ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/10 12h00 GMT
អាស៊ី

លោកស្រី​ការី ឡាំ​៖ ហុងកុង​មិន​ច្រានចោល​លទ្ធភាព​ក្នុងការ​សុំ​អន្តរាគមន៍​ពី​ចិន​

media លោកស្រីការី ឡាំ ប្រមុខនីតិប្រតិបត្តិហុងកុង។ REUTERS/Tyrone Siu

ប្រមុខនីតិប្រតិបត្តិហុងកុង លោកស្រីការី ឡាំ នៅថ្ងៃអង្គារ ទី ៨ តុលា​នេះ បាននិយាយថា​ ក្នុងគ្រាមានអាសន្នខ្លាំង ជំនួយពីចិនប៉េកាំង ពិតជាតម្រូវចាំបាច់ជៀសមិនរួច។ លោកស្រី បានអះអាងដែរថា ការចូលជួយអន្តរាគមន៍របស់ចិន ដើម្បីបញ្ចប់ការធ្វើបាតុកម្ម និងអំពើហិង្សា ដែលមានរយៈពេល៤ ខែទៅហើយនោះ អាចជាជម្រើសមួយ សម្រាប់ហុងកុង។

ទោះបីជាបានប្រកាសប្រាប់អ្នកយកសារព័ត៌មាន អំពីជំនឿជាក់ លើអាជ្ញាធរហុងកុង ក្នុងការដោះស្រាយវិបត្តិយ៉ាងណាក្តី ក៏មេដឹកនាំកោះហុងកុងលោកស្រីការី ឡាំ បានបញ្ជាក់ព្រមជាមួយគ្នាដែរថា រដ្ឋាភិបាលនឹងមិនច្រានចោលលទ្ធភាព ក្នុងការស្វែងរកជំនួយអន្តរាគមន៍ ពីចិនប៉េកាំង ឡើយ។ លោកស្រីបានពន្យល់ថា ការចូលអន្តរាគមន៍ពីចិន ពិតជាអាចកើតមានឡើងមែន ប៉ុន្តែ វាអាចកើតឡើង តែក្នុងពេលស្ថានការណ៍អាសន្ន និងចាំបាច់ខ្លាំងតែប៉ុណ្ណោះ។

ក្រោយការប្រកាសរបស់លោកស្រី ការី ឡាំ​ គេនៅមិនទាន់មានឃើញ ក្រុមបាតុករស្នេហាលទ្ធិប្រជាធិបតេយ្យ ឬក៏សហគមន៍អន្តរជាតិណា មានប្រតិកម្មតប នៅឡើយនោះទេ។

នាខណៈនេះ គេគ្រាន់តែដឹងថា ការប្រកាសអំពីលទ្ធភាព នៃការចូលអន្តរាគមន៍របស់ចិន ពីសំណាក់ប្រមុខនីតិប្រតិបត្តិហុងកុង ធ្វើឡើង ក្រោយពីការធ្វើបាតុកម្មនៅតែកើតឡើងជារៀងរាល់សប្តាហ៍ ​ជាពិសេស នៅតែមានអ្នកពាក់ម៉ាស់មុខក្នុងពេលធ្វើបាតុកម្ម។ ដែលនេះ រំលោភនឹងច្បាប់អាសន្ន ហាមពាក់ម៉ាស់ ដែលរដ្ឋាភិបាល ទើបបានដាក់ចូលជាធរមាន នៅប៉ុន្មានថ្ងៃមុន ពោលគឺនៅថ្ងៃ ទី ៤ តុលា។

ច្បាប់អាសន្នហាមពាក់ម៉ាស់នេះ មិនត្រូវបានប្រើអស់រយៈពេលប្រមាណជា ៥ ទសវត្សរ៍ និងទើបប្រកាសដាក់ឲ្យប្រើប្រាស់វិញ ដោយប្រមុខរដ្ឋាភិបាល បានជំរុញឲ្យមានការប្រឆាំងតវ៉ាជាច្រើន ពីសំណាក់ក្រុមបាតុករហុងកុង។

ជាក់ស្តែង យុវជនជាច្រើន បានចេញធ្វើបាតុកម្មជារៀងរាល់សប្តាហ៍ដូចសព្វដង ហើយនៅតែមានយុវជនមួយចំនួន បន្តពាក់ម៉ាស់ក្នុងពេលចូលរួមធ្វើបាតុកម្ម ហើយអំពើហិង្សារវាងប៉ូលិស និងក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅតែបន្តកើតមានឥតឈប់ផងដែរ។

គួររំឭកជូនថា កាលពីថ្ងៃចន្ទ ម្សិលមិញនេះ មានបាតុករពីរនាក់ ដែលម្នាក់ជានិស្សិតប្រុស និងម្នាក់ទៀត ជាស្ត្រីវ័យ ៣៨ ឆ្នាំ ត្រូវបានកាត់ទោស ក្នុងតុលាការហុងកុង។

ពួកគេត្រូវបានតុលាការចោទប្រកាន់ពីបទធ្វើបាតុកម្មដោយគ្មានការអនុញ្ញាត និងអាចជាប់ពន្ធនាគារ រយៈពេល ៣ ឆ្នាំ។ ជាមួយគ្នានេះ ពួកគេក៏ត្រូវប្រឈមនឹងការជាប់ពន្ធនាគារ រយៈពេល ១ ឆ្នាំ ផងដែរ ពីបទពាក់ម៉ាស់បិទមុខ ក្នុងពេលចូលរួមធ្វើបាតុកម្ម៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ