ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 15/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/10 12h00 GMT
អាស៊ី

របាយការណ៍ជំរឿន​​​ថ្មី៖ ចំនួន​ខ្លា​ធំ​នៅ​ឥណ្ឌាកើន​ឡើង​ដល់​ជិត​​៣០០០​ក្បាល

media សត្វ​ខ្លា​ធំ WWF

សត្វ​ខ្លា​ធំ​ដែល​ជា​ប្រភេទ​សត្វ​រងការ​គំរាម​កំហែង​​ជិត​ផុត​ពូជ កំពុង​មាន​សញ្ញា​វិវត្ត​ជា​វិជ្ជមាន​។ របាយការណ៍ជំរឿន​ចំនួន​សត្វ​ខ្លាធំ​នៅ​ប្រទេស​ឥណ្ឌាដែល​ទើប​តែ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​ទី​២៩​កក្កដា បង្ហាញ​ថា ចំនួន​សត្វ​ខ្លា​ធំ​នៅ​ក្នុង​ប្រទេស​នេះ បាន​កើន​ឡើង​ពី​ចំនួន​ជាង​២​ពាន់​២​រយ​ក្បាល​កាល​ពី​៤​ឆ្នាំ​មុន ដល់​ជិត​៣​ពាន់​ក្បាល នៅ​ឆ្នាំ​២០១៨​។ សម្រាប់អ្នក​ជំនាញ​ខាង​សត្វ​ព្រៃ កំណើន​នេះ បាន​ឆ្លុះ​បញ្ចាំង​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ឥណ្ឌា នៅ​ក្នុង​ការ​អភិរក្ស​សត្វ​ខ្លា​ធំ ដែល​ជាប្រភេទ​សត្វ​រង​ការ​គំរាម​កំហែងជិត​ផុត​ពូជ​បំផុត​មួយ​លើ​ពិភពលោក​។

ជំរឿន​សត្វ​ខ្លា​ធំនៅ​ប្រទេស​ឥណ្ឌា ធ្វើ​ឡើង​ជា​រៀង​រាល់​៤​ឆ្នាំ​ម្ដង​។ សម្រាប់​ការ​ជំរឿន​ចុង​ក្រោយ​នេះ ឥណ្ឌា​បាន​ប្រើ​ពេល​អស់​១៥​ខែ ដាក់​ពង្រាយ​កាមេរ៉ា​ស្វ័យ​ប្រវត្តិ​ចំនួន​២​ម៉ឺន​៦​ពាន់​គ្រឿង នៅ​តំបន់​ដែល​ជា​ជម្រក​របស់​សត្វ​ខ្លា​ធំ​ក្នុង​ប្រទេស​ឥណ្ឌា​។ រូបថត​ដែល​បាន​ពី​កាមេរ៉ា​ស្វ័យ​ប្រវត្តិ ដែល​មាន​ចំនួន​ជាង​៣៥​ម៉ឺន​សន្លឹក ត្រូវ​គេ​យក​ទៅ​ធ្វើ​ការ​វិភាគ​តាម​ប្រព័ន្ធ​កុំព្យូទ័រ ដើម្បី​​កំណត់ និង​បែង​ចែក​អត្តសញ្ញាណ​របស់​សត្វ​ខ្លាធំ​នីមួយ​ៗ មុន​ពេល​សរុប​ចេញ​ជា​របាយការណ៍​ជំរឿន​ចុង​ក្រោយ​នេះ​។

ជា​ការ​ក់​សម្គាល់ សត្វ​ខ្លា​ធំ ត្រូវ​បាន​អង្គការ IUCN ដាក់​ទៅ​ក្នុង​បញ្ជី​ក្រហម ​ជា​ប្រភេទ​សត្វ​ដែល​រង​ការ​គំរាម​កំហែង​ជិត​ផុត​ពូជ​​បំផុត​មួយ​លើ​លោក​។ សត្វ​ខ្លា​ធំ​នៅ​ទូទាំង​ពិភពលោក មាន​ចំនួន​សរុប​ត្រឹម​តែ​ប្រមាណ​៣​ពាន់​៩​រយ​ក្បាល​តែ​ប៉ុណ្ណោះ។ ឥណ្ឌា​ដែល​មាន​សត្វ​ខ្លា​ធំ​រស់​នៅ​ច្រើន​ជាង​គេ បាន​ចុះ​កិច្ច​ព្រម​ព្រៀងរួម​គ្នា​​ជាមួយ​ប្រទេស​​ចំនួន​១២​ផ្សេង​ទៀត ដើម្បី​បង្កើន​ចំនួន​សត្វ​ខ្លា​ធំ​នៅ​ក្នុង​ព្រៃ​ធម្មជាតិ​ឲ្យ​បាន​២​ដង នៅ​ឆ្នាំ​២០២២​។

បើ​តាមអង្គការ​អភិរក្ស​សត្វ​ព្រៃ WWF សព្វ​ថ្ងៃ​នេះ ទោះ​បី​ជា​​មាន​ចំនួន​កើន​ឡើង​វិញ​បន្តិច​ក៏​ដោយ ក៏គេ​កត់​សម្គាល់​ឃើញ​ថា សត្វ​ខ្លា​ធំ​​នៅ​តែ​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន ដូច​ជា​ការប្រមាញ់ ដាក់​អន្ទាក់ធ្វើ​​អាជីវកម្ម​សម្រាប់​ធ្វើ​ជា​អាហារ និង​ធ្វើ​ថ្នាំ​សង្កូវ​។ ក្រៅ​ពី​នោះ ការ​បាត់​បង់​ព្រៃ​ដែល​ជា​ទី​ជម្រក ក៏​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​ដែរ​សម្រាប់​សត្វ​ខ្លា​ធំ​។ អង្គការ WWF បាន​គូស​បញ្ជាក់​ថា សត្វ​ខ្លា​ធំ ត្រូវការ​ជម្រក​ដ៏​ទូលំទូលាយ​សម្រាប់​ការ​រស់រាន​មាន​ជីវិត​។ កង្វះ​ទី​ជម្រក​គ្រប់​គ្រាន់ បាន​ផ្ដល់​ផល​ប៉ះពាល់​ដល់​ការ​បង្កាត់​ពូជ ពិសេស​ធ្វើ​ឲ្យ​សត្វ​ខ្លា​ធំ ត្រូវ​ប្រឈម​មុខ​កាន់​តែ​ខ្លាំង​ទៅ​នឹង​ការ​បរបាញ់​និង​ការ​ដាក់​អន្ទាក់​របស់​មនុស្ស​។

ទាក់ទង​នឹង​ការ​ងារ​អភិរក្ស​វិញ ដើម្បី​ឲ្យ​ទទួល​បាន​ជោគជ័យ អង្គការ WWF សង្កត់​ធ្ងន់​ថា វា​ត្រូវ​ការ​ឆន្ទៈ​និង​ការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុត​មាំ ពីសំណាក់​បណ្ដា​ប្រទេស​ដែល​មាន​វត្តមាន​សត្វ​ខ្លា​ធំ​រស់​នៅ​។ ក្នុង​នោះ គេ​ត្រូវ​ធានា​ឲ្យ​បាន​នូវ​តំបន់រស់​នៅ​ប្រកប​ដោយ​សក្តានុពល​សម្រាប់​សត្វ​ខ្លា​ធំ៖ ជា​ព្រៃ​ធំ មាន​ជម្រក​និង​ចំណី​គ្រប់​គ្រាន់ ចៀស​ផុតពី​ការ​គំរាម​កំហែង​របស់​មនុស្ស​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ