ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/05 12h00 GMT
Asia

ការនាំចេញ​របស់​ចិន​​ធ្លាក់ចុះ ​២៥% ក្នុង​ខែ​កុម្ភៈ

media  
ការធ្លាក់ចុះនៃការនាំចេញរបស់ចិន ២៥ % នៅក្នុង ខែកុម្ភៈ ឆ្នាំ២០១៦ CHINA-EXPORTS/ REUTERS/China Daily

បើ​យោង​តាម​របាយការណ៍​ របស់​ រដ្ឋាភិបាល​ចិន​​ កាលពីថ្ងៃអង្គារ ​ការ​នាំ​ចេញ​ផលិតផល​របស់​​ចិន ​បាន​ធ្លាក់​ចុះ​ប្រមាណ​ជា ​២៥​ % ​ក្នុង​ខែ​កុម្ភៈ ​កន្លងទៅនេះ។ ​ការ​ធ្លាក់​ចុះ​នេះ​ ​គឺ​មាន​ទំហំ​ធំ​លើស​ពី​ការ​ស្មាន​ទុក​ របស់​អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​ ហើយ​នេះ​គឺ​ជា ​សញ្ញា​អវិជ្ជមាន ​ដ៏​គួរ​ឲ្យ​កត់​សំគាល់​ថ្មី​មួយ​ទៀត សម្រាប់​សេដ្ឋកិច្ច​ចិន ​ដែល​កំពុង​មាន​ភាព​រង្គោះរង្គើរ​ រួច​ស្រេច​ទៅ​ហើយ។

 

គិត​ត្រឹម​មក​ដល់​ចុង​ខែ​កុម្ភៈ​ កន្លង​ទៅ​ថ្មី​ៗ​នេះ ​ការ​នាំ​ចេញ​ផលិតផល​ក្នុង​ស្រុក​របស់​ចិន ​បាន​ដាំ​ក្បាល​ចុះ​រហូត​ដល់​ទៅ​ប្រមាណ​ជា ​២៥​ %។ ចំណែក​ឯ​ការ​នាំចូល​វិញ ​ក៏​ទទួល​រង​ការ​ថយ​ចុះ​ជាង ​១៣ % ​ផងដែរ នេះ​បើ​យោង​តាម​តួ​លេខ​របស់ ​ការិយាល័យ​គយ​ចិន។ ផ្អែក​តាម​ក្រុម​អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច ការ​ស្រុត​ចុះ​នេះ ​គឺ​មាន​ទំហំ​ធំ​ទ្វេ​ដង ​លើស​ពី​ការ​ព្រាង​ទុក​របស់​ពួក​គេ។ គិត​ជា​ទឹក​ប្រាក់​សរុប ​តម្លៃ​ពាណិជ្ជកម្ម​ចិន បាន​ថយ​ចុះ​ប្រមាណ​ជា ​៣២ ​ពាន់​លាន​ដុល្លារ​អាមេរិក ​ក្នុង​ខែ​កុម្ភៈ ​ទល់​នឹង ​៦៣ ​ពាន់​លាន​ដុល្លារ​អាមេរិក កាល​ពី​ខែ​មករា ​ឆ្នាំ​២០១៦​ ដដែល​នេះ។
 
ប៉ុន្តែ អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​ចិន​ម្នាក់ ​ពី​ទី​ប្រទេស​សឹង្ហបុរី​បាន​ពន្យល់​ថា ​ការ​ធ្លាក់​ចុះ​នេះ ​ប្រហែល​ជា បណ្តាល​មក​ពី​ការ​ឈប់​សម្រាក​ក្នុង​អំឡុង​ពីធី​បុណ្យ​ចូល​ឆ្នាំ​ចិន ​ឆ្នាំ​នេះ​ ដែល​នាំ​ឲ្យ ​សេដ្ឋកិច្ច​ចិន ​ត្រូវ​ផ្អាក​សកម្មភាព ​មួយ​រយៈ​ពេល។ អ្នក​ជំនាញ​ដដែល​នេះ ​បាន​បន្ត​ទៀត​ថា​ តួ​លេខ​អវិជ្ជមាន​នេះ​ អាច​នឹង​ផ្លាស់​ប្តូរ​ប្រសើរ​ឡើង​វិញ ​នៅ​អំឡុង​ខែ​ក្រោយ​ ដោយ​ប្រៀបធៀប​ជាមួយ​និង​តួ​លេខ​កាល​ពី​ឆ្នាំ​មុន ​នៅ​ក្នុង​ខណៈ​ពេល​តែ​មួយ។ ដោយ​ឡែក ​រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម​ចិន ​បាន​ប្រកាស​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​ថា ​ដំណើរ​សេដ្ឋកិច្ច​នាំ​ចេញ​របស់​ចិន​នឹង ​រក្សា​បាន​ស្ថេរភាព​ និង​ ទទួល​បាន​កំណើន ​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១៦។
 
ទោះ​ជា​យ៉ាងណា​ក៏​ដោយ ​គេ​អាច​យល់​បាន​ថា ​ការ​ថមថយ​នៃ​ការ​នាំ​ចេញ​របស់​ចិន ​គឺ​ បណ្តាល​មក​ពី​ការ​ស្រុត​ចុះ ​នៃ​តម្រូវការ​នៅ​ក្នុង​ទីផ្សា​អន្តរជាតិ។ ឯ​ការ​ថយចុះ​តម្រូវការ​នេះ​ដែរ​ គឺ​បណ្តាល​មក​ពី​មូលហេតុ​ធំៗ​មួយ​ចំនួន ​មាន​ដូចជា​ ការ​ធ្លាក់​ចុះ​តម្លៃ​ប្រាក់​អឺរ៉ូ ​ដែល​នាំ​ឲ្យ​ទំនិញ​ចិន​ឡើង​ថ្លៃ​នៅ​អឺរ៉ុប ​និង​ ការ​កើន​ឡើង​នៃ​តម្លៃ​ពលកម្ម​នៅ​ក្នុង​ប្រទេស​ចិន​ផ្ទាល់​តែ​ម្តង។
 
សូម​បញ្ជាក់​ថា ​កាល​ពី​ថ្ងៃ​សៅរ៍ ​សប្តាហ៍​មុន ​លោក​នាយក​រដ្ឋ​មន្ត្រី​ចិន​ លី ​កឺឈាំង​ ខ្លួន​ឯង​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ​ថា ​រដ្ឋាភិបាល​ចិន​ នឹង​ត្រូវ​ប្រយុទ្ឋ​តស៊ូរ ​ឲ្យ​អស់​ពី​សមត្ថភាព ​ដើម្បី​រក្សា​លំនឹង​កំណើន​សេដ្ឋកិច្ច​ចំនួន​ ៦,៥ ​% ​នៅ​ក្នុង​អំឡុង​ពេល​៥​ឆ្នាំ​ខាង​មុខ។ ​ដើម្បី​សម្រេច​បាន​លទ្ឋផល​នេះ​ លោក​បាន​លើក​ឡើងនូវ​ យុទ្ឋសាស្រ្ត​សំខាន់​ៗ​មាន​ជា​អាទិ៍ ​ការ​បង្កើត​ការងារ​សម្រាប់​ប្រជាជន​ចិន​ និង ​ការ​ពង្រឹង​សហគ្រាស​ សាធារណៈ​ ដែល​ត្រូវការ​បុគ្គលិក។​
 
សូម​រំលឹក​ថា ការ​ស្រុត​ចុះ​នៃ​ការ​នាំ​ចេញ​របស់​ចិន​កាល​ពី​ខែ​កុម្ភៈ​នេះ​ គឺ​មាន​ទំហំ​ធំ​ជាង​គេ ​បើ​គិត​ពី ឆ្នាំ​២០០៩​ មក។ រីឯ ​កំណើន​សេដ្ឋកិច្ច​របស់​ចិន ​នៅ​ក្នុង​ឆ្នាំ ​២០១៥ ​វិញ ​គឺ​មាន​សន្ទុះ​ត្រឹម​តែ​ ៦,៩ ​% ​ដែល​ជា​តួ​លេខ​ទាប​ជាង​គេ​បំផុត​ នៅ​ក្នុង​អំឡុង​ពេល ​២៥​ ឆ្នាំ​ចុង​ក្រោយ​នេះ។

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ