ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/11 12h00 GMT

សង្គ្រាម​ពាណិជ្ជកម្មអាមេរិក​-ចិន​ វា​លើសពី​បញ្ហា​ឱនភាព​ពាណិជ្ជកម្ម

សង្គ្រាម​ពាណិជ្ជកម្មអាមេរិក​-ចិន​ វា​លើសពី​បញ្ហា​ឱនភាព​ពាណិជ្ជកម្ម
 
ប្រមុខដឹកនាំចិនលោកស៊ី ជីងពីង Madoka Ikegami/Pool via Reuters

សហរដ្ឋអាមេរិក​ កាណាដា​ ព្រមទាំង​ម៉ិកស៊ិក​ កាលពីដើម​ខែតុលា​ ឆ្នាំ២០១៨​ កន្លងទៅ​ បាន​សម្រេច​ឈានដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រួមគ្នា​ ដោយសារ​អាមេរិក​ធ្លាប់បង្ហាញ​ជំហរ​ចង់ចរចា​រក​ដំណោះស្រាយ​ និងព្រម​ធ្វើ​សម្បទាន​មួយចំនួន​។ ផ្ទុយទៅវិញ​ តើ​មូលហេតុអ្វី​ ដែល​ធ្វើឲ្យ​ប្រធានាធិបតីអាមេរិក​លោកដូណាល់​ ត្រាំ​ នៅតែ​ប្រកាន់​ជំហរ​តឹងតែង​ និង​មិនចង់​សោះឡើយ​សម្រុះសម្រួល​ជាមួយ​ប្រទេស​ចិននោះ​?

ដូច្នោះហើយ​ ក្រៅតែ​ពី​បញ្ហា​ឱនភាព​ពាណិជ្ជកម្ម​ តើ​មាន​ហេតុផល​អ្វីខ្លះ​ទៀតទៅ​ ដែល​ធ្វើឲ្យ​អាមេរិក​ នៅតែចង់​បន្ត​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ប្រទេសចិន ​ដាច់ណាត់​បែបនេះ​?

សង្គ្រាម​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​-ចិន​

ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ និង​ប្រទេសចិន​ បាន​ចាប់ផ្ទុះឡើងដំបូង​ឡើយ​នៅដើមឆ្នាំ​២០១៨​។ សង្គ្រាមពាណិកម្ម​រវាង​មហាអំណាចចាស់​អាមេរិក​ ព្រមទាំង​មហាអំណាច​កំពុង​លេចត្រដែត​ចិន​ វា​បានក្លាយជា​ប្រធានបទ​ក្តីគគុកមួយ​ ដែល​គេឯងគ្រប់គ្នា​កំពុង​តាមដាន​យ៉ាងយកចិត្តទុកដាក់​ នាមួយរយៈពេល​ចុងក្រោយនេះ​ ពីព្រោះថា​ឥទ្ធិពល​ដែលកើត ចេញ​ពី​ជម្លោះ​វវាងប្រទេស​ទាំងពីរនេះ​ អាច​ជះឥទ្ធិពល​ជាលក្ខណៈសកល​។

បើនិយាយពី​មូលហេតុ​នៃជម្លោះពាណិជ្ជកម្ម​ ភាគី​អាមេរិកជារឿយៗ​បានចោទថា​ ប្រទេសចិន​តែងតែ​ដើរខ្សែលើ​ ហើយ​ធ្វើឲ្យមាន​ឳនភាព​ជញ្ជីងពាណិកម្ម​ ក្នុងទឹកប្រាក់​ចំនួន​ ៣៣៥,៤​ពាន់លាន​ដុល្លារ​នៅឆ្នាំ​២០១៧​ ក្នុងការ​ដោះដូរ​ទំនិញ​និងសេវាកម្ម​រវាងគ្នា​។ ជាពិសេស​ឱនភាពនេះ​នៅតែបន្តកើនឡើង​ ដែល​ជាហេតុ​ធ្វើឲ្យ​ រដ្ឋាភិបាល​ទីក្រុងវ៉ាស៊ីនតោន​ ប្រកាស​កាលពីថ្ងៃទី​២០​ តុលា​ ដាក់ពន្ធ​១០ភាគរយ​ ទៅលើ​ការនាំចូល​ របស់ចិន​មកកាន់​អាមេរិក​ក្នុង​តម្លៃទឹកប្រាក់​២០០​ពាន់លាន​ដុល្លារ​។ ហើយ​អាមេរិក​ នឹង​បន្ត​ដំឡើង​តម្លៃ​ពន្ឋ​រហូតដល់​ ២៥​ភាគរយ​ នៅចុងឆ្នាំ​២០១៨​នេះ​ ប្រសិនបើ​ទីក្រុងប៉េកាំង​ មិនបញ្ចប់​នូវអ្វី​ដែល​លោកត្រាំ​តែងទន្ទេញរត់មាត់​ថា​ ជាការ​ធ្វើពាណិជ្ជកម្ម​មិនស្មើភាពគ្នា​។

ទំនាស់ពាណិជ្ជកម្មអាមេរិក-ចិន មិនមែនព្រោះតែបញ្ហាឱនភាពពាណិជ្ជកម្មតែមួយមុខ

រឿងរ៉ាវ​មិនចុះសម្រុងគ្នា​ ពាក់ព័ន្ឋ​ការដោះដូរ​ពាណិជ្ជកម្ម​របស់​អាមេរិក​ និងចិន​ វាស្មុគស្មាញ​ គឺ​មិនដូចករណី​អាមេរិក​ជាមួយ​សហភាពអឺរ៉ុប​ ឬក៏ ​កាណាដា​ឡើយ​ ដែល​បញ្ហាចោទ​គឺមានតែលើ​ឳនភាពពាណិជ្ជកម្ម​តែ​មួយមុខ​ប៉ុណ្ណោះ​។ កិច្ចចរចារវាង​ អាមេរិក​ និង​ចិន​មាន​ជាបន្តបន្ទាប់​ដែរ​ តែ​ត្រូវបរាជ័យ​វិញ​ រហូត​នាំឲ្យ​រដ្ឋាភិបាលក្រុង​ប៉េកាំង​ ជឿជាក់ថា​ រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន​ គ្មានឆន្ទះ​ពិតប្រាកដឡើយ​ ក្នុងការ​ស្វែងរក​ដំណោះស្រាយ​រួមគ្នា​ជុំវិញ​ជម្លោះ​ពាណិជ្ជកម្ម​នោះឡើយ​។

ទាក់ទិនបញ្ហានេះ​ដែរ​ អ្នកជំនាញ​ផ្នែកទីផ្សារ​របស់ធនាគារ​ដ៏ធំ​របស់​អង់គ្លេស​ បាននិយាយ​ នៅក្នុងបទសម្ភាសន៍​ជាមួយ​ទូរទ្សសន៍អាមេរិក​ CNBC​ កាលពី​ដើមខែតុលា​មុនថា​ ករណី​ទំនាស់​ពាណិជ្ជកម្ម​រវាង​មហាអំណាច​អាមេរិក​ និង​មហាយក្សចិន​ មិនងាយនឹងបញ្ចប់​ក្នុងពេលឆាប់ៗនោះទេ​។ ករណី​ទំនាស់​ពាណិជ្ជកម្ម​ជាមួយចិន​ ក្រៅតែពី​ មិនសុខចិត្ត​រឿង​ជញ្ជីងពាណិជ្ជកម្ម​ផ្អៀង​ទៅខាងចិននោះ ​សហរដ្ឋអាមេរិក​ ក្រោមការដឹកនាំ​ របស់​លោកត្រាំ ​នាពេលបច្ចុប្បន្ននេះ​ កំពុង​មានការព្រួយបារម្ភខ្លាំង​អំពី​មហិច្ឆតាអភិវឌ្ឍន៍​ វិស័យបច្ចេកវិទ្យា​របស់​ប្រទេសចិន​។

គួររឮកជូនថា​ រដ្ឋាភិបាលចិន​ កាលពីឆ្នាំ​២០១៥​ បានប្រកាស​អំពី​គម្រោងផែនការ​ថ្មី​របស់ខ្លួន​មានឈ្មោះថា​ ផលិត​នៅចិ​នឆ្នាំ២០២៥​ “​Made in China 2025​” ជា​ផែនការ​យុទ្ធសាស្រ្ត ​ដើម្បី​ធ្វើឱ្យ​ ប្រទេសចិន​ ក្លាយជា​ប្រទេស​នាំមុខគេ​ ក្នុងវិស័យ​ឧស្សាហកម្មសំខាន់ៗ​។ ក្នុងចំណោម​ វិស័យទាំងនោះ​ ទីក្រុងប៉េកាំង​ក៏បាន​ចាប់យក​វិស័យបច្ចេកវិទ្យា​ ជាអាទិភាព​មួយផងដែរ​។។ម្លោះហើយ​ ទើបសហរដ្ឋអាមេរិក​ មើលឃើញ​យ៉ាងច្បាស់ថា​ ផែនការ​របស់ចិន​នេះ​ គឺជា​ការគំរាមកំហែង​ពិតប្រាកដ​របស់ខ្លួន​។

ក្នុងកាលៈទេសៈ​នេះ​ លោកត្រាំ​ យល់​យ៉ាងច្បាស់ថា​ មានតែដកចិន​ចេញពីសង្វៀន​ នៃខ្សែសង្វាក់​ ផ្គត់ផ្គង់សកលទេ​ ទើបអាច​រក្សាតំណែង​ជា​ប្រទេសឈានមុខគេ​ ក្នុង​វិស័យឧស្សាហកម្ម​ ក៏ដូចជា​បច្ចេកវិទ្យាបាន​។ ឧទាហរណ៍​ជាក់ស្តែង​ ក្រុមហ៊ុន​ដ៏ល្បី​ផ្នែកបច្ចេកវិទ្យា​របស់​អាមេរិក​Apple ​មានក្រុមហ៊ុន​ផ្គត់ផ្គង់​ ដែលមាន​មូលដ្ឋាន​នៅប្រទេសចិន​ចំនួន​២៧​។

នៅក្នុង​បរិបទនេះ​ គេអាច​យល់​ពីវិធីសាស្ត្រ​របស់លោកត្រាំ​ ដំឡើងពន្ធ​លើ​ផលិតផល​របស់ ចិន​ដែលនាំ​ ចូលទៅក្នុ​ងប្រទេសអាមេរិកបាន​។ វា​មានន័យថា​ នៅពេល​អាមេរិក​ដំឡើង​ពន្ឋ នោះ​វានឹងធ្វើឲ្យ​ទំនិញចិន​ត្រូវឡើងថ្លៃ​ ហើយពិបាក​ក្នុងការ​ប្រកួតប្រជែង​ក្នុងទីផ្សារ​។ បន្ទាប់មកទៀត​ ក្រុមហ៊ុនធំៗ​គ្រាក់ៗ​ដែលបោះទីតាំង​ក្នុង​ប្រទេសចិន​នឹងប្តូរ​ទិសដៅ​ ហើយរើទីតាំង​ទៅកាន់​ប្រទេស​ផ្សេងទៀត​។ រដ្ឋាភិបាល​ទីក្រុងវ៉ាស៊ីនតោន​ ជឿជាក់ថា​ យុទ្ឋសាស្ត្រ​បែបនេះ​ នឹង​ធ្វើឱ្យប៉ះពាល់​ដល់សេដ្ឋកិច្ច​របស់​ប្រទេសចិន​បាន​។ ក្រៅពីនេះ​ ការវិនិយោគ​ របស់ចិន​នៅក្នុង​វិស័យបច្ចេកវិទ្យា​ នៅសហរដ្ឋអាមេរិក​ បាននិងកំពុង​ស្ថិតក្រោម​ការពិនិត្យ​ពិច្ច័យ​កាន់តែ​តឹងរឹង​បន្ថែមទៀត​។

ជាពិសេស​ នាពេលថ្មីៗនេះ​ រដ្ឋាភិបាលវ៉ាស៊ីនតោន​ បានដាក់​ការព្រមានយ៉ាងខ្លាំង​ ប្រឆាំងទៅនឹង​កិច្ចខិតខំប្រឹងប្រែង​របស់រដ្ឋាភិបាលចិន​ក្នុងការ​ធ្វើចារកម្ម​ឧស្សាហកម្ម​ និងធ្លាប់​បានចោទ​ចិនចំៗថា​បាន​លួច​បច្ចេកវិទ្យាពី​អាមេរិក​ទៀតផង​។ ដូចនេះហើយ​ ទើប​ ឃ្លានៃ​ការការពារ​សន្ដិសុខជាតិ​នៅក្នុងច្បាប់​ពាណិជ្ជកម្ម​អាមេរិក​ឆ្នាំ ​១៩៧៤​ ត្រូវបានគេ​លើក​យកប្រើ​កាន់តែខ្លាំងឡើង​ ដើម្បី​ដាក់ពន្ធ​បន្ថែម​ លើការ​នាំចូលទំនិញ​របស់ចិន​ និង​ក៏ដើម្បី​រាំងខ្ទប់​វត្តមាន​ក្រុមហ៊ុនចិ​នដែលរីកកាន់តែច្រើនឡើង​នៅក្នុង​ទឹកដីអាមេរិក​។

សរុបមក​ ក្រៅតែពី​បញ្ហា​ឳនភាពពាណិជ្ជកម្ម​ គឺមាន​ផែនការយុទ្ឋសាស្ត្រ​ឆ្នាំ២០២៥​ របស់ចិន​មួយទៀត​ ដែលធ្វើឲ្យ​ដំណើរការ​នៃកិច្ចចរចា​ទំនាស់​ពាណិជ្ជកម្ម​អាមរិក​-ចិន​ ត្រូវជាប់គាំង​ជាបន្តបន្ទាប់​។ ដូចនេះហើយ​ សង្គ្រាមពាណិជ្ជកម្ម​អាមេរិក​-ចិន​ វាពិត​ជា​ពិបាក​ក្នុងការដោះស្រាយ​ ហើយ​ក៏មិនងាយ​នឹងដោះស្រាយ​ទៅរួច​ក្នុងរយៈពេលខ្លី​បានដែរ​។ ហេតុផលនោះ​គឺថា រដ្ឋបាល​អាមេរិក​ដឹកនាំដោយ​លោកត្រាំ​ គិតថា​ ផលដែលបានពី​ការធ្វើសង្គ្រាម​ពាណិជ្ជកម្ម​ ពិតជាអាច​បង្កជា​ឧបសគ្គ​រាំងស្ទះ​ ឬយ៉ាងហោចណាស់​ក៏អាចពន្យឺត​ដល់ការ​អភិវឌ្ឍន៍​វិស័យ​បច្ចេកវិទ្យា និង​ឥទ្ធិពល​សេដ្ឋកិច្ច​របស់​ប្រទេសចិន​បានខ្លះដែរ​៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ