​មួយ​ត្រូវ​ទទួលបាន ដើម្បី​ទទួល​បាន​អាសនៈមួយ​)។ ដើម្បី​គណនា​ គេ​ត្រូវ​យក​ចំនួន​សន្លឹកឆ្នោត​បាន​ការ​សរុប នៅ​ក្នុងឃុំសង្កាត់​មួយ ចែក​នឹង​ចំនួន​អាសនៈ​សរុប​នៅក្នុង​ឃុំសង្កាត់​​នោះ ដោយ​មិន​គិត​ពីសំណល់ចែក។

                                                                    សន្លឹកឆ្នោត​បានការ​សរុប​ក្នុងឃុំសង្កាត់
កូតា​សន្លឹកឆ្នោត​ក្នុងមួយ​អាសនៈ = ​​ --------------------------------------------------------------
                                                                       ​​​       អាសនៈសរុប​ក្នុងឃុំសង្កាត់

គួរបញ្ជាក់ថា សន្លឹកឆ្នោត​បាន​ការសរុប ខុស​ពី​ចំនួន​អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត។ អ្នក​ដែល​មានឈ្មោះ​ក្នុង​បញ្ជីឈ្មោះ​បោះឆ្នោត ដែល​មិនទៅ​បោះឆ្នោត ឬ​ទៅបោះឆ្នោត​ដែរ​ ប៉ុន្តែ គូស​សន្លឹកឆ្នោត​មិន​ត្រឹមត្រូវ ជា​សន្លឹក​ឆ្នោត​មិនបានការ មិនត្រូវ​រាប់បញ្ចូល​នៅ​ក្នុង​ចំនួន​សន្លឹកឆ្នោត​បាន​ការ​សរុបទេ។

ឧទាហរណ៍៖ ឧបមាថា នៅសង្កាត់​ផ្សារថ្មី​ទី១ ក្រុងភ្នំពេញ ដែល​មាន​ចំនួន​អាសនៈ​សរុប​ ៧​អាសនៈ មាន​សន្លឹកឆ្នោត​បានការ​សរុ​ប ចំនួន ២ ៧៥៩សំឡេង។ ដូច្នេះគណបក្ស​មួយ​ចាំបាច់​ត្រូវ​ទទួលបាន​សន្លឹកឆ្នោត​គាំទ្រ ៣៩៤​សំឡេង (២ ៧៥៩ ចែក​នឹង ៧) ទើបអាច​ទទួល​បាន​១អាសនៈ​។
 
ជំហានទី២៖ កំណត់​ចំនួន​អាសនៈ​បឋម
 
ក្រោយ​ពី​បាន​កំណត់​ចំនួន​កូតា​សន្លឹកឆ្នោត​ក្នុង​មួយអាសនៈ​ហើយ ជំហានទីពីរ គេ​ត្រូវ​ធ្វើ​ការ​កំណត់​ចំនួន​អាសនៈ​បឋម សម្រាប់​គណបក្ស​នីមួយៗ ដោយ​យក​ចំនួន​សំឡេងឆ្នោត​សរុប ដែល​គណបក្ស​នីមួយៗ​ទទួលបាន នៅ​ក្នុង​ឃុំសង្កាត់​​មួយ ចែក​ឲ្យ​ចំនួនកូតា​សន្លឹកឆ្នោត​ក្នុងមួយ​អាសនៈ (ដែល​គណនាឃើញ​ក្នុង​ជំហាន​ទី១) ដោយ​មិន​គិត​ពី​សំណល់ចែក។

                                  ចំនួនសំឡេងឆ្នោត​ដែល​គណបក្សមួយទទួលបាន
អាសនៈបឋម =  ------------------------------------------------------------------------
                                         កូតា​សន្លឹកឆ្នោត​ក្នុងមួយ​អាសនៈ
 
ឧទាហរណ៍៖ នៅ​ក្នុង​សង្កាត់​ផ្សារថ្មីទី១ គណបក្ស “ក” ទទួល​បាន​សំឡេង​គាំទ្រ ១ ៤៧០សំឡេង ចំណែក​គណបក្ស "ខ" ទទួលបាន ១ ២៨៩សំឡេង។ ដើម្បី​កំណត់​ចំនួន​អាសនៈបឋម​របស់គណបក្ស “ក” គេ​ត្រូវ​យក ១ ៤៧០​ ទៅ​ចែក​នឹង ៣៩៤ (កូតាសន្លឹកឆ្នោត​ដែល​គណនាឃើញ​ក្នុង​ជំហាន​ទី១)។ ដោយ​មិនគិត​ពី​សំណល់ចែក គណបក្ស “ក” ត្រូវ​ទទួលបានអាសនៈបឋម​ចំនួន ៣។ ចំណែក​គណបក្ស "ខ" ទទួល​បាន​អាសនៈបឋម​ចំនួន ៣ដែរ (១ ២៨៩សំឡេង ចែក​នឹង ៣៩៤)។
 
ជំហានទី៣៖ ការបែងចែក​ចំនួន​អាសនៈ​ដែល​នៅ​សល់​ក្នុង​ឃុំសង្កាត់
 
បន្ទាប់​ពី​ការ​កំណត់​ចំនួន​អាសនៈ​បឋម​របស់​គណបក្ស​នីមួយៗ​រួចរាល់​ហើយ ប្រសិនបើ​មាន​នៅ​សល់​​អាសនៈ​ក្នុងឃុំសង្កាត់ គេ​ត្រូវ​ធ្វើការ​បែងចែក​អាសនៈ​ដែល​នៅ​សេសសល់​នេះ​ជា​បន្តទៀត ដោយ​ប្រើរូបមន្ត “មធ្យមភាគខ្ពស់បំផុត” ពោលគឺ គេ​ត្រូវ​យក​ចំនួន​សន្លឹកឆ្នោត​បានការ​សរុប ដែល​បោះឲ្យ​គណបក្ស​នីមួយៗ ចែក​នឹង​ចំនួន​អាសនៈ​បឋម ដែល​គណបក្ស​នោះទទួល​បាន តាម​ការ​គណនា​ខាងលើ ដោយ​បន្ថែម​មួយអាសនៈ​ពីលើ។

                                               ចំនួនសន្លឹកឆ្នោត​ដែល​គណបក្សមួយទទួលបាន
មធ្យមភាគខ្ពស់បំផុត = -----------------------------------------------------------------------
                                       ​                          អាសនៈបឋម + ១

បន្ទាប់​ពី​បាន​អនុវត្ត​រូបមន្ត​នេះ សម្រាប់​គ្រប់គណបក្ស​ហើយ គេ​ត្រូវ​ធ្វើការ​ប្រៀបធៀប​លទ្ធផល រវាង​គណបក្ស​នីមួយៗ។ គណបក្ស​ណា ដែល​ទទួលបាន​ផលចែក​ខ្ពស់ជាង​គេ​បង្អស់ (មធ្យមភាគខ្ពស់បំផុត) គឺ​ជា​អ្នក​ទទួល​បាន​អាសនៈ​មួយ​បន្ថែមទៀត។

ឧទាហរណ៍៖ នៅក្នុង​សង្កាត់​ផ្សារថ្មី​ទី១ ដែល​មានអាសនៈសរុប ៧អាសនៈ គណបក្ស “ក” ដែល​ទទួលបាន​សំឡេង​គាំទ្រ ​១ ៤៧០សំឡេង ​មាន​ចំនួន​អាសនៈបឋម ​៣អាសនៈ ​ចំណែក​គណបក្ស "ខ" ​ដែល​បាន​សំឡេងគាំទ្រ ​១ ២៨៩​សំឡេង ​មាន​ចំនួន​អាសនៈបឋម ​៣អាសនៈ។ ដូច្នេះ នៅសល់​អាសនៈចំនួន១ ដែល​ត្រូវ​បែងចែក​បន្ត។

នៅ​ក្នុង​ការបែងចែក​ចំនួន​អាសនៈ​ ដែល​នៅ​​សល់​នេះ សម្រាប់​គណបក្ស “ក” គេ​ត្រូវ​យក ១ ៤៧០ ចែក​នឹង ៤ (អាសនៈបឋម ៣ + ១) = ៣៦៧។ ចំណែក​គណបក្ស "ខ" ​ត្រូវយក ​១ ២៨៩ ​ចែកនឹង ​៤ (អាសនៈបឋម ៣ + ១) = ៣២២។ តាមការគណនា​នេះ ​គេឃើញ​ថា ​គណបក្ស "ក" មាន​"មធ្យមភាគខ្ពស់បំផុត" ខ្ពស់​ជាង​គណបក្ស "ខ" ដូច្នេះ គណបក្ស "ក" ជា​អ្នក​ដែល​ត្រូវ​ទទួល​បាន​ អាសនៈ ១ ​ដែល​នៅសល់​។

ក្រោយ​ពី​អាសនៈ​មួយថ្មីនេះ​ត្រូវ​បាន​បែងចែក​ទៅ​ឲ្យ​គណបក្ស ដែល​មាន​មធ្យមភាគខ្ពស់​បំផុត រួចហើយ ប្រសិនបើ​មាន​នៅ​សល់​អាសនៈ​ក្នុងឃុំសង្កាត់​នេះ​ទៀត គេ​ត្រូវ​ធ្វើការ​បែងចែក​អាសនៈ​សេសសល់​នេះ​បន្តទៀត ដោយ​អនុវត្ត​រូបមន្ត​ដដែល ដោយ​លើកនេះ គណបក្ស​ដែល​ទើប​នឹង​បាន​អាសនៈ​បន្ថែម​ក្នុងការ​គណនា​ខាងលើ ត្រូវ​យក​អាសនៈ​ថ្មីបន្ថែម​នេះ មក​គិតបញ្ចូល​​ ក្នុងការ​គណនា​មធ្យមភាគខ្ពស់បំផុតលើកទី២ (ក្នុងឧទាហរណ៍​ខាងលើ ​គណបក្ស "ក" ត្រូវ​មាន​អាសនៈ​ ៥ ក្នុងការ​គណនា​មធ្យមភាគខ្ពស់បំផុត​លើកទី២)។

ការគណនា​បែបនេះ​ត្រូវ​ធ្វើជា​បន្តបន្ទាប់​ រហូត​ទាល់តែ​ចំនួន​អាសនៈ ដែល​នៅ​សេសសល់ ក្នុង​ឃុំសង្កាត់​ ត្រូវ​ធ្វើការ​បែងចែក​អស់។

ជាទូទៅ គេ​សង្កេតឃើញ​ថា ការ​គណនា​ដោយ​ប្រើ​រូបមន្ត “មធ្យមភាគខ្ពស់បំផុត”​ នេះ ចំនួន​អាសនៈ​ដែល​នៅសេសសល់​ក្នុងឃុំសង្កាត់​ ច្រើន​តែ​បាន​ទៅ​គណបក្ស ដែល​ទទួលបាន​សំឡេង​ឆ្នោត​សរុប​ច្រើន​ជាងគេ ក្នុងឃុំសង្កាត់​នេះ។ ហេតុដូច្នេះ​ហើយបាន​ជា​មាន​ការ​រិះគន់​ថា រូបមន្ត “មធ្យមភាគខ្ពស់បំផុត” នេះ ផ្តល់​ផលប្រយោជន៍​ដល់​តែ​គណបក្ស​ធំៗ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ