ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/08 12h00 GMT

លោកម៉ាឌូរ៉ូ​ ប្រកាស​ហាមឃាត់​មិនឱ្យ​លោកហ្កាយដូ​ ធ្វើ​នយោបាយ​រយៈពេល​ ១៥ ឆ្នាំ​

លោកម៉ាឌូរ៉ូ​ ប្រកាស​ហាមឃាត់​មិនឱ្យ​លោកហ្កាយដូ​ ធ្វើ​នយោបាយ​រយៈពេល​ ១៥ ឆ្នាំ​
 
ប្រធានាធិបតីវ៉េណេស៊ុយអេឡាលោកម៉ាឌូរ៉ូ និងលោកវ្ល៉ាឌីមៀរ ពូទីនប្រធានាធិបតីរុស្ស៊ី។ REUTERS/Maxim Shemetov

នៅថ្ងៃ​ព្រហស្បតិ៍​ ទី ២៨ មីនា ម្សិលមិញនេះ​ រដ្ឋាភិបាល​វ៉េណេស៊ុយអេឡា​ ដឹកនាំដោយ​លោក​ប្រធានាធិបតី​នីកូឡា ម៉ាឌូរ៉ូ​ បាន​ប្រកាស​ដកតំណែង​ និង​ដាក់បម្រាម​លើ ប្រធានសភា​លោកហ័ន ហ្កាយដូ​ មិនឲ្យធ្វើ​នយោបាយ​រយៈពេល​ ១៥ ឆ្នាំ​។ ការប្រកាស​របស់​លោក​ម៉ាឌូរ៉ូ​បែបនេះ​ ធ្វើគេគិតថា​ វា​គឺជា​ការបំបាក់មុខ​អាមេរិក​ ដែលជា​អ្នកគាំទ្រ​ និងជាខ្នងបង្អែក​ដ៏រឹងមាំ​របស់​លោកហ្កាយដូ​។

ក្រោយការប្រកាសនេះដែរ​ លោកហ្កាយដូ​ ដែលជា​អ្នកប្រកាសតាំងខ្លួនឯង​ថាជា​ប្រធានាធិបតីស្តីទី​វ៉េណេស៊ុយអេឡា​ បានសម្តែង​នូវការ​មិនពេញចិត្តជាខ្លាំង​ និងថាការប្រកាសនេះគ្មានន័យ​ ហើយមិនអាច​យកជាការបាន​ឡើយ​។ ទន្ទឹមគ្នានេះ​ បណ្តាប្រទេស​ដែលគាំទ្រ​លោកហ្កាយដូ​ ជាពិសេស​សហរដ្ឋអាមេរិក​តែម្តង​ បាន​ចេញមុខ​រិះគន់​ចំពោះ​ចំណាត់ការ​របស់​លោកម៉ាឌូរ៉ូ​ ទៅលើ​ក្រុមអ្នក​ប្រឆាំង​ជាខ្លាំង។

ហេតុអ្វី​បានជា​លោកម៉ាឌូរ៉ូ​ទើបហ៊ាន​ចេញ​បម្រាម​ដាក់​លោកហ្កាយដូ​ នាពេល​នេះទៅវិញ​?

ជាការពិតណាស់​ ស្ថានភាព​នយោបាយ​នៅវ៉េណេស៊ុយអេឡា​នៅតែ​កើនកំដៅ​ឥតឈប់​ និង​កាន់តែធ្លាក់​ក្នុង​សភាពធ្ងន់ធ្ងរទៅៗ​ ហើយ​ដំណោះស្រាយ​ហាក់បី​ដូចជា​គ្មាន​ពន្លឺ​ទាល់តែសោះឡើយ​។ ជាក់ស្តែង​ ដូច​ដែល​គេ​បានដឹងឮស្រាប់​ហើយ​អំពី​ ការ​ប្រឈមមុខ​ដាក់គ្នា​កាន់តែខ្លាំងឡើង​រវាង​លោកប្រធានាធិបតីលោកម៉ាឌូរ៉ូ និងលោកហ្កាយដូ ដែលជាមេបក្សប្រឆាំងនៅមួយរយៈពេលចុងក្រោយនេះ។

ដោយឡែក ហេតុផលដែលអាចនាំឲ្យរបបដឹកនាំរបស់លោកម៉ាឌូរ៉ូហ៊ានចេញមុខ ដកតួនាទីមុខតំណែងជាប្រធានសភារបស់លោកហ្កាយដូ និងហាមឃាត់មិនឲ្យលោក ចូលប្រលូកក្នុងឆាកនយោបាយរហូតដល់ទៅរយៈពេល ១៥ ឆ្នាំ គឺអាចមកពីលោកម៉ាឌូរ៉ូ ទទួលបានភាពកក់ក្តៅពីប្រទេសរុស្ស៊ី ដែលជាសម្ព័ន្ធមិត្តដ៏ស្អិតល្មួតរបស់ខ្លួន។

ទោះបីជាលោកប្រធានាធិបតីម៉ាឌូរ៉ូ មិនមានប្រជាប្រិយភាព និងទទួលបានការគាំទ្រពីសំណាក់ប្រជាជននៅក្នុងប្រទេសយ៉ាងណាក្តី ក៏ប៉ុន្តែលោកនៅតែទទួលបានការគាំទ្រពីពួកយោធា ជាពិសេសទទួលបានការគាំទ្រពេញទំហឹងពីប្រទេសសម្ព័ន្ធមិត្តដ៏ស្មោះស្ម័គ្រដូចជារុស្ស៊ីជាដើម។ ជាក់ស្តែង លោកម៉ាឌូរ៉ូ ហាក់កាន់តែមានទំនុកចិត្ត និងមិនខ្លាចឥទ្ធិពលរបស់អាមេរិក ដែលជាខ្នងបង្អែករបស់លោកហ្កាយដូ បន្ទាប់ពីប្រទេសរុស្ស៊ីបញ្ជូនកងទ័ពរបស់ខ្លួនចំនួន ១០០ នាក់ ទៅកាន់វ៉េណេស៊ុយអេឡា កាលពីចុងសប្តាហ៍កន្លងទៅ។

ចំណងទាក់ទងរវាងទីក្រុងម៉ូស្គូ និងទីក្រុងការ៉ាកាស កាន់តែត្រូវបានពង្រឹងយ៉ាងខ្លាំងទ្វេឡើង នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ហើយកាលពីខែធ្នូ ឆ្នាំទៅមិញ រុស្ស៊ីថែមបានបញ្ជូនយន្តហោះចម្បាំងចំនួនពីរគ្រឿង ទៅកាន់វ៉េណេស៊ុយអេឡាទៀតផង ដោយអះអាងថាវាជាផ្នែកមួយនៃការធ្វើសមយុទ្ធយោធារួមគ្នារវាងប្រទេសទាំងពីរតែប៉ុណ្ណោះ។

ការធ្វើបែបនេះ គេអាចសន្និដ្ឋានបានថា គឺដោយសារប្រទេសរុស្ស៊ីមានចេតនាបង្ហាញឲ្យឃើញពី ដែនកំណត់នៃគោលនយោបាយរបស់សហរដ្ឋអាមេរិក ចំពោះវ៉េណេស៊ុយអេឡា។

ប្រតិកម្មរបស់លោកហ្កាយដូនិងសហរដ្ឋអាមេរិកចំពោះរដ្ឋាភិបាលដឹកនាំដោយលោកម៉ាឌូរ៉ូ

លោកហ្កាយដូ មិនដែលញញើតនឹងរដ្ឋាភិបាលបច្ចុប្បន្នវ៉េណេស៊ុយអេឡាឡើយ។ ជាក់ស្តែង សេចក្តីប្រកាសហាមឃាត់រូបលោក មិនឲ្យធ្វើនយោបាយអស់រយៈពេល ១៥ ឆ្នាំ ដែលត្រូវបានប្រកាសនៅលើកញ្ចក់ទូរទស្សន៍រដ្ឋវ៉េណេស៊ុយអេឡា បានធ្វើឱ្យលោកមិនពេញចិត្ត និងថាវាជាការសម្រេចមិនត្រឹមត្រូវតាមនីតិវិធីរបស់ប្រទេសឡើយ។

មួយវិញទៀត សេចក្តីប្រកាសនេះ ក៏បានជំរុញឲ្យភាពតានតឹងរវាងរដ្ឋាភិបាលទីក្រុងការ៉ាកាស និងទីក្រុងវ៉ាស៊ីនតោនកើនឡើងមួយកម្រិតទៀតផងដែរ។ ជាការពិត ទង្វើបែបនេះរបស់របបដឹកនាំលោកម៉ាឌូរ៉ូ បានធ្វើឲ្យអាមេរិកខឹងសម្បាជាខ្លាំង។

រហូតមកទល់នឹងពេលនេះ យុទ្ធសាស្ត្រអាមេរិកបានផ្តោតលើការដាក់ទណ្ឌកម្មលើវ៉េណេស៊ុយអេឡា ហើយបើតាមទីភ្នាក់ងារសារព័ត៌មានបារាំង AFP ការដាក់ទណ្ឌកម្មរបស់អាមេរិក ទៅលើវ៉េណេស៊ុយអេឡា នឹងឡើងដល់កម្រិតខ្លាំងបំផុត នាចុងខែងមេសា ខាងមុខ។ ជាទណ្ឌកម្ម ដែលអាមេរិកនឹងដាក់បម្រាមលើការនាំចូលប្រេងរបស់វ៉េណេស៊ុយអេឡា។

សហរដ្ឋអាមេរិកគឺជាអតិថិជនទិញប្រេងឆៅដ៏ធំបំផុតមួយ របស់វ៉េណេស៊ុយអេឡា ហើយគេរំពឹងថាទណ្ឌកម្មបន្ថែមរបស់អាមេរិកនាពេលខាងមុខនេះ នឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់វ៉េណេស៊ុយអេឡា ដែលកំពុងធ្លាក់ក្នុងវិបត្តិស្រាប់ទៅហើយនោះ។

ម្យ៉ាងទៀត អាមេរិកមិនសប្បាយចិត្តឡើយចំពោះវត្តមានរបស់កងទ័ពរុស្ស៊ី ដែលកំពុងមាននៅវ៉េណេស៊ុយអេឡា ហើយកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ លោក Mike Pompeo ប្រមុខការបរទេសអាមេរិក បាននិយាយតាមទូរស័ព្ទជាមួយសមភាគីរុស្ស៊ីលោក Sergei Lavrov ដោយជំរុញឱ្យក្រុងម៉ូស្គូបញ្ឈប់នូវសកម្មភាពមិនគួរគម្បីរបស់ខ្លួន នៅវ៉េណេស៊ុយអេឡាទៀតផង។

ប្រតិកម្មរបស់សហគមន៍អន្តរជាតិផ្សេងទៀត ចំពោះលោកម៉ាឌូរ៉ូ

ដូចដែលគេដឹងស្រាប់ហើយថា បន្ទាប់ពីរុស្ស៊ីកាន់តែបង្ហាញជំហរគាំទ្ររដ្ឋាភិបាលរដ្ឋាភិបាលវ៉េណេស៊ុយអេឡារួចមក លោកម៉ាឌូរ៉ូ ហាក់បានបញ្ចេញចំណាត់ការប្រឆាំងទៅនឹងក្រុមអ្នកប្រឆាំងខ្លាំងនៅមួយរយៈពេលចុងក្រោយនេះ។

ក្រៅតែពីបានប្រកាសជាសាធារណៈតាមកញ្ចក់ទូរទស្សន៍របស់រដ្ឋ អំពីការដកតំណែង និង ដាក់បម្រាមលែងឲ្យលោកហ្កាយដូ ធ្វើនយោបាយរយៈពេល ១៥ ឆ្នាំ កាលពីសប្តាហ៍មុន ប្រធានគ្រប់គ្រងសមាជិកបក្សរបស់ហ្កាយដូ ក៏ត្រូវបានចាប់ខ្លួន និងរងការចោទប្រកាន់ពីបទរៀបចំផែនការ សកម្មភាព ប្រឆាំងទៅនឹងរដ្ឋាភិបាលរបស់លោកម៉ាឌូរ៉ូផងដែរ។

និន្នាការថ្មីចុងក្រោយនេះ បានធ្វើឲ្យក្រុមប្រទេសប្រមាណជា ៥០​ប្រទេស ដែលគាំទ្រលោកហ្កាយដូ ចេញមុខរិះគន់គោលនយោបាយរបស់លោកម៉ាឌូរ៉ូជាខ្លាំង។ ជាក់ស្តែង ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបអ្នកស្រី Federica Mogherini បានថ្កោលទោស ចំពោះសកម្មភាពប្រឆាំងនឹងលោកហ្កាយដូ និងសមាជិកក្រុមប្រឆាំងដទៃ។

អ្នកស្រី Mogherini បាននិយាយថា សកម្មភាពរបស់របបដឹកនាំលោកម៉ាឌូរ៉ូ គឺជានីតិវិធីមិនត្រឹមត្រូវសោះឡើយ។ តែទោះជាយ៉ាងណាក្តី អ្នកស្រីបាននិយាយថា សហភាពអឺរ៉ុបនឹងនៅតែផ្តល់ថវិកាបន្ថែមចំនួន ៣០ លានអឺរ៉ូ ដើម្បីជួយដល់ប្រជាជនវ៉េណេស៊ុយអេឡាក្រីក្រ ដែលកំពុងតែត្រូវការជំនួយខ្លាំងជាទីបំផុត៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ