ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/10 12h00 GMT

តើអ្វី​ជា​វិបត្តិ​បន្ទាប់​របស់​ហុងកុង​ នៅពេល​ដែល​ការប្រឆាំង​តវ៉ា​កាន់តែ​រីករាល​ដាលខ្លាំង​?

តើអ្វី​ជា​វិបត្តិ​បន្ទាប់​របស់​ហុងកុង​ នៅពេល​ដែល​ការប្រឆាំង​តវ៉ា​កាន់តែ​រីករាល​ដាលខ្លាំង​?
 
ក្រុមបាតុករហុងកុង នៅឯអាកាសយានដ្ឋានអន្តរជាតិហុងកុងនាថ្ងៃទី ១៣ ខែសីហាឆ្នាំ ២០១៩។ REUTERS/Tyrone Siu

ការតវ៉ារបស់ក្រុមបាតុករប្រជាធិបតេយ្យហុងកុង ប្រឆាំងទៅនឹងរដ្ឋាភិបាលដឹកនាំដោយលោកស្រីការី ឡាំ បានអូសបន្លាយរហូតដល់រយៈពេលជាង ២ ខែកន្លងមកហើយ។ ក៏ប៉ុន្តែ សន្ទុះនៃការតវ៉ាហាក់មិនថមថយកម្លាំងនោះទេ និងរឹតតែរីករាលដាលខ្លាំងឡើង គួរឲ្យព្រួយបារម្ភ។

ស្ថានការណ៍ដ៏តានតឹងបែបនេះ កាន់តែធ្វើឲ្យបញ្ហានយោបាយនៅកោះហុងកុង ធ្លាក់ជ្រៅចូលក្នុងរណ្តៅនៃវិបត្តិ ងើបមុខលែងរួច។ ធ្ងន់ធ្ងរជាងនេះទៅទៀតនោះ វិបត្តិនយោបាយធ្ងន់ធ្ងរបែបនេះ ក៏កំពុងធ្វើឲ្យកោះហុងកុង ប្រឈមនឹងវិបត្តិបន្ទាប់ ដែលជាវិបត្តិសេដ្ឋកិច្ចផងដែរ។

ក្រៅតែមានកិត្តិនាមថាជាមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់អាស៊ីហើយ ទីក្រុងហុងកុង ក៏ត្រូវបានគេទទួលស្គាល់ផងដែរ ថាជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់មួយរបស់ពិភពលោក។ ក៏ប៉ុន្តែ ចលនានៃការប្រឆាំងតវ៉ាខ្លាំងនៅហុងកុង ដែលមានរយៈពេលជាង ១០ សប្តាហ៍ទៅហើយនោះ មិនមានសញ្ញាថាធូរសាកស្រាន្តនៅឡើយនោះទេ។

នេះជាហេតុផល ធ្វើឲ្យគេបារម្ភថា វិបត្តិនយោបាយចាក់ស្រែះនេះ អាចក្លាយជាហានិភ័យដែលប៉ះពាល់ដល់សេដ្ឋកិច្ច និងមុខមាត់របស់កោះហុងកុងបាន។ ជាក់ស្តែង ក្រុមអ្នកវិនិយោគ និងអ្នកធ្វើអាជីវកម្មជាច្រើនបានសម្តែងនូវក្តីបារម្ភ ក្រោយឃើញព្រឹត្តិការណ៍ដែលក្រុមបាតុករ គាំទ្រលទ្ធិប្រជាធិបតេយ្យ នាំគ្នាទៅប្រមូលផ្តុំ នៅឯព្រលានយន្តហោះ រយៈពេល៥ ថ្ងៃជាប់គ្នាៗ រាប់ចាប់ពីថ្ងៃសុក្រទី៩ សីហា ដល់ថ្ងៃអង្គារ ទី ១៣ សីហាកន្លងទៅ។

ការព្រួយបារម្ភរយៈពេលខ្លីនោះ គឺថាសេដ្ឋកិច្ចរបស់ទីក្រុងហុងកុង កំពុងដើរឆ្ពោះទៅរកការធ្លាក់ចុះ ដោយសារភាពចលាចលក្នុងតំបន់ បន្ថែមពីលើសង្គ្រាមពាណិជ្ជកម្មដែលមានស្រាប់ទៅហើយរវាងសហរដ្ឋអាមេរិក និង ចិន។

មេដឹកនាំក្រុងហុងកុងលោកស្រីការី ឡាំ កាលពីថ្ងៃសុក្រ សប្តាហ៍មុន បានប្រដូចផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដែលបណ្តាលមកពីចលនាប្រឆាំងថា ប្រៀបដូចជាកម្លាំងបក់បោករបស់រលកស៊ូណាមី។ លោកស្រីថា វាជះឥទ្ធិពលខ្លាំង ជាងការផ្ទុះជំងឺសា កាលពីឆ្នាំ ២០០៣ និង ធ្ងន់ធ្ងរជាង​វិបត្តិហិរញ្ញវត្ថុអន្តរជាតិនាឆ្នាំ២០០៨ ទៅទៀត។

ទាក់ទងរឿងនេះដែរ លោកអ៊ែរី ឡោ (Airy Lau) ប្រធានផ្នែកការរកស៊ីវិនិយោគម្នាក់នៅស្ថាប័នមួយ (Fair Capital Management) បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ថាស្ថានការណ៍នៅហុងកុង មើលទៅទំនងជាមិនមានភាពល្អប្រសើរទាល់តែសោះ នៅមួយរយៈពេលចុងក្រោយនេះ។

លោកអ៊ែរី ឡោ បានបន្ថែមថា ភាពច្របូកច្របល់ដែលបន្តអូសបន្លាយនៅហុងកុង បូកបញ្ចូលគ្នាជាមួយសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនផងនោះ ទំនងជារុញច្រានឲ្យទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនជាច្រើនគ្រាក់ៗនៅហុងកុង ធ្លាក់ចុះក្នុងចន្លោះពី ៥% ទៅ ១០%។

ទន្ទឹមគ្នានេះ បើតាមការចុះផ្សាយរបស់សារព័ត៌មានអាមេរិក Bloomberg វិបត្តិនៅហុងកុង និងជម្លោះពាណិជ្ជកម្មអាមេរិក-ចិន បានធ្វើឲ្យតម្លៃអចលនៈទ្រព្យធ្លាក់ចុះ និងធ្វើឱ្យទីផ្សារភាគហ៊ុនហុងកុងទាំងមូលធ្លាក់ថ្លៃជាច្រើនរហូតដល់ប្រមាណជា ៤,៩ ទ្រីលានដុល្លារឯណោះ។

ទាក់ទងរឿងនេះដែរ កាលពីសប្តាហ៍មុន នាយកប្រតិបត្តិរបស់ក្រុមហ៊ុនធំៗជាច្រើនរួមជាអាទិ៍មានក្រុមហ៊ុនអាកាសចរណ៍ ទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន នៅហុងកុង ក៏បាន ប្រកាសអំពីគ្រោះថ្នាក់ដែលពួកគេប្រឈម ក្នុងការបាត់បង់ប្រាក់ចំណូលដែរ។

ជាក់ស្តែង អំពើហិង្សាដែលប៉ូលិសបង្ក្រាបក្រុមបាតុករដោយការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក នៅឯព្រលានយន្តហោះ បានល្បីរន្ទឺ និងមានគ្រប់ទំព័រសារព័ត៌មានអន្តរជាតិ ជាហេតុធ្វើឲ្យលែងមានអ្នកចង់ធ្វើដំណើរទៅកាន់កោះហុងកុងបន្តទៀត។

និន្នាការនេះ បានធ្វើឲ្យក្រុមហ៊ុននៅហុងកុងជាច្រើនខាតបង់ប្រាក់ចំណូល។ ឧទាហរណ៍មួយក្នុងចំណោមនោះ មានក្រុមហ៊ុនអាកាសចរណ៍ដ៏ធំរបស់ហុងកុង គឺក្រុមហ៊ុន Cathay Pacific ដែលតម្លៃភាគហ៊ុនបានធ្លាក់ចុះចំនួនជាង ៤%។ ជាតម្លៃដែលមានកម្រិតទាបជាងគេបំផុតមួយ ក្នុងរយៈពេល១០ ឆ្នាំចុងក្រោយនេះ។

ចំណែកឯ ការព្រួយបារម្ភមួយទៀតនោះគឺ ការបាត់បង់សក្តានុពលសម្រាប់វិស័យសេដ្ឋកិច្ចរបស់ទីក្រុងហុងកុង ដែលធ្លាប់តែជាតំបន់មានកេរ្តិ៍ឈ្មោះល្អ។

វាជាក្តីបារម្ភក្នុងរយៈពេលវែង ដែលកោះហុងកុងអាចនឹងបាត់បង់តំណែងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់មួយរបស់ពិភពលោក ក្នុងករណីដែលភាពចលាចលនៅតែបន្តកើតឡើង ឥតស្រាន្តបន្តទៅពេលអនាគតទៀត។ នេះជាការលើកឡើងរបស់លោកស្រី Rory Green ជាសេដ្ឋវិទូម្នាក់។

តែទោះជាយ៉ាងណាក៏ដោយ មានការលើកឡើងដែរថា សេដ្ឋកិច្ចរបស់ហុងកុង ទំនងជាមិនធ្លាក់ដុនដាបខ្លាំង រហូតធ្វើឲ្យហុងកុងបាត់បង់ឈ្មោះជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់របស់ពិភពលោកបានឡើយ។

ក្រុមអ្នកសុទិដ្ឋិនិយមមួយចំនួនទស្សន៍ទាយថា ការតវ៉ានឹងស្ងប់ទៅវិញដោយគ្មានការខូចខាតផ្នែកសេដ្ឋកិច្ចយូរអង្វែងនោះទេ។ ពួកគេ ថាករណីនេះ គឺដូចទៅនឹងការតវ៉ានៃចលនាឆ័ត្រកាលពីអំឡុង៥ ឆ្នាំមុន ដែលមានសន្ធឹកខ្លាំង តែក្រោយមកក៏ស្ងប់ស្ងាត់ទៅវិញ។

ទាក់ទងរឿងនេះដែរ លោក Zhuang Jiapeng អ្នកគ្រប់គ្រងមូលនិធិម្នាក់នៅក្រុមហ៊ុនមួយនិយាយថា នៅគ្រានោះ មានមនុស្សជាច្រើនដែលបានទិញភាគហ៊ុនហុងកុង ហើយពួកគេទទួលបានផលចំណេញ និងភាពជោគជ័យមិនតិចនោះទេ៕

 


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    ហុងកុង៖​ ចិន​អាច​បង្រ្កាបដោយហិង្សា​លើ​​​បាតុករ​ ដូចនៅ​ ​ធាន​អាន​មេន ដែរទេ?

    ស្វែងយល់បន្ថែម

  • ហុងកុង

    ចិនដីគោកចេញមុខព្រមានជាថ្មីដោយសម្លឹងឃើញសញ្ញាភេរវកម្មនិយមនៅក្នុងក្បួនបាតុកម្មនៅហុងកុង

    ស្វែងយល់បន្ថែម

  • ហុងកុង៖ ប្រជាជន​ប្តេជ្ញា​បន្ត​ធ្វើ​បាតុកម្ម បើទោះ​បី​ជា​អាជ្ញាធរ​មិន​អនុញ្ញាត

    ស្វែងយល់បន្ថែម

  • ហុងកុង

    ហុងកុង៖កម្លាំងប៉ូលិសបានវាយបំបែកហ្វូងបាតុករដោយប្រើគ្រាប់បែកផ្សែងបង្ហូរទឹកភ្នែក

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ