អានតួអត្ថបទ

រុស្ស៊ី ត្រូវបាន​ចោទប្រកាន់​ថានៅ​ពីក្រោយ​ការបាញ់ទំលាក់​យន្តហោះ MH១៧

កាលពី​ថ្ងៃសុក្រ ទី២២ ឧសភា ហូឡង់ អូស្រ្តាលី សហភាពអឺរ៉ុប និង អង្គការ Nato បានធ្វើការ​ទាមទារ​អោយរុស្ស៊ីទទួល​ខុសត្រូវ​ចំពោះ​ករណីយន្តហោះ​ម៉ាឡេស៊ី MH ១៧ ត្រូវបាញ់ទំលាក់​តាំងពីឆ្នាំ​២០១៤។ ការចោទ​ប្រកាន់ទៅ​លើរុស្ស៊ីនេះ ត្រូវបាន​ធ្វើឡើង​​បន្ទាប់ពីក្រុម​ស៊ើបអង្កេត​អន្ដរជាតិ បាន​ផ្តល់សេចក្តីសន្និដ្ឋាន​ថា មីស៊ីលដែល​បាន​បាញ់ទំលាក់យន្តហោះ MH ១៧ គឺបាញ់ចេញ​ដោយកងយោធា​ការពារអាកាស​របស់រុស្ស៊ី។ តែរដ្ឋាភិបាលរុស្ស៊ី ធ្វើការបដិសេធ​ចំពោះការចោទ​ប្រកាន់នេះ។

ក្រុមស៊ើបអង្កេតអន្តរជាតិ អះអាងថា មីស៊ីលដែលបាញ់ទំលាក់យន្តហោះ MH១៧ ជារបស់រុស្សី ថ្ងៃទី២៤ ឧសភា ២០១៨
ក្រុមស៊ើបអង្កេតអន្តរជាតិ អះអាងថា មីស៊ីលដែលបាញ់ទំលាក់យន្តហោះ MH១៧ ជារបស់រុស្សី ថ្ងៃទី២៤ ឧសភា ២០១៨ 路透社
ផ្សាយពាណិជ្ជកម្ម

ប្រទេសហូឡង់ និង អូស្ត្រាលី បានធ្វើការចោទ​ប្រកាន់ទៅលើរុស្ស៊ី កាលពីថ្ងៃសុក្រម្សិលមិញថា ក្រុងម៉ូស្គូជាអ្នក​ស្ថិតនៅពីក្រោយ​ការបាញ់ទំលាក់ជើង​ហោះហើរ MH17 របស់ម៉ាឡេស៊ី ដែល​បានសម្លាប់ជីវិត​អ្នកធ្វើដំណើរ​ជិត៣០០នាក់ កាលពីថ្ងៃទី១៧ ខែកក្កដា ក្នុងឆ្នាំ២០១៤។ ការចោទប្រកាន់​ទៅលើរុស្ស៊ី​នេះ គឺធ្វើឡើង​មួយ​ថ្ងៃបន្ទាប់ពីក្រុម​ស៊ើបអង្កេត​អន្តរជាតិ​ដែលដឹកនាំ​ដោយហូឡង់ បានចេញ​សេចក្ដីសន្និដ្ឋាន​មួយថា មីស៊ីល​ដែល​បានបាញ់ទំលាក់​យន្តហោះ​​របស់ម៉ាឡេស៊ី មានប្រភព​មកពីមូលដ្ឋាន​កងយោធា​ការពារអាកាស​មួយកន្លែង​របស់រុស្ស៊ី ។ តែក្រុមស៊ើបអង្កេត​អន្តរជាតិនេះ ពុំបានបញ្ជាក់អោយ​ដឹងច្បាស់ថា តើបុគ្គលរូបណា​អោយប្រាកដ​នៅក្នុងកងយោធារុស្ស៊ី ដែល​បាន​បញ្ជា​អោយបាញ់មីស៊ីល​នោះ។

ហូឡង់កំពុង​រៀបចំដាក់​ពាក្យបណ្ដឹង​ទៅកាន់តុលាការ​អន្តរជាតិ ដើម្បីអោយ​រុស្ស៊ីទទួល​ខុសត្រូវ​ចំពោះ​ករណីបាញ់ទំលាក់យន្តហោះ​នេះ នេះបើយោង​តាមការអោយដឹង​របស់រដ្ឋមន្រ្តីក្រសួង​ការបរទេសហូឡង់​កាល​ពីថ្ងៃសុក្រ។

នៅក្នុងថ្ងៃសុក្រដដែរនោះ សហភាពអឺរ៉ុប​ដែលមាន​ប្រទេស​ជាសមាជិក​ចំនួន២៨ និងអង្គការ Nato ដែលដឹកនាំ​ដោយអាមេរិក បានចេញសេចក្តីថ្លែងការណ៍​ស្ដីពីករណី​ធ្លាក់យន្តហោះ​ម៉ាឡេស៊ីនេះ។ ទាំងសហភាពអឺរ៉ុប ទាំងអង្គការ Nato បានអំពាវនាវ​អោយរុស្ស៊ី​ទទូលយក​នូវទំនួលខុស​ត្រូវរបស់ខ្លួន ក្នុងករណី​បាញ់ទំលាក់យន្តហោះរបស់​ម៉ាឡេស៊ី ព្រមទាំងចូលរួម​សហការ​អោយបានពេញលេញ​ក្នុងការស្វែង​រកយុត្តិធម៌ក្នុងរឿងនេះ។

តែរដ្ឋាភិបាល​រុស្ស៊ី បានច្រានចោល​នូវការចោទ​ប្រកាន់ខាងលើ​ភ្លាមៗ ដោយបានអះអាងថា ពុំធ្លាប់មាន​អាវុធមីស៊ីល​ដូចដែល​ក្រុមអ្នកស៊ើបអង្កេត​បានសន្និដ្ឋាន ធ្លាប់ឆ្លងកាត់ព្រំដែន​រុស្ស៊ីនោះទេ។ រដ្ឋមន្រ្តីក្រសួង​ការបរទេសរុស្ស៊ី បានលើកឡើងទៀតថា ហូឡង់មិន​បានផ្តល់នូវភស្ដុតាង​ណាមួយ ដែលគាំទ្រ​ទៅលើលទ្ធផល​នៃការរកឃើញថា រុស្ស៊ីជាអ្នកនៅពីក្រោយ​រឿង​នេះនោះទេ ហើយ​ហូឡង់កំពុង​ប្រើប្រាស់​សោធនាវកម្ម​មួយនេះ ដើម្បី​សម្រេច​នូវគោលដៅ​នយោបាយ​របស់ខ្លួន។

ប្រធានាធិបតីរុស្ស៊ី ទាមទារ​អោយមានវត្តមានអ្នកសង្កេតរុស្ស៊ី ចូលរួមជាមួយក្រុមអ្នក​ស៊ើបសង្កេត​អន្ដរជាតិ ក្នុងប្រតិបត្តិការស្វែងរកការពិត នៅក្នុងរឿងបាញ់ទំលាក់យន្តហោះ MH17 របស់ម៉ាឡេស៊ីនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ