អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ល្បែងសងសឹក​ផ្នែក​​​ការទូត​​រវាង​​រុស្ស៊ី​​និង​​អាមេរិក​

ចុះផ្សាយ​នៅ​ថ្ងៃ៖

សហរដ្ឋអាមេរិក​តំរូវអោយ​រុស្ស៊ី​បិទស្ថានកុងស៊ុល​របស់​ខ្លួន​​នៅ​San Francisco ​និង​កន្លែង​​ឧបសម្ព័ន្ធការទូត​​​ពីរទៀត ​​​នៅ​វ៉ាស៊ីនតោន និង​ញូវយក អោយចប់សព្វគ្រប់​ នៅថ្ងៃ​សៅរ៍ស្អែក​នេះ។ អាមេរិក​ប្រាប់ថា ទណ្ឌកម្ម​នេះ គឺ​ដើម្បី​អោយស្មើភាព​គ្នា ទៅនឹង​ការដែល​​​លោក​វ្លាឌីមៀ ពូទីន បាន​បញ្ជា​​អោយ​​​អាមេរិក​កាត់​បន្ថយ​​បុគ្គលិក​ការទូតអាមេរិក ​​ក្នុង​ទឹកដី​រុស្ស៊ី។ តាម​ការកំណត់ ​ថ្ងៃសុក្រ១កញ្ញា​នេះ​ ​បុគ្គលិក​ការទូត​​ខាង​រុស្ស៊ី​រឺក៏​ខាង​អាមេរិក ​​៧៥៥នាក់ ​ត្រូវ​ឈប់បម្រើការ​​នៅ​កុងស៊ុល​រៀងៗខ្លួនទៀត។ រដ្ឋមន្ត្រី​ការបរទេស​​រុស្ស៊ី លោក​ស៊ែរហ្កី ឡាវ្រូវ ​​បាន​សំដែង​ការសោកស្តាយ ​ចំពោះ​ស្ថានការណ៍​តានតឹង​ដែល​បង្កឡើង​ដោយ​ការ​សងសឹក​​ទៅវិញ​ទៅមក​នេះ។

លោកពូទីន និង​លោកត្រាំ
លោកពូទីន និង​លោកត្រាំ AFP
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​ លោកឡាវ្រូវ ​លើកឡើងថា គឺ​ខាងភាគី​អាមេរិ​កជាអ្នកផ្តើម​រឿងមុន ​ ​​

បញ្ហា​សងសឹក​​ប្រទាក់ក្រឡាគ្នា​តាំងពី​អាណត្តិ​ដឹកនាំ​របស់​លោក​អូបាម៉ា​មក គឺដោយសារ​អាមេរិក​សង្ស័យថា​ រុស្ស៊ី​លូកដៃ​ចូលក្នុង​ការបោះឆ្នោត​អាមេរិក ឆ្នាំ២០១៦។ ​ខាងរុស្ស៊ី​លើកឡើងថា គឺ​អាមេរិ​កជាអ្នកផ្តើម​រករឿង​រុស្ស៊ីមុន។ បើ​គិត​​​ពី​ការបិទស្ថានកុងស៊ុល​​រុស្ស៊ី​ក្នុង​ទឹកដី​អាមេរិក ​ពេលនេះ គឺដោយសារ​អាមេរិក​សងសឹក​រុស្ស៊ី ដែល​កាលពីចុងខែ​កក្កដា បានចាត់វិធានការ​បន្ថយ​បុគ្គលិក​ការទូត​អាមេរិកដែលធ្វើការ​ក្នុង​ទឹកដី​រុស្ស៊ី​ អោយ​មកនៅ​ត្រឹម​៤៥៥នាក់។ រុស្ស៊ីថា កាត់​ចេញ ៧៥៥នាក់ ដើម្បីអោយថយ​មកនៅ​៤៥៥នាក់ គឺអោយ​​​ស្មើនឹង​បុគ្គលិក​ការទូត​រុស្ស៊ី ធ្វើការ​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិ​កដែរ។ ​

កន្លងមក​ អាមេរិក​បាន​តបនឹងវិធានការ​រុស្ស៊ី​បន្ថយ​ការទូត​អាមេរិក​​នេះ​រួចម្តងហើយ គឺ​ថ្ងៃ​២១សីហា​កន្លងទៅ អាមេរិក​​បាន​ផ្អាក​ការចេញ​ទិដ្ឋាការ​អោយពលរដ្ឋ​រុស្ស៊ី​មួយរយៈ។ ​ឥឡូវនេះ អាមេរិក​សម្រេច​បន្ថែម​ទណ្ឌកម្ម​​​បិទកុងស៊ុល​រុស្ស៊ី​នៅ​សាន់ហ្វ្រាន់ស៊ិសស្កូ​ និង​បេសកកម្ម​មួយចំនួន​របស់​រុស្ស៊ី ថែមទៀត។ អាមេរិ​កថា ដើម្បី​អោយ​ស្មើភាពគ្នា។ អញ្ចឹង​បើ​អាមេរិ​កថា​ដើម្បីអោយ​​ស្មើភាពគ្នា មានន័យថា​ អាមេរិក​​ចង់ចាញ់​ចង់ឈ្នះ​ជាមួយ​រុស្ស៊ី​ខ្លាំងណាស់ ទើប​មិនអោយ​ទណ្ឌកម្ម​រុស្ស៊ី​លើស​ទណ្ឌកម្ម​អាមេរិក​សូម្បី​តែ​មួយចំណិត។ ​ទោះយ៉ាងនេះក្តី អាមេរិ​កប្រាប់ថា បុគ្គលិកការទូត​ដែល​ត្រូវឈប់ធ្វើការ​នៅ​ស្ថាន​កុងស៊ុល​​រុស្ស៊ី​ អាច​ធ្វើការ​ផ្នែកផ្សេងៗ​ទៀត ក្នុងទឹកដីអាមេរិកបាន​ ពោលគឺ​អាមេរិក​មិនធ្វើដល់ថ្នាក់​បណ្តេញ​ពួកគេ​ពី​ទឹកដី​អាមេរិក​ទេ។ រីឯ​ខាង​ការចេញទិដ្ឋាការ​អោយ​ពលរដ្ឋ​រុស្ស៊ី ក៏​នឹង​ចាប់ផ្តើម​ដំណើរការ​​ឡើងវិញ​ក្នុង​ពេល​ខាងមុខ​ដែរ។ ប៉ុន្តែ ក៏​មិន​កំណត់ថា ត្រូវផ្តល់ទិដ្ឋាការ​​ក្នុង​តួលេខ​ច្រើន​ដូចមុន​ដែរ។

ស្ថានកុងស៊ុល​រុស្ស៊ី​នៅ​សាន់ហ្វ្រាន់ស៊ិសស្កូ បាន​បរិហារ​វិធានការ​អាមេរិ​កថា គ្មាន​លក្ខណៈ​មិត្តភាព​ទាល់តែសោះ។ ស្ថានកុងស៊ុល​រុស្ស៊ី​នៅ​សាន់ហ្វ្រាន់ស៊ិសស្កូ លើកឡើង​ពី​បំណងល្អ​របស់​រុស្ស៊ី ដែលបាន​ចេញ​ទិដ្ឋាការ​អោ​យអ្នកទេសចរ​អាមេរិ​ករហូត​ជាង​១ម៉ឺន៦ពាន់ ក្នុងឆ្នាំ២០១៦​កន្លងទៅ។

ប៉ុន្តែ​ បើ​និយាយ​ថា អាមេរិក​សងសឹក​ព្រោះ​រុស្ស៊ី​បានចាត់វិធានការ​បន្ថយ​បុគ្គលិក​ការទូត​អាមេរិក​ក្នុង​ទឹកដី​រុស្ស៊ី​នោះ សូមរំលឹក​បក​ទៅវិញថា លោក​ពូទីន​តំរូវអោយ​ដូច្នេះ ក៏​ដើម្បី​សងសឹក​ទៅនឹង​សភា​អាមេរិ​កដែល​បាន​អនុម័ត​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី ​កាលពី​ខែសីហា​មុននេះ​ដែរ។ ជាទណ្ឌកម្ម​សងសឹក​រុស្ស៊ី ព្រោះ​​អាមេរិ​កចោទថា រុស្ស៊ី​លូកដៃ​ចូលក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ ឆ្នាំ​២០១៦។ សូម្បីតែ​លោកដូណាល់ ត្រាំ ដែល​មានទំនោរ​ទៅរុស្ស៊ី ក៏បាន​ចុះហត្ថលេខា​អោយ​ប្រើទណ្ឌកម្ម​សភា​ដែរ​ ព្រោះ​លោក​​គ្មានជំរើស ព្រោះ​ក្រុម​ការងារ​​លោកក៏ជាប់សង្ស័យថា អាច​​ជាប់ពាក់ព័ន្ធ​រុស្ស៊ីដែរ។ ​

ទំនាក់ទំនង​រុស្ស៊ី-អាមេរិក​ដុនដាប​តាំងពី​អាណត្តិ​លោកអូបាម៉ា។ ចុងខែធ្នូ ឆ្នាំ​២០១៦ ​រដ្ឋបាល​លោក​អូបាម៉ា​បាន​បណ្តេញ​មន្ត្រី​ទូត​រុស្ស៊ី​៣៥នាក់ និង​គ្រួសារ​ពួកគេ​ផងដែរ អោយ​ចេញ​ពី​អាមេរិក។ ទណ្ឌកម្ម​នេះ គឺដោយសារ​តែ​ការសង្ស័យ​ថា រុស្ស៊ី​លូកដៃ​ក្នុង​ការបោះឆ្នោត​អាមេរិក​ដូចគ្នា។ កាលនោះ អាមេរិក​ក៏បាន​រឹបអូស​អគារ​របស់​ស្ថានទូត​រុស្ស៊ី ២ខ្នង​ផងដែរ ធ្វើអោយ​រុស្ស៊ី​ខឹងសម្បារ​មិនតិចទេ។ លោក​ត្រាំ​ឡើងកាន់អំណាច​ធ្វើអោយ​គេ​សង្ឃឹមថា ទំនាក់ទំនង​រុស្ស៊ី-អាមេរិក​អាច​ប្រសើរ​ឡើងវិញ ប៉ុន្តែ ដោយសារ​ក្រុមការងារ​លោក​អាច​ជាប់ពាក់ព័ន្ធ​នឹងរុស្ស៊ី បក្ស​កាន់អំណាច​មិនសូវ​ស្តាប់​សំដី​លោកត្រាំ ដែលបាន​ការពារ​រុស្ស៊ី​កន្លងមក​ទេ។ ​

ទំនាក់ទំនង​ប្រទេស​ទាំង២​កាន់តែ​ដុនដាប។ នេះ​មិននិយាយ​ពី​សំណុំរឿង​ផ្សេងទៀត ដូចជា​ការដែល​អាមេរិ​កចេញទណ្ឌកម្ម​បែប​ឯកតោភាគី ប្រឆាំង​ក្រុមហ៊ុន​រឺ​ក៏​អ្នកវិនិយោគ​រុស្ស៊ី ​ដែល​រងការ​ចោទប្រកាន់​ថា​ រកស៊ី​ជាមួយ​ក្រុមហ៊ុន​កូរ៉េខាងជើង រុស្ស៊ី​ក៏ខឹង​អាមេរិ​កដែរ​។ ​ អាមេរិ​កតំរូវអោ​យ​បិទស្ថានកុងស៊ុល​រុស្ស៊ី​នៅ​សាន់ហ្វ្រាន់ស៊ិសស្កូ អោយ​រួចរាល់​នៅ​ថ្ងៃសៅរ៍ស្អែកនេះ។​ តែ​អាមេរិក​ក៏​ដូចជា​ខ្លាច​រុស្ស៊ី​សងសឹក​តប​មកវិញ​ទៀតដែរ ព្រោះ​អាមេរិក​លើកឡើងថា សង្ឃឹមថា រុស្ស៊ី​មិន​សងសឹក​តប​វិញទេ។ ​ បើគិត​ឡើងវិញ គ្រាន់តែ​សង្ស័យថា រុស្ស៊ី​លូកដៃ​ចូល​ការបោះឆ្នោត​អាមេរិក អាមេរិក​ដាក់ទណ្ឌកម្ម​បន្តបន្ទាប់​មកហើយ។ តែ​រុស្ស៊ី​វិញ​ ដូចជា​ដាក់តប​ទៅ​អាមេរិក ​បាន​តែ​ម្តង​នេះទេ គឺការបន្ថយ​បុគ្គលិក​ការទូត​រុស្ស៊ី ក្នុង​ទឹកដី​អាមេរិក​នេះហើយ។ ​ ​ ​

រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី និង​អាមេរិក​ បង្ហាញ​ជំហរ​ស្តារទំនាក់ទំនង​ទ្វេភាគី អោយ ប្រសើរ​​ឡើងវិញ ​​

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក​រិច ធីលឡឺសុន បាន​ទូរសព្ទទៅ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​ លោក​ស៊ែរហ្កី ឡាវ្រូវ ​សបង្ហាញ​ថា អាមេរិ​កបន្ទន់​ឥរិយាបថ​បន្តិច​មកវិញ។ ភាគី​ទាំង២​​ បានបង្ហាញ​ជំហរដូចគ្នា គឺ​ចង់កាត់បន្ថយ​ភាពតានតឹង​ជាមួយគ្នា ចង់​អោយ​ទំនាក់ទំនង​ទ្វេភាគី​ប្រសើរ​ឡើងវិញ។ ​លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​ ស៊ែរហ្កី ឡាវ្រូវ បាន​បង្ហាញ​ការសោកស្តាយ​ចំពោះ​ស្ថានការណ៍​តានតឹង​បង្កឡើង​ដោយ​​ការសងសឹកគ្នា​នេះ។ តែ​​​រុស្ស៊ី​នៅតែ​ថា គឺ​អាមេរិក​ជាអ្នកផ្តើម​រឿងមុន។ ​រុស្ស៊ី​ប្រាប់ថា នឹងពិនិត្យ​វិធានការ​សងសឹក​របស់​អាមេរិ​កនេះ ដោយប្រុង​ប្រយ័ត្ន​បំផុត ​ហើយ​នឹង​បង្ហាញជាសាធារណៈ​នូវ​​​ប្រតិកម្ម​រុស្ស៊ី​ តប​​វិធានការ​អាមេរិក។

ក្នុង​ខែ​កញ្ញានេះ រដ្ឋមន្ត្រីការបរទេស​អាមេរិក ​និង​រុស្ស៊ី​នឹងជួបគ្នា ប្រហែលជាអាច​ជួបគ្នា​ក្នុង​អង្គប្រជុំ​​ ​អង្គការ​សហប្រជាជាតិ នៅ​ក្រុងញូវយក។ ​រឿងសងសឹកគ្នាមិនចេះចប់​ដូចកូនក្មេង​បែប​នេះ ខាងណា​ត្រូវ ខាងណា​ខុស​ក៏ដោយចុះ ​ដំណោះស្រាយ​ គឺ​គ្មានអ្វី ក្រៅពីឈប់​បន្ត​ទណ្ឌកម្ម​វាយប្រហារគ្នា​ទេ។ មិន​ដូច្នោះទេ រឿង​មិនងាយ​បញ្ចប់ទេ ស្ថានការណ៍​អាច​កាន់តែ​ដុនដាប​ ដោយសារ​​​អាមេរិក​និង​រុស្ស៊ី​ជា​អតីត​សត្រូវគ្នា​ស្រាប់ផង ហើយ​អាច​ផ្តល់​ផលវិបាក​ដល់​ការដោះស្រាយ​​​សំណុំរឿង​អន្តរជាតិ​ផ្សេងៗ​ទៀតផង៕ ​ ​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ