ហេតុអ្វីចិនក្លាយជាចំណុចចម្រូងចម្រាសក្នុងការបោះឆ្នោតឥណ្ឌូណេស៊ី
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៤៩
នៅថ្ងៃពុធ១៧មេសានេះ ពលរដ្ឋឥណ្ឌូណេស៊ីជាង ១៩០លាននាក់ ត្រូវចេញទៅបោះឆ្នោត ដើម្បីជ្រើសរើសប្រធានាធិបតីថ្មី។ ការស្ទាបស្ទង់មតិជាច្រើនបង្ហាញថា លោកចូកូ វីដូដូ ដែលជាប្រធានាធិបតីផុតអាណត្តិ គឺជាអ្នកមានប្រៀប នៅក្នុងការបោះឆ្នោតនេះ ក៏ប៉ុន្តែ គេសង្កេតឃើញថា នៅពេញក្នុងយុទ្ធនាការឃោសនាបោះឆ្នោត បញ្ហាដ៏ចម្រូងចម្រាសមួយ បានក្លាយជាចំណោទសម្រាប់លោកចូកូ វីដូដូ។ នោះគឺឥទ្ធិពលរបស់ចិន ដែលកើនឡើងខ្លាំងជាមួយនឹងកំណើននៃការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅឥណ្ឌូណេស៊ី។
លោកចូកូ វីដូដូ ឈរឈ្មោះជាប្រធានាធិបតីឥណ្ឌូណេស៊ីសម្រាប់អាណត្តិថ្មី នៅក្នុងការបោះឆ្នោតនៅថ្ងៃពុធនេះ ជាមួយនឹងចំណុចខ្លាំងមួយ គឺភាពរឹងមាំនៃសេដ្ឋកិច្ចឥណ្ឌូណេស៊ី ដែលអត្រាអតិផរណាមានកម្រិតទាប ចំណែកឯអត្រាកំណើនសេដ្ឋកិច្ចវិញមានកម្រិតខ្ពស់ប្រមាណជា ៥% ជារៀងរាល់ឆ្នាំ ចាប់តាំងពីលោកចូលកាន់តំណែង កាលពីឆ្នាំ២០១៤មក។ ក៏ប៉ុន្តែ គូប្រជែងរបស់លោកបានផ្តោតទៅលើចំណុចដ៏ចម្រូងចម្រាសមួយ ដើម្បីជាប្រធានបទនៃការវាយប្រហារទៅលើលោកចូកូ វីដូដូ គឺលំហូរដ៏ច្រើនសន្ធឹកសន្ធាប់នៃវិនិយោគរបស់ចិន នៅក្នុងប្រទេសឥណ្ឌូណេស៊ី។
គេសង្កេតឃើញថា នៅក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ លោកចូកូ វីដូដូ បានដាក់ចេញនូវគោលនយោបាយជាអាទិភាពមួយ គឺការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារដល់ប្រជាជន ហើយការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនេះត្រូវការជាចាំបាច់នូវវិនិយោគបរទេស ជាពិសេស វិនិយោគរបស់ចិន ដែលជាប្រទេសសម្បូរលុយ។
គ្រាន់តែនៅក្នុងឆ្នាំ២០១៨កន្លងទៅនេះ រដ្ឋាភិបាលរបស់លោកវីដូដូបានចុះកិច្ចព្រមព្រៀងវិនិយោគជាមួយចិន នៅក្នុងទំហំទឹកប្រាក់រហូតដល់ទៅ ២៣ពាន់លានដុល្លារអាមេរិក បន្ថែមពីលើគម្រោងជាច្រើនដែលមានស្រាប់ ជាពិសេស គឺគម្រោងសាងសង់បណ្តាញរថភ្លើងល្បឿនលឿន ក្នុងទំហំទឹកប្រាក់ ៦ពាន់លានដុល្លារ ដែលជាគម្រោងដ៏ចម្រូងចម្រាសមួយ ហើយដែលគូប្រជែងរបស់លោកវីដូដូតែងតែលើកយកមកវាយប្រហារលើរូបលោក។
តាមការពិតទៅ បើមើលទៅតាមតួលេខរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី គិតមកទល់នឹងឆ្នាំ២០១៨កន្លងទៅនេះ ចិនមិនមែនជាប្រទេសដែលបោះទុនវិនិយោគច្រើនជាងគេនោះទេ នៅក្នុងប្រទេសឥណ្ឌូណេស៊ី។ ប្រទេសដែលវិនិយោគច្រើនជាងគេនៅឥណ្ឌូណេស៊ី គឺសិង្ហបុរី ចំណែកឯចិនវិញស្ថិតនៅលំដាប់ទី៣ឯណោះ នៅពីក្រោយជប៉ុន ដែលនៅលំដាប់ទី២។
ក៏ប៉ុន្តែ បើទោះបីជាយ៉ាងនេះក៏ដោយ គណបក្សប្រឆាំងឥណ្ឌូណេស៊ីចូលចិត្តលើកយកវិនិយោគចិនមកធ្វើការឃោសនាបោះឆ្នោត ដើម្បីវាយប្រហារលើលោកចូកូ វីដូដូ គឺធ្វើតម្រូវទៅតាមនិន្នាការប្រឆាំងចិន ដែលកើតមានកាន់តែខ្លាំងឡើងៗ នៅក្នុងចំណោមប្រជាជនឥណ្ឌូណេស៊ីដែលជាម្ចាស់ឆ្នោត។
មែនទែនទៅ នៅក្នុងមួយរយៈកាលចុងក្រោយនេះ គេសង្កេតឃើញថា និន្នាការប្រឆាំងនឹងវិនិយោគចិនមិនមែនកើតមានឡើងតែនៅក្នុងប្រទេសឥណ្ឌូណេស៊ីនេះមួយនោះទេ ក៏ប៉ុន្តែ វាបានកើតមានឡើងជាទូទៅ នៅស្ទើរតែគ្រប់ប្រទេសនៅក្នុងតំបន់អាស៊ី ហើយជារឿយៗ គោលនយោបាយប្រឆាំងនឹងវិនិយោគចិនបានក្លាយទៅជាប្រធានបទដ៏ពេញនិយមមួយ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ហើយភាគច្រើនវាជាគោលនយោបាយ ដែលទាក់ទាញនូវចំណាប់អារម្មណ៍ និងទទួលបាននូវការគាំទ្រពីសំណាក់ប្រជាជនម្ចាស់ឆ្នោត។
ជាក់ស្តែង គេសង្កេតឃើញថា នៅក្នុងការបោះឆ្នោតថៃកន្លងទៅថ្មីៗនេះ គម្រោងវិនិយោគចិន គឺជាប្រធានបទដ៏សំខាន់មួយ ដែលគណបក្សភឿថៃលើកយកមកធ្វើការឃោសនា ដើម្បីរិះគន់លើរបបសឹក ហើយព្រមទាំងបានសន្យាទៀតផងថា ប្រសិនបើពួកគេជាប់ឆ្នោតឡើងកាន់អំណាច ពួកគេនឹងធ្វើការសើរើមើលឡើងវិញ នូវគម្រោងវិនិយោគ ដែលរបបសឹកបានព្រមព្រៀងជាមួយចិន កាលពីពេលកន្លងមក។
នៅម៉ាឡេស៊ីវិញ លោកមហាធៀរ មហាម៉ាត់ ក៏បានផ្តោតជាសំខាន់ ទៅលើគោលនយោបាយប្រឆាំងនឹងគម្រោងវិនិយោគរបស់ចិននេះដែរ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត កាលពីឆ្នាំ២០១៨កន្លងទៅ។ យុទ្ធនាការឃោសនាបោះឆ្នោត ដែលលោកបានទទួលជោគជ័យលើអតីតនាយករដ្ឋមន្ត្រី ដែលមានជាប់ពាក់ព័ន្ធច្រើននឹងគម្រោងវិនិយោគចិន។
និយាយជារួមទៅ នៅក្នុងពេលបច្ចុប្បន្ននេះ គោលនយោបាយប្រឆាំងនឹងវិនិយោគចិន កំពុងតែក្លាយទៅជាប្រធានបទដ៏ពេញនិយមមួយ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត មិនថានៅឥណ្ឌូណេស៊ី ឬក៏នៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍផ្សេងទៀត ជាពិសេសនៅអាស៊ី។
ជាទូទៅ គេតែងតែនាំគ្នាសំឡឹងមើលទៅលើវិនិយោគចិនក្នុងផ្លូវអវិជ្ជមាន គឺម្យ៉ាង ដោយសារតែគេនាំគ្នាគិតថា គម្រោងវិនិយោគចិនច្រើនតែធ្វើឡើងដោយខ្វះតម្លាភាព ងាយនឹងពាក់ព័ន្ធក្នុងអំពើពុករលួយ ហើយថាជាគម្រោងដែលផ្តល់ផលប្រយោជន៍ដល់ចិនគ្នាឯង ជាជាងដល់ប្រជាជនក្នុងស្រុក ដោយសារតែគម្រោងវិនិយោគរបស់ចិនភាគច្រើនយកពលករពីចិនឲ្យមកធ្វើការ។ ម្យ៉ាងទៀត ដោយសារតែគេបារម្ភខ្លាចលុយវិនិយោគដែលបានមកដោយស្រួលៗពីចិននេះ ត្រូវក្លាយទៅជាអន្ទាក់បំណុលនាំឲ្យប្រទេសដែលជាអ្នកទទួលវិនិយោគត្រូវវ័ណ្ឌ ក ដោយបំណុលចិន ហើយត្រូវបង្ខំចិត្តកាត់ទីតាំងជាយុទ្ធសាស្រ្តណាមួយទៅឲ្យចិនគ្រប់គ្រង ដែលជាហេតុនាំឲ្យប៉ះពាល់ទៅដល់អធិបតេយ្យរបស់ប្រទេស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ