ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/09 12h00 GMT
អឺរ៉ុប

បារាំង​មិន​ឯកភាព​លើ​ការ​ចុះកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​គ្រប់វិស័យ​ជាមួយ​អាមេរិក

media លោក​អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី​បារាំង GONZALO FUENTES / POOL / AFP

ក្រោយ​ពី​លោក​ដូណាល់ត្រាំ និង​លោក​ហ្សង់ខ្លូត យុងក័រ ក្នុង​ជំនួប​នៅ​សេតវិមាន​កាល​ពីថ្ងៃ​ទី២៥កក្កដា បាន​ព្រមព្រៀងគ្នា​បន្ធូរបន្ថយ​ភាព​តានតឹង​ពាណិជ្ជកម្ម​​​ពាណិជ្ជកម្ម ស្ទើរតែគ្រប់គ្នា​ ទាំងខាង​អាមេរិក និង​ខាង​អឺរ៉ុប​សុទ្ធតែ​បាន​បង្ហាញ​នូវ​ការ​ធូរចិត្ត ដែល​អាច​បញ្ចៀស​សង្រ្គាម​ពាណិជ្ជកម្ម​នឹង​គ្នា​បាន។ បារាំងវិញ ថ្វីដ្បិត​តែ​បាន​ស្វាគមន៍​ជំហរ​សម្រុះសម្រួលគ្នា​នេះ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា ក៏​បានបង្ហាញ​នូវ​ជំហរ​ជំទាស់​ផងដែរ ចំពោះ​ការ​ចរចា​ឈាន​ទៅ​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាលក្ខណៈទូទៅ រវាង​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក។

ចំណុ​ចដែល​ធ្វើ​ឲ្យ​បារាំង​ចោទសួរ គឺ​ទាក់ទង​នឹង​ការអះអាង​របស់​លោក​ដូណាល់ត្រាំ នៅ​ក្នុង​អំឡុង​សន្និសីទ​សារព័ត៌មាន​ ក្រោយ​ជំនួប​ជាមួយ​លោកហ្សង់ខ្លូត យុងក័រ (Jean-Claude Juncker) ប្រធានគណៈកម្មការ​អឺរ៉ុប ដែល​ថា ប្រមុខដឹកនាំ​ទាំងពីរ​បាន​ព្រមព្រៀងគ្នា បើក​កិច្ចចរចា​ឈាន​ទៅ​លុបបំបាត់​ចោល​ទាំងស្រុង​នូវ​រាល់​រនាំងពន្ធគយ​រវាងគ្នា។

ភ្លាមៗ លោក​ប៊្រុយណូ ឡឺមែរ (Bruno Le Maire) រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​បារាំង​ បានទាមទារ​ឲ្យ​មាន​ការ​បំភ្លឺ​ឲ្យ​បាន​ច្បាស់លាស់ ចំពោះ​អ្វី​ដែល​ប្រមុខដឹកនាំ​ទាំងពីរ​បាន​ព្រមព្រៀងគ្នា ព្រមទាំង​បាន​បញ្ជាក់​ឡើងវិញ ពី​ជំហរ​របស់​បារាំង ដែល​តាំង​ពី​ដើម​រៀងមក តែងតែ​ជំទាស់​មិន​ឲ្យ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ដែល​គ្របដណ្តប់​លើ​វិស័យ​កសិកម្ម។

លោក​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង ក៏​បាន​បញ្ជាក់​ផងដែរ អំពី​ជំហរ​នេះ ដោយ​បាន​លើកឡើង​ថា សហភាព​អឺរ៉ុប​មិន​ត្រូវ​លុបចោល ឬ​បន្ទាប​ស្តង់ដា​ណាមួយ​ទាំងអស់ នៅ​ក្នុង​វិស័យ​បរិស្ថាន សុខភាព និង​ចំណីអាហារ​ ជាដើម។ សម្រាប់​លោក​ប្រធានាធិបតី​បារាំង ការចរចា​ណាមួយ​ រវាង​សហភាព​អឺរ៉ុប និង​អាមេរិក អាច​ចាប់ផ្តើម​ធ្វើ​ទៅបាន លុះត្រាតែ​អាមេរិក​ចាត់វិធានការ​ច្បាស់លាស់ ដើម្បី​បញ្ចប់​ភាពតានតឹង​ពាណិជ្ជកម្ម ក្នុង​រឿង​ដែកថែប និង​អាលុយមីញ៉ូម​ជាមុនសិន ហើយ​ថា សហភាព​អឺរ៉ុប​មិន​អាច​ចរចា​ ក្រោម​ការ​គំរាមកំហែងណាមួយ​នោះទេ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ