អានតួអត្ថបទ

សភាធម្មនុញ្ញ​ដែលស្និទ្ធ​នឹង​លោក​ម៉ាឌូរ៉ូ​សម្រេច​ដកហូត​អភ័យឯកសិទ្ធិ​លោក​ហ្កាយដូ​

នៅថ្ងៃអង្គារ​ម្សិលមិញនេះ​ សភាធម្មនុញ្ញ​វ៉េណេស៊ុយអេឡា​ដែលស្មោះស័្មគ្រនឹង​លោកប្រធានាធិបតី​ម៉ាឌូរ៉ូ​ បានសម្រេច​ដកហូត​អភ័យឯកសិទ្ធិ​របស់​មេបក្សប្រឆាំង​គឺ​លោកហ័ន​ ហ្កាយដូ​។ ទន្ទឹមគ្នានេះ​ សភាធម្មនុញ្ញ​ក៏បាន​បើកផ្លូវឱ្យ​តុលាការជាន់ខ្ពស់​ កាត់ទោស​លោក​ហ្កាយដូ​ផងដែរ​ ពីបទ​ធ្វើឲ្យ​ប្រទេសជាតិ​ធ្លាក់ផុងចូល​ក្នុង​វិបត្តិ​ធ្ងន់ធ្ងរ​។

ក្រុមសមាជិកសភាដែលស្និទ្ធនឹងលោកម៉ាឌូរ៉ូ ក្នុងពេលសម្រេចដកហូតអភ័យឯកសិទ្ធិរបស់លោកហ័ន ហ្កាយដូ កាលពីថ្ងៃអង្គារ ទី២ ខែមេសា ឆ្នាំ២០១៩។
ក្រុមសមាជិកសភាដែលស្និទ្ធនឹងលោកម៉ាឌូរ៉ូ ក្នុងពេលសម្រេចដកហូតអភ័យឯកសិទ្ធិរបស់លោកហ័ន ហ្កាយដូ កាលពីថ្ងៃអង្គារ ទី២ ខែមេសា ឆ្នាំ២០១៩។ REUTERS/Manaure Quintero
ផ្សាយពាណិជ្ជកម្ម

ប្រធានសភាធម្មនុញ្ញវ៉េណេស៊ុយអេឡាលោកឌីយូសដាដូ កាប៊េយូ (Diosdado Cabello) បានប្រកាសឲ្យដឹងថា ក្រុមសមាជិកសភាដែលស្មោះស្ម័គ្រនឹងលោកនីកូឡា ម៉ាឌូរ៉ូ បានមូលមិតិគ្នាជាឯកច្ឆន្ទ សម្រេចអនុញ្ញាតឲ្យតុលាការកំពូលកាត់ទោសលោកហ្កាយដូ ពាក់ព័ន្ធនឹងបទចោទចំនួនពីរ។

បទចោទប្រកាន់ទី១ គឺពាក់ព័ន្ធនឹងករណីដែលលោកហ្កាយដូ ធ្វើឲ្យប្រទេសលិចលង់ក្នុងវិបត្តិ ដោយសារការប្រកាសតាំងខ្លួនជាប្រធានាធិបតីស្តីទីរបស់លោកកាលពីចុងខែមករាកន្លងទៅ។ រីឯ បទចោទទី២ វិញ គឺជាប់ទាក់ទងនឹងការប្រឆាំងទៅនឹងបម្រាមរបស់រដ្ឋាភិបាល ក្នុងការណ៍ដែលលោកហ្កាយដូ ធ្វើដំណើរចេញក្រៅប្រទេសមានជាអាទិ៍ប្រេស៊ីល កូឡុំប៊ី និងប៉ារ៉ាហ្កាយ កាលពីចុងខែកុម្ភៈនិងដើមខែមីនា កន្លងទៅថ្មីៗនេះ។

គួរជ្រាបថា ក្រោយត្រូវតុលាការធម្មនុញ្ញវ៉េណេស៊ុយអេឡា សម្រេចដកហូតយកអភ័យឯកសិទ្ធិ លោកហ្កាយដូ បានឲ្យដឹងថាលោកកំពុងបារម្ភខ្លាចត្រូវចាប់ខ្លួន ដោយអាជ្ញាធរវ៉េណេស៊ុយអេឡា ដែលសុទ្ធតែជាក្រុមដែលស្និទ្ធ និងដើរតាមលោកម៉ាឌូរ៉ូ។

គួរកត់សម្គាល់ទៀតថា ចំណាត់ការដកហូតអភ័យឯកសិទ្ធិរបស់លោកហ្កាយដូ ដែលជាប្រធានសភា ធ្វើឡើងគឺបន្ទាប់ពីរដ្ឋាភិបាលរបស់លោកម៉ាឌូរ៉ូ ប្រកាសដកមុខតំណែងតួនាទី និង​ដាក់បម្រាម​លើលោកហ្កាយដូ​មិនឲ្យធ្វើ​នយោបាយ​រយៈពេល​ ១៥ ឆ្នាំ​កាលពីថ្ងៃទី ២៨ មីនា សប្តាហ៍មុន។ ជាការប្រកាស ដែលលោកហ្កាយដូ ចាត់ទុកថាមិនអាចយកជាការបាន ព្រមទាំងមិនស្របទៅតាមនីតិវិធីរបស់ប្រទេស។

រហូតមកដល់ពេលនេះ ក្រុមប្រទេសដែលគាំទ្រលោកហ្កាយដូ ចំនួនជាង ៥០ ប្រទេស រួមមានទាំងសហរដ្ឋអាមេរិកផង នៅមិនទាន់បានបញ្ចេញជាប្រតិកម្មអ្វីនោះទេ។ ក៏ប៉ុន្តែ នៅគ្រាកន្លងមក អាមេរិករបស់លោកត្រាំ ធ្លាប់បានប្រាប់ទៅលោកម៉ាឌូរ៉ូរួចហើយថា កុំឲ្យចាប់ខ្លួនលោកហ្កាយដូ ឲ្យសោះ។

ទោះជាយ៉ាងណាក៏ដោយ នាពេលនេះគេនៅមិនទាន់ដឹងប្រាកដនៅឡើយទេ ថាតើរបបដឹកនាំរបស់លោកម៉ាឌូរ៉ូ នឹងចាប់ខ្លួនលោកហ្កាយដូឬយ៉ាងណា។ ក៏ប៉ុន្តែ ក្នុងករណីដែលលោកត្រូវចាប់ខ្លួនពិតមែននោះ លោកអាចប្រឈមមុខនឹងការជាប់ពន្ធនាគារ ដោយសារលោកធ្លាប់ចាកចេញពីប្រទេសវ៉េណេស៊ុយអេឡា បំពានបម្រាមរបស់រដ្ឋាភិបាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ