អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

វិសមភាពសង្គម​ក្នុង​យុគសម័យ​សកលភាវូបនីយកម្ម

ចុះផ្សាយ​នៅ​ថ្ងៃ៖

វិសមភាពសង្គម ឬនិយាយឱ្យ​សាមញ្ញ គម្លាតរវាងអ្នក​មាន​និងអ្នកក្រ ឬ​រវាង​អ្នក​ឈ្នះនិងអ្នក​ចាញ់ តែងតែជាបញ្ហាសង្គម​មួយ​ដែល​មិន​អាច​ជៀសរួច ក្នុង​ពិភពលោក​មួយ​ដែល​ប្រព័ន្ធមូលធន​និយម​កំពុងគ្របដណ្តប់ ហើយ​គម្លាត​នេះ​បាន​និងកំពុងបន្តកើន​ឡើង​ ក្នុងយុគសម័យនៃ សកលភាវូបនីយកម្មទំនើប។ ទាញចេញពីមេរៀននៃ​ប្រវត្តិសាស្រ្ដ​របស់មនុស្ស​ជាតិ ​ដរាបណា គម្លាតសង្គម​ចេះតែបន្តកើន​ឡើង ហើយ​វាមិន​ត្រូវ​បាន​ដោះស្រាយ​ឱ្យ​បាន​សមស្រប នោះបញ្ហាធ្ងន់ធ្ងរ​​អាចរុញច្រាន​ឱ្យសង្គមមនុស្ស​ទាំងមូល​ប្រឈម​នឹង​មហន្តរាយសង្គមនិងនយោបាយ។ តើហេតុអ្វី?

នៅពេល​ណា​ដែល​កម្រិត​នៃ​វិសមភាពសង្គម​កើន​ឡើង​ដល់​កម្រិត​មួយ​ខ្ពស់​ខ្លាំង នោះវា​អាច​នឹង​បង្កជាហានិភ័យខ្លាំងណាស់​ដល់​សង្គម​ សេដ្ឋកិច្ច​និង​នយោបាយ
នៅពេល​ណា​ដែល​កម្រិត​នៃ​វិសមភាពសង្គម​កើន​ឡើង​ដល់​កម្រិត​មួយ​ខ្ពស់​ខ្លាំង នោះវា​អាច​នឹង​បង្កជាហានិភ័យខ្លាំងណាស់​ដល់​សង្គម​ សេដ្ឋកិច្ច​និង​នយោបាយ AFP/Raphael ALVES
ផ្សាយពាណិជ្ជកម្ម

ក្នុង​យុគសម័យនៃសកលភាវូបនីយកម្មទំនើប ដូចពេល​បច្ចុប្បន្ននេះ គេអង្កេត​ឃើញថា ពិភពលោក​ជារួមបាន​ក្លាយ​ជាកន្លែងមួយដែល​កាន់តែមាន​កម្រិត​សមាហរណកម្មខ្ពស់ និង​កាន់តែត្រូវ​ការប្រាស្រ័យគ្នាទៅវិញទៅមក ក្នុង​កម្រិត​មួយ​មិន​ធ្លាប់​មាន​។ ដោយធ្វើការ​ពិចារណា​លើ​សក្ខីកម្មផ្សេងៗ តួយ៉ាង កម្រិតសន្តិភាពសាកល កម្រិតសកលភាវូបនីយកម្មសេដ្ឋកិច្ច និងកម្រិត​នៃ​ការអភិវឌ្ឍមនុស្ស ជាដើម គេអាច​និយាយថា ជីវិតរបស់​មនុស្ស​​ហាក់មានភាព​​ប្រសើរ​ជាង​ពេលណាៗទាំងអស់​ ក្នុង​ប្រវត្តិមនុស្សជាតិ។ មនុស្ស​កាន់តែច្រើនមានជីវភាពកាន់តែប្រសើរ ហើយ​មនុស្ស​កាន់តែតិច​កំពុង​រស់ក្នុង​ភាពក្រីក្រ។ ជីវិត​របស់​មនុស្ស​កាន់តែវែង។ ​ឪពុកម្ដាយ​លែង​អង្គុយ​ចាំមើលការស្លាប់​របស់​កូនម្នាក់​​ក្នុង​ចំណោម​កូន​ទាំងបួនរបស់​ខ្លួន។

ទោះជាយ៉ាងណា ក្នុង​ពេល​ជាមួយ​គ្នា ពិភពលោក​មួយ​នេះក៏កំពុង​ប្រឈម​នឹង​បញ្ហាសាកល​ផ្សេង​ៗផងដែរ រួម​បញ្ចូល​ទាំង បញ្ហាវិសមភាព​សាកល បញ្ហាភាពក្រីក្រសាកល ការ​ប្រែប្រួល​អាកាសធាតុ បញ្ហាភេរវកម្ម និង​បញ្ហាសាកល​ផ្សេង​ៗ ដែល​បញ្ហានីមួយៗ​សុទ្ធតែមាន​លទ្ធភាពរៀងៗខ្លួន​ ដើម្បី​​បំផ្លាញ​ការរីកចម្រើន​របស់មនុស្ស​ជាតិ និង​អាច​ធ្វើ​ឱ្យ​ពិភពលោក​មួយ​នេះមានភាព​ផុយស្រួយ​ខ្លាំងណាស់។

ពាក់ព័ន្ធនឹងភាពក្រីក្រសាកល មនុស្ស​រាប់លាន​នាក់​នៅតែបន្តរស់​ក្នុង​ភាពក្រីក្រ ហើយពួកគេ​ប្រឈម​នឹងការ​ស្លាប់​នៅអាយុខ្លី។ ពិភពលោក​មាន​វិសមភាពសង្គមខ្លាំង។ វិសមភាពសង្គម​កើតមាន​ឡើងជាលទ្ធផល​ពីការ​អភិវឌ្ឍ។ មិន​មែន​មនុស្ស​គ្រប់គ្នាអាចរួចផុតពីភាពក្រីក្រ ឬបង្កើន​ភាពមាន​បាន​ ក្នុង​ពេលដំណាលគ្នា ហើយ​មិន​មែនមនុស្ស​គ្រប់គ្នាអាចទទួល​បាន​ការព្យាបាល ឬ​ការថែទាំសុខភាព ដោយ​បច្ចេកវិទ្យា​ចុងក្រោយ​នោះទេ ទោះជា​ការទទួល​បាន​ទឹកស្អាត ការចាក់ថ្នាំបង្ការ ឬក៏ថ្នាំ​ដើម្បី​ការពារជំងឺបេះដូង។

ក្រោយមក​ វិសមភាពសង្គម​នឹងបង្កឱ្យមាន​ផលប៉ះពាល់​ដល់​ការអភិវឌ្ឍវិញ។ វិសមភាពសង្គមអាច​មាន​ផល​ល្អ ប្រសិន​បើ​វា​ធ្វើឱ្យ​មនុស្ស​ម្នាក់ៗខិតខំប្រឹងប្រែង​ដើម្បី​ខ្លួនឯង ហើយសង្គម​ទាំងមូល​ក៏​នឹង​មាន​ភាពប្រសើរផងដែរ​ បើ​មនុស្ស​ម្នាក់​ៗមាន​ភាពល្អប្រសើរ។ ក៏ប៉ុន្តែ វិសមភាពនឹង​មាន​ផលអាក្រក់ ប្រសិន​បើ​អ្នក​ឈ្នះឬ​អ្នកមាន​ ព្យាយាម​ធ្វើយ៉ាងណា​រារាំងអ្នក​នៅពីក្រោម​ កុំឱ្យ​តាម​ទាន់ខ្លួន ហើយ​រាំងខ្ទប់ពួកគេ​ឱ្យ​នៅពីក្រោយ​ខ្លួនជាដរាប។ ក្នុងន័យនេះ អ្នក​មាន​អាច​ប្រើប្រាស់​ទ្រព្យសម្បត្តិរបស់​ខ្លួន​ដើម្បី​មានឥទ្ធិពល​ដល់​អ្នក​នយោបាយ ដាក់ចេញ​គោលនយោបាយណា​ដែល​បម្រើផល​ប្រយោជន៍បក្សពួកក្រុមខ្លួន និងរឹតត្បិតការអនុវត្តគោលនយោបាយ​ពាក់ព័ន្ធនឹងការផ្តល់​សេវាសាធារណៈ ដូចជា ការអប់រំ ឬ​ការថែទាំសុខភាព​ដែលពួកគេមិន​ត្រូវការ។

នៅក្នុងសង្គមណាក៏ដោយ មនុស្ស​លោក​ខ្វល់ខ្វាយ​អំពី​ វិសមភាពសង្គម។ ការផ្លាស់ប្ដូរកម្រិតវិសមភាព​អាចមានឥទ្ធិពល​ដល់​ល័ក្ខខ័ណ្ឌ​រស់​នៅរបស់​មនុស្ស ហើយ​នៅ​ពេល​ណាដែល​កម្រិតវិសមភាពកាន់តែខ្ពស់​ នោះ​វា​នឹង​ធ្វើ​ឱ្យ​មាន​ផលប៉ះពាល់​ដល់ ភាពយុត្តិធម៌ និង​ភាពស្មើគ្នា ក្នុងសង្គម។

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រធានបទពាក់ព័ន្ធនឹង​ វិសមភាពសង្គម និងការវិវត្តន៍របស់បញ្ហា​មួយ​នេះ ​ក្នុង​យុគសម័យនៃសកលភាវូបនីយកម្ម ត្រូវ​គេលើក​យក​មក​​ពិភាក្សាវែកញែក​មិន​ចេះមិន​ចប់​មិន​ចេះហើយ ក្នុង​ចំណោម​អ្នក​អនុវត្តនយោបាយ និងអ្នកបង្កើតទ្រឹស្ដី។

ទិន្នន័យផ្លូវការចុងក្រោយ និង​ព្រិត្តិការណ៍នយោបាយអន្តរជាតិ​ផ្សេងៗ រួមមាន របាយការណ៍ទ្រព្យសម្បត្តិ​របស់ធនាគារស៊្វីសស្ដីអំពីគម្លាតកាន់តែខ្ពស់រវាងអ្នក​មាន​និងអ្នក​ក្រ ការជាប់ឆ្នោតរបស់​ប្រធានាធីបតីអាមេរិក លោក​ដូណាល់ ត្រាំ ដែល​មាន​ទំនោរអនុវត្តគោល​នយោបាយគាំពារនិយមនិងការប្រឆាំងនឹងអង្គការអន្តរជាតិ ការ​បោះឆ្នោតប្រជាមតិចាកចេញពីសហភាពអឺរ៉ុប​របស់​ចក្រភពអង់គ្លេស និង​ការ​កើន​ឡើងទំនោរ​​នយោបាយប្រជានិយមនៅបស្ចិមលោក សុទ្ធតែជា​តឹកតាង​បង្ហាញថា វិសមភាពសង្គម​ជាបញ្ហាចម្បង និង​ទាមទារ​ឱ្យ​ពិភពលោក​ទាំងមូល​ត្រូវយកចិត្តទុកដាក់។

តាម​ទ្រឹស្ដី និងការ​អនុវត្ត​ជាក់ស្ដែង​​ នៅពេល​ណា​ដែល​កម្រិត​នៃ​វិសមភាពសង្គម​កើន​ឡើង​ដល់​កម្រិត​មួយ​ខ្ពស់​ខ្លាំង នោះវា​អាច​នឹង​បង្កជាហានិភ័យខ្លាំងណាស់​ដល់​សង្គម​ សេដ្ឋកិច្ច​និង​នយោបាយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ