អានតួអត្ថបទ
បារាំង

លោក​ម៉ាក្រុងយក​​​​​​ការ​ប្រយុទ្ធ​ប្រឆាំង​​ភេរវកម្ម​ ជា​អាទិភាព​​ក្នុង​​​នយោបាយ​ការទូត​​បារាំង​

ថ្ងៃអង្គារ​នេះ ​ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ​​បាន​​សម្រេចផ្តោត​នយោបាយ​ការទូត​បារាំង ទៅលើ​​​​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម។ លោក​ម៉ាក្រុង​គូសបញ្ជាក់ថា គឺ​ជា​​ការ​ប្រឆាំង​នឹង​ភេរវកម្ម​អ៊ីស្លាម​ជ្រុលនិយម។ ថ្ងៃអង្គារ​​នេះដែរ​ ប្រធានាធិបតីបារាំង​បាន​ចាត់ទុក​របប​ដឺកនាំ​​​របស់​​លោក​ម៉ាឌូរ៉ូ​​នៅ​​វ៉េណេស៊ុយអេឡា​ ថា​ជា​របប​ផ្តាច់ការ​។​​

ប្រធានាធិបតី​បារាំង លោក​ម៉ាក្រុង
ប្រធានាធិបតី​បារាំង លោក​ម៉ាក្រុង Reuters/Stoyan Nenov
ផ្សាយពាណិជ្ជកម្ម

ថ្ងៃអង្គារ​នេះ ប្រធានាធិបតី​បារាំងអេម៉ានុយអែល ​ម៉ាក្រុង ​​បាន​ថ្លែងសន្ទរកថា​ ទៅកាន់​ឯកអគ្គរដ្ឋទូត​បារាំង​១៧០នាក់​ ដើម្បី​បង្ហាញ​ពី​នយោបាយ​ការទូត​បារាំង ក្នុង​អាណត្តិ​ដឹកនាំ​របស់​លោក។ ​លោក​ម៉ាក្រុង បានគូសបញ្ជាក់​ឡើងវិញ​ពី​អាទិភាពនៃ​ការប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​អ៊ីស្លាម​ជ្រុលនិយម ក្នុង​​​​នយោបាយ​ការទូត​​បារាំង។

ពាក្យថា​អ៊ីស្លាម​នេះ អាច​បង្ក​ភាពតានតឹង​ដល់​ប្រជាជន​អ្នកកាន់​សាសនា​អ៊ីស្លាម​នៅ​បារាំង និង​អឺរ៉ុប។ តែ​លោក​ម៉ាក្រុងលើកឡើង​ក្នុងន័យថា គេមិនអាចកាត់​ផ្តាច់​​​​​អំពើ​ភេរវកម្ម អោយ​ដាច់ចេញ​ពី​​ភាពជ្រុលនិយម​ទេ​។ ​ប្រធានាធិបតី​បារាំង​​​បានគូស​បញ្ជាក់ថា ​​​រឹតតែ​មិនត្រូវភ័យខ្លាចពី​​​​អ៊ីស្លាម​​ ហើយក៏​មិនត្រូវ​ផ្តោត​ការសង្ស័យ​​ទូទៅ ​ទៅលើ​ប្រជាជន​អ៊ីស្លាម​រាប់លាន​នាក់ ដែល​កំពុង​រស់នៅ​អឺរ៉ុបដែរ។

​២ឆ្នាំ​មកនេះ បារាំង​បាន​រងការវាយប្រហារ​ភេរវកម្ម​ជាច្រើន។ ​ទាហាន​បារាំង​​កំពុង​​​បំពេញបេសកកម្ម​ប្រឆាំង​ក្រុមជីហាត នៅ​តំបន់​សាហារ៉ា នៅ​លីប៊ី​ អ៊ីរ៉ាក់ និង​ស៊ីរី។ ​ទាក់ទង​​ភេរវកម្ម ពេលនេះ ប្រទេស​តំបន់​ឈូងសមុទ្រ​ពែរស៍​កំពុង​ចោទ​កាតា ​ថា​បាន​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ក្រុមភេរវជន។ ​ប្រធានាធិបតី​បារាំង​ចង់អោយ​មាន​តម្លាភាពផ្នែកហិរញ្ញ​វត្ថុ ក្នុង​រឿងនេះ។ ថ្ងៃអង្គារ​នេះដែរ ​លោក​ម៉ាក្រុង​លើកឡើង​ដែរថា​ បារាំង​ប្រកាន់ខ្ជាប់​ការអនុវត្ត​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដែល​អ៊ីរ៉ង់​សម្រេច​បាន​ជាមួយប្រទេស​មហាអំណាច​កាលពី​ឆ្នាំ២០១៥។

កំឡុង​ដើមឆ្នាំ​២០១៨ លោក​ម៉ាក្រុង​នឹងបំពេញ​ទស្សនកិច្ចនៅតំបន់​ដើមបូព៌ា។ បារាំង​បន្ត​ប្រឹងប្រែង​ជាមួយ​អង្គការ​សហប្រជាជាតិ​គាំទ្រ​អោយមានការបង្កើត​រដ្ឋ​២ គឺ​​ប៉ាឡេស្ទីន​និង​អ៊ីស្រាអែល​ ដែល​មា​នរដ្ឋធានី​ហ្ស៊េរុយសាឡិម​តែមួយ ហើយ​ប្រជាជន​ទាំង២​រស់នៅ​ក្នុង​សន្តិភាពជាមួយ​គ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ