អានតួអត្ថបទ
បង់ក្លាដែស

បង់ក្លាដែស៖​ស្នាមរបួស​អតីតកាល​កំពុង​បន្ត​ចិញ្ចឹម​កម្តៅ​នយោបាយ​បច្ចុប្បន្នកាល

នៅ​ក្នុង​ប្រទេស​បង់ក្លាដែស សង្រ្គាម​ប៉ាកកា​កំពុង​បន្ត​មាន​យ៉ាង​ផុសផុល​រវាង​រដ្ឋាភិបាល និង​គណបក្សប្រឆំាង ពិសេស​គណបក្សអ៊ីស្លាម Jamaat-e-Islami។ សង្រ្គាម​ប៉ាកកា​ដែល​ទាក់ទង​នឹង​ការ​ដែល​រដ្ឋាភិបាល​បាន​បន្ត​ប្រើ​យន្តការ​តុលាការ​ដើម្បី​កាត់ទោស​ថ្នាក់ដឹកនាំ​គណបក្ស Jamaat-e-Islami។ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៥ ឧសភា​នេះ តុលាការកំពូល​បាន​សម្រេច​តម្កល់​ទោស​ប្រហារ​ជីវិត​ប្រធាន​គណបក្ស Jamaat-e-Islami លោក Motiur Rahman Nizami។ ដំណឹង​នេះ​នឹង​ជំរុញ​ឲ្យ​កំដៅ​នយោបាយ​ឡើង​មួយ​កម្រិត​ទៀត​រវាង​គណបក្ស​កាន់អំណាច និង​គណបក្សប្រឆាំង។

លោក Motiur Rahman Nizami ប្រធាន​គណបក្ស Jamaat-e-Islami ស្ថិត​ក្នុង​គុក
លោក Motiur Rahman Nizami ប្រធាន​គណបក្ស Jamaat-e-Islami ស្ថិត​ក្នុង​គុក STRINGER / AFP
ផ្សាយពាណិជ្ជកម្ម

ការ​សម្រេច​របស់​តុលាការកំពូល​នឹង​ធ្វើ​ស្ថានការណ៍​ទូទៅ​នៅ​បង់ក្លាដែស​ដែល​កំពុង​តានតឹង​ស្រាប់​នឹង​ឡើង​កម្តៅ​មួយ​កម្រិត​ទៀត។ គួរ​បញ្ជាក់​ជូន​បន្តិច​ថា ប្រធាន​គណបក្ស Jamaat-e-Islami លោក Nizami ត្រូវ​បាន​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​កាត់ទោស​ប្រហារ​ជីវិត​តាំង​ពី​ក្នុង​ឆ្នាំ ២០១៤ ហើយ​អ្វី​ដែល​តុលាការកំពូល​បាន​សម្រេច​ថ្ងៃ​នេះ គ្រាន់​ជា​ការ​បញ្ជាក់​ទម្ងន់ទោស​ប៉ុណ្ណោះ មាន​ន័យ​ថា ចាប់​ពី​ពេល​នេះ​ត​ទៅ លោក Nizami ដែល​មាន​អាយុ ៧៣ឆ្នាំ​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ប្រហារ​ជីវិត​ដោយ​ព្យួរ ក ដោយ​គ្មាន​ផ្លូវ​តវ៉ា​តាម​ផ្លូវ​តុលាការ​ទៀត​ឡើយ។ ផ្លូវ​ដែល​អាច​នឹង​ធ្វើ​ឲ្យ​លោក Nizami រួច​ជីវិត គឺ​ការ​លើកលែង​ទោស​ពី​ប្រធានាធិបតី។

តែ​ផ្លូវ​មួយ​នេះ​ពិបាក​នឹង​ទទួល​បាន​បន្តិច ព្រោះ​នៅ​បង់ក្លាដែស គេ​មិន​ដែល​ឃើញ​អ្នកទោស​ណា​ម្នាក់​ដែល​ជាប់ចោទ​ក្នុង​បទឧក្រិដ្ឋកម្ម​សង្រ្គាម​ទទួល​បាន​ការ​លើកលែង​ទោស​ពី​ប្រធានាធិបតី​ទេ។ សូម​រម្លឹក​ជូន​ថា លោក Nizami បាន​ក្លាយ​ជា​ប្រធាន​គណបក្ស Jamaat-e-Islami ក្នុង​ឆ្នាំ ២០០០ និង​ធ្លាប់​ធ្វើ​ជា​រដ្ឋមន្រ្តី​ក្នុង​រដ្ឋាភិបាល​គាំទ្រ​ដោយ​ពួក​អ៊ីស្លាមនិយម​ចន្លោះ​ឆ្នាំ ២០០១ និង ២០០៦។ ទីបំផុត​តាំង​ពី​ដើម​ឆ្នាំ ២០១៣ មក លោក Nizami ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​គណបក្ស Jamaat-e-Islami ដទៃ​ទៀត​ត្រូវ​បាន​ជាប់​ចោទ​ពី​បទ​ឧក្រិដ្ឋកម្ម​សង្រ្គាម​ក្នុង​សម័យ​សង្រ្គាម​ដណ្តើម​ឯករាជ្យ​ឆ្នាំ ១៩៧១។

រឿងរ៉ាវ​អតីតកាល​កំពុង​ក្លាយ​ជា​សង្រ្គាម​ហែកហួរ​រវាង​បក្ស​កាន់អំណាច និង​បក្សប្រឆាំង

បច្ចុប្បន្ន​មាន​មនុស្ស​រស់នៅ​ជាង ១៥០លាននាក់ ប្រទេស​បង់ក្លាដែស​នៅ​មុន​ឆ្នំា ១៩៧១ មិនមែន​ជា​ឈ្មោះ​បង់ក្លាដែស​ទេ តែ​មាន​ឈ្មោះ​ថា ប៉ាគីស្ថានបូព៌ា​ដែល​ស្ថិត​ក្រោម​ការ​គ្រប់ គ្រង​របស់​ប្រទេស​ប៉ាគីស្ថាន។ តែ​មាន​ប្រជាជន​ភាគច្រើន​ដែល​រស់​នៅ​ក្នុង​តំបន់​ប៉ាគីស្ថានបូព៌ា​បាន​ទាមទារ​ឯករាជ្យ​ផ្តាច់​ខ្លួន​ចេញ​ពី​រដ្ឋបាល​របស់​ទីក្រុង​អ៊ីស្លាម៉ាបាត។ ព្រឹត្តិការណ៍​កាល​ណោះ​បាន​បង្ក​ឲ្យ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ក្រុម​អ្នកចង់​បាន​ឯករាជ្យ និង​ក្រុមអ្នក​ចង់​បន្ត​រស់​ក្រោម​អាណាព្យាបាល​របស់​ប៉ាគីស្ថាន។

បន្ទាប់​ពី​មាន​ការ​បង្ហូរឈាម​គ្នា​អស់​រយៈពេល ៩ខែ ឥណ្ឌា​ដែល​ជា​ប្រទេស​ជិត​ខាង​ក៏​បាន​បញ្ជូន​ទ័ព​ទៅ​អន្តរាគមន៍​បិទបញ្ចប់​ជម្លោះ ដោយ​ជួយ​គំាទ្រ​អ្នកចង់​បាន​ឯករាជ្យ។ ៥ឆ្នំា​ក្រោយ​មក ប៉ាគីស្ថានបូព៌ា​បាន​ក្លាយ​ជា​បង់ក្លាដែស​សព្វ​ថ្ងៃ។ តែ​បញ្ហា​នៅ​ត្រង់​ថា រឿងរ៉ាវ​កាលណោះ​មិន​បាន​បញ្ចប់​ត្រឹម​ការ​ប្រសូត្រ​ប្រទេស​បង់ក្លាដែស​ជា​ផ្លូវការ​ទេ ព្រោះ​ក្រុម​អ្នកស្មោះស្ម័គ្រ​នឹង​ប៉ាគីស្ថាន​នៅ​​មិន​សុខចិត្ត ដោយ​ធ្វើ​ការ​សងសឹក​សម្លាប់​មិន​រើសមុខ មាន​ទំាង​គ្រូបង្រៀន គ្រូពេទ្យ អ្នកកាសែត ឬមួយ​ក៏​ក្រុម​សមិទ្ធិករ​ជា​ដើម។

តាម​តួលេខ​ផ្តល់​ដោយ​រដ្ឋាភិបាល​បង់ក្លាដែស មាន​មនុស្ស​ស្លាប់​ប្រមាណ​ជា ៣លាននាក់​នៅ​ក្នុង​ព្រឹត្តិការណ៍​សម្លាប់​រង្គាល​នោះ តែ​បើ​យោងតាម​តួលេខ​ផ្តល់​ដោយ​ក្រុម​ឯករាជ្យ​មួយ​ចំនួន គឺ​មាន​ប្រមាណ​តែ​ពី ៣០ម៉ឺន ទៅ ៥០ម៉ឺននាក់​ប៉ុណ្ណោះ។

គណបក្ស​កាន់អំណាច និង​គណបក្សប្រឆាំង​បន្ត​ចង្អុល​មុខ​ដាក់​គ្នា

បើ​ពិនិត្យ​ជាទូទៅ រឿងរ៉ាវ​មួយ​នេះ​ស្មុគស្មាញ និង​មាន​លក្ខណៈ​នយោបាយ​ច្រើន​ជាង​រឿងរ៉ាវ​អតីតកាល។ ក្រៅ​ពី​ថ្នាក់ដឹកនាំ​របស់​គណបក្ស Jamaat-e-Islami ក៏​មាន​ការ​កាត់ទោស​លើ​ថ្នាក់ដឹកនំា​របស់​គណបក្ស​ប្រឆំាង​ដ៏​សំខាន់​មួយ​ទៀត គឺ​គណបក្ស​ជាតិនិយម​បង់ក្លាដែស​ដែល​ដឹកនំា​ដោយ​លោកស្រី​អតីត​នាយករដ្ឋមន្រ្តី Khaleda Zia។ លោកស្រី Zia ដែល​គេ​ស្គាល់​ជា​គូប្រជែង​ស៊ីសាច់​ហុតឈាម​នឹង​នាយករដ្ឋមន្រ្តី​បច្ចុប្បន្ន គឺ​លោកស្រី Sheikh Hasina ចេញ​មក​ពី​គណបក្ស​សម្ព័ន្ធ​វ៉ាមី។ គណបក្ស​វ៉ាមី​នេះ ជា​អ្នកដើមចម​បង្ក​ឲ្យ​មាន​សង្រ្គាម​ដណ្តើម​ឯករាជ្យ​កាល​ពី​ឆ្នំា ១៩៧១ និង​ក៏​ជា​អ្នក​ផ្តួចផ្តើម​គំនិត​ឲ្យ​មាន​ការ​បង្កើត​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​កាល​ពី​ឆ្នំា ២០១០។

សូម​ជម្រាប​ជូន​ថា លោកស្រី Hasina បាន​កាន់​តំណែង​នាយករដ្ឋមន្រ្តី​បង់ក្លាដែស​ពី​ឆ្នាំ ១៩៩៦ ដល់​ឆ្នាំ ២០០១ និង​កំពុង​កាន់​តំណែង​នេះ​ជា​ថ្មី​តាំង​ពី​ឆ្នាំ ២០០៩។ សំណួរ​ដែល​កំពុង​ចោទ​ពេល​នេះ​គឺ​ថា ហេតុអ្វី​បាន​ជា​លោកស្រី Hasina ទើប​បង្កើត​ឲ្យ​មាន​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ក្នុង​ឆ្នាំ ២០១០។ គួរ​បញ្ជាក់​ជូន​បន្តិច​ថា មាន​ឈ្មោះ​ជា « តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ » មែន តែ​រចនាសម្ព័ន្ធ និង​សមាសភាព​របស់​តុលាការ​មួយ​នេះ​ត្រូវ​បាន​តាក់តែង និង​រៀបចំ​ឡើង​ដោយ​រដ្ឋាភិបាល​ទីក្រុង​ដាក្កាខ្លួន​ឯង ដោយ​គ្មាន​ការ​ចូលរួម​ពី​អន្តរជាតិ និង​ក៏​គ្មាន​លក្ខណៈ​ជា​ស្តង់ដារ​អន្តរជាតិ​ដែរ។

សម្រាប់​រដ្ឋាភិបាល​បង់ក្លាដែស តុលាការ​នេះ​ជា​ថ្នាំ​ដើម្បី​ព្យាបាល​ស្នាមរបួស​អតីតកាល តែ​ក្រុមប្រឆាំង​យល់​ឃើញ​ថា ជា​ឧបករណ៍​នយោបាយ​ដើម្បី​ជម្រះបញ្ជី​ជាមួយ​នឹង​សកម្មជនប្រឆំាង ពិសេស​សកម្មជន​របស់​គណបក្ស Jamaat-e-Islami។ បើ​គិត​តំាង​ពី​ដើមឆ្នំា ២០១៣ មក មាន​មនុស្ស ៨នាក់​ដែល​សុទ្ធសឹង​ជា​ថ្នាក់ដឹកនាំ​របស់​គណបក្ស Jamaat-e-Islami បាន​ជាប់ចោទ​ពី​បទឧក្រិដ្ឋកម្ម​សង្រ្គាម ក្នុង​នោះ មាន ៤នាក់​ទទួល​ទោស​ប្រហារជីវិត ២នាក់​ទទួល​ទោស​ជាប់គុក​អស់​មួយ​ជីវិត និង​២នាក់​ផ្សេង​ទៀត​កំពុង​ជាប់​ឃុំឃំាង​រង់ចំា​ថ្ងៃ​កាត់ទោស។

ដូច្នេះ ការ​សម្រេច​របស់​តុលាការ​កំពូល​ក្នុង​ការ​តម្កល់​ទោស​ប្រហារ​ជីវិត​មេបក្សអ៊ីស្លាម​លោក Nizami នឹង​រឹត​តែ​ធ្វើ​ឲ្យ​ស្ថានការណ៍​នៅ​បង់ក្លាដែស​វឹកវរ​កាន់​តែ​ខ្លាំង។ គិត​តាំង​ពី​ឆ្នាំ ២០១៣ មក អំពើ​ហិង្សា​បង្ហូរ​ឈាម​រវាង​កម្លាំង​ប៉ូលិស និង​ក្រុម​បាតុករអ៊ីស្លាមនិយម​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ប្រមាណ​ជា ៥០០នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ