អានតួអត្ថបទ
ភូមា-អាមេរិក

លោកចន ឃែរី៖​ការ​ផ្លាស់ប្តូរ​នៅ​ភូមា​ជា​សារ​ទៅ​កាន់​ប្រជាជន​នៅ​ទូទាំង​ពិភពលោក

នៅ​អាទិត្យ ទី២២ ឧសភា​នេះ លោក​ប្រមុខការទូត​អាមេរិក​ចន ឃែរី​បាន​ឆ្លៀត​ចូល​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​ភូមា មុន​នឹង​បន្តដំណើរ​ទៅ​កាន់​ប្រទេស​វៀតណាម។ វៀតណាម​ដែល​លោក​ឃែរី​ត្រូវ​រួម​ដំណើរ​ទស្សនកិច្ច​ជាមួយ​លោក​អូបាម៉ា។ នៅ​ក្នុង​ប្រទេស​ភូមា លោក​ឃែរី​បាន​ចូល​ជួប​សន្ទនាជាមួយ​លោកស្រី​អ៊ុង សានស៊ូជី ប្រធាន​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ដែល​កំពុង​កាន់​អំណាច។ លោក​ឃែរី​បាន​សាទរ​ការ​ផ្លាស់ប្តូរ​នៅ​ភូមា​ពី​អំណាច​យោធា​ទៅ​កាន់​អំណាច​ស៊ីវិល។

លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃ៊ែរី និង​សមភាគី​ភូមា​លោកស្រី​អ៊ុង សានស៊ូជី ថ្ងៃទី២២ ឧសភា ២០១៦
លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃ៊ែរី និង​សមភាគី​ភូមា​លោកស្រី​អ៊ុង សានស៊ូជី ថ្ងៃទី២២ ឧសភា ២០១៦ Reuters
ផ្សាយពាណិជ្ជកម្ម

ជំនួប​រវាង​លោក​ចន ឃែរី និង​លោកស្រី​អ៊ុង សានស៊ូជី​ថ្ងៃ​នេះ​មិនមែន​ជា​ជំនួប​ជាមួយ​ប្រមុខ​បក្សប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​គេហដ្ឋាន​ដូច​ដែល​លោក​ចន ឃែរី​ធ្លាប់​បាន​ធ្វើ​នា​ពេល​កន្លង​មក​ទេ តែ​ជា​ជំនួប​ជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ភូមា​ម្នាក់​ដែល​មាន​តួនាទី​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស និង​ជា​ទីប្រឹក្សារដ្ឋ​ដែល​មាន​ឋានៈ​ស្នើ​នាយករដ្ឋមន្រ្តី។ ម្យ៉ាង​ទៀត ជំនួប​ទ្វេភាគី​កម្រិត​នេះ​ក៏​ជា​ជំនួប​លើកទី១ តាំង​ពី​រដ្ឋាភិបាល​ថ្មី​ដឹក​នាំ​ដោយ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ចូល​កាន់​អំណាច​នា​ដំណាច់​ខែ​មីនា។

ថ្លែង​នៅ​ក្នុង​ជំនួប​ជាមួយ​លោកស្រី​អ៊ុង សានស៊ូជី លោក​ចន ឃែរី​បាន​ថ្លែង​សាទរ​ពេញ​មាត់​ពី​ការ​ផ្លាស់ប្តូរ​នៅ​ភូមា​ឆ្ពោះ​ទៅ​កាន់​លទ្ធិប្រជាធិបតេយ្យ បន្ទាប់​ពី​ប្រទេស​ក្រីក្រ​នៅ​អាស៊ី​មួយ​នេះ​​បាន​ឆ្លង​កាត់​របប​ផ្តាច់ការ​យោធា​អស់​ជា​ច្រើន​ទសវត្ស។ លោក​ចន ឃែរី​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ព្រឹត្តការណ៍​ជា​ប្រវត្តិសាស្រ្ត​នៅ​ភូមា គឺ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​សម្រាប់​បុព្វហេតុ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ពិភពលោក។ នៅ​ក្នុង​ន័យ​នេះ លោក​ឃែរី​មិន​ញញើត​នឹង​ចាត់​ចាត់​ទុក​លោកស្រី​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​ថា ជា​អ្នក​ដែល​បាន​ធ្វើ​ចម្រើន​បុព្វហេតុ​ប្រជាធិបតេយ្យ​នៅ​ទូទាំង​ពិភពលោក។

វត្តមាន​របស់​លោក​ចន ឃែរី​ក្នុង​ទឹកដី​ភូមា​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​អាមេរិក​ទើប​បាន​បន្ថយ​ទ័ណ្ឌកម្ម​ថ្មីៗ​ទៀត​ដល់​ភូមា។ សូម​ជម្រាប​ជូន​ថា អាមេរិក​បាន​លើក​ទ័ណ្ឌកម្ម​ជា​ច្រើន​ចេញ​ពី​ភូមា​តាំង​ពី​ឆ្នាំ ២០១១ តែ​បន្ត​រក្សា​ទុក​បញ្ជី​ខ្មៅ​ឈ្មោះ​ឥស្សរជន​នយោបាយ​ភូមា​មួយ​ចំនួន​ដែល​ជាប់ចោទ​ពី​បទ​បំផ្លិចបំផ្លាញ​ប្រជាធិបតេយ្យ​របស់​ប្រទេស។ ជា​ការ​ពិត វត្តមាន​របស់​លោក​ចន ឃែរី​នៅ​ភូមា​ជា​សក្ខីកម្ម​មួយ​ដែល​អាមេរិក​ចង់​បញ្ជាក់​ពី​ការ​លើកទឹកចិត្ត និង​ការ​គាំទ្រ​ចំពោះ​ការ​ផ្លាស់ប្តូរ​ក្នុង​ផ្លូវ​វិជ្ជមាន​នៅ​ភូមា។ តែ​មាន​កិច្ចការ​ប្រឈម​ជា​ច្រើន​ដែល​រដ្ឋាភិបាល​ថ្មី​នៅ​ភូមា​ត្រូវ​បំពេញ រួម​មាន ការ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​ឡើង​វិញ បំបាត់​ភាព​ក្រីក្រ និង​ដោះស្រាយ​ជម្លោះ​ជាមួយ​ក្រុមជនជាតិ​ភាគតិច។ល។ និង​។ល។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ