ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/09 12h00 GMT
អាស៊ី

វៀតណាម៖ នយោបាយ​ឡើងកម្តៅ​ខ្លាំង​មុន​សមាជ​បក្ស​កុម្មុយនិស្ត

media  
សមាជ​បក្ស​កុម្មុយនិស្ត​វៀតណាម​នឹង​បើក​ធ្វើ​ចាប់ពីថ្ងៃ​ព្រហស្បតិ៍ ២១មករា​ សម្រាប់​រយៈពេល​១សប្តាហ៍ REUTERS/Kham

គណបក្ស​កុម្មុយនិស្ត​វៀតណាម នឹង​ចាប់ផ្តើម​បើក​ធ្វើ​សមាជ​បក្ស នៅថ្ងៃព្រហស្បតិ៍​ ២១ មករា ខាងមុខនេះ ដើម្បី​​ជ្រើសរើស​មេដឹកនាំ​អាណត្តិ​ថ្មី។ ជាទូទៅ នៅ​ក្នុង​ប្រទេស​កុម្មុយនិស្ត​មួយនេះ សមាជ​ផ្លាស់ប្តូរ​មេដឹកនាំ​​មិនដែល​ចោទ​ជា​បញ្ហា​ចម្រូងចម្រាស​អ្វី​ធំដុំនោះទេ ដោយសារ​តែ​អំណាច​ទាំងអស់​ស្ថិត​នៅ​ក្នុង​ដៃ​បក្ស​តែមួយ។ ក៏ប៉ុន្តែ លើកនេះ គេ​សង្កេតឃើញ​ថា ស្ថានភាព​នយោបាយ​នៅ​វៀតណាម​ហាក់ដូចជា​កំពុង​តែកើនកម្តៅ​យ៉ាងខ្លាំង​​ខុសពីធម្មតា។

ជាទូទៅ នយោបាយ​នៅ​ក្នុង​ប្រទេស​វៀតណាម ដែល​ជា​ប្រទេស​ស្ថិត​ក្រោម​របប​កុម្មុយនិស្ត មិនសូវ​ជា​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​សាធារណជន​ច្រើន​ប៉ុន្មាន​នោះទេ ហើយដំណើរការ​ផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ​បក្ស​កុម្មុយនិស្ត​វៀតណាម ក៏​ច្រើន​តែ​ត្រូវ​បាន​ធ្វើឡើង​ដោយ​ស្ងាត់ៗ​ផងដែរ។ ក៏ប៉ុន្តែ នៅ​ក្នុង​សម័យកាល​អ៊ីនធ័រនែត ដែល​​គេ​ពិបាក​នឹង​រឹតត្បឹត​លំហូរ​ព័ត៌មាន​ ជម្លោះ​ផ្ទៃក្នុង​បក្ស​​កុម្មុយនិស្ត​វៀតណាម​កំពុងតែ​បែកធ្លាយ​ជា​សាធារណៈ បង្កើត​ឲ្យ​មាន​នូវ​បរិយាកាស​នយោបាយ​ក្តៅគគុក​ខុសប្លែក​ពី​ពេលមុនៗ។

គួរបញ្ជាក់ថា នៅ​ក្នុង​សមាជ​​រយៈពេល​មួយសប្តាហ៍ ដែល​នឹង​ចាប់ផ្តើម​បើក​ធ្វើ នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាងមុខនេះ បក្ស​កុម្មុយនិស្ត​វៀតណាម​នឹង​ធ្វើការ​ជ្រើសរើស​មេដឹកនាំ​កំពូលៗ​សម្រាប់​អាណត្តិ​ថ្មី រយៈពេល ៥ឆ្នាំ ដោយ​ក្នុងនោះ តំណែងកំពូលៗ​ចំនួន ៣ នឹង​ត្រូវ​មាន​ការ​ផ្លាស់ប្តូរ គឺ​ប្រធានាធិបតី នាយករដ្ឋមន្រ្តី និង​លេខាបក្ស។
 
ជាទូទៅ អ្វីៗ​ត្រូវបាន​គេ​កំណត់​រួចជា​ស្រេច​តាំង​ពី​រាប់ខែ​មុន​បើក​ធ្វើ​សមាជ​បក្ស​ទៅទៀត ក៏ប៉ុន្តែ លើកនេះ អ្វីៗ​ហាក់ដូចជា​នៅមិនទាន់​ដាច់ស្រេច​​នៅឡើយ ដែល​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ អំពី​ភាព​ប្រទាញប្រទង់គ្នា រវាង​ក្រុមផ្សេងៗគ្នា​នៅ​ក្នុង​បក្ស ជាពិសេស គឺរវាង​ក្រុម​អ្នក​ស្និទ្ធ​នឹង​លោក​នាយករដ្ឋមន្រ្តី ង្វៀន តាន់ហ្ស៊ុង និង​ក្រុម​អ្នក​ស្និទ្ធ​នឹង​លោក​លេខា​បក្ស ង្វៀន ភូជុង។
 
នៅ​ក្នុងការ​ប្រកួតប្រជែងគ្នា​នេះ គូបដិបក្ខ​​បាន​​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធ័រនែត​ធ្វើ​ជា​អាវុធ ដើម្បី​យក​ប្រៀបលើ​គ្នា​ទៅវិញ​ទៅមក ជាពិសេស តាមរយៈ​ការ​បញ្ចេញ​ជា​សាធារណៈ​នូវ​ខ្លឹមសារ​នៃ​ការ​ជជែក​តថ្លៃ​គ្នា​ផ្ទៃក្នុងបក្ស ការ​ចុះផ្សាយ​នូវ​លិខិត​អនាមិក​បរិហារិះគន់​គូប្រជែង ហើយ​រហូត​មាន​ការ​បង្កើត​ឲ្យ​មាន​ជា​ពាក្យ​ចចាមអារ៉ាម​ អំពី​ការ​ធ្វើ​រដ្ឋប្រហារ ដែល​ជា​រឿង​ដ៏កម្រ នៅ​វៀតណាម៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ