អានតួអត្ថបទ

សមាជិក​ព្រឹទ្ធសភាអាមេរិក​ថា​រាជទាយាទ​អារ៉ាប៊ីសាអូឌីត​ ត្រូវតែ​ដោះស្រាយ​ករណី​ឃាតកម្ម​លើ​លោក​ Khashoggi

សមាជិកព្រឹទ្ធសភា​អាមេរិក​ដ៏មានឥទ្ធិពលម្នាក់​ មកពី​គណបក្សសាធារណរដ្ឋ​ នៅថ្ងៃសៅរ៍ទី១៩​ មករា បាននិយាយ​ថា​ ព្រះអង្គម្ចាស់​រាជទាយាទ​អារ៉ាប៊ីសាអូឌីត​ម៉ូហាម៉េត​ បេនសាល់ម៉ាន​ ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​ ករណីឃាតកម្ម​លើអ្នកកាសែត​ Jamal Khashoggi ជាដាច់ខាត​។ ជាមួយគ្នានេះ​ សមាជិក​ព្រឹទ្ធសភាអាមេរិក​រូបនេះ​ បានបញ្ជាក់បន្ថែមផងដែរថា​ សហរដ្ឋអាមេរិក​ ព្រមទាំងសម្ព័ន្ធមិត្ត​ នឹង​ចាត់វិធានការដាក់​ទណ្ឌកម្ម​បន្ថែមទៀត​ លើ​អារ៉ាប៊ីសាវអ៊ូឌីត​ ប្រសិនបើ​រឿងនេះ​មិនត្រូវបាន​ដោះស្រាយ​ដោយយុត្តិធម៌នោះទេ​។

​សមាជិកព្រឹទ្ធសភា​អាមេរិក​លោក Lindsey Graham​
​សមាជិកព្រឹទ្ធសភា​អាមេរិក​លោក Lindsey Graham​ REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

“ខ្ញុំ​សូមធ្វើសេចក្តី​សន្និដ្ឋានថា​ ទំនាក់ទំនង​ទ្វេភាគី​រវាង​សហរដ្ឋអាមេរិក​ និង​សម្ព័ន្ធមិត្ត​គឺប្រទេសអារ៉ាប៊ីសាអូឌីត​ មិនអាច​រីកលូតលាស់​ទៅមុខ​បាននោះទេ​ ប្រសិនណាបើ​ ព្រះអង្គម្ចាស់​រាជទាយាទ​បេនសាល់ម៉ាន​ មិនព្រម​ដោះស្រាយ​ករណី​ឃាតកម្មលើ​អ្នកកាសែត​ Khashoggi ឲ្យ​ជ្រះស្រលះទេនោះ​”។ នេះ​ គឺ​ជាការលើកឡើង​របស់​ព្រឹទ្ធសមាជិក​អាមេរិក​លោកLindsey Graham​។

មិនតែប៉ុណ្ណោះ​ ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មានមួយ​ នៅក្នុងទីក្រុង​អង់ការ៉ា​ ប្រទេស​តួកគី​ លោក​Graham​ បានគំរាម​ផងដែរថា​ អាមេរិក​នឹងដាក់ទណ្ឌកម្ម​បន្ថែមទៀត​ ប្រឆាំងទៅនឹង​ជនសង្ស័យ​សម្លាប់លោក​Khashoggiទាំងជិត២០​ នាក់​។ ក៏ប៉ុន្តែ​ លោក​មិនបានបញ្ជាក់ទេថា​តើអ្វី​ជា​ទណ្ឌកម្មបន្ថែម​ ដែល​អាមេរិកគ្រោង​នឹងដាក់នោះ​។

សូមជ្រាបផងដែរថា​ បណ្តាប្រទេស​លោកខាងលិច​ ដែលជា​សម្ព័ន្ធមិត្ត​របស់​អាមេរិករួមមាន​ បារាំង​ និងកាណាដា​ជាដើម​ ក៏បាន​ប្រកាស​ដាក់​ទណ្ឌកម្មលើ​ជនជាតិ​អារ៉ាប៊ីសាអូឌីតទាំ​ងអស់​ ដែលជាប់សង្ស័យ​ថាបានចូលរួមក្នុង​អំពើឃាតកម្ម​យ៉ាងព្រៃផ្សៃ​លើរូបលោក​Khashoggi។ លោក​Khashoggiដែលគេស្គាល់ថា​ ជាអ្នកកាសែត​ប្រឆាំងទៅនឹង​របបដឹកនាំទីក្រុង​រីយ៉ាដនាបច្ចុប្បន្ននេះ​

បើគិតមកដល់ពេលេនះ​ ឃាតកម្ម​លើអ្នកកាសែត​ជនជាតិអារ៉ាប៊ីសាអូឌីត​ បាន​កន្លងហួសទៅ​រយៈពេលប្រមាណជាង​ ៣ ខែ​មកហើយ​ ប៉ុន្តែ​ពន្លឺយុត្តិធម៌​សម្រាប់រូបលោក​ និង​ក្រុមគ្រួសារ​ នៅ​មិនទាន់បាន​រកឃើញនោះទេ​។ មិនតែប៉ុណ្ណោះ​ សូម្បីតែ​សាកសព​របស់​លោក​ ក៏គេ​នៅមិនទាន់​រកឃើញដែរ​។

គួររំឭកជូនទៀតថា​ បើតាមអាជ្ញាធរតួកគី​ លោក​ Khashoggi​ ត្រូវបានសម្លាប់​ ដោយជនជាតិអារ៉ាប៊ីសាអូឌីត​មួយក្រុម​ ដែលមានគ្នាចំនួន​ ១៥ នាក់​ នៅខណៈពេលដែល​រូបលោក​សុំឯកសារ​ដើម្បី​រៀបអាពាហ៍ពិពាហ៍​ នៅឯស្ថានកុងស៊ុល​អារ៉ាប់ប៊ីសាអូឌីត​ ប្រចាំនៅ​ទីក្រុងអ៊ីស្តង់ប៊ុល​ ប្រទេសតួកគី​ កាលពីថ្ងៃទី២​ ខែតុលា​ ឆ្នាំ ២០១៨​កន្លងទៅ​។

នៅគ្រាកន្លងមក​ មជ្ឃដ្ឋាន​សហគមន៍អន្តរជាតិ​បាន​ទម្លាក់ការទទួលខុសត្រូវទាំងស្រុង​ ទៅឲ្យព្រះរាជបុត្រ​ស្នងរជ្យ​ ម៉ូហាម៉េត​ បេនសាល់ម៉ាន​ ក៏ប៉ុន្តែ​រដ្ឋាភិបាល​ទីក្រុងរីយ៉ាដ​ តែងតែ​បដិសេធថា​ព្រះអង្គម្ចាស់​ បេនសាល់ម៉ាន​ មិនមែនជាអ្នក​នៅពីក្រោយ​ ហើយក៏​មិនមាន​ជាប់ពាក់ព័ន្ធអ្វីបន្តិចសោះឡើយ​ទៅនឹង​ករណីឃាតកម្មនេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ