ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/11 12h00 GMT

តើ​ការ​ដក​ឬ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធ​របស់​សហភាពអឺរ៉ុប​មាន​នីតិវិធី​យ៉ាងដូចម្តេច?

តើ​ការ​ដក​ឬ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធ​របស់​សហភាពអឺរ៉ុប​មាន​នីតិវិធី​យ៉ាងដូចម្តេច?
 
ទីស្នាក់ការ​កណ្តាល​របស់​គណៈកម្មការ​អឺរ៉ុប នៅ​ក្នុង​ទីក្រុង​ព្រុចស៊ែល ប្រទេស​ប៊ែលហ្ស៊ិក REUTERS/Yves Herman

ចាប់តាំង​ពី​មាន​ការប្រកាស​របស់​សហភាព​អឺរ៉ុប អំពី​ការ​ចាប់ផ្តើម​ដំណើរការ​ដកប្រព័ន្ធ​អនុគ្រោះពន្ធ​ EBA​ (Everything But Arms) ពី​កម្ពុជា គេ​ឃើញ​មាន​ការ​ចុះផ្សាយ​ផ្សេងៗគ្នា ជុំវិញ​នីតិវិធីនេះ រហូត​ធ្វើ​ឲ្យ​តំណាង​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ចេញ​មក​ធ្វើការ​បំភ្លឺ ថា ប្រព័ន្ធ​អនុគ្រោះពន្ធ​មិនទាន់​ត្រូវ​បាន​ដក​ចេញ​ពី​កម្ពុជា​នៅឡើយទេ ដោយ​ដំណើរការ​នីតិវិធី​នៃ​ការ​ដកនេះ​នឹង​ត្រូវ​ចំណាយ​ពេល​រហូតដល់​ទៅ ១២ខែ​ឯណោះ។ តើ​ការ​ដក ឬ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធ​នេះ​មាន​​នីតិវិធី​យ៉ាងដូចម្តេច​ខ្លះ?

ការដក ឬ​ព្យួរប្រព័ន្ធ​អនុគ្រោះពន្ធ​​របស់​សហភាព​អឺរ៉ុប ខុសពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច ដែល​មាន​ដំណើរការ​​នីតិវិធី​ដ៏​ស្មុគស្មាញ ដោយ​ត្រូវ​ឆ្លងកាត់​សេចក្តីសម្រេច​របស់គណៈកម្មការ​អឺរ៉ុប​ផង សភា​អឺរ៉ុប​ផង និង​ជាពិសេស គឺ​ត្រូវ​ឆ្លងកាត់​ការ​អនុម័ត​ដោយ​សំឡេង​ឯកច្ឆន្ទ​ក្នុង​​​​ក្រុមប្រឹក្សា​អឺរ៉ុប ដែល​មាន​តំណាង​មក​ពី​ប្រទេស​សមាជិក​ទាំង ២៨​ប្រទេស (​ក្រោយ Brexit នៅសល់ ២៧ប្រទេស)។

ការដក ឬ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធវិញ ត្រូវ​ឆ្លងកាត់​តែ​សេចក្តីសម្រេច​របស់​គណៈកម្មការ​អឺរ៉ុប​មួយ​តែ​ប៉ុណ្ណោះ ដោយសារ​តែ​តាមរយៈ​ច្បាប់​​ស្តីពី​ប្រព័ន្ធ​អនុគ្រោះពន្ធ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២ សភា និង​ក្រុមប្រឹក្សា​អឺរ៉ុប បាន​ប្រគល់​អំណាច​ដល់​​​គណៈកម្មការ ក្នុងការ​ចេញសេចក្តីសម្រេច​ (Règlement délégué/Delegated Regulation) ទាក់ទង​នឹង​ការ​ផ្តល់ ដក ឬ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ។

យោងតាម​ច្បាប់​ឆ្នាំ២០១២​នេះ ការដក​ប្រព័​ន្ធ​អនុគ្រោះពន្ធ​អាច​ត្រូវ​ធ្វើឡើង​ចំពោះ​ប្រទេស​ណា ដែល​មាន​ការ​រីកចម្រើន​ទៅមុខ ហើយ​លែង​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ក្រីក្រ (ឬប្រទេស​មានការ​អភិវឌ្ឍតិចតួច)។ រីឯ​ប្រទេស​ណា​ ដែល​នៅតែ​ជា​ប្រទេស​ក្រីក្រ ក៏ប៉ុន្តែ មិនបាន​គោរព​ទៅ​តាម​លក្ខខណ្ឌ​ រួមមាន​ដូចជា ការ​គោរព​សិទ្ធិកម្មករ ប្រជាធិបតេយ្យ ឬ​គោលការណ៍​ជា​មូលដ្ឋាន​ផ្សេងទៀត ដែល​មាន​ចែង​ក្នុង​អនុសញ្ញា​អន្តរជាតិ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អាច​នឹង​ត្រូវ​ព្យួរ​ជា​បណ្តោះអាសន្ន (Temporary withdrawal)។ នីតិវិធី​ព្យួរ​ជា​បណ្តោះអាសន្ន​នេះហើយ ដែល​សហភាព​អឺរ៉ុប​កំពុង​រៀបចំ​ធ្វើ នៅ​ក្នុង​ករណី​ប្រទេស​កម្ពុជា ហើយ​នីតិវិធី​នេះ​មាន នៅ​ក្នុង​ច្បាប់​ស្តីពី​​ប្រព័ន្ធ​អនុគ្រោះពន្ធ ចុះថ្ងៃទី២៥ តុលា ២០១២ (ជំពូក៥) ព្រមទាំង​កំណត់​យ៉ាង​លម្អិត​នៅ​ក្នុង​សេចក្តីសម្រេច​របស់​គណៈកម្មការ​អឺរ៉ុប តាមរយៈ​សេចក្តីសម្រេច​ចុះថ្ងៃ​ទី២៨ សីហា ២០១៣

ដើម្បី​ចាប់ផ្តើម​ជាផ្លូវការ​នូវ​ដំណើរការ​នីតិវិធី​ក្នុងការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​​នេះ គណៈកម្មការ​អឺរ៉ុប​​ត្រូវ​ចេញ​សេចក្តីសម្រេច​មួយ រួចហើយ​ត្រូវ​ជូន​ដំណឹង​អំពី​ការ​ចាប់ផ្តើម​នីតិវិធី​នេះ ទៅកាន់​សភា និង​ក្រុមប្រឹក្សា​អឺរ៉ុប ព្រមទាំង​ទៅកាន់​ប្រទេស​ដែល​គេ​ចង់​ព្យួរ​ប្រព័ន្ធអនុគ្រោះពន្ធ​នេះ (ក្នុងករណី​នេះ គឺ​កម្ពុជា)។ ដំណើរការ​នីតិវិធី​នេះ​ត្រូវ​ចំណាយ​ពេល​សរុប ១២ខែ ដោយ​ត្រូវ​​ចែកចេញ​ជា​ពីរ​ដំណាក់កាល។

ដំណាក់កាល​ទី១ គឺ​នៅ​ក្នុងរយៈពេល ៦ខែ រាប់ចាប់តាំង​ពី​ថ្ងៃ​ដែល​សេចក្តីសម្រេច​ចាប់ផ្តើម​នីតិវិធី​ព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធ​ត្រូវ​បាន​ចុះផ្សាយ​នៅ​ក្នុង​រដ្ឋកិច្ច​អឺរ៉ុប (Official Journal of the European Union) គណៈកម្មការ​អឺរ៉ុប​ត្រូវ​ធ្វើការ​តាមដាន ពិនិត្យ​ ប្រមែរប្រមូល​នូវ​រាល់​ព័ត៌មាន​ចាំបាច់​ ក្នុង​ការ​ចេញសេចក្តីសម្រេច​ថា​តើ​ត្រូវ​ព្យួរ ឬ​មិន​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ។ នៅ​ក្នុង​អំឡុង​ពេលនេះ គណៈកម្មការ​អឺរ៉ុប​មាន​កាតព្វកិច្ចត្រូវ​តែ​បើក​ទ្វា​ចំហ​ក្នុងការ​ជជែក​ជាមួយ​នឹង​ប្រទេស​ដែល​ជា​កម្មវត្ថុ​នៃ​នីតិវិធី​ព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធ។

ដំណាក់កាល​ទី២ ដែល​មាន​រយៈពេល ៦ខែ​ដែរ គឺ​ជា​ដំណាក់​កាល​នៃ​ការ​ចេញ​របាយការណ៍ និង​សេចក្តីសន្និដ្ឋាន ដើម្បី​ឈាន​ទៅ​ចេញ​សេចក្តីសម្រេច​ចុងក្រោយ។ ​នៅ​ក្នុង​ដំណាក់កាល​នេះគណៈកម្មការ​អឺរ៉ុប​ត្រូវ​រៀបចំ​ធ្វើ​របាយការណ៍​មួយ អំពី​អ្វី​ដែល​ខ្លួន​បាន​រកឃើញ នៅ​ក្នុង​រយៈពេល ៦ខែមុន។ របាយការណ៍​នេះ​ត្រូវ​បញ្ជូន​​ទៅ​ឲ្យ​ប្រទេសដែល​ជា​កម្មវត្ថុ​នៃ​នីតិវិធី​ព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធ នៅ​ក្នុង​រយៈពេល​យ៉ាងយូរ ៣ខែ រាប់ចាប់តាំង​ពីថ្ងៃ​ផុតកំណត់​នៃ​ដំណាក់កាល​ទី១ ដើម្បី​ឲ្យ​ប្រទេស​នេះ​អាច​ធ្វើការសិក្សា​​លើ​របាយការណ៍ ហើយ​មាន​សិទ្ធិឆ្លើយតប​ទៅកាន់​គណៈកម្មការ​អឺរ៉ុបវិញ ដោយ​ការ​ឆ្លើយតប​នេះ​ត្រូវ​ធ្វើឡើង នៅ​ក្នុង​រយៈពេល​យ៉ាងយូរ ១ខែ។

បន្ទាប់មក គណៈកម្មការ​អឺរ៉ុប​ត្រូវ​ចេញ​សេចក្តីសម្រេច​ព្យួរ ឬ​មិន​ព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធ ហើយ​សេចក្តីសម្រេច​នេះ​ត្រូវ​ធ្វើឡើង​​ដោយ​សំឡេង​ភាគច្រើន ក្នុង​ចំណោម​សមាជិក​ទាំង ២៧ នៃ​គណៈកម្មការអឺរ៉ុប។

ប្រសិនបើ​គណៈកម្មការ​សម្រេច​មិនព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធទេនោះ នីតិវិធី​ត្រូវ​បិទបញ្ចប់​ត្រឹមនេះ។ ប្រសិនបើ​គណៈកម្មការ​សម្រេច​​ព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធ សេចក្តីសម្រេច​នេះ​​ក៏​នៅ​មិនទាន់​អាច​ចូល​ជា​ធរមាន​បាន​ភ្លាមៗ​នោះដែរ ពីព្រោះ​ថា យោងតាម​មាត្រា ២៩០ នៃ​សន្ធិសញ្ញា​សហភាព​អឺរ៉ុប (សន្ធិសញ្ញា​ក្រុង​លីសបោន) សេចក្តីសម្រេច​របស់​គណៈកម្មការ​អឺរ៉ុប ដែល​ធ្វើឡើង​តាម​នីតិវិធី​ប្រតិភូកម្មអំណាច (Règlement délégué/Delegated regulation) អាច​ចូល​ជា​ធរមាន​បាន លុះត្រាតែ​គ្មាន​ការ​ជំទាស់​ពី​សំណាក់​សភា ឬ​ក្រុមប្រឹក្សា​អឺរ៉ុប។

ដើម្បី​អាច​ជំទាស់នឹង​សេចក្តីសម្រេច​របស់​គណៈកម្មការ​បាន សភា​ត្រូវការ​នូវ​សំឡេង​ភាគច្រើន​ដាច់ខាត ចំណែក​ក្រុមប្រឹក្សា​អឺរ៉ុបវិញ​ត្រូវការ​សំឡេង​ភាគច្រើន ដែល​គោរព​ទៅ​តាម​លក្ខខណ្ឌ​ចំនួន​ពីរ គឺ ៥៥% នៃ​ប្រទេស​ជា​សមាជិក​គាំទ្រ ហើយ​ប្រទេសដែល​គាំទ្រ​នេះ​ត្រូវ​មាន​ចំនួន​ប្រជាជន​បូក​បញ្ចូល​គ្នា​ស្មើនឹង ៦៥% នៃ​ចំនួន​ប្រជាជន​សរុប​របស់​សហភាព​អឺរ៉ុប​ទាំងមូល។

យោងតាម​នីតិវិធី ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​ស្តីពី​ការ​បង្កើត​ប្រព័ន្ធ​អនុគ្រោះពន្ធ ប្រសិនបើ​ សភា​អឺរ៉ុប ឬ​ក្រុមប្រឹក្សា​អឺរ៉ុប​សម្រេច​មិនជំទាស់ ឬ​មិន​អាច​រក​សំឡេង​ភាគច្រើន​ ដើម្បី​ជំទាស់​នឹង​សេចក្តីសម្រេច​របស់​គណៈកម្មការ​អឺរ៉ុប​បានទេ ការព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធ​នឹង​ត្រូវ​ចូល​ជាធរមាន ៦ខែ រាប់ចាប់​ពីថ្ងៃ​ដែល​​គណៈកម្មការ​អឺរ៉ុប​អនុម័ត​សេចក្តីសម្រេច​ព្យួរប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ