អានតួអត្ថបទ

ជំនួបកំពូល​រវាង​លោក​ដូណាល់ត្រាំ​និង​លោកពូទីន​នឹង​ត្រូវធ្វើ​នៅថ្ងៃទី១៦កក្កដា

លោក​ដូណាល់ ត្រាំ និង​លោក​វ៉្លាឌីមៀរ ពូទីន នឹង​ជួបគ្នា នៅថ្ងៃ​ទី១៦​កក្កដា​ខាងមុខ នៅ​ក្នុង​ទីក្រុង​ហែលសិនគី ប្រទេស​ហ្វាំងឡង់ នៅ​ក្នុង​ជំនួបកំពូល​មួយ​ទល់នឹងមួយ​ជាលើក​ដំបូង ចាប់តាំង​ពី​លោក​ដូណាល់ ត្រាំ បាន​ជាប់ឆ្នោត​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក។ ជំនួបកំពូល​នេះ​ត្រូវ​បាន​រៀបចំ​ធ្វើឡើង នៅ​ក្នុង​បរិបទ​នៃ​ទំនាក់ទំនង​ដ៏តានតឹង រវាង​អាមេរិក និង​រុស្ស៊ី ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា ក៏​មាន​ដែរ ការចោទប្រកាន់​ទៅលើ​រុស្ស៊ី​ថា​បាន​លូកដៃ​ជ្រៀតជ្រែក​ចូល​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក ដើម្បី​ជួយ​ឲ្យ​លោក​ដូណាល់ត្រាំ​បាន​ឈ្នះ កាល​ពី​ឆ្នាំ២០១៦។

លោក​ដូណាល់ ត្រាំ និង​លោក​វ៉្លាឌីមៀរ ពូទីន នៅ​ក្នុង​អំឡុង​ជំនួបកំពូល APEC នៅ​វៀតណាម កាល​ពីថ្ងៃទី១១ វិច្ឆិកា ២០១៧
លោក​ដូណាល់ ត្រាំ និង​លោក​វ៉្លាឌីមៀរ ពូទីន នៅ​ក្នុង​អំឡុង​ជំនួបកំពូល APEC នៅ​វៀតណាម កាល​ពីថ្ងៃទី១១ វិច្ឆិកា ២០១៧ REUTERS/Jorge Silva/
ផ្សាយពាណិជ្ជកម្ម

គេ​នៅចាំបាន​ថា លោក​ដូណាល់ ត្រាំ​បាន​ឡើង​មក​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក ជាមួយ​នឹង​ការ​សន្យា​ថា​នឹង​ធ្វើ​យ៉ាងណា​ផ្សះផ្សា​​ឡើងវិញ​ នូវ​ទំនាក់ទំនង រវាង​អាមេរិក និង​រុស្ស៊ី។ ក៏ប៉ុន្តែ ជាងមួយឆ្នាំក្រោយមក ទំនាក់ទំនង អាមេរិក-រុស្ស៊ី នៅតែ​តានតឹង ហើយ​លោក​ដូណាល់ត្រាំ និង​លោក​ពូទីន​ក៏​មិនដែល​បាន​ជួបគ្នា ក្រៅតែ​ពី​ជំនួប​នៅ​ក្នុង​អំឡុង​កិច្ចប្រជុំ​អន្តរជាតិ ដូចជា​ ជំនួបកំពូល​ APEC នៅ​វៀតណាម ជាដើម។

ក្រោយ​ពី​ឆ្លងកាត់​ការ​ត្រៀមរៀបចំ​អស់រយៈពេល​ជាច្រើន​ខែ នៅ​ទីបំផុត​ទៅ​ កាល​បរិច្ឆេទ និង​ទីតាំង នៃ​ជំនួបកំពូល រវាង​លោក​ដូណាល់ ត្រាំ និងលោក​ពូទីន ត្រូវ​បាន​ប្រកាស​ឲ្យដឹង​ព្រមៗគ្នា ដោយ​វិមាន​ក្រេមឡាំង និង​សេតវិមាន កាលពីថ្ងៃ​ព្រហស្បតិ៍។ ជាការ​កត់សម្គាល់ ជំនួបកំពូលនឹង​ត្រូវ​ធ្វើ​នៅ​ក្នុង​ទីក្រុង​ហែលសិនគី ប្រទេស​ហ្វាំងឡង់ ដែល​ភាគី​ទាំងពីរ​ចាត់ទុក​ថា​ជា​ទីតាំង​អព្យាក្រឹត។

នៅ​ក្នុង​ជំនួបកំពូល​នេះ ប្រមុខដឹកនាំ​ទាំងពីរ​នឹង​ធ្វើការ​ជជែកគ្នា អំពី​ស្ថានភាព​បច្ចុប្បន្ន​ និង​ចក្ខុវិស័យ ​នៃ​ទំនាក់ទំនង​ទ្វេភាគី​អាមេរិក-រុស្ស៊ី ព្រមទាំង​ជជែក​អំពី​សំណុំរឿង​អន្តរជាតិ​ធំៗ​មួយ​ចំនួន​ផ្សេងទៀត។ នេះ​បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​វិមាន​ក្រេមឡាំង ដោយ​បាន​បញ្ជាក់​លម្អិត​​អំពី​កម្មវិធី​នៃ​ជំនួបកំពូល​ថា​នឹងមាន​​ការជជែក​មួយទល់​នឹងមួយ​ រវាង​លោក​ដូណាល់ ត្រាំ និង​លោក​ពូទីន, មាន​ការ​ទទួល​ទាន​អាហារ​ដើម្បី​ជជែក​ពី​ការងារ​ជាមួយគ្នា ព្រមទាំង​ការ​ចេញ​សេចក្តីថ្លែងការណ៍រួម និង​ការ​ធ្វើ​សន្និសីទ​សារព័ត៌មាន​រួមគ្នា នៅ​ក្រោយ​ជំនួបកំពូល។

គួរបញ្ជាក់ថា បញ្ហា​ដែល​នាំ​ឲ្យ​​អាមេរិក និង​រុស្ស៊ី​​​មាន​ទំនាក់ទំនង​តានតឹងនឹង​គ្នា​នៅ​ក្នុងពេល​​បច្ចុប្បន្ន​នេះ គឺ​មាន​ច្រើន រួមមាន​ដូចជា សង្រ្គាម​នៅ​ស៊ីរី ដែល​រុស្ស៊ី​ជា​អ្នក​គាំទ្រ​រដ្ឋាភិបាល​លោក​អាសាដ, ការកាត់យក​តំបន់​គ្រីមេ​ពី​អ៊ុយក្រែន​ដោយ​រុស្ស៊ី ព្រមទាំង​ការ​គាំទ្រ​ក្រុម​ឧទ្ទាម​ផ្តាច់ទឹកដី​នៅ​ខាង​កើត​អ៊ុយក្រែន, ការ​ប្រើ​សារធាតុ​គីមី​​បំពុល​អតីត​ភ្នាក់ងារ​ចារកិច្ច​រុស្ស៊ី​នៅ​ក្នុង​ទឹកដី​អង់គ្លេស ដែល​គេ​ទម្លាក់​ការ​ទទួលខុសត្រូវ​លើ​រុស្ស៊ី ហើយ​ដែល​នាំ​ឲ្យ​មាន​ការ​បណ្តេញ​មន្រ្តី​ទូតគ្នា​ទៅវិញ​ទៅមក​ ព្រមទាំង​ការ​ចោទប្រកាន់​ពី​សំណាក់​អាមេរិក​ថា រុស្ស៊ី​បាន​លូកដៃ​ចូល​ជ្រៀតជ្រែក​ចូល​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី កាល​ពី​ឆ្នាំ២០១៦​កន្លងទៅ​។

ទោះជាយ៉ាងណា លោក​ដូណាល់ត្រាំ​បាន​បង្ហាញ​នូវ​សុទិដ្ឋិនិយម​ ដោយ​បាន​លើកឡើង​ថា ជំនួបកំពូល រវាង​លោក​ និង​លោក​ពូទីន​អាច​នឹង​សម្រេច​បាន​លទ្ធផល​ជា​វិជ្ជមាន។

គេ​សង្កេតឃើញ​ថា ចាប់តាំងពី​លោក​ដូណាល់ត្រាំ​ឡើង​កាន់តំណែង​មក លោក​ប្រធានាធិបតី​អាមេរិក​​ហាក់​បាន​បង្ហាញ​នូវ​ជំហរ​ទន់ភ្លន់ច្រើន​ដាក់​លោក​ពូទីន ក្នុងពេល​ដែល​ទំនាក់ទំនង រវាង​លោក​ដូណាល់ត្រាំ និង​ប្រទេស​សម្ព័ន្ធមិត្ត ជាពិសេស សម្ព័ន្ធមិត្ត​ក្នុង​អង្គការ​អូតង់​ ចេះតែ​មាន​ភាព​ប្រេះឆា​ខ្លាំងឡើង​ពី​មួយថ្ងៃ​ទៅមួយថ្ងៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ