ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
អាស៊ី

ការ​ដោះដូរ​អ្នកទោស​រវាងរុស្ស៊ី​ និង​អ៊ុយក្រែន​ ជាសញ្ញា​បញ្ឈប់​ភាពតានតឹង​នឹងគ្នា​

media អ្នកទោសអ៊ុយក្រែន ដោះលែងដោយរុស្ស៊ី បានទៅដល់ទីក្រុងកៀវ និងត្រូវបានទទួលស្វាគមន៍ដោយក្រុមគ្រួសាររបស់ពួកគេ នៅថ្ងៃទី៧ កញ្ញា ឆ្នាំ២០១៩។ REUTERS/Gleb Garanich

ប្រទេសរុស្ស៊ី និងអ៊ុយក្រែន នៅថ្ងៃសៅរ៍ ទី៧ កញ្ញា បានដោះដូរអ្នកទោស ទៅឲ្យគ្នាទៅវិញទៅមកសរុបចំនួន ៧០ នាក់ ដែលពីភាគីទាំងសងខាងមានចំនួន ៣៥នាក់ ស្មើៗគ្នា។ សមិទ្ធផលនេះ បានធ្វើសហគមន៍អន្តរជាតិ អបអរសាទរ និងបានចាត់ទុក ចំណាត់ការចុងក្រោយនេះថា ជាជំហានដ៏សំខាន់បំផុតមួយ នាំឆ្ពោះទៅកាន់ការបញ្ឈប់ជម្លោះរវាងប្រទេសអតីតសហភាពសូវៀតទាំងពីរ។

សន្តិភាពនៅក្នុងប្រទេស សន្តិភាពជាមួយនឹងប្រទេសជិតខាងរុស្ស៊ី គឺជាអ្វីដែល លោកប្រធានាធិបតីអ៊ុយក្រែន វូឌីមៀវ ហ្សេឡេនស្គី ប្រាថ្នាចង់ឃើញ។ ឥឡូវនេះ ភាពធូរស្បើយ ផ្នែកទំនាក់ទំនងជាមួយ ប្រទេសរុស្ស៊ី ហាក់មានសញ្ញាវិជ្ជមានដូចបំណងរបស់លោក ហ្សេឡេនស្គី ហើយ ក្រោយពីការដោះដូរអ្នកទោសគ្នារវាងក្រុងកៀវ និងមូស្គូ ត្រូវបានគោរពដោយភាគីទាំងពីរ។

ពីខាងវិមានក្រឹមឡាំងឯណោះវិញ ក្រសួងការពារជាតិរុស្សីបានលើកឡើងថា ចំណាត់ការដោះដូរ អ្នកទោសគ្នា គឺជាវិធានការចំាំបាច់មួយ ក្នុងការដោះស្រាយទំនាស់រវាងប្រទេសក្បែរខាងទាំងពីរ។​ ទន្ទឹមគ្នានេះ លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន ក៏បាននិយាយនៅសប្តាហ៍នេះដែរថា និន្នាការដែលកំពុងកើតឡើងចុងក្រោយនេះ គឺជាផ្លូវ នាំប្រទេសរុស្ស៊ី​ និងអ៊ុយក្រែន ទៅរកទំនាក់ទំនងល្អធម្មតានឹងគ្នា។

គួរជ្រាបថា ក្រោយការដោះដូរអ្នកទោសរវាងប្រទេសអតីតសហភាពសូវៀតទាំងពីរ ប្រព្រឹត្តទៅដោយជោគជ័យ សហគមន៍អន្តរជាតិមានជាអាទិ៍ សហរដ្ឋអាមេរិក បារាំង និងអាល្លឺម៉ង់ ជាដើម បានចេញមុខសាទរចំពោះវិធានការចុងក្រោយនេះ។

ជាក់ស្តែង នៅថ្ងៃសៅរ៍នេះ ក្រៅតែពីចេញមុខស្វាគមន៍ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានលើកឡើងថា ដំណឹងល្អ នៃការដោះដូរអ្នកទោសរវាងប្រទេសទាំងពីរ គឺជំហានដ៏មានសក្តានុពលមួយ សម្រាប់ដើរសំដៅទៅរកសន្តិភាពនៅក្នុងតំបន់។

ស្រដៀងគ្នា បារាំង និងអាល្លឺម៉ង់ ក៏បានសាទរ ចំពោះព្រឹត្តិការណ៍ ដែលបានកើតឡើងនៅរុស្ស៊ី និងអ៊ុយក្រែននេះដែរ ។ បន្ថែមលើនេះ បារាំង និងអាល្លឺម៉ង់ ក៏បានអំពាវនាវផងដែរ ឲ្យរុស្ស៊ី និងអ៊ុយក្រែន អនុវត្តនូវកិច្ចព្រមព្រៀងឈប់បាញ់ ឆ្នាំ ២០១៥។ ជាកិច្ចព្រមព្រៀង ដែលទីក្រុងប៉ារីស និងប៊ែរឡាំង ចូលខ្លួនធ្វើជាអន្តរការី។

គួរកត់សម្គាល់ថា ការដោះដូរអ្នកទោសគ្នារវាងម៉ូស្គូ និងក្រុងកៀវ ត្រូវបានសាទរ ដោយប្រទេសប្រទេសជាច្រើន លើកលែងតែហូឡង់។ ហូឡង់ នៅថ្ងៃសៅរ៍នេះ មានសម្តែងនូវការសោកស្តាយជាខ្លាំង ដែលអ៊ុយក្រែន សម្រេចដោះលែងអ្នកទោស ដែលក្នុងនោះមានម្នាក់ឈ្មោះវ៉្លាឌីមៀរ ត្សេម៉ាក្ស ទៅកាន់ប្រទេសរុស្ស៊ី។

គឺអ្នកទោសរូបនេះហើយ ដែលរដ្ឋាភិបាលហូឡង់ជឿថា ជាសាក្សីដ៏សំខាន់បំផុតពាក់ព័ន្ធនឹងសំណុំរឿង វាយប្រហារយន្តហោះម៉ាឡេស៊ីMH17 ដែលធ្វើដំណើរចេញពីទីក្រុងអាំស្ទែដាំ ឆ្ពោះទៅកាន់ក្រុងគូឡាឡាំពួ កាលពីខែកក្កដា ឆ្នាំ ២០១៤ កន្លងទៅ។ ហេតុការណ៍វាយប្រហារនេះ បានសម្លាប់ជីវិតអ្នកដំណើរចំនួន ២៨៣ នាក់ ដែលភាគច្រើនជាជាតិហូឡង់៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ