អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វិបត្តិ​ស៊ីលី​៖ មនុស្ស​យ៉ាងហោច​៧ នាក់​ស្លាប់​ ទោះបី​មាន​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ស្ថានការណ៍ក្នុងប្រទេសស៊ីលី នៅតែស្ថិតក្នុងភាពវឹកវរខ្លាំង គួរឲ្យបារម្ភ ទោះបីជាមានការប្រកាសដាក់ប្រទេសឲ្យស្ថិតក្នុងភាពអាសន្នយ៉ាងណាក្តី។ ជាក់ស្តែង អំពើហិង្សា នៅតែបន្តកើតមាន និងបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ក៏ ៧ នាក់ដែរស្លាប់ ក្នុងកុបកម្ម ប្រឆាំងនឹងការឡើងថ្លៃលើមធ្យោបាយធ្វើដំណើរសាធារណៈ ដែលចាប់ផ្ទុះឡើងខ្លាំងក្លាតាំងពីថ្ងៃសុក្រ ទី ១៨ តុលាមក។ ហេតុអ្វីបានជា អំពើហិង្សា នៅតែបន្តកើតមាននៅក្នុងប្រទេសស៊ីលី ទោះបីមានការប្រកាសដាក់ប្រទេសក្នុងភាពអាសន្នយ៉ាងណាក្តី? តើរដ្ឋាភិបាលស៊ីលី បានចាត់វិធានការអ្វីខ្លះហើយ ដើម្បីដោះស្រាយ វិបត្តិធ្ងន់ធ្ងរ ដែលកំពុងរួមរឹតស្រុកទេសនាពេលនេះ?

ក្រុមបាតុករពេលជួបប្រឈមមុខនឹងប៉ូលិស ក្នុងទីក្រុងសង់ទីយ៉ាហ្គូ កាលពីថ្ងៃទី២០ តុលា ឆ្នាំ២០១៩។
ក្រុមបាតុករពេលជួបប្រឈមមុខនឹងប៉ូលិស ក្នុងទីក្រុងសង់ទីយ៉ាហ្គូ កាលពីថ្ងៃទី២០ តុលា ឆ្នាំ២០១៩។ REUTERS/Edgard Garrido
ផ្សាយពាណិជ្ជកម្ម

មូលហេតុសំខាន់ៗ ដែលជំរុញឲ្យ​អំពើហិង្សាកើតមាននៅក្នុងប្រទេសស៊ីលី

ជាការពិត អំពើហិង្សានៅក្នុងប្រទេសស៊ីលី នាខណៈនេះ កំពុងពុះកញ្ជ្រោលខ្លាំងមែនទែន។ សន្ទុះ នៃការពុះកញ្ជ្រោល មានសភាពខ្លាំងពេក រហូតទាល់តែធ្វើឲ្យរដ្ឋាភិបាល ចេញមុខប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន។

បើនិយាយពីហេតុចមនៃបញ្ហា។ មូលហេតុចំបង ដែលបណ្តាលឲ្យមានការប្រឆាំងតវ៉ាពីសំណាក់ប្រជាពលរដ្ឋស៊ីលី ជាពិសេសពីសំណាក់សិស្សនិស្សិត គឺគ្មានអ្វីក្រៅពី ការដំឡើងថ្លៃ លើមធ្យោបាយធ្វើដំណើរសាធារណៈ របស់រដ្ឋាភិបាលនោះទេ។

ការដំឡើងថ្លៃ លើមធ្យោបាយធ្វើដំណើរសារណៈ ពិតជាបង្កការក្តៅក្រហាយជាខ្លាំង ដល់ប្រជាពលរដ្ឋស៊ីលី ពីព្រោះថា ប្រជាពលរដ្ឋស៊ីលី ភាគច្រើនរស់ពឹងប្រាស្រ័យខ្លាំង លើមធ្យាបាយធ្វើដំណើរសាធារណៈ។ ដូច្នោះហើយ ការដំឡើងថ្លៃសេវាកម្ម របស់រដ្ឋអំណាច វាធ្វើឲ្យប៉ះពាល់ខ្លាំងសម្បើមណាស់ដល់ជីវភាពរបស់ប្រជាពលរដ្ឋស៊ីលី ដែលកំពុងរស់ជាមួយវិបត្តិសង្គមជាច្រើនទៀត ដូចជាវិស័យសុខាភិបាល វិស័យអប់រំ ស្រាប់ទៅហើយនោះ ។

តាមពិតទៅ ប្រតិកម្មតវ៉ា របស់ពលរដ្ឋស៊ីលី បានផ្ទុះឡើងតាំងតែពីប៉ុន្មានខែមុនមកម្ល៉េះ ពោលគឺតាំងតែពីខែ ឧសភា ឆ្នាំ ២០១៩ មក។ ជាការតវ៉ា ប្រឆាំងទៅនឹងការឡើងថ្លៃលើមធ្យោបោយធ្វើដំណើរ ដែលកាលណោះ រដ្ឋាភិបាលដំឡើងតិចតួច គឺត្រឹមតែប្រមាណ ២០ ប៉េសូ បើគិតជាលុយដុល្លារ មានតម្លៃជិត ៣ សេន។ ចំនួននេះ មិនជាច្រើននោះទេ ហើយកាលណោះ ការតវ៉ាមានក៏សភាពធម្មតា គ្មានចលាចល គ្មានអំពើហិង្សាអ្វីដំណំដែរ។

តែផ្ទុយទៅវិញ អ្វីៗបានប្រែប្រួល ក្រឡាប់ចាក់អស់។ គឺថា ប្រែពីបាតុកម្មអហិង្សា​ ទៅជាកុបកម្ម-ហិង្សា រហូតបណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងហោចណាស់ចំនួន ៧ នាក់ និងរបួសជាច្រើននាក់ ដោយសារតែ ការដំឡើងថ្លៃលើមធ្យោបាយធ្វើដំណើរសាធារណៈជាលើកទី ២ នៅដើមខែតុលានេះ។

​រដ្ឋអំណាចស៊ីលី បានប្រកាសដំឡើងថ្លៃ​​សំបុត្រ​រថភ្លើង​ និង​ឡានក្រុង ក្នុងម៉ោងរវល់ មានន័យថាម៉ោងដែលគេធ្វើដំណើរច្រើន គឺម៉ោងទៅ និងចេញពីធ្វើការងារ។ ការដំឡើងថ្លៃនេះ មិនមែនតិចត្រឹម ២០ ប៉េសូ ឬស្មើចំនួនជិត ៣ សេនដុល្លារ ដូចពីមុននោះ ទេ ក៏ប៉ុន្តែគឺឡើងរហូតដល់ចន្លោះ ៨០០ ទៅ ៨៣០ ប៉េសូ ឬ ស្មើនឹង ១,១៣  ទៅ ១,១៥ ដុល្លារឯណោះ។

ការដំឡើងថ្លៃក្នុងចំនួនច្រើន លើថ្លៃ​​សំបុត្រ​រថភ្លើង​ និង​ឡានក្រុងនេះ រួមផ្សំជាមួយវិបត្តិផ្សេងៗទៀតដូចជា ការឡើងថ្លៃភ្លើង ប្រេងសាំង ចំនួនប្រាក់សោធនិវត្តន៍ធា្លក់ចុះ និងលុយប៉េសូធ្លាក់ថ្លៃផងនោះ បានជំរុញឲ្យផ្ទុះការតវ៉ាកាន់តែខ្លាំង។ ជាការតវ៉ា រីករាលដាលដល់ឲ្យរដ្ឋាភិបាលធ្វើកំណែទម្រង់លើវិស័យពន្ធដារ វិស័យអប់រំ វិស័យសុខាភិបាល និងសេវាកម្មធ្វើដំណើរសាធារណៈជាដើម។ល។ ការទាមទារនេះ ធ្វើឡើង រហូតក្លាយទៅជាអំពើហិង្សា ដោយមានការប៉ះទង្គិចគ្នា រវាងក្រុមអ្នកតវ៉ា និងអាជ្ញាធរស៊ីលី។

ការប៉ះទង្គិចមួយ មានកើតឡើងខ្លាំងកាលពីថ្ងៃអាទិត្យម្សិលមិញនៅក្នុងក្នុងរដ្ឋធានី សង់ទីយ៉ាហ្គូ (Santiago) ដោយគេឃើញមានកងកម្លាំងរក្សាសន្តិសុខស៊ីលីប្រមាណ ៩ ៥០០ នាក់ បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់ទឹក ដាក់លើក្រុមបាតុករ។ ជាក្រុម ដែលបានដុតបំផ្លាញរថយន្តក្រុង និងវាយកម្ទេចរថភ្លើងក្រោមដី និងបានឆ្លៀតឱកាសលួចប្រាក់ពី ហាងនានា។

អំពើហិង្សា បង្កជាការខូចខាតក្នុងទំហំច្រើន នៅក្នុងប្រទេសស៊ីលី

អំពើហិង្សា រយៈពេល ៣-៤ ថ្ងៃមកនេះ បង្កឲ្យមានការខូតខាតខ្លាំងសម្បើមណាស់ នៅក្នុងប្រទេសស៊ីលី ជាពិសេសនៅក្នុងរដ្ឋធានី សង់ទីយ៉ាហ្គូ។

ក្រៅតែបានបណ្តាលឲ្យមនុស្សស្លាប់ចំនួនប្រមាណ ៧ នាក់ និងរបួសជាច្រើននាក់។ អគារ និងទ្រព្យសម្បត្តិរដ្ឋ-ឯកជន ជាច្រើន ត្រូវរងការបំផ្លិចបំផ្លាញ។ រថយន្តក្រុងជាច្រើនគ្រឿង ត្រូវកុបករដុតបំផ្លាញ រីឯរថភ្លើងក្រោមដីជាច្រើនកន្លែង ក៏ត្រូវរងការវាយកម្ទេច និងត្រូវផ្អាកលែងឲ្យមានដំណើរការទាំងស្រុង រហូតដល់ថ្ងៃចន្ទនេះទៀតផង។

បន្ថែមលើនេះ បើតាមការរាយការណ៍របស់អាជ្ញាធរស៊ីលី ហាងលក់ទំនិញជាច្រើន នៅក្នុងទីក្រុង សង់ទីយ៉ាហ្គូ នៅបន្តបិទទ្វារ ហើយជើងយន្តហោះ ជាច្រើន ក៏ត្រូវបានលុបចោលផងដែរ ដោយសារខ្វះខាតបុគ្គលិកធ្វើការ។

គួរបញ្ជាក់ជូនដែរថា កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ ដោយមើលឃើញពីភាពវឹកវរនៅក្នុងប្រទេស លោកប្រធានាធិបតីស៊ីលី បានសម្រេចផ្អាកដំឡើងថ្លៃលើមធ្យោបាយធ្វើដំណើរសាធារណៈ។ តែការប្រកាសនេះ មិនបានធ្វើឲ្យការតវ៉ាស្ងប់ស្ងាត់ទៅវិញនោះទេ ហើយបើតាមអាជ្ញាធរស៊ីលី កុបកម្ម-អំពើហិង្សា រយៈពេល ៣-៤ ថ្ងៃកន្លងមកនេះ បានបង្កឲ្យមានគ្រោះថ្នាក់ ចំនួន ១០៣​ ករណី នៅទូទាំងប្រទេស។ ហើយរហូតមកដល់នឹងពេលនេះ មានមនុស្សចំនួន ១ ៤​ ៦២ នាក់ ត្រូវបានប៉ូលិសចាប់ខ្លួន។

ចំណាត់ការរបស់រដ្ឋាភិបាល ទប់ទល់នឹងស្ថានការអាក្រក់ដែលកំពុងតែកើតឡើងនៅក្នុងប្រទេស
ក្រៅតែពីបានប្រកាស ដាក់ប្រទេសក្នុងភាពអាសន្ន រយៈពេល ១៥ ថ្ងៃ ដើម្បីអនុញ្ញាតឲ្យកងកម្លាំងប៉ូលិស អាចគ្រប់គ្រងស្ថានការណ៍ និងស្តារភាពចលាចលនៅក្នុងស្រុកទេសបាន លោកប្រធានាធិបតីស៊ីលី សេបាស្ទៀន ពីនេរ៉ា បាននិយាយថា ស៊ីលី នៅពេលនេះ កំពុងធ្វើសង្គ្រាមប្រឆាំង នឹងសត្រូវ។

ប្រធានាធិបតីអភិរក្សនិយមស៊ីលី និងជាសេដ្ឋីមួយរូបដែរនោះ បានអះអាងថា លោកស្តាប់ការតវ៉ារបស់ប្រជាពលរដ្ឋ តែលោកប្រឆាំងដាច់ចំពោះពួកសត្រូវ។

ពាក្យសត្រូវនេះ​ លោកចង់សំដៅដល់ក្រុមឆ្លៀតឱកាស ជាក្រុមមនុស្សដែលមិនគោរពស្រលាញ់ស្រុកទេស និងអ្នកដទៃដែលជាជនរួមជាតិរបស់ខ្លួន។ ជាក្រុម ដែលបង្កភាពវឹកវរ អំពើហិង្សា ដុតបំផ្លាញ វាយកម្ទេច និងលួចទ្រព្យសម្បត្តិ មិនថារបស់រដ្ឋ ឬរបស់ឯកជន។ ជាការដុតបំផ្លាញរថយន្តក្រុង រោងចក្រសម្លៀកបំពាក់ វាយកម្ទេចរថភ្លើងក្រោមដីជាច្រើនកន្លែង  ជាដើម។ល។ និងជាអំពើ ដែលបានធ្វើឲ្យប្រទេសស៊ីលី ខាតបង់ថវិកា រាប់រយលាន ដុល្លារ ត្រឹមរយៈពេលខ្លីតែប៉ុណ្ណោះ។

ជាក់ស្តែង បើនិយាយត្រឹមតែការវាយបំផ្លាញរថភ្លើងក្រោមដីតែមួយមុខប៉ុណ្ណោះ ស៊ីលីបានខាតបង់ថវិការហូតដល់ប្រមាណជា​៣០០ លានដុល្លារទៅហើយ។

ដូច្នោះហើយ ដើម្បីការពារ ក៏ដូចជាបង្ការកុំឲ្យមានការបំផ្លិចបំផ្លាញបន្តទៅទៀត រដ្ឋាភិបាលស៊ីលី បានដាក់កំហិតលើសិទ្ធិសេរីភាព ជួបជុំគ្នារបស់ប្រជាពលរដ្ឋ ក្រៅពីនេះរដ្ឋាភិបាលក៏បានដាក់ពង្រាយ កងកម្លាំងការពារសន្តិសុខប្រមាណ ១ ម៉ឺន ៥ រយនាក់ នៅតាមដងផ្លូវនានា ក្នុងទីក្រុងសំខាន់ៗផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ