ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 15/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/09 12h00 GMT

តើ​ជម្រើស​អន្តរាគមន៍​យោធា​អាច​ត្រូវ​ប្រើ​ដើម្បី​បញ្ចប់​វិបត្តិ​នៅ​វ៉េណេស៊ុយអេឡា​ទេ​?

តើ​ជម្រើស​អន្តរាគមន៍​យោធា​អាច​ត្រូវ​ប្រើ​ដើម្បី​បញ្ចប់​វិបត្តិ​នៅ​វ៉េណេស៊ុយអេឡា​ទេ​?
 
ក្រុមបាតុករពេលប៉ះទង្គិចជាមួយពួកកងទ័ពវ៉េណស៊ុយអេឡា នាថ្ងៃទៅ២៣ កុម្ភៈ ឆ្នាំ២០១៩។ REUTERS/Marco Bello

ស្ថានការណ៍​នយោបាយ​នៅក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា​ កាន់តែ​ធ្លាក់ដុនដាបខ្លាំង​ ក្រោយ​ការប៉ះទង្គិច​ហិង្សានៅតាម​តំបន់ព្រំដែន​ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាងតិច​ពីរនាក់​ និង​ធ្វើឲ្យ​មនុស្ស​រាប់រយនាក់​រងរបួស​។ ជាក់ស្តែង​ នៅថ្ងៃចន្ទ​ ទី២៥​ មករា​ នេះ​ មេបក្ស​ប្រឆាំង​លោកហ័ន​ ហ្កាយដូ​ និង​បណ្តា​ប្រទេស​ដែល​គាំទ្រ​លោក​រាប់សិប​ប្រទេស​ ដែល​ក្នុងនោះ​មានទាំង​សហរដ្ឋអាមេរិក​ដែរ​ បានទៅ​ជួបពិភាក្សាគ្នា​នៅក្នុង​ប្រទេស​កូឡុំប៊ី​។ ជាកិច្ចពិភាក្សា​រិះរក​យុទ្ធសាស្ត្រ​ ដើម្បី​បញ្ចប់​សករាជ​ដឹកនាំ​របស់​លោក​ម៉ាឌូរ៉ូ​។

មូលហេតុ​ដែល​នាំឲ្យ​មាន​ការប៉ះទង្គិច​ហិង្សា​នៅតាម​តំបន់​ព្រំដែន​វ៉េណេស៊ុយអេឡា​

ការប៉ះទង្គិចគ្នា​នៅតាម​តំបន់ព្រំប្រទល់ដែន​មួយចំនួន​ របស់​ប្រទេស​វ៉េណេស៊ុយអេឡា​ ជាប់ជាមួយនឹង​ប្រទេសកូឡុំប៊ី​ ព្រមទាំង​ប្រេស៊ីល​ ដើមហេតុ​គឺ​បណ្តាល​មកពី​ការប្រទាញប្រទង់​គ្នា​ជុំវិញ​បញ្ហា​ជំនួយមនុស្សធម៌​។ ​ នៅប៉ុន្មានសប្តាហ៍​កន្លងមកនេះ​ ជំនួយ​មនុស្សធម៌​ដែល​ភាគច្រើន​ផ្តល់ដោយ​សហរដ្ឋអាមេរិក​ បាន​ក្លាយទៅ​ជា​បញ្ហាប្រឈម​ដាក់​មុខគ្នា​កាន់តែ​ក្តៅគគុក​ឡើង​ រវាង​លោកប្រធានាធិបតី​វ៉េណេស៊ុយអេឡា​ម៉ាឌូរ៉ូ​ និង​លោក​ហ្កាយដូ​ ដែល​ជា​មេបក្សប្រឆាំង​ និង​ប្រធាន​សភាជាតិ​វ៉េណេស៊ុយអេឡា​វ័យ៣៥​ ឆ្នាំ​។

លោកហ្កាយដូ​ ប្តេជ្ញា​ពាំនាំ​ជំនួយ​ទាំងនោះ​ យកទៅ​ចែកជូន​ដល់ដៃ​ប្រជាជន​វ៉េណេស៊ុយអេឡា​ក្រីក្រ​ រាប់ម៉ឺននាក់​ដែល​កំពុង​រស់ត្រដរខ្យល់​ និង​រង់ចាំ​ជំនួយ​ដើម្បី​បន្ត​ជីវិតរស់​។ តែលោកម៉ាឌូរ៉ូ​ មិនព្រម​ជាដាច់ខាត​ឲ្យក្បួន​រថយន្ត​ដឹក​ជំនួយ​ទាំងអស់​បើក​ចូល​ទឹកដី​វ៉េណេស៊ុយអេឡា​បាន​ពីព្រោះ​លោក​គិតថា​ វា​ដូចជា​បើកដៃ​ឲ្យ​សហរដ្ឋអាមេរិក​ចូល​ឈ្លានពាន​វ៉េណេស៊ុយអេឡា​ដែរ​។

តាមពិតទៅ​ ក្បួន​ជំនួយ​មនុស្សធម៌​បានទៅដល់​ និង​ស្តុកទុក​នៅក្នុង​ទឹកដី​ប្រទេសកូឡុំប៊ី​ ដែល​មាន​ព្រំដែន​ជាប់នឹង​ប្រទេស​វ៉េណេស៊ុយអេឡា​តាំងតែពីថ្ងៃទី​ ៧ កុម្ភៈ​មកម្ល៉ោះ​។ មិនតែប៉ុណ្ណោះ​ ជំនួយ​ជា​បន្តបន្ទាប់​ជាច្រើន​បានដឹក​ទៅ​ដល់តំបន់ព្រំដែន​ បូករួមទាំង​ព្រំប្រទល់​ដែន​រវាង​ប្រទេស​វ៉េណេស៊ុយអេឡា ​និង​ប្រេស៊ីល​ទៀតផង​ ក៏ប៉ុន្តែ​ក្រុមកងទ័ព​របស់​លោកម៉ាឌូរ៉ូ​ នៅតែ​បន្ត​រាំងខ្ទប់​ច្រកព្រំដែន​មិនឲ្យ​ជំនួយ​ទាំងនោះ​អាច​ដឹក​ចូល​ទឹកដី​វ៉េណេស៊ុយអេឡា​បាន​។

ដោយសារតែ​ហេតុនេះ​ហើយ​ទើប​លោកហ្កាយដូ​ ប្រកាស​ដាក់​ឱសានវាទ​ឲ្យពួក​កងទ័ព​របស់​លោកម៉ាឌូរ៉ូ​បើក​ច្រកព្រំដែន​នៅថ្ងៃសៅរ៍​ ទី២៣ កម្ភៈ​ សប្តាហ៍​កន្លងទៅ​។ តែ​ក្រុម​កងទ័ព​មិនស្តាប់តាម​ និង​ថែមទាំង​បាន​បង្កើន​កម្លាំង​ការពារ​ព្រំដែន​ និង​បន្តបិទ​ច្រក​ព្រំដែន​ដដែល​។

ទង្វើ​បែបនេះ​បានធ្វើឲ្យ​ប្រជាជន​វ៉េណេស៊ុយអេឡា​ដែល​ធ្វើដំណើរ​ទៅក្បែរ​តំបន់​ព្រំដែន​ដើម្បី​ទទួល​បាន​ជំនួយ​ផ្ទុះកំហឹង​ និង​ចាប់ផ្តើម​ក្រោកប៉ះបោរ​ប្រឆាំង​ពួក​កងទ័ព​ដោយការ​គប់​ដុំថ្ម​ហើយ​ពួកកងទ័ព​ក៏តបតវិញ​ តាមរយៈ​ការបាញ់​កាំភ្លើង​កៅស៊ូ​ និង​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​។ ជាមួយគ្នានេះ​ ស្នូរគ្រាប់គាំភ្លើង​ក៏ត្រូវ​បានឮ​ផងដែរ​ក្នុង​អំឡុងពេល​នៃ​ការ​ប៉ះទង្គិចគ្នា​ ដែល​បន្សល់​ទុក​នូវ​ចំនួ​នមនុស្ស​ស្លាប់​យ៉ាងហោចណាស់​ ២ នាក់ និង ​ជាង​បីរយនាក់​រងរបួស​។

កិច្ចប្រជុំ​រវាង​លោកហ្កាយដូ​និង​ក្រុមប្រទេសគាំទ្រ​ ដើម្បី​ស្វែងរក​វិធីសាស្ត្រ​តបត​ចំពោះ​លោកម៉ាឌូរ៉ូ

រហូតមកពេលនេះ​ គេ​នៅ​មិនទាន់​ដឹង​អំពី​លទ្ធផល​ច្បាស់ការ​នៃ​កិច្ចប្រជុំពិភាក្សា​ រវាង​លោកហ្កាយដូ ជាមួយ​ក្រុមប្រទេស​សម្ព័ន្ធមិត្ត​រួមមាន​ប្រទេស​អាមេរិកឡាទីន​ចំនួន១៣​ ​រួមជាមួយ​អាមេរិក​ និងកាណា​ដា​ផង​នោះទេ​។ គេ​គ្រាន់តែ​ដឹងថា​ ប្រទេស​ដែល​គាំទ្រ​លោកហ្កាយដូ​ ជជែកពិភាក្សាគ្នា​រិះរក​យុទ្ធសាស្ត្រ​ដើម្បី​ចាត់ការ​លោកម៉ាឌូរ៉ូ​។

តែបើ​ពិនិត្យមើល​ស្ថានការណ៍​ដូច​បច្ចុប្បន្ន​នេះ​ អន្តរាគមន៍​យោធា​ទម្លាក់​លោកម៉ាឌូរ៉ូ​ ចេញពី​តំណែង​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​អាចកើតឡើង​មែន​ក៏ថា​បាន​។ ជាក់ស្តែង​ នាពេលថ្មីៗ​កន្លង​មកនេះ​ លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ បាន​អះអាងថា​ ក្នុង​ករណី​ចាំបាច់ អាមេរិក​អាចនឹង​ធ្វើ​អន្តរាគមន៍​យោធា​ដើម្បី​ជួយរំដោះ​ប្រទេស​វ៉េណេស៊ុយអេឡា​ឲ្យ​រួចផុតពីក្រញំាដៃរបស់លោកម៉ាឌូរ៉ូ និងទទួល​បាន​សេរីភាព​ពេញលេញ​។

មួយវិញទៀត​ បន្ទាប់ពី​ការប៉ះទង្គិច​ហិង្សា ប្រមុខ​ការបរទេស​អាមេរិក​លោក​ Mike Pompeo ក៏ធ្លាប់​បានលើកឡើង​ដោយមាន​ទំនុកចិត្តខ្ពស់​ដែរថា​រជ្ជកាល​ដឹកនាំ​ប្រទេស​របស់​លោកម៉ាឌូរ៉ូ​ ជិតដល់ថ្ងៃ​បិទបញ្ជប់​ហើយ​។ លោក​ថែមទាំង​បាន​និយាយ​នៅលើ​កញ្ចក់​ទូរទស្សន៍​ CNN ដែរថា​ អាមេរិក​ព្រមទាំង​បណ្តា​ប្រទេស​សម្ព័ន្ធមិត្ត​កំពុងធ្វើ​ដំណើរ​លើ​បេសកកម្ម​រួមគ្នា​មួយ​ដើម្បី​ធានា​ថា​ប្រជាជន​វ៉េណេស៊ុយអេឡា​នឹង​ទទួលបាន​លទ្ធិ​ប្រជាធិបតេយ្យ​ដូច​ដែល​ពួកគេ​ចង់បាន​ជាយូរយារ​ណាស់​មកហើយ​។

ជាមួយគ្នានេះ​ បើតាម​អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយម្នាក់​គឺ​អ្នកស្រី​ Laura Gil កិច្ចប្រជុំ​រវាង​ប្រធានាធិបតីស្តីទី​វ៉េណេស៊ុយអេឡា​ប្រកាសខ្លួនឯង​លោកហ្កាយដូ​ និង​អនុប្រធានាធិបតី​អាមេរិក​លោក Mike Pennce ព្រមទាំង​ក្រុមប្រទេស​គាំទ្រ​ផ្សេងទៀត​ នាថ្ងៃចន្ទ ទី២៥ កុម្ភៈនេះ​ ជា​និន្នាការ​បង្កើន​ការប្រឆាំងទៅនឹង​របប​ដឹកនាំ​លោកម៉ាឌូរ៉ូ​ ខ្លាំង​ជាងពេលណាៗ​ទាំងអស់​។ លោកស្រី​ក៏បាន​បញ្ជាក់ដែរថា​អន្តរាគមន៍​យោធាអន្តរជាតិ​ប្រាកដ​ណាស់​អាចជា​យុទ្ធសាស្ត្រ​ដែល​គេ​យកទៅប្រើ​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​ដឹកនាំ​ដោយលោ​កម៉ាឌូរ៉ូ​ ហើយនេះ​ជា​នយោបាយ​ឈ្នះឈ្នះ​របស់​ទីក្រុង​វ៉ាស៊ីនតោន​។

ប្រតិកម្ម​របស់​សហគមន៍​អន្តរជាតិ​ជុំវិញព្រឹត្តិកាណ៍​ដែល​បាន​កើតឡើង​នៅតាម​តំបន់​ព្រំដែន​វ៉េណេស៊ុយអេឡា​

ក្រោយមាន​ការបង្ហូរឈាមនេះ​ សហភាពអឺរ៉ុប​ ព្រមទាំង​អង្គការសហប្រជាជាតិ​បានសម្តែង​នូវ​ការសោកស្តាយជាខ្លាំង​។ ឧទាហរណ៍ជាក់ស្តែង​ សហភាពអឺរ៉ុប​រិះគន់​យ៉ាងខ្លាំង​ចំពោះ​ការ​បង្ក្រា​បដោយ​ហិង្សា​ និង​អាវុធ​គ្រឿងផ្ទុះ​ទៅលើ​ក្រុមបាតុករ​ពី​សំណាក់​ពួកយោធា​វ៉េណេស៊ុយអេឡា​ក្នុងពេល​រាំងខ្ទប់​មិនឲ្យ​ក្បួនជំនួយមនុស្សធម៌​ដឹកចូល​ក្នុង​ប្រទេស​បាន​។ លើសពីនេះ​ សហភាពអឺរ៉ុប​ក៏បាន​អំពាវនាវ​ផងដែរ​ឲ្យ​ចៀសវាង​ការប្រើ​អន្តរាគមន៍យោធា​ ដើម្បី​បិទបញ្ចប់​វិបត្តិ​នៅ​វ៉េណេស៊ុយអេឡា​។

ទន្ទឹមគ្នានេះ​ អគ្គលេខាធិការ​អ.ស.ប គឺ​លោក​អាន់តូនីញ៉ូ​ ហ្គូទែរស៍​ ក៏បាន​និយាយ​ដែរថា​ លោក​មាន​ការតក់ស្លុត​ និង​សោកស្តាយ​ជាពន់ពេក​នៅពេល​បានដឹង​អំពី​ដំណឹង​នៃ​ការប៉ះទង្គិចហិង្សា​រវាង​ក្រុមបាតុករ​ និង​ក្រុមយោធា​វ៉េណេស៊ុយអេឡា​ ដែល​បាន​ធ្វើឲ្យ​មនុស្សស្លាប់​ និង​របួស​ជាច្រើននាក់​។ មិនតែប៉ុណ្ណោះ​ លោកហ្គូទែរស៍​ ក៏បាន​អំពាវនាវ​ផងដែរ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ព្យាយាម​ដោះស្រាយ​ជម្លោះ​ដោយសន្តិវិធី​៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ