អានតួអត្ថបទ

អ្នកគាំទ្រ និងអ្នកប្រឆាំងរដ្ឋអំណាចហុងកុងប្រឈមមុខដាក់គ្នា មុនថ្ងៃខួបដែលអង់គ្លេសប្រគល់ហុងកុងឲ្យចិន

ការប្រឈមមុខដាក់គ្នាមួយបានផ្ទុះឡើង រវាងក្រុមអ្នកគាំទ្រ និងក្រុមអ្នកប្រឆាំងរដ្ឋាភិបាល នៅពីមុខរដ្ឋសភាហុងកុង នាថ្ងៃអាទិត្យម្សិលមិញ។ មួយថ្ងៃ មុនថ្ងៃរំឭកខួបទី២២ ឆ្នាំ ដែលអង់គ្លេសប្រគល់កោះហុងកុង ឲ្យទៅរដ្ឋាភិបាលចិនវិញ នាថ្ងៃទី ១ កក្កដា ឆ្នាំ២០១៩ នេះ។ជាសំណាងល្អ មិនមានអំពើហិង្សាណាមួយកើតឡើង​នោះទេ ដោយសារអាជ្ញាធរហុងកុង ចូលជួយអន្តរាគមន៍ទាន់ពេលវេលា។

ក្រុមអ្នកគាំទ្ររដ្ឋអំណាចហុងកុង ប្រមូលម្តុំគ្នាដើម្បីបង្ហាញជំហរជំទ្រដ្ឋាភិបាល នាថ្ងៃទី៣០ មិថុនា ឆ្នាំ២០១៩។
ក្រុមអ្នកគាំទ្ររដ្ឋអំណាចហុងកុង ប្រមូលម្តុំគ្នាដើម្បីបង្ហាញជំហរជំទ្រដ្ឋាភិបាល នាថ្ងៃទី៣០ មិថុនា ឆ្នាំ២០១៩។ REUTERS/Tyrone Siu
ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍ប្រឈមមុខដាក់គ្នានេះ បានកើតមានឡើង ក្រោយពីក្រុមអ្នកគាំទ្រប៉ូលិស ក៏ដូចជារដ្ឋាភិបាលហុងកុង ស្រែកជេរប្រមាថ ទៅកាន់ក្រុមអ្នកប្រឆាំងដែលសុទ្ធស៊ឹងតែជាយុវជនវ័យក្មេងៗ។ 

គេឃើញថា កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ក្រុមអ្នកគាំទ្ររដ្ឋាភិបាលចំនួនរាប់ពាន់នាក់ ដែលភាគច្រើនជាមនុស្សចាស់ បាននាំគ្នាប្រមូលផ្តុំ នៅមុខរដ្ឋសភាហុងកុង ក្បែរក្រុមអ្នកប្រឆាំងដែរ ដើម្បីបង្ហាញជំហរគាំទ្ររដ្ឋអំណាចហុងកុង មួយថ្ងៃមុន ថ្ងៃប្រារព្ធខួប ២២ ឆ្នាំដែលប្រទេសអង់គ្លេសប្រគល់ដែនដីហុងកុង ឲ្យចិនដីគោកវិញ។

នៅខណៈនោះ បណ្តាអ្នកគាំទ្ររដ្ឋអំណាចហុងកុង ដែលមានអ្នកខ្លះកាន់ទង់ជាតិចិនផង បាននាំគ្នាស្រែកថា “ជនក្បត់ជាតិចិន” ព្រមទាំងបានជេរប្រមាថដោយសម្តីធ្ងន់ៗជាច្រើនទៀត ទៅលើក្រុមអ្នកប្រឆាំងវ័យក្មេងៗ ដែលបានបោះតង់នៅពីរដ្ឋសភាហុងកុងអស់រយៈពេល៣ សប្តាហ៍កន្លងមកហើយ។

គួរជម្រាបជូនថា នៅដើមខែមិថុនានេះ ក្រុមបាតុកររាប់ពាន់នាក់ បានងើបបះបោរ ប្រឆាំងនឹងរដ្ឋាភិបាលហុងកុងចំនួនពីរដងរួចមកហើយ ដោយសារមិនពេញចិត្តនឹងសេចក្តីព្រាងច្បាប់ ធ្វើបត្យាប័នជនសង្ស័យទៅកាន់ប្រទេសចិន។​

អាជ្ញាធរហុងកុង បានចាត់ទុកថានេះ គឺជាការធ្វើកុបកម្មមួយ ដោយមានការលូកដៃពីបរទេស និងបានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់កាំភ្លើងកៅស៊ូ ដើម្បីបំបែកក្រុមអ្នកតវ៉ា ដែលប្រមូលផ្តុំនៅជុំវិញរដ្ឋសភា។ បន្ទាប់មក ក្រុមអ្នកប្រឆាំងបានចោទប្រកាន់ប៉ូលិសថា បានប្រើកម្លាំងហួសហេតុ ហើយបានអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យមួយចំពោះប្រតិបត្តិការបង្ក្រាបនេះ។

ដោយឡែក ក្រុមអ្នកគាំទ្ររដ្ឋាភិបាលវិញ ពួកគេចាត់ទុក ទង្វើរបស់ពួកអ្នកប្រឆាំងថា ជ្រុលហួសហេតុ មិនសមហេតុផល និងបង្កឲ្យវិបត្តិនយោបាយ កើតឡើងឥតស្រាកស្រាន្ត ក្នុងសង្គមហុងកុង នៅមួយរយៈពេលចុងក្រោយនេះ។

នៅថ្ងៃម្សិលមិញនេះដែរ ប្រជាពលរដ្ឋហុងកុងដែលគាំទ្ររដ្ឋអំណាចមួយចំនួនធំ បានដើរសំដៅទៅរក ក្រុមបាតុករវ័យក្មេងដែលមានចំនួនតិចជាង។ ភ្លាមៗនេះ ប៉ូលិសក៏បានចូលអន្តរាគមន៍ ជម្លៀសក្រុមអ្នកប្រឆាំង ទៅកន្លែងមានសុវត្ថិភាពផងដែរ ដើម្បីបញ្ចៀសកុំឲ្យអំពើហិង្សាណាមួយកើតឡើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ