ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
អាស៊ី

ឃាតកម្ម​អ្នកកាសែត​ឥណ្ឌា៖​សហព័ន្ធ​អ្នកកាសែត​អន្តរជាតិ​ជំរុញ​ឥណ្ឌា​ឲ្យ​វែក​មុខ​ឃាតករ និង​បញ្ចប់​និទណ្ឌភាព

media  
Logo សហព័ន្ធ​អ្នកកាសែត​អន្តរជាតិ

នៅ​ក្នុង​ប្រទេស​ឥណ្ឌា ក្រោយ​ឃាតកម្ម​បាញ់​សម្លាប់​អ្នកកាសែត​ចំនួន ២នាក់ សហព័ន្ធ​អ្នកកាសែត​អន្តរជាតិ​បាន​អំពាវនាវ​នា​ថ្ងៃ​អាទិត្យ ទី១៥ ឧសភា​ឲ្យ​រដ្ឋាភិបាល​ក្រុង​ញូដែលី​បិទបញ្ចប់​និទណ្ឌភាព និង​បើក​ការ​ស៊ើបអង្កេត​ស្វែង​រក​ឃាតករ​ជា​បន្ទាន់។ សហព័ន្ធ​អ្នកកាសែត​អន្តរជាតិ​បាន​ឲ្យ​ដឹង​ថា​ក្នុង​រយៈពេល ១ឆ្នាំ មាន​អ្នកកាសែត​ឥណ្ឌា​ចំនួន ៩នាក់​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ក្នុង​ពេល​បំពេញ​ការងារ​របស់​ខ្លួន។

គឺ​តាម​រយៈ​សេចក្តីជូនដំណឹង​មួយ​ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​អាទិត្យ ទី១៥ ឧសភា​ដែល​សហព័ន្ធ​អ្នកកាសែត​អន្តរជាតិ​បាន​ធ្វើ​ការ​ថ្កោលទោស​ចាស់​ដៃ​ចំពោះ​ឃាតកម្ម​សម្លាប់​អ្នកកាសែត​ឥណ្ឌា​ចំនួន​ពីរ​នាក់​ក្នុង​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី១២ និង​យប់​ថ្ងៃ​សុក្រ ទី១៣ ឧសភា​កន្លង​ទៅ។ លោក Jim Boumelha ប្រធាន​សហព័ន្ធ​អ្នកកាសែត​អន្តរជាតិ​ដែល​មាន​ទីស្នាក់ការកណ្តាល​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ញូដែលី​បើក​ការ​ស៊ើបអង្កេត​ជា​បន្ទាន់។

យោង​តាម​តួលេខ​ផ្តល់​ដោយ​សហព័ន្ធ​អ្នកកាសែត​អន្តរជាតិ មាន​អ្នកកាសែត​ឥណ្ឌា​ចំនួន ៩នាក់​ត្រូវ​បាន​គេ​សម្លាប់​ក្នុង​រយៈពេល ១ឆ្នាំ​ដោយសារ​តែ​ការ​ប្រកប​អាជីព​របស់​ខ្លួន។ គឺ​ជា​តួលេខ​មួយ​ដែល​លោក Jim Boumelha បាន​ចាត់​ទុក​ជា​ការ​គំរាមកំហែង​សេរីភាព​សារព័ត៌មាន ហើយ​ដែល​រដ្ឋាភិបាល និង​ប៉ូលិស​ឥណ្ឌា​ត្រូវ​ស្វែង​តាម​ចាប់​ឃាតករ​ទៅ​កាត់ទោស ព្រម​ទាំង​បិទបញ្ចប់​និទណ្ឌភាព។

សូម​រម្លឹក​ជូន​ថា គ្រាន់​តែ​ក្នុង​រយៈពេល​មិន​ដល់ ២៤ម៉ោង​ផង មាន​ឃាតកម្ម​សម្លាប់​អ្នកកាសែត​ចំនួន​ពីរ​នាក់ ក្នុង​នោះ ម្នាក់​ត្រូវ​បាន​ជនប្រដាប់​អាវុធ​បាញ់ ៥គ្រាប់​ស្លាប់​ភ្លាមៗ​នា​យប់​ថ្ងៃ​សុក្រ ទី១៣ ឧសភា​ក្នុង​ពេល​ដែល​អ្នកកាសែត​រូប​នោះ​កំពុង​ជិះ​ម៉ូតូ​ក្នុង​រដ្ឋ Bihar ចំណែក​អ្នកកាសែត​ទី២ ត្រូវ​បាន​ជន​ប្រដាប់​អាវុធ​បាញ់​សម្លាប់​ក្នុង​រដ្ឋ Jharkhand នា​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី១២ ឧសភា​ក្នុង​ពេល​ដែល​រូប​អ្នកកាសែត​នោះ​កំពុង​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ។

គេ​នៅ​មិន​ទាន់​ដឹង​មូលហេតុ​ផ្លូវការ​ជុំវិញ​ឃាតកម្ម​សម្លាប់​អ្នកកាសែត​ទាំង​ពីរ​នាក់​នោះ​ទេ តែ​សមាគម​អ្នកកាសែត​ឥណ្ឌា​បាន​ប្រាប់​ឲ្យ​ដឹង​ថា រូប​អ្នកកាសែត​ទាំង​ពីរ​បាន​ធ្វើ​ការ​ស៊ើបអង្កេត​រឿង​អាស្រូវ​ពុករលួយ និង​សកម្មភាព​បទឧក្រិដ្ឋ​មួយ​ចំនួន​ជាប់​ពាក់ព័ន្ធ​នឹង​មន្រ្តី​នៅ​ក្នុង​រដ្ឋ Bihar និង​រដ្ឋ Jharkhand ដែល​ជា​រដ្ឋ​ក្រីក្រ​ជាង​គេ​នៅ​ឥណ្ឌា។

នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ ២០១៥ អង្គការ​អ្នក​យកការណ៍​គ្មាន​ព្រំដែន Reporters sans frontières បាន​ដាក់​ចំណាត់ថ្នាក់​ឥណ្ឌា​ជា​ប្រទេស​ទី១៣៣ លើ ១៨០ប្រទេស​ស្តីពី​សេរីភាព​សារព័ត៌មាន។ ជា​មួយ​នឹង​ចំណាត់ថ្នាក់​នេះ​បាន​ធ្វើ​ឲ្យ​ឥណ្ឌា​ក្លាយ​ជា​ប្រទេស​អាស៊ី​ដែល​មាន​ឃាតកម្ម​សម្លាប់​អ្នកកាសែត​ច្រើន​ជាង​គេ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ