ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 13/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/10 12h00 GMT
អាស៊ី

សិង្ហបូរី​ ស្ទង់មតិ​ពលរដ្ឋខ្លួន​ស្តីអំពី​ទោសប្រហារជីវិត​

media នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong REUTERS/Lintao Zhang

រដ្ឋាភិបាល​សិង្ហបូរី​ នឹងធ្វើការ​ស្ទង់មតិ​ពលរដ្ឋ​របស់ខ្លួន​ ទាក់ទងនឹង​ច្បាប់​កាត់ទោសប្រហារជីវិត​របស់​ប្រទេស​ ក្រោយពី​ក្រុម​អង្គការសិទ្ធិមនុស្ស ​បានអំពាវនាវ​ឱ្យ​សិង្ហបូរី​លុបចោល​នូវទោស​ដ៏​ធ្ងន់ធ្ងរ​មួយនេះ​។ នេះ​ បើតាម​ការណ៍​ប្រកាសឲ្យដឹង​របស់​ក្រសួងមហាផ្ទៃ​សិង្ហបុរី​ នៅថ្ងៃពុធ​ ទី៣១​តុលា​។

ការស្ទង់មតិ​នេះ​ គឺ​ធ្វើឡើង​ដើម្បី​ស្រង់​មតិ​សារធារណជន​សិង្ហបូរី​ អំពី​កំរិត​នៃ​ការពិន័យទោស​ ពាក់ព័ន្ធ​នឹង​បទល្មើស​ជួញដូរ​គ្រឿងញៀន​ និង​ករណីឃាតកម្ម​។ ហើយ​បើតាម​ក្រសួងមហាផ្ទៃ​សិង្ហបុរី​ ការ​ស្ទង់មតិនេះ​ គឺជា​ផ្នែកមួយ​នៃ​ការស្ទង់មតិ​របស់​រដ្ឋាភិបាល​សិង្ហបូរី​ ដើម្បី​ស្វែងយល់​ឲ្យច្បាស់​អំពី​ការយល់ឃើញ​របស់​ពលរដ្ឋខ្លួន​ ទាក់ទិន​នឹង​ទោសប្រហារជីវិត​ ដែល​ក្រុម​អង្គការសិទ្ឋិមនុស្ស​ប្រឆាំង​មិនឲ្យមាន​ជាដាច់ខាត​ ទោះក្នុង​ករណីណា​ក៏ដោយ​។

ជុំវិញ​ការស្ទង់មតិ​ ទាក់ទងនឹង​ទោសប្រហារជីវិត​នេះដែរ​ អាជ្ញាធរ​សិង្ហបុរី​ បានឲ្យដឹងថា​ វាជា​ការ​រៀបចំ​លើកទី១​ ក្នុង​ប្រវត្តិសាស្ត្រ​សិង្ហបូរី​ ដែល​ជា​ប្រទេសមួយ​ អនុញ្ញាត​ឲ្យមាន​ទោសប្រហារ​ជីវិត​។ ដំណើរការ​ប្រមូលមតិ​យោបល់នេះ​ នឹង​ប្រព្រឹត្តិទៅ​នៅចន្លោះ​ខែតុលា ​ដល់​ខែធ្នូ​ ឆ្នាំ​២០១៨ ​ហើយ​ពលរដ្ឋសិង្ហបុរី​ចំនួន​ប្រមាណជា​ ២ ០០០​នាក់ នឹងត្រូវបាន​គេអញ្ជើញ​ឲ្យចូលរួម​ ឆ្លើយសំណួរ​។

សូមជម្រាប​ជូនថា​ រដ្ឋាភិបាល​សិង្ហបូរី​ ចាប់ផ្តើម​ការស្ទង់មិត​ ពាក់ព័ន្ឋនឹង​ប្រព័ន្ធយុត្តិធម៌​ព្រហ្មទណ្ឌ​ ក៏ដោយសារតែ​ប្រទេសសិង្ហបូរី​បានទទួលរង​ការរិះគន់​ពីសំណាក់​ក្រុមអង្គការ​សិទ្ធិមនុស្ស​។ មួយវិញទៀត​ គឺ​ក្រោយពី​មានភាព​ចម្រូងចម្រាស​ ទាក់ទងនឹង​ការកាត់ទោស​ប្រហារជីវិត​ជនជន​ម៉ាឡេស៊ីម្នាក់​ ពីបទល្មើស​ជួញដូរគ្រឿងញៀន​ ទោះបីជា​មានការស្នើសុំពី​រដ្ឋាភិបាលម៉ាឡេស៊ី​យ៉ាងណាក៏ដោយ​។

គួរជម្រាប​ជូនថា​ នៅ​ខែតុលា​ ឆ្នាំ២០១៨ នេះ​ ប្រទេស​ម៉ាឡេស៊ី​ ជាប្រទេសក្បែរ​ខាងសិង្ហបូរី ​បានសម្រេច​លុបចោល​ទោសប្រហារជីវិត​ហើយ​ ដោយ​អាស្រ័យ​លើ​មូលដ្ឋាន​មនុស្សធម៌​។ ដោយឡែក​ សិង្ហបូរី​ គឺ​នៅ​តែជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេសតែបួនប៉ុណ្ណោះ​ដែលរួមមានប្រទេសចិន​ អារ៉ាប៊ីសាអូឌីត​ និងអ៊ីរ៉ង់​ ដែលបានអនុវត្ត​ទោស​ប្រហារជីវិត​ ក្នុងករណី​បទល្មើសគ្រឿងញៀន​។ មួយវិញទៀត​ នៅប្រទេសសិង្ហបូរី​ នាបច្ចុប្បន្ននេះ​ មានអ្នកទោស​ចំនួន​ ៣៥​នាក់ កំពុង​រង់ចាំ​ការប្រហារជីវិត​ - ក្នុងនោះ​មាន២៨​ ជាបទ​ល្មើសគ្រឿងញៀន​ និង​បទល្មើសឃាតកម្ម​ចំនួន៧​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ