ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/06 12h00 GMT

អតីត​ប្រធានាធិបតី​អាមេរិក​លោក​George Bush ទទួល​មរណភាព​នៅ​ក្នុង​វ័យ​៩៤​ឆ្នាំ

អតីត​ប្រធានាធិបតី​អាមេរិក​លោក​George Bush ទទួល​មរណភាព​នៅ​ក្នុង​វ័យ​៩៤​ឆ្នាំ អតីតប្រធានាធិបតីលោក George H.W. Bush REUTERS/Rick Wilking

    អតីត​ប្រធានាធិបតី​អាមេរិក​លោក George Herbert Walker Bush បាន​ទទួល​មរណភាព​នៅក្នុង​វ័យ​៩៤ ឆ្នាំ កាលពី​យប់ថ្ងៃសុក្រ​ទី៣០​ វិច្ឆិកា​ម្សិលមិញ​នេះ​។ ដំណឹង​នៃ​មរណភាព​របស់​លោក​ George Bush ដែល​ជាបុគ្គល​ធ្លាប់​កសាង​ស្នាដៃ​ជាច្រើន​ សម្រាប់ប្រទេស​​អាមេរិក​រូប​នេះ​ បាន​ធ្វើឲ្យ​ប្រជាជន​ ជា​ពិសេស​អ្នកនយោបាយ​អាមេរិក​ និង​មេដឹកនាំ​នៃ​បណ្តាប្រទេស​ដ៏ទៃទៀត​ក្នុងពិភពលោក​ មានការ​សោកស្តាយ​ជាខ្លាំង​។

    ជីវ​ប្រវត្តិ​សង្ខេប​របស់​លោក​ George H.W. Bush

    អតីត​ប្រធានាធិបតី​អាមេរិក​ លោក​ George Bush គឺជា​ប្រធានាធិបតី​អាមេរិក​ទី៤១​ ដឹកនាំ​ប្រទេស​ក្នុង​ចន្លោះឆ្នាំ​១៩៨៩​ ដល់​ឆ្នាំ១៩៩៣​។ រឿង​ដ៏គួរ​ឲ្យកត់សម្គាល់​ផងដែរ​នោះគឺ​ថា​ អាណត្តិ​គ្រប់គ្រង​រដ្ឋ​របស់​លោក​George Bush គឺ​ស្ថិតនៅ​ចុងបញ្ចប់​នៃ​សង្រ្គាម​ត្រជាក់​ រវាង​មនោគមន៍វិជ្ជា​សេរី​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​ និង​មនោគមន៍វិជ្ជា​កុម្មុនីយ​របស់​សហភាព​សូវៀត​។

    លោក​George​ Bush កើតក្នុង​ថ្ងៃទី១២​ ខែ មិថុនា​ ឆ្នាំ១៩២៤​ ក្នុងរដ្ឋ ​Massachusetts​។ ឪពុក​ម្តាយ​របស់​លោក​ George Bushជា​អ្នក​មាន​ជីវភាព​ធូរធារ​ ហើយ​ឪពុក​របស់​លោក​ក៏ជា​អ្នកនយោបាយ​មួយរូប​ផងដែរ​ ដោយ​មាន​តួនាទី​ជា​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ នា​សម័យ​នោះ​។

    នៅពេល​ដែល​លោក​ចំរើន​វ័យ​ដល់​អាយុ​ ១៨​ ឆ្នាំ​ លោក​ត្រូវ​បាន​គេ​ល្បី​ឈ្មោះ​ ដោយសារ​តែ​លោកជាប់​ឈ្មោះជា​មន្រ្តី​វ័យក្មេង​បំផុត​ របស់​សហរដ្ឋ​អាមេរិក​ ដែល​មាន​តួនាទី​ បញ្ជាការ​ទម្លាក់គ្រាប់​បែកពី​លើ​យន្តហោះ​។

    លោក​George​ Bushរៀន​ផ្នែក​សិល្បៈ ប៉ុន្តែ​លោក​បានស្ម័គ្រចិត្ត​ចូលបំរើ​ជាកងទ័ព​ជើងទឹក​អាមេរិក​។ ទន្ទឹមគ្នានោះ​ លោកក៏​បានហ្វឹកហាត់​ ជាអ្នក​បើក​ជិះយន្ដហោះ​ផងដែរ​។ មួយវិញ​ទៀត​ ក្នុង​ពេល​បំពេញ​បេសកកម្ម​នៅ​តំបន់​ប៉ាស៊ីហ្វិក​ គឺ​លោកGeorge Bushនេះហើយ ​ដែល​ជា​អ្នក​បាន​រកឃើញ​ និង​ដឹង​អំពី​សកម្មភាព​ប្រឆាំង​របស់​ជប៉ុន​ទៅនឹង​អាមេរិក​ ក្នុង​អំឡុង​សម័យ​សង្គ្រាម​លោក​លើក​ទី២​។ ក្នុង​ពេលនោះ​ លោក​ត្រូវបាន​ជន​មិនស្គាល់មុខ​ លប​បាញ់​សម្លាប់​ ប៉ុន្តែ​ជាសំណាងល្អ​លោក​ត្រូវបាន​គេ​ជួយសង្គ្រោះ​ទាន់ពេលវេលា​។

    នៅក្នុង​ឆ្នាំ​១៩៤៥​ លោក​George Bushបាន​រៀបចប់​ថ្នាក់បរិញ្ញាប័ត្រ​សិល្បៈ​។ ហើយ​នៅ​ក្នុងឆ្នាំ​ ១៩៤៥​ នេះដែរ​ លោក​Bush​ បាន​រៀបការ​ជាមួយ​លោកស្រី​ Barbara​ Pierce ​ដែល​កាលនោះ​មានវ័យ​ ១៨​ ឆ្នាំ​។ ជីវិត​អាពាហ៍ពិពាហ៍​របស់​ពួកគាត់​ជា​ជីវិតគូរ​ដ៏រឹងមាំ​ គឺ​មាន​រយៈពេល​ ៧២​ ឆ្នាំ​ ហើយ​មាន​ចំណងដៃ​កូន​ចំនួន​ប្រាំមួយនាក់​ ដែល​ក្នុងនោះ​ក៏​មាន​ផងដែរ​អតីត​ប្រធានាធិបតី​អាមេរិក​លោក​George​ W. Bush ដែល​ជា​ប្រធានធិបតី​អាមេរិក​ទី​ ៤៣​ និង​ធ្លាប់​បានដឹកនាំ​ប្រទេសពី​ឆ្នាំ​ ២០០១​ ដល់​ ឆ្នាំ​២០០៩​។

    បន្ទាប់មកទៀត​ នៅក្នុងឆ្នាំ​ ១៩៦៧​ លោក​ George Bushបាន​បោះជំហាន​ចូល​ប្រលូក​ក្នុងវិស័យ​នយោបាយ​ ដោយ​បម្រើការ​ជា​សមាជិក​គណបក្ស​សាធារណរដ្ឋ​នៃ​សភា​តំណាងរាស្ត្រ​អាមេរិក​នៅ​រដ្ឋ​តិចសាស់​រយៈពេល​ពីរ​អាណត្តិ​។ មិន​តែប៉ុណ្ណោះ​ លោក​មាន​បទពិសោធន៍​ធ្វើការ​ជាច្រើន​ ក្នុង​ឆាក​នយោបាយ​អាមេរិក​ ហើយ​រឿង​ដែល​គេ​កត់សម្គាល់​ជាង​គេ​នោះគឺ​ នៅចន្លោះ​ឆ្នាំ​ ១៩៨១​-១៩៨៩​ លោក​បាន​ធ្វើជា​អនុប្រធាន​សហរដ្ឋអាមេរិក​រយៈពេល​ពីរអាណត្តិ​ ក្រោម​ការ​ដឹកនាំ​ប្រទេស​របស់​ លោក​រ៉ូណាល់រីហ្គិន​។

    ហើយ​នៅទីបំផុត​ទៅ​ លោក​ George​ Bushក៏បាន​ឡើង​កាន់ដំឡែង​ជា​ប្រធានាធិបតី​អាមេរិក​នៅក្នុង​ឆ្នាំ​១៩៨៩​ ដល់ឆ្នំា​ ១៩៩៣​។

    ស្នាដៃ​ដឹកនាំ​របស់​លោក​George​ Bush​

    តាមពិតទៅ​ លោក​George​ Bushជា​ចំណែក​មួយ​ដ៏​សំខាន់​ ជួយ​ឲ្យ​លោក​សេរី​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​ យកឈ្នះ​ទៅលើ​លោក​កុម្មុយនីស​ដឹកនាំ​ដោយ​សហភាព​សូវៀត​ក្នុង​ឆ្នាំ​១៩៩១​។ មួយវិញទៀត​ លោក​ត្រូវ​បាន​គេ​កោតសរសើរ​ស្ញប់ស្ញែង​ជាពិសេស​ផងដែរ​ ពីព្រោះថា​ដោយសារ​ក្រោម​ការដឹកនាំ​របស់​លោក​ សង្គ្រាម​ត្រជាក់​ដែល​បាន​អូសបន្លាយ​រហូតដល់​ទៅ​ប្រមាណជា​ ៤៥​ ឆ្នាំ​ ត្រូវ​បាន​បញ្ចប់​នៅទីបំផុតទៅ​នា​ឆ្នាំ​ ១៩៩១​ ដោយ​គ្មានការ​បង្ហូរឈាម​។

    ជាមួយគ្នានេះ​ សមិទ្ធិផល​ដ៏សំខាន់​ដែល​ប្រសូត​ចេញពី​ការ​ដឹកនាំ​របស់​លោក​ George​ Bushគឺ​នៅក្នុង​ខែសីហា​ ឆ្នាំ​ ១៩៩០​ លោក​បាន​ដឹកនាំ​ក្រុមសម្ព័ន្ធ​អន្តរជាតិ​ចម្រុះ​ចំនួន៣២​ប្រទេស​ ដើម្បី​ប្រឆាំងនឹង​ការឈ្លានពាន​របស់​ប្រទេស​អ៊ីរ៉ាក់​ នៃ​របប​លោក​សាដាម​ហ៊ូសេន​ ទៅលើ​ប្រទេស​គូវ៉ែត​។ ហើយ​ដែល​កាលណោះ​ ក្រោម​ការ​ដឹកនាំ​របស់​លោក ​ក្រុមសម្ព័ន្ធ​អន្តរ​ជាតិចម្រុះ​ដឹកមុខ​ដោយ​សហរដ្ឋអាមេរិក​ បាន​ជួយ​រំដោះ​ប្រទេស​គូវ៉ែត​នៅខែ​កុម្ភៈ​ ឆ្នាំ​ ១៩៩១​។

    គួរជ្រាបទៀតថា​ ទោះបីជា​លែង​កាន់តំណែង​ជា​ប្រធានាធិបតី​យ៉ាងណាក្តី​ ក៏លោក​George Bush​ នៅតែ​បន្ត​បេសកកម្ម​ជួយសង្គម​ និង​ពិភព​លោក​ជាច្រើន​។ ជាក់សែ្តង​ លោក​បានចូលរួម​ជួយ​ក្នុង​សកម្មភាព​សប្បុរសធម៌​ ជាមួយអតីតប្រធានាធិតីអាមេរិក​លោក​ Bill Clinton ​ដើម្បី​រៃអង្គាស​មូលនិធិ​សម្រាប់​ជួយដល់​ជនរងគ្រោះ​ ដោយសារ ​រលក​យក្ស​ស៊ូណាមិ​នៅ​អាស៊ី​ក្នុង​ឆ្នាំ​ ២០០៤​ និង​គ្រោះរញ្ជួយដី​នៅ​ហៃទី​នាឆ្នាំ​២០១០​។

    ដោយសារតែ​ ទឹកចិត្ត​សប្បុរស​របស់​លោក​George Bush មាន​ច្រើនដូច្នោះ​ហើយ​ ទើបនៅ​ឆ្នាំ ២០១១​ លោក​អូបាម៉ា​ដែល​កាលនោះ​នៅ​កាន់​តួនាទី​ជា​ប្រធានាធិបតី​អាមេរិក​ បាន​ប្រគល់​ពាន់រង្វាន់​មេដាយ​នៃ​សេរីភាព​របស់​ប្រធានាធិបតី​ ដល់លោក​ Bush ​។

    ប្រតិកកម្មមេដឹកនាំអាមេរិក និងមេដឹកនាំពិភពលោកជុំវិញមរណភាពរបស់លោក​Bush

    ដំណឹង​នៃ​មរណភាព​របស់​ លោក​ George Bush បានធ្វើឲ្យ​ អ្នកនយោបាយ​អាមេរិក​ និង​មេដឹកនាំ​ប្រទេសផ្សេងៗ​ទៀត​ភ្ញាក់ផ្អើល​ និង​សោកស្តាយ​ជាខ្លាំង​។

    ជាក់ស្តែង​ ថ្លែងចេញ​ពី​ប្រទេស​អាហ្សង់ទីន​ ជាទី​ដែល​លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់​ ត្រាំ​ កំពុង​ចូលរួម​ក្នុងកិច្ច​ប្រជុំ​កំពូល​ G20​ លោកត្រាំ​បាន​លើក​សរសើរ​អំពី​ ភាព​ជាមេដឹកនាំល្អ​ប្រកប​ដោយ​ការវិនិច្ឆ័យខ្ពស់​របស់​លោក​ Bush​ ដែល​ជា​គំរូ​ល្អ​សម្រាប់​សង្គម​អាមេរិក​។

    ជាមួយគ្នានេះដែរ​ អតីត​ប្រធានាធិបតី​អាមេរិក​លោកអូបាម៉ា​ និង​ភរិយា​លោកស្រី​ មីឆែល​ អូបាម៉ា​ ក៏បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយដែរថា​ អាមេរិក​បាន​បាត់បង់​ អ្នក​ស្នេហាជាតិ​ និង​អ្នកបំរើជាតិ​ដ៏​ស្មោះស័្មគ្រម្នាក់​ ដូចជា​លោក​ George Bush ​។ លោក​អូបាម៉ា​ និងភរិយា ​សង្កត់ធ្ងន់ថា​ ពួកគាត់​ពិតជា​ស្លុតចិត្ត​ នៅពេល​បានឮ​ដំណឹង​នៃ​មរណភាព​របស់​លោក​ George Bush ហើយ​ថា​នឹង​ចងចាំ​ក្នុងចិត្តជានិច្ច​ចំពោះ​ ការពលី​ទាំងឡាយ​ដែល​លោក​ Bush​ បានធ្វើ​សម្រាប់​ប្រជាជាតិ​អាមេរិក​ នា​ពេលកន្លងមក​។

    ដូចគ្នានេះដែរ​ អតីត​មេដឹកនាំ​សូវៀត​លោក​មីខាល​ហ្គោបាឆូវ​ បាន​និយាយថា​រូបលោក​ មាន​ឱកាស​ធ្វើការ​ជាមួយ​លោក​ Bush ក្នុង​កំឡុងពេល​នៃ​ការផ្លាស់ប្តូរដ៏ធំ​មួយ​ក្នុង​ពិភពលោក​ ហើយនោះ​គឺជា​ លទ្ធផល​នៃការ​បញ្ចប់​សង្គ្រាម​ត្រជាក់​ និង​ការ​ប្រណាំងប្រជែងសព្វាវុធ​។ អតីត​មេដឹកនាំ​សូវៀត​រូបនេះ​បន្តថា​ លោក​ Bush គឺជា​ដៃគូ​កាងារ​ដ៏ល្អ​មួយរូប​។

    ក្នុង​កាលៈទេសៈ​នេះដែរ​ ប្រធានាធិបតី​បារាំង​ លោក​អេម៉ានុយអែល​ ម៉ាក្រុង​ បាន​លើកឡើងថា​លោក​Bush គឺ​ជាមេដឹកនាំ​ពិភពលោក​ម្នាក់​ ដែល​បានគាំទ្រ​យ៉ាងខ្លាំង​ចំពោះ​សម្ព័ន្ធភាពរវាង​សហរដ្ឋអាមេរិក​ ជាមួយ​បណ្តាប្រទេស​នៃ​សហគមន៍​អឺរ៉ុប​។ លោក​ម៉ាក្រុង​ ក៏បាន​ចូលរួម​សោកស្តាយ​ផងដែរ​ចំពោះការបាត់បង់​ លោក​ Bush ដែលជា​អតីត​ប្រធានាធិបតី​ដ៏ល្អមួយរូបរបស់ប្រទេសអាមេរិក៕

    1. 1
    2. 2
    3. 3
    4. ...
    5. បន្ទាប់ >
    6. ចុងក្រោយ >
    កម្មវិធីផ្សាយផ្សេងទៀត
     
    សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ