ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/05 12h00 GMT

វិសមភាពសង្គម ​និង​ចល័តភាព​នៃ​ចំណូល​ក្នុង​បណ្តា​ប្រទេស​រីកចម្រើន

វិសមភាពសង្គម ​និង​ចល័តភាព​នៃ​ចំណូល​ក្នុង​បណ្តា​ប្រទេស​រីកចម្រើន
 
ចល័តភាពសង្គម សំដៅ​ដល់ដំណើរការ​​​មួយដែលក្រុម​ពលរដ្ឋ​​​ពី​គ្រួសារ​ក្រីក្រ​​អាច​កែប្រែជោគវាសនារបស់​​ខ្លួន​​ឲ្យ​មាន​​ជីវភាពល្អ​ប្រសើរវិញ REUTERS/Giorgos Moutafis

តើគ្រួសារក្រីក្រមួយត្រូវប្រើពេលវេលាប៉ុន្មានជំនាន់មនុស្សដើម្បីផ្លាស់ប្ដូរជោគវាសនាខ្លួនឲ្យ​ក្លាយជាគ្រួសារមានជីវភាពមធ្យម ក្នុងបណ្តាប្រទេសរីកចម្រើន? ហើយ​ថា​តើ​កត្តា​អ្វី​ខ្លះ​ដែលអាចជំរុញ​ឱ្យ​មាន​ការ​ធ្លាក់​ចុះ​នៃ​​វិសមភាពសង្គម និង​អាចបង្កើន​ចល័តភាពនៃប្រាក់​ចំណូល?

ដោយសារ​វិសមភាព​សង្គម ឬ​ភាព​មិន​ស្មើគ្នា​នៃប្រាក់​​ចំណូល និង​ទ្រព្យសម្បត្តិ (ឬជាភាសាអង់គ្លេស “Income and wealth inequality”) ​បាន​និង​កំពុងបន្ត​កើន​ឡើង​ ចាប់តាំងពី​ទសវត្សរ៍ឆ្នាំ​១៩៩០ ចល័ត​ភាព​នៃសង្គម (ឬ “social mobility”) ឯណោះវិញ ​បាននិង​កំពុង​បន្ត​ជាប់គាំង។

ស្ថានភាព​នេះ​​សំដៅ​ដល់បញ្ហា​​មួយដែលក្រុម​ពលរដ្ឋ​​​ពី​គ្រួសារ​ក្រីក្រ មានប្រាក់​​ចំណូលទាប ហើយ​ដែល​អាច​កែប្រែជោគវាសនារបស់​​ខ្លួន​ មករស់​នៅ​ក្នុង​ជីវភាពល្អ​ប្រសើរវិញ កាន់តែ​មាន​ចំនួន​តិចតួចទៅៗ ខណៈក្រុមពលរដ្ឋ​​អ្នកមាន​បំផុត​ក្នុងសង្គម ចេះតែបន្ត​បង្កើនប្រាក់​ចំណូល និង​​ទ្រព្យ​សម្បត្តិរបស់​​ខ្លួន ​កាន់តែច្រើន​​ឡើង​ៗ។

និន្នាការបែបនេះ​ត្រូវ​ព្រមាន​ដោយ​អ្នក​ជំនាញថា​ អាច​​​បង្ក​ជាផលវិបាក​ដល់​សង្គម សេដ្ឋកិច្ច និង​នយោបាយ ទាំង​ពេល​អតីតកាល បច្ចុប្បន្ន និង​នៅ​ថ្ងៃ​អនាគត។ នេះបើយោងតាមការ​ចេញផ្សាយរបស់​ របាយការណ៍OECD

របាយការ​ណ៍បាន​បង្ហាញថា បើ​ផ្នែក​តាម​កម្រិតនៃ​វិសមភាពសង្គម​បច្ចុប្បន្ន និងចល័ត​ភាព​នៃ​ប្រាក់​ចំណូល​ ពីមនុស្ស​មួយជំនាន់ទៅ​មួយ​ជំនាន់ គេ​ត្រូវការពេល​យ៉ាងហោចណាស់ ប្រាំជំនាន់មនុស្ស​ ឬស្មើប្រហែល​ ១៥០ឆ្នាំ សម្រាប់កុមារពីគ្រួសារក្រីក្រ ដែល​អាច​​កែប្រែជោគវាសនារបស់​​ខ្លួន ដើម្បីទទួលបានប្រាក់ចំណូលជាមធ្យម នៅបណ្តា​ប្រទេសសមាជិក  អង្គការសម្រាប់សហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ច (Organization for Economic Cooperation and Development -OECD)។ នៅ​ក្នុង​ន័យនេះ មួយជំនាន់មនុស្ស​អាចប្រហែលស្មើនឹងរយៈពេល​៣០ឆ្នាំ គឺគេគិតពីពេលមនុស្សកើត ហើយអាចបង្កើតជំនាន់មនុស្សថ្មី។

នៅក្នុង​ប្រទេស​ អឺរ៉ុបខាងជើង តួយ៉ាង ប្រទេសដាណឺម៉ាក ហ្វាំងឡង់ ន័រវែស ឬក៏ស៊ុយអែត គេអង្កេត​ឃើញថា ក្មេងពីគ្រួសារក្រីក្រ ប្រើរយៈ​ពេលតែពីរ ឬបីជំនាន់មនុស្សប៉ុណ្ណោះ នេះ​បើ​ប្រៀបធៀប​ទៅនឹងបណ្តា​​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​កំពុង​លូតលាស់ផ្សេង​ទៀត​​ ព្រោះ​ប្រទេស​ទាំង​នោះ​ត្រូវ​ការ​​ពេលវេលា​​អាចរហូត​ដល់​ជាង ប្រាំបួនជំនាន់មនុស្ស។

ពីមួយ​ជំនាន់ទៅមួយជំនាន់ ចល័តភាព​សង្គម​មានទំនោរ​ធ្លាក់ចុះ នៅ​ក្នុង​បណ្តាប្រទេស​ដែល​វិសមភាពនៃ​​ប្រាក់ចំណូល​កាន់តែកើន​ឡើង​ខ្ពស់ ហើយ​អត្រា​​កើនកាន់តែឡើង​ខ្លាំង នៅ​ក្នុងបណ្តា​ប្រទេស​ដែល​មាន​វិសមភាព​សង្គម​ទាប។ នៅ​បណ្តាប្រទេសអឺរ៉ុប​ខាង​ជើង ដែល​មាន​​វិសមភាពសង្គមទាប ច្រើន​តែ​ជាប្រទេស​ដែល​មាន​ចល័ត​ភាពសង្គម​​ខ្ពស់ ខណៈ​បណ្តា​ប្រទេស​អាមេរិកឡាទីន និងប្រទេសកំពុងអភិវឌ្ឍ​មួយ​ចំនួន ដែល​មានវិសមភាពសង្គម​ខ្ពស់ ច្រើន​តែ​ជាប្រទេស​ដែល​មាន​ចល័តភាព​សង្គម​ទាបទៅវិញ។

ហេតុអ្វីប្រទេសអឺរ៉ុបខាងជើង ធ្វើបានល្អយ៉ាងនេះ? យោង​តាម​អ្នក​ជំនាញ ប្រទេសទាំងនោះជា ដែនដីនៃឱកាសស្មើគ្នា (ឬ “Land of Equal Opportunity”) ព្រោះមនុស្សរាល់គ្នាក្នុង​សង្គម​ អាចទទួលបាន សេវាកម្មអប់រំ សេវាសុខាភិបាល ឱកាសការងារ ឬ​ឱកាស​ការអភិវឌ្ឍខ្លួន ជាដើម យ៉ាង​សម្បូរបែប  ហើយអ្វីដែលពួកគេខ្វះគឺការខិតខំប្រឹងប្រែងតែប៉ុណ្ណោះ។

របាយការណ៍ក៏​បានព្រមាន​ផងដែរថា ប្រទេសនានា​​ចាំបាច់ត្រូវដាក់ចេញ​នូវគោលនយោបាយ​ដែលអាចផ្តល់​ឱ្យមនុស្ស​​គ្រប់គ្នា​ នូវឱកាស​ដើម្បីអភិវឌ្ឍសក្តានុពល​របស់​ខ្លួន និង​ការ​ទទួលបានជោគជ័យក្នុង​ជីវិត៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ