ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/10 12h00 GMT

ហេតុអ្វី​បានជា​ឆ្នាំ២០១៩​នេះ​អាចជា​ចំណុច​របត់​នៃ​ទូរស័ព្ទ ​iPhone?

ហេតុអ្វី​បានជា​ឆ្នាំ២០១៩​នេះ​អាចជា​ចំណុច​របត់​នៃ​ទូរស័ព្ទ ​iPhone?
 
បញ្ហា​ដែល​ iPhone ត្រូវ​ប្រឈម គឺ​ទីផ្សារ​ស្មាតហ្វូន​នៅ​ទូទាំង​ពិភពលោក​កំពុងតែ​ចាល់​ ហើយ​ការប្រកួតប្រជែង​ខាង​តម្លៃ​ក៏​កើត​មាន​ខ្លាំង © Reuters

កាលពីថ្ងៃ​ទី៣​មករា​កន្លងទៅ​នេះ ភាគហ៊ុន​របស់​ក្រុមហ៊ុន Apple បាន​ធ្លាក់​ដាំដូង រហូត​ដល់​ទៅ​ប្រមាណ​ជា ១០% ដែល​បើ​គិត​ជា​ទឹកប្រាក់ គឺ​ត្រូវ​បាត់បង់​តម្លៃ​ហ៊ុន​រហូត​ដល់​ទៅ​ជាង ៧៤ពាន់លាន​ដុល្លារ នៅ​ក្នុងរយៈពេល​តែ​មួយថ្ងៃ។ មូលហេតុ គឺ​ដោយសារ​តែ​តួលេខ​របស់​ក្រុមហ៊ុន​បាន​បង្ហាញថា ​ចំណូល​ដែល​បាន​មក​ពី​ការលក់​ទូរស័ព្ទដៃ iPhone នៅ​ក្នុង​ត្រីមាស​ចុងក្រោយ​នៃ​ឆ្នាំ២០១៨​កន្លងទៅនេះ​មាន​ការ​ធ្លាក់ចុះ​​ទាប​ជាង​អ្វី​ដែល​គេ​រំពឹង​ទុក។

យោងតាម​ក្រុមហ៊ុន​ Apple ការធ្លាក់ចុះ​នៃ​ទីផ្សារ iPhone នេះ គឺ​បណ្តាល​មក​ពី​សង្រ្គាម​ពាណិជ្ជកម្ម និង​ជាពិសេស គឺ​បណ្តាល​មក​ពី​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​ចិន។ ក៏ប៉ុន្តែ បើ​គេ​ពិនិត្យ​ឲ្យ​បាន​ស៊ី​ជម្រៅទៅ បញ្ហា​ចោទ​របស់ Apple នៅ​ពេលនេះ មិនមែន​ទាក់ទង​តែ​នឹង​ចិន​នោះទេ តែ​វា​ជា​បញ្ហា​នៅ​ក្នុង​ទីផ្សារ​ស្មាតហ្វូន​ជា​ទូទៅ ដែលកំពុងតែ​ដើរ​មក​ដល់​ចំណុច​របត់​ដ៏​សំខាន់​មួយ ក្រោយ​ពី​ស្គាល់​នូវ​ភាព​រុងរឿង​អស់រយៈពេល​ជាង​១០ឆ្នាំ​កន្លងទៅនេះ។

កាលពី​១២ឆ្នាំ​មុន នៅ​ថ្ងៃទី៩ ​ខែ​មករា ឆ្នាំ២០០៧ លោក ស្ទីវ ចប បាន​ធ្វើការ​បង្ហាញ​ផលិតផល​ដ៏​ថ្មី​ស្រឡាង​មួយ​របស់ Apple ដែល​លោក​អះអាង​ថា នឹង​នាំ​មក​នូវ​ការ​ផ្លាស់ប្តូរ​ដ៏​សំខាន់​មួយ នៅ​ក្នុង​វិស័យ​​ទូរគមនាគមន៍ គឺ​​​​​​ទូរស័ព្ទដៃ iPhone។

ជាការពិត នៅ​ក្នុងរយៈពេល​ ១២ឆ្នាំ​កន្លងទៅនេះ បដិវត្តន៍​នៅ​ក្នុង​វិស័យ​ទូរស័ព្ទ​ដៃ​ពិត​ជា​កើតមាន​ឡើង​មែន ហើយ​ iPhone ក៏​បាន​ក្លាយ​ទៅ​ជា​ផលិតផល​ដ៏​ជោគជ័យ​បំផុត​មួយ​ផងដែរ សម្រាប់​ក្រុមហ៊ុន Apple។ គិត​ជា​មធ្យម នៅ​ក្នុង​ប្រាក់ចំណូល​ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុន Apple មាន​រហូតដល់​ទៅ​ជាង ៦០% បាន​មក​ពី​ការ​លក់​ iPhone។ ក៏ប៉ុន្តែ ដូចដែល​លោក ស្ទីវ ចប ខ្លួនឯង​ផ្ទាល់​ធ្លាប់​បាន​លើកឡើង​រួចមកហើយ កាល​ពី​ពេល​កន្លងមកថា ផលិតផល​ដែល​ជោគជ័យ​នៅ​ថ្ងៃនេះ​មិនប្រាកដ​ថានឹង​ចេះតែ​បន្ត​ទទួល​ជោគជ័យ​ជាប់​ជា​អចិន្រ្តៃយ៍​នោះទេ។

iPhone ក៏​ដូចគ្នា​នេះ​ដែរ ហើយ​មូលហេតុចម្បង ដែល​ធ្វើ​ឲ្យ​ការ​លក់​ iPhone ត្រូវ​ធ្លាក់​ចុះ​នៅ​ពេលនេះ ក្រៅពី​សង្រ្គាម​ពាណិជ្ជកម្ម នៅ​មាន​ចំណុច​សំខាន់​ពីរ​ទៀត គឺ​​ភាព​ចាល់​នៃ​ទីផ្សារ​ស្មាតហ្វូន បូកបន្ថែម​ជាមួយ​នឹង​​យុទ្ធសាស្រ្ត​របស់​ក្រុមហ៊ុន Apple ខ្លួនឯង ដើម្បី​ប្រឈម​នឹង​ភាព​ចាល់​នៃ​ទីផ្សារ​នេះ។

អស់រយៈពេល​ជា​ច្រើន​ឆ្នាំមកហើយ ដែល​ការលក់​ស្មាតហ្វូន នៅលើ​ទីផ្សារ​ នៅ​ទូទាំង​ពិភពលោក​ចេះតែ​បន្ត​មាន​កំណើន​ខ្លាំង​ជាប់​ជា​ប្រចាំ​ជា​រៀងរាល់​ឆ្នាំ។ វាជា​រឿង​ធម្មតា ដែល​ការ​កើនឡើង​ឥតឈប់ឈរ​បែបនេះ ដល់​ចំណុច​មួយ វា​នឹង​ធ្វើ​ឲ្យ​ទីផ្សារ​ត្រូវ​ចាល់។ ការ​សិក្សា​ទីផ្សារ​ជាច្រើន​បង្ហាញ​ឲ្យឃើញ​ថា គិត​ត្រឹម​ចុង​ឆ្នាំ២០១៧​កន្លងទៅនេះ ​នៅ​តាម​បណ្តា​ប្រទេស​ជឿនលឿន ជាពិសេសនៅ​អឺរ៉ុប ប្រជាជន​រហូតដល់​ទៅ​ប្រមាណ​ជា ៦០% សុទ្ធតែ​មាន​ទូរស័ព្ទ​ប្រភេទ​ស្មាតហ្វូន។ នៅ​សហរដ្ឋ​អាមេរិក​ចំនួន​អ្នក​មាន​ស្មាតហ្វូន នៅ​ក្នុង​ចំណោម​ប្រជាជន វ័យ​ក្នុង​ចន្លោះពី ១៨ឆ្នាំ ទៅ ៥០ឆ្នាំ មាន​រហូតដល់​ទៅ ជាង ៩០%។

នៅ​ក្នុងពេល​ដែល​​មនុស្ស​ស្ទើរតែ​គ្រប់គ្នា​សុទ្ធតែ​មាន​ស្មាតហ្វូន​នៅ​ក្នុងដៃ​បែបនេះ ការស្វែងរក​អតិថិជន​ថ្មី គឺ​ជា​រឿង​ពិបាក។ ដើម្បី​អាច​បន្ត​លក់​ផលិតផល​តទៅទៀត ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​នាំគ្នា​រិះរក​វិធី​ធ្វើការ​កែលម្អ ចេញ​ស្មាតហ្វូន​ម៉ូដែល​ថ្មីៗ ដើម្បី​ទាក់ទាញ​ឲ្យ​អ្នក​ដែល​មាន​ស្មាតហ្វូន​ស្រាប់ ធ្វើការ​ផ្លាស់ប្តូរ​ស្មាតហ្វូន​​ថ្មី។ ក៏ប៉ុន្តែ នេះ​ក៏​មិន​អាច​នៅ​ជាប់លាប់​បាន​យូរ​នោះដែរ ដោយ​គេ​សង្កេតឃើញ​ថា បន្តិចម្តងៗ ស្មាតហ្វូន​ពី​ជំនាន់មួយ​ទៅ​ជំនាន់​មួយ​ទៀត លែង​សូវ​មាន​អ្វី​ដែល​ទំនើប​អស្ចារ្យ​​ខ្លាំង​ជាង​មុន ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អតិថិជន​កាន់តែ​​លែង​សូវ​ចង់​ចំណាយលុយ ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​ស្មាតហ្វូន​ថ្មី។

បន្ថែម​ពីលើ​នេះ​ទៅទៀត ការ​កែលម្អ​ស្មាតហ្វូន​​ម៉ូដែល​ថ្មីៗ​ក៏​បាន​បង្កើត​ឲ្យ​មាន​បញ្ហា​មួយ​ទៀត​ផងដែរ គឺ​តម្លៃ។ ជាក់ស្តែង គេ​សង្កេតឃើញ​ថា ស្មាតហ្វូន​ម៉ូដែល​ថ្មីៗ មាន​តម្លៃ​កាន់តែ​ខ្ពស់​ឡើងៗ ជាពិសេស ទូរស័ព្ទ iPhone ម៉ូដែល​ថ្មី​ចុងក្រោយ ដែល​មាន​តម្លៃ​រហូត​ដល់​ទៅ​ជាង ១០០០​ដុល្លារ ហើយ​ខ្លះ​រហូតដល់​ទៅ​ប្រមាណ​ជា ១៥០០​ដុល្លារ។

តាមការពិត ការចេញលក់​ iPhone ថ្មី ដែល​មាន​តម្លៃ​ខ្ពស់​នេះ វា​គឺ​ជា​យុទ្ធសាស្រ្ត​មួយ​របស់ Apple ដើម្បី​រក្សា​កំណើន​ប្រាក់​ចំណូល។ ចំនួន​​ iPhone ដែល​អាច​លក់​ចេញ​នៅលើ​ទីផ្សារ​មាន​ការ​ធ្លាក់ចុះ ក៏ប៉ុន្តែ ដោយសារ​តែ​ iPhone នីមួយៗ មាន​តម្លៃ​ខ្ពស់ ដូច្នេះ គិតជា​សរុប ប្រាក់​ចំណូល​នៅតែ​មាន​កំណើន។

នេះ​ជា​អ្វី​ដែល​គេ​អាច​សង្កេតឃើញ ដោយ​មើល​ទៅ​លើ​ទិន្នន័យ​របស់​ក្រុមហ៊ុន Apple ចាប់ពី​ឆ្នាំ២០១៥មក។ កំណើន​នៃ​ការលក់​ iPhone ប្រចាំឆ្នាំ​ (គិតជា​ចំនួន) ដែល​មាន​រៀងរាល់​ឆ្នាំ ចាប់តាំង​ពី​ឆ្នាំ២០០៧​មក​នោះ ត្រូវ​បញ្ចប់ តាំង​​ពី​ឆ្នាំ២០១៥​មកម៉្លេះ។ ចាប់ពី​ឆ្នាំ២០១៦​មក ចំនួន iPhone ដែល Apple លក់​បាន​ក្នុងមួយឆ្នាំៗ​ត្រូវ​ធ្លាក់ចុះ ឬ​យ៉ាងហោចណាស់​នៅ​ទ្រឹង ដោយ​គ្មាន​កំណើន។ ក៏ប៉ុន្តែ បើ​គេ​មើល​ទៅលើ​​ប្រាក់ចំណូល​ប្រចាំ​ឆ្នាំ​​ដែល Apple រក​បាន​ពី​ការ​លក់​ iPhone ​​វិញ គឺ​នៅតែ​មាន​កម្រិត​ខ្ពស់​ដដែល។

ទោះជាយ៉ាងណា ការធ្លាក់ចុះ​នៃ​ប្រាក់​ចំណូល​ពី​ការ​លក់​ iPhone កាល​ពី​ត្រីមាស​ចុងក្រោយ នៃ​ឆ្នាំ២០១៨​ ដែល Apple ប្រកាស​ឲ្យដឹង ហើយ​ដែល​ធ្វើ​ឲ្យ​តម្លៃ​ភាគហ៊ុន​របស់ Apple ត្រូវ​ធ្លាក់ចុះ​យ៉ាងគំហុក កាល​ពីថ្ងៃ​ទី៣​មករា​កន្លង​ទៅនេះ គឺ​ជា​ការ​បញ្ជាក់​ឲ្យឃើញ​ថា យុទ្ធសាស្រ្ត​ដំឡើង​តម្លៃ ដើម្បី​ប្រឈម​នឹង​ការ​ធ្លាក់​ចុះនៃ​ការ​លក់ iPhone នេះ ក៏​មិន​អាច​ទទួល​ជោគជ័យ​បាន​យូរ​ប៉ុន្មាន​នោះដែរ។

ទីផ្សារ​ស្មាតហ្វូន​​នៅ​ក្នុងពេល​បច្ចុប្បន្ន​នេះ ក្រៅតែ​ពី​ឈាន​ដល់​ដំណាក់កាល​មួយ​ត្រូវ​ចាល់​ខ្លាំង វា​ក៏​ជា​ទីផ្សារ​ដែល​ពោរពេញ​ទៅដោយ​ការប្រកួតប្រជែងខ្លាំង​ផងដែរ ជាពិសេស គឺ​ការ​ប្រកួតប្រជែង​ពី​សំណាក់​ក្រុមហ៊ុន​ចិន​ ដែល​អាច​ផលិត​ស្មាតហ្វូន​មាន​គុណភាព​ប្រហាក់​ប្រហែល​នឹង iPhone ក៏ប៉ុន្តែ មាន​តម្លៃ​ទាប​ជាងច្រើន។

កត្តា​ទាំងនេះ បូករួម​ជាមួយ​នឹង​សង្រ្គាម​ពាណិជ្ជកម្ម​ចិន-អាមេរិក និង​ការធ្លាក់ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​ចិន វា​គឺ​ជា​បញ្ហា​ប្រឈម​ដ៏ធំ​សម្រាប់​ក្រុមហ៊ុន Apple ហើយ​នេះ​ប្រហែល​ជា​ពេល​ ដែល Apple ​ត្រូវ​ដើរ​មក​ដល់​ចំណុច​របត់​ថ្មី​មួយ​ទៀត ដែល​ទាមទារ​ចាំបាច់​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ទ្រង់ទ្រាយ​ធំ ដើម្បី​បត់បែន សម្របខ្លួន​ទៅ​តាម​ទីផ្សារ ដោយ​ត្រូវ​​បង្កើត​បច្ចេកវិទ្យា​ថ្មី ឬ​ឧបករណ៍​ប្រើ​ប្រាស់​ថ្មី​សម្រាប់​អតិថិជន ដូចជា​​​អ្វី​ដែល​​អតីត​មេដឹកនាំ​ក្រុមហ៊ុន Apple គឺ លោក ស្ទីវ ចប និង​​លោក ម៉ៃខ៍ ម៉ាឃូល័រ ធ្លាប់​បាន​ជជែក​គ្នា កាល​ពីទសវត្សរ៍​ឆ្នាំ៩០ ហើយ​ដែល ស្ទីវ ចប តែងតែ​បាន​ធ្វើ​ជា​បន្តបន្ទាប់ ចាប់តាំង​ពី​លោក​បាន​វិលត្រឡប់​មក​ដឹកនាំ​ក្រុមហ៊ុន Apple វិញ កាល​ពី​ឆ្នាំ១៩៩៧ រហូត​ដល់​ពេល​ដែល​លោក​ទទួល​មរណភាព នៅឆ្នាំ២០១១៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ