ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT

តើ​ប្រទេសចិន​ ពិតជា​ចោរ​លួច​បច្ចេកវិទ្យា​ពី​សហរដ្ឋអាមេរិក​មែន​ឬយ៉ាងណា​?

តើ​ប្រទេសចិន​ ពិតជា​ចោរ​លួច​បច្ចេកវិទ្យា​ពី​សហរដ្ឋអាមេរិក​មែន​ឬយ៉ាងណា​?
 
ប្រធានធិបតីដ៏មានអំណាចចិនគឺលោកស៊ី ជីនពីង REUTERS/Thomas Peter/Pool

អស់​រយៈពេល​ជាច្រើនឆ្នាំ​មកហើយ​ ដែល​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ ចោទប្រកាន់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ ថាបាន​ប្រើ​កលល្បិចផ្សេងៗ​ ដើម្បី​លួចយក​អាថ៌កំបាំង​បច្ចេកវិទ្យា​សម្ងាត់​សំខាន់ៗ​ពីអាមេរិក​។ ផ្ទុយទៅវិញ​ ក៍​អស់រយៈពេល​ជាច្រើនឆ្នាំហើយដែរ​ ដែល​រដ្ឋាភិបាល​ចិន​ បាន​បដិសេដ​យ៉ាងក្រេវក្រោធ​ ចំពោះ​ការចោទ​របស់អាមេរិក​ ហើយ​ចិន​ធ្លាប់ទាំងបាន​បោះសម្តី​ឲ្យ​អាមេរិក​ ផ្តល់​ភស្តុតាង​ពិតជាក់ស្តែង​ ទាក់ទិននឹង​ការ​ចោទប្រកាន់​នេះទៀតផង​។

ដូច្នោះហើយ​ តើ​សហរដ្ឋអាមេរិក​ ចោទ​ចិន​ថា​បានលួច​បច្ចេកវិទ្យា​អ្វីខ្លះ​ពី​ខ្លួន​? ហើយតើ​ ចិន​អាចលួចយក​បច្ចេកវិទ្យា​ទាំងនោះ​ បាន​តាម​របៀបណា​ខ្លះទៅ​?

. តើ​ប្រទេស​ចិន​ លួច​បច្ចេកវិទ្យា​អ្វីខ្លះ​ពី​សហរដ្ឋអាមេរិក​?

អស់​រយៈពេល​ជាច្រើនឆ្នាំ​មកហើយ​ ដែល​ក្រុមហ៊ុន​អាមេរិក​មួយចំនួន​បានត្អូញត្អែរ​ថា​រដ្ឋាភិបាលចិន​ ខិតខំ​រិះរក​មធ្យោបាយ​ជាច្រើន​ ដើម្បី​ទាញយកឲ្យបាន​ នូវ​ការណ៍​សម្ងាត់​ ពីក្រុមហ៊ុន​ទាំងនោះ​។ សម្រាប់​សហរដ្ឋអាមេរិក​ បញ្ហា​ពាណិជ្ជកម្ម​សំខាន់បំផុត​ជាមួយ​ប្រទេសចិន​នាពេលបច្ចុប្បន្ន​នេះ​ គឺ​ពាក់ព័ន្ធ​នឹង​ការលួចផ្ទេរ​បច្ចេកវិទ្យា​ដែល​រួមមាន​លើវិស័យ​យោធា​ ថាមពល​ ឧស្សាហកម្ម​ផលិត​បញ្ញាសប្បនិម្មិត​ រថយន្ត​ និង​ទូរសព្ទ​ជាដើម​។

នៅត្រង់ចំណុចនេះ​ គេគួរដឹងថា​ នយោបាយ​ដំឡើងពន្ធគយ​របស់​សហរដ្ឋអាមេរិក​ ទៅលើ​មុខទំនិញ​របស់​ចិន​នាពេលនេះ​ ដើមហេតុ​ដំបូង​គឺ​វា​ដរចេញពី​ការលួចបច្ចេកវិទ្យា​ និង​ព័ត៌មាន​សម្ងាត់​នានា​របស់​អាមេរិក​នេះឯង​។

ដើម្បី​ឆ្លើយតបនឹង​ទង្វើ​របស់ចិន​នេះ​ រដ្ឋាភិបាល​អាមេរិក​ ដឹកនាំ​ដោយ​លោកប្រធានាធិបតី​ដូណាល់​ ត្រាំ​ កាលពីខែមីនា​ ឆ្នាំ២០១៨​ កន្លងទៅថ្មីៗ​នេះ​ ក៏​បាន​ដាក់ពាក្យ​ផ្តឹង​ទៅកាន់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ផងដែរ​ ដើម្បីប្រឆាំងទៅនឹង​រដ្ឋាភិបាល​ចិន​ ដែល​បាននិងកំពុង​បន្តលួច​បច្ចេកវិទ្យា​របស់​អាមេរិក​យ៉ាងគឃ្លើន​។

ដោយឡែក​ បើតាម​ក្រុម​អ្នកជំនាញ​ផ្នែក​ពាណិជ្ជកម្ម​អាមេរិក​ ការលួច​ចម្លង​កម្មសិទ្ធិបញ្ញា​របស់​ចិន​ពីអាមេរិក​ មានតម្លៃ​ទឹកប្រាក់​ចន្លោះពី​ ២២៥​ពាន់លាន​ដុល្លារ​ រហូតដល់​ ៦០០ពាន់​លានដុល្លារ​ ជារៀងរាល់ឆ្នាំ​។

. វិធី​ដែល​ចិន​ប្រើដើម្បី​ទទួលបាន​បច្ចេកវិទ្យា​សម្ងាត់​ពីអាមេរិក​

គួរ​កត់សម្គាល់​ថា​ ការ​លួច​ផ្ទេរ​បច្ចេកវិទ្យា​របស់ចិន​ ត្រូវ​គេជឿថា ​បានធ្វើឡើង​ជាច្រើន​រូបភាព​ និង​ត្រូវបានគេ​រៀបចំឡើង​យ៉ាងម៉ត់ចត់​ជាទីបំផុត​។ ការនេះ​ វា​បាន​បង្កជាក្តីកង្វល់​កាន់តែខ្លាំងឡើងៗ​ សម្រាប់​ក្រុមហ៊ុន​អាមេរិក​ ជាពិសេស​ក្រុមហ៊ុន​ផ្នែក​បច្ចេកវិទ្យា​។

ដោយឡែក​ ក្រុមហ៊ុន​របស់​អាមេរិក​មួយចំនួន​ដែល​កំពុងមាន​វត្តមាន​ក្នុង​ប្រទេសចិន​ បានសុខចិត្ត​ទទួលយក​លក្ខខណ្ខ​របស់​រដ្ឋាភិបាល​ទីក្រុងប៉េកាំង​ ដោយ​ពួកគេ​សម្លឹងឃើញ​ពីផលប្រយោជន៍​ ដែល​អាចទាញយកពី​សក្តានុពល​សេដ្ឋកិច្ច​ដ៏ធំ​និងក្លៀវក្លា​របស់ចិន​ ដែលមាន​ចំនួន​ប្រជាជន​ដ៏ច្រើន​ គឺ​រហូតដល់​ ១,៣​ ពាន់លាននាក់​។

.១ ការចាប់ដៃគូគ្នា​របស់​ក្រុមហ៊ុនបរទេស​ និង​ក្រុមហ៊ុន​ក្នុងស្រុកចិន​

បើនិយាយពី​វិធីសាស្ត្រ​ដែល​ប្រទេសចិន​ ប្រើ​ក្នុងការ​ក្រសោបយក​ចំណេះដឹង​ និង​បច្ចេកវិទ្យា​សម្ងាត់ពី​ក្រុមហ៊ុន​អាមេរិកវិញ​ គេ​មើលឃើញថា​ វិធីសាស្ត្រ​ ”ចាប់ដៃគូគ្នា​” គឺជា​វិធីសាស្ត្រ​ចំបងមួយ​ ដែល​ប្រទេសចិន​កំពុងអនុវត្ត​។ និយាយ​ឲ្យងាយស្តាប់​នោះគឺថា​ រាល់ក្រុមហ៊ុន​បរទេស​ ត្រូវ​សហការណ៍​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុកចិន​ ហើយ​ត្រូវ​ចែករំលែក​បច្ចេកវិទ្យា​របស់ខ្លួន​ ទៅឱ្យ​ក្រុមហ៊ុនចិន​ដែលជាដៃគូ​ ជាលក្ខខណ្ឌ​ដើម្បីអាច​ចូលរកស៊ី​ក្នុងទីផ្សារ​របស់ចិនបាន​។

គួរ​ជម្រាបជូនថា​ គោលនយោបាយ​របស់រដ្ឋាភិបាលទីក្រុង​ប៉េកាំងនេះ​ ត្រូវបាន​ហាមឃាត់​ដោយ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ហើយ​គោលនយោបាយ​បែបនេះ​ ក្រៅពីចិន​ មិនមាន​បណ្តា​ប្រទេសដទៃ​ណាបន្ត​អនុវត្តទៀត​នោះទេ​។

.២ ការចែករំលែក​អាជ្ញាប័ណ្ណ​

មួយវិញទៀត​ ច្បាប់ថ្មី​របស់ចិន​ បាន​ទាមទារ​ឱ្យក្រុមហ៊ុន​ ដែល​ប្រតិបតិ្តការ​ ផ្ទុកទិន្នន័យ​តាម​ប្រព័ន្ធអ៊ីនធឺណិត​ (cloud-computing operations) ផ្តល់សិទ្ធិឲ្យ​ចិន​អាចកាន់កាប់​ទិន្នន័យ​ទាំងឡាយ​របស់​ក្រុមហ៊ុន​ទាំងនោះ​បាន​ ជាក់ស្តែង​ ដើម្បីអាច​វិនិយោគនៅក្នុង​ដែនដី​ចិនបាន​ ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏ធំ​និង​ល្បីល្បាញ​របស់អាមេរិក​គឺក្រុមហ៊ុន​ Apple​ និង​ក្រុមហ៊ុន​ Amazon​ សុខចិត្ត​គោរពតាម​គោលនយោបាយ​របស់​អាជ្ញាចិន​ ដោយឯកភាព​ប្រគល់​ទិន្នន័យ​របស់ខ្លួន​ទៅឲ្យ​ក្រុមហ៊ុនចិន​ក្នុងស្រុក​។

បន្ថែមលើនេះ​ មន្រ្តីចិន​ក៏បាន​ដាក់សម្ពាធ​ក្រុមហ៊ុន​បរទេស​ ឱ្យផ្តល់​លទ្ធភាព​ឱ្យ​ពួកគេ​អាច​ទទួលបាន​បច្ចេកវិទ្យា​នាំមុខថ្មីៗ​ ពី​ក្រុមហ៊ុន​ទាំងនោះ​ផងដែរ​ ដោយ​អះអាងថា​ នេះ​ជាផ្នែកមួយ​នៃ​ដំណើរការ​ត្រួតពិនិត្យ​ ដើម្បីធានាថា​ ផលិតផល​ទាំងនោះ​មាន​សុវត្ថិភាព​សម្រាប់​អតិថិជនចិន​។

.៣ វិធីសាស្ត្រ​ប្រមូល​ទិញយក​

សព្វថ្ងៃនេះ​ រដ្ឋាភិបាលចិន​សម្បូរលុយ​ ក្រុមហ៊ុនចិន​ជាច្រើន​ក៏​សម្បូរលុយ​ក្នុងការ​ដាក់ទុន​វិនិយោគ​ដែរ​។ ប្រសិនបើ​ ចិន​មិនអាចស្វែងរក​ ឬក៍​ប្រមូល​បានព័ត៌មានសំខាន់​ទាក់ទងនឹង​បច្ចេកវិទ្យាអ្វីមួយ​ដែលខ្លួន​ចង់បាន​នោះទេ​ ចិន​នឹងធ្វើដំណើរ​ទៅរកវា​ដោយខ្លួនឯង​ តាមរយៈ​យុទ្ធសាស្ត្រ​ដើរប្រមូលទិញយក​។

ជាក់ស្តែង​ តាមការ​ចុះផ្សាយ​របស់​កាសែត​ The New York Times​ កាលពី​ខែមីនា​ ឆ្នាំ២០១៨​កន្លងទៅ​ មានរបាយការណ៍​ចោទប្រកាន់​រដ្ឋាភិបាលចិន​ថា​ បាន​បញ្ជាឱ្យ​ក្រុមហ៊ុន​ឯកជនចិន​ ប្រមូលយក​ចំណេះជំនាញ​ពីអាមេរិក​ តាមរយៈ​ការទិញយក​ក្រុមហ៊ុន​ និង​ភាគហ៊ុន​របស់​ក្រុមហ៊ុន​អាមេរិក​។ តែ​ទោះជាបែបនេះក្តី​ ក្រុមហ៊ុនចិន​ទាំងនោះ​បានអះអាង​ថា​ ពួកគេ​មិនមាន​ទំនាក់ទំនង​អ្វីឡើយ​ ជាមួយ​រដ្ឋាភិបាល​ចិន​។

.៤ ចោរកម្មតាមអ៊ីនធឺណិត

មួយវិញទៀត​ ចោរកម្ម​តាម​ប្រព័ន្ឋអ៊ីនធឺណិត​ ក៏ត្រូវបាន​ក្រុមហ៊ុនអាមេរិក​ជាច្រើន​ អះអាង​ថា​ក្រុមចារកិច្ចចិន​បាន​ប្រើ​ដើម្បីលួចយក​ទិន្នន័យ​អាថ៌កំបាំង​របស់ខ្លួនដែរ​។ វីធីសាស្ត្រនេះ​ ត្រូវចិន​ប្រើជាច្រើនឆ្នាំ​មកហើយ​ ជាពិសេស​ក្នុង​វិស័យថាមពល​ដើរដោយ​កម្លាំងខ្យល់​ (Wind turbine) ហើយ​កាលពីសម័យ​គ្រប់គ្រងរដ្ឋ​របស់​លោកអូបាម៉ា​ រដ្ឋាភិបាល​អាមេរិក​ធ្លាប់បាន​ចោទប្រកាន់​មន្ត្រីយោធាចិន​ចំនួន៥​នាក់ផងដែរ​ ពីបទ​ចូលរួម​ក្នុងចោរកម្ម​។

សូមជម្រាបជូនថា​ ទោះជា​មានការចោទប្រកាន់​ជាច្រើនឆ្នាំយ៉ាងណាក្តី​ពីសំណាក់​រដ្ឋាភិបាល​ទីក្រុងវ៉ាស៊ីនតាន​ ក៏​រដ្ឋាភិបាលចិន​នៅតែ​បន្ត​បដិសេធ​ថា​មិនបានលួច​បច្ចេកវិទ្យា​ពី​អាមេរិកឡើយ​។ ដោយឡែក​ រហូតមកដល់ពេលនេះ​អង្គការពាណិជ្ជកម្មពិភពលោក​ ក៏នៅមិនទាន់​បានកាត់សេចក្តី​នៅឡើយ​ទេថា ​ភាគីខាងត្រូវ​ភាគីណាខុស​ ជុំវិញ​បណ្តឹង​របស់​អាមេរិក​ ដែលចោទថា​ចិន​គឺជាចោរ​បច្ចេកវិទ្យា​៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ