ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/09 12h00 GMT
អាមេរិក

សាស្រ្តាចារ្យ​ចិត្តវិទ្យា និយាយ​រឿងលោក​លក់ទិន្នន័យ​អ្នកប្រើប្រាស់​ហ្វេសប៊ុក​ទាំង៨៧លាន

media  
បដាប្រឆាំងនឹងអគ្គនាយកក្រុមហ៊ុន Facebook លោក Mark Zuckerberg ក្រោយការលេចធ្លាយទិន្នន័យអ្នកប្រើប្រាស់ប្រមាណ៨៧លាន REUTERS/Aaron P. Bernstein

កាលពី​ថ្ងៃអាទិត្យម្សិលមិញ សាស្រ្តាចារ្យ​ចិត្តវិទ្យា​មួយរូប​ដែល​បានប្រមូល​និងលក់ទិន្នន័យអ្នកប្រើប្រាស់ហ្វេសប៊ុកប្រមាណ៨៧លាន បានធ្វើបទសម្ភាសន៍ជាមួយសារព័ត៌មានមួយចំនួន ដោយនិយាយការពារខ្លួនក្នុងរឿងលក់ទិន្នន័យនេះ។ សាស្រ្តាចារ្យចិត្តវិទ្យារូបនេះបានលើកឡើងថា ក្រុមហ៊ុនហ្វេសប៊ុកមិនបាននិយាយអ្វី ឬព្រមានលោកមិនអោយលក់ទិន្នន័យអ្នកប្រើប្រាស់កម្មវិធីរបស់លោកនោះទេ។

សាស្រ្តាចារ្យចិត្តវិទ្យាមួយរូប ដែលមានឈ្មោះថា Aleksandr Kogan ត្រូវបានគេស្គាល់ថា ជាអ្នកនៅពីក្រោយកម្មវិធីមួយដែលបានប្រមូលទិន្នន័យអ្នកប្រើប្រាស់ហ្វេសប៊ុករហូតដល់ទៅ៨៧លាននាក់ អោយទៅក្រុមហ៊ុនអង់គ្លេស​​ Cambridge Analytica។

ក្រុមហ៊ុនហ្វេសប៊ុក បានអោយដឹងថា កម្មវិធីរបស់លោក Kogan មានឈ្មោះថា This Is Your Digital Life បានអ្នកប្រើប្រាស់ហ្វេសប៊ុកប្រមាណ២៧ម៉ឺននាក់ទាញយក​ ដែលនេះធ្វើអោយលោកមានលទ្ធភាពប្រមូលយកទិន្នន័យរបស់ពួកគេ រួមទាំងមិត្តរបស់ពួកគេផងដែរ។

គួររំលឹកថា ទិន្នន័យអ្នកប្រើប្រាស់ហ្វេសប៊ុកដែលក្រុមហ៊ុន​​ Cambridge Analytica ទទួលបាន ត្រូវបានគេជឿថា​ បានប្រើប្រាស់ដើម្បីជួយដល់ការបោះឆ្នោតរបស់ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ។

ចំពោះរឿងនេះ ក្រុមហ៊ុនហ្វេសប៊ុក បានធ្វើការស្ដីបន្ទោសដល់លោក Kogan ក្នុងការប្រើប្រាស់ទិន្នន័យដែលប្រមូលបានក្នុងផ្លូវខុស តែសាស្រ្តាចារ្យរូបនេះបានអះអាងវិញថា ក្រុមហ៊ុន Cambridge Analytica និង ក្រុមហ៊ុនហ្វេសប៊ុក កំពុងព្យាយាមធ្វើអោយរូបលោកក្លាយជាអ្នកទទួលទោសជំនួស។

ក្នុងអំឡុងបទសម្ភាសន៍មួយជាមួយកម្មវិធីទូរទស្សន៍ CBS លោក Kogan បានលើកឡើងថា ពីមុនលោកគិតថា គេគ្រប់គ្នាសុទ្ធតែដឹងថាទិន្នន័យរបស់ខ្លួនត្រូវបានគេទាញយកនិងលក់ ឬប្រើប្រាស់ដើម្បីធ្វើពាណិជ្ជកម្ម ហើយពួកគេមិនខ្វល់ពីរឿងនេះទេ ដូច្នេះការយកទិន្នន័យអ្នកប្រើប្រាស់នេះពុំចោទជាបញ្ហាទេ។ ម៉្យាងទៀត កម្មវិធីរបស់លោកបានដាក់គោលការណ៍គ្រប់គ្រងទិន្នន័យអ្នកប្រើប្រាស់ថា លោកមានសិទ្ធិប្រមូលទិន្នន័យមកបញ្ជូនបន្តនិងលក់ទៅអោយភាគីផ្សេងទៀត តែលោកពុំដែលទទូលបានការរិះគន់ពីសំណាក់ភាគីណាមួយនោះទេ។

លោក Kogan បានបន្ថែមទៀតថា ក្រុមហ៊ុនហ្វេសប៊ុកមិនដែលខ្វល់នោះទេ ហើយប្រហែលជាមានកម្មវិធីស្រដៀងនេះរាប់ម៉ឺនទៀតនៅលើហ្វេសប៊ុកដែលកំពុងធ្វើសកម្មភាពលួចនិងលក់ទិន្នន័យអ្នកប្រើប្រាស់។

ទោះជាយ៉ាងណាក្តី លោក Kogan ក៏បានសម្ដែងនូវការសុំទោសចំពោះរឿងនេះផងដែរ។

លោកនឹងត្រូវបង្ហាញខ្លួននៅមុខគណៈកម្មាធិការសភាអង់គ្លេស ដើម្បីធ្វើការបកស្រាយបំភ្លឺចំពោះរឿងលក់ទិន្នន័យអ្នកប្រើប្រាស់ហ្វេសប៊ុក និងទំនាក់ទំនងរវាងលោកនិងក្រុមហ៊ុន Cambridge Analytica នៅថ្ងៃអង្គារស្អែកនេះ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ