ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/09 12h00 GMT
អាស៊ី

អឺរ៉ុប​ចុះ​​ហត្ថលេខាលើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​វៀតណាម​នៅ​ថ្ងៃ​អាទិត្យនេះ​

media  
តំណាងគណៈប្រតិភូសហគមន៍អ៊ឺរ៉ុបលោកស្រី Cecilia Malmstrom និងរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh ក្នុងពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅទីក្រុងហាណូយ ប្រទេសវៀតណាមនាថ្ងៃទី ៣០ ខែមិថុនា។ REUTERS/Kham

សហភាពអឺរ៉ុប គ្រោងចុះហត្ថលេខា លើកិច្ចព្រមព្រៀងលុបចោលនូវរាល់ពន្ធគយ ស្ទើរតែទាំងអស់ លើការដោះដូរពាណិជ្ជកម្ម ជាមួយនឹងប្រទេសវៀតណាម នៅថ្ងៃអាទិត្យនេះ។ នេះបើតាមការប្រកាសឲ្យដឹង របស់គណៈកម្មការសហភាពអឺរ៉ុបនាដើមសប្តាហ៍នេះ។

តាមពិតទៅ កិច្ចព្រមព្រៀងខាងលើ ត្រូវបានដំណើរការចរចា តាំងតែពីខែធ្នូ ឆ្នាំ ២០១៥ មកម្ល៉ោះ ប៉ុន្តែសមាជិកសហភាពអឺរ៉ុប ទើបតែសម្រេចយល់ព្រមលើកិច្ចព្រមព្រៀងនេះ នាថ្ងៃពុធទី ២៥ មិថុនា ឆ្នាំ២០១៩។

កិច្ចព្រមព្រៀងនេះ ត្រូវចុះហត្ថលេខាជាផ្លូវការ នៅថ្ងៃអាទិត្យ ទី៣០ មិថុ​នា នេះ នៅក្នុងទីក្រុងហាណូយ ហើយគេរំពឹងថា សភាអឺរ៉ុបនឹងផ្តល់សច្ចាប័ន លើកិច្ចព្រមព្រមផ្តោះប្តូរពាណិជ្ជកម្មសេរី រវាងសហភាពអឺរ៉ុប និងប្រទេសវៀតណាម​ នាចុងឆ្នាំ ២០១៩ នេះផងដែរ។

កិច្ចព្រមព្រៀងថ្មីនេះ ធ្វើឡើងក្នុងគោលបំណង៣សំខាន់ៗ ដែលទី១ នោះគឺដើម្បីបង្កើននូវផលប្រយោជន៍សេដ្ឋកិច្ច ទាំងរបស់បណ្តាប្រទេសសហភាពអឺរ៉ុប និងប្រទេសវៀតណាម។ ទី២ ដើម្បីបង្កើននូវការគោរពសិទ្ធិមនុស្ស និងទី៣ ដើម្បីចូលរួមការពារបរិស្ថាន បូករួមទាំងសិទ្ធិរបស់ពលករ។

ទាក់ទងរឿងនេះដែរ ប្រធានផ្នែកទទួលបន្ទុកកិច្ចការពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប គឺលោកស្រី Cecilia Malmstrom ដែលកំពុងមានវត្តមាននៅក្នុងទីក្រុងហាណូយ ធ្លាប់បានលើកឡើងថា លោកស្រីពិតជាត្រេកអរខ្លាំងណាស់ ដែលបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប យល់ព្រមបើកភ្លើងខៀវ ចំពោះកិច្ចព្រមព្រៀងមួយនេះ។

លោកស្រីបានបន្ថែមថា វៀតណាម គឺជាប្រទេសដែលមានសក្តានុពលសេដ្ឋកិច្ចរស់រវើក ដោយមានចំនួនប្រជាជនច្រើនជាង ៩៥ លាននាក់។ លោកស្រីថា ទាំងសហភាពអឺរ៉ុប និងទាំងប្រទេសរៀតណាម នឹងទទួលបានផលប្រយោជន៍យ៉ាងច្រើន ពីកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មសេរីរវាងគ្នា។

ដូចគ្នាអីចឹងដែរ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh បានលើកឡើងថា តាមរយៈកិច្ចព្រមព្រៀងនេះ អ្នកវិនិយោគអឺរ៉ុប នឹងទទួលមានគុណប្រយោជន៍ ក្នុងការបណ្តាក់ទុននៅវៀតណាម។ វៀតណាម ដែលលោកថា ជាប្រទេសកំពុងមានសេដ្ឋកិច្ចរីកចម្រើន។

គួររំឭកជូនថា វៀតណាម គឺជាប្រទេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ទី២ ដែលជាដៃគូសេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុប បន្ទាប់ពីប្រទេសសិង្ហបុរី។ ការផ្តោះប្តូរពាណិជ្ជកម្មមុខទំនិញរវាងប្រទេសវៀតណាម និងអឺរ៉ុប មានតម្លៃទឹកប្រាក់ប្រមាណជា ៥៧ លានដុល្លារ និងមានតម្លៃប្រមាណជា ៤ លានដុល្លារ សម្រាប់សេវា៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ