អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​វិស័យ​ទេសចរណ៍​អាស៊ីអាគ្នេយ៍​ត្រូវក្លាយជា​អ្នករងគ្រោះ​ដោយ​សង្រ្គាមពាណិជ្ជកម្ម​ចិន-អាមេរិក?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថៃ ដែល​ជា​ទិសដៅទេសចរណ៍​ដ៏​សំខាន់​បំផុតមួយ​នៅ​ក្នុង​តំបន់​អាស៊ី ​បាន​ចេញផ្សាយ​តួលេខ​ផ្លូវការ​មួយ​ដែល​បង្ហាញ​ថា នៅ​ក្នុង​រយៈពេល​ ៩ខែ គឺ​ចាប់​ពីខែ​មករា ដល់​ខែ​កញ្ញា ឆ្នាំ២០១៩​នេះ ចំនួន​ទេសចរ​ចិនទៅលេង​ប្រទេស​ថៃ​បាន​ធ្លាក់​ចុះ​រហូតដល់​ទៅ​ប្រមាណ​ជា ២៥% បើ​ធៀប​ទៅនឹង​ឆ្នាំ២០១៨​កន្លងទៅ។ តាមការពិត​ទៅ ការធ្លាក់ចុះ​នៃ​ចំនួន​ទេសចរ​ចិន​នេះ​មិនមែន​កើតមាន​តែ​នៅ​ក្នុង​ប្រទេស​ថៃ​មួយ​នោះទេ ក៏ប៉ុន្តែ កំពុងតែ​កើតមាន​ជា​លក្ខណៈ​ទូទៅ នៅ​តាម​បណ្តា​ប្រទេស​ជាច្រើន​ផ្សេងទៀត ហើយ​មូលហេតុ​ចម្បង​នៃ​ការ​ធ្លាក់ចុះ​នេះ គឺ​សង្រ្គាម​ពាណិជ្ជកម្ម​ រវាង​ចិន និង​អាមេរិក។

ទេសចរចិន​នៅថៃ កាល​ពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩
ទេសចរចិន​នៅថៃ កាល​ពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ Mladen ANTONOV/AFP
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គេ​ឃើញ​ថា ទេសចរចិន​​គឺ​ជា​ចលករ​ដ៏​ចម្បងមួយ​នៃ​ទីផ្សារ​ទេសចរណ៍​ពិភពលោក ដោយ​គ្រាន់តែ​នៅ​ក្នុង​ឆ្នាំ​២០១៨​កន្លងទៅ មាន​ទេសចរ​ចិន​រហូត​ដល់​ទៅ​ប្រមាណ​ជា ១៥០លាន​នាក់ បាន​ធ្វើ​ដំណើរ​ទៅ​លេង​នៅ​ក្រៅប្រទេស ហើយ​ការចំណាយ​របស់​អ្នកទេសចរ​ចិន​ មាន​ទំហំ​រហូត​ដល់​ទៅ​ប្រមាណ​ជា ២៥% នៃ​ការ​ចំណាយ​ទេសចរសរុប​នៅ​ទូទាំង​ពិភពលោក​ទាំងមូល។ នេះ​បើ​យោងតាម​តួលេខ​របស់​អង្គការ​ទេសចរណ៍​ពិភពលោក (World Tourism Organization)។

ក៏ប៉ុន្តែ នៅ​​ឆ្នាំ២០១៩​នេះ គេ​សង្កេតឃើញ​ថា ចំនួន​ទេសចរ​ចិន​ទៅ​ក្រៅ​ប្រទេស​មាន​ការ​ធ្លាក់ចុះ​ច្រើន ហើយ​គ្រាន់តែ​នៅ​ត្រីមាស​ទី១​ឆ្នាំ​នេះ ការ​ចំណាយ​របស់​ទេសចរចិន​នៅ​ក្រៅ​ប្រទេស​បាន​ធ្លាក់ចុះ​​រហូត​ដល់​ទៅ ១០% បើ​ធៀប​នឹង​​ត្រីមាស​​ទី១​​ឆ្នាំ២០១៨​កន្លង​ទៅ។

​ការ​ធ្លាក់ចុះ​នៃ​ចំនួន និង​ទំហំ​នៃ​ការ​ចំណាយ​របស់​អ្នកទេសចរ​ចិន​នេះ​អាច​បណ្តាល​មក​ពី​កត្តា​ច្រើន​ផ្សេងគ្នា ដោយ​នៅ​ក្នុងនោះ បញ្ហា​សុវត្ថិភាព អនាម័យ និង​គោលនយោបាយ​របស់​ប្រទេស​ជា​ទិសដៅ​ទេសចរនីមួយៗ ក៏​ជា​កត្តា​ដ៏​សំខាន់​ផងដែរ ក៏ប៉ុន្តែ មូលហេតុ​ដ៏​ចម្បង​ជាងគេ​បំផុត គឺ​សង្រ្គាម​ពាណិជ្ជកម្ម រវាង​ចិន និង​អាមេរិក ដែល​កំពុងតែ​បង្កើត​នូវ​បញ្ហា​ពីរ​ដល់​វិស័យទេសចរណ៍​អន្តរជាតិ គឺ​​សេដ្ឋកិច្ច​ចិន​ត្រូវ​មាន​កំណើន​យឺតជាងមុន ហើយ​ក្នុងពេល​ជាមួយគ្នា តម្លៃ​លុយយ័ន​របស់​ចិន​ក៏​ត្រូវ​ធ្លាក់ចុះ។

នៅ​ពេល​ដែល​កំណើន​សេដ្ឋកិច្ច​ធ្លាក់ចុះ វា​ធ្វើ​ឲ្យ​ប្រាក់ចំណូល​របស់​ប្រជាជន​មួយ​ចំនួន​ក៏​ត្រូវ​ធ្លាក់ចុះ ហើយ​ក្នុងពេល​ជាមួយគ្នា តម្លៃ​លុយយ័ន​​ក៏​ត្រូវ​ធ្លាក់ចុះ ដែល​មានន័យ​ថា លុយ​ដែល​ទេសចរ​ចិនរក​បាន​ជា​យ័ន​​ នៅ​ពេល​ដូរ​ទៅ​ជា​លុយ​បរទេស​ក៏​ត្រូវ​បាន​តិច​ជាងមុន។ ជាលទ្ធផល កញ្ចប់​ថវិកា​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​បរទេស​ក៏​ត្រូវ​ធ្លាក់ចុះ​ខ្លាំង ដោយ​ខ្លះ​លែងមាន​លទ្ធភាព​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​ក្រៅប្រទេស រីឯ​ខ្លះ​ទៀត បើ​ទោះបីជា​នៅមាន​លទ្ធភាព ក៏ប៉ុន្តែ សុខចិត្ត​ផ្អាកគម្រោងសិន ដោយ​សារ​តែ​បារម្ភ​អំពី​ស្ថានភាព​សេដ្ឋកិច្ច​មិន​ច្បាស់លាស់ ឬ​ក៏​​ចង់​រង់ចាំ​មើល​ក្រែង​ស្ថានភាព​សេដ្ឋកិច្ច​បាន​ប្រសើរ​មកវិញ។

ជាលទ្ធផល ចំនួន​ទេសចរ​ចិន​ទៅ​លេង​នៅ​ក្រៅ​ប្រទេស​ក៏​ត្រូវ​ធ្លាក់ចុះ ចំណែក​ឯ​អ្នកដែល​​នៅ​បន្ត​ធ្វើ​ដំណើរ​ទៅលេង​ក្រៅប្រទេស​ក៏​ចំណាយ​តិច​ជាងមុន នៅ​តាម​បណ្តា​ប្រទេស​ដែល​ខ្លួន​ទៅលេង។ មែនទែន​ទៅ ការ​ធ្លាក់ចុះ​នៃ​ទេសចរ​ចិន​នេះ កំពុងតែ​កើតមាន​ឡើង​ជា​លក្ខណៈ​ទូទៅ នៅ​ទូទាំង​ពិភពលោក​ទាំងមូល ក៏ប៉ុន្តែ សម្រាប់​បណ្តា​ប្រទេស​មួយ​ចំនួន នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ការធ្លាក់ចុះ​នេះ​អាច​នឹង​បង្ក​នូវ​ផលប៉ះពាល់​ខ្លាំង​ ម្យ៉ាង គឺ​ដោយសារ​តែ​បណ្តា​ប្រទេស​ទាំងនេះ រួម​មាន​ដូចជា​ប្រទេស​ថៃ ឥណ្ឌូណេស៊ី និង​កម្ពុជា ជាដើម សុទ្ធតែ​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ពឹងផ្អែកច្រើន​លើ​វិស័យ​ទេសចរណ៍ ហើយ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ វិស័យ​ទេសចរណ៍​របស់​ប្រទេស​ទាំងនេះ​ក៏​មាន​ការ​ពឹងផ្អែក​យ៉ាង​​ខ្លាំង​ផងដែរ​​លើ​ទេសចរ​ចិន។

ត្រង់​ចំណុច​នេះ គេ​អាច​យល់​បាន​ថា បណ្តា​ប្រទេស​ទាំង​នេះ​ចង់​ឆ្លៀតឱកាស​ទាញ​យក​ផលប្រយោជន៍​ពី​​កំណើន​ទេសចរ​ចិន ដែល​មាន​សន្ទុះ​​យ៉ាងលឿន នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅនេះ។ ក៏ប៉ុន្តែ  វិស័យ​ទេសចរណ៍​ក៏​មិន​ខុស​ពី​​​វិស័យ​ផ្សេងទៀត​ប៉ុន្មាន​ដែរ នៅ​ពេល​ដែល​គេ​ពឹងផ្អែក​​កាន់តែ​ខ្លាំង​ទៅលើ​តែ​ទីផ្សារ​ណាមួយ ហានិភ័យ​ក៏​មាន​កាន់តែ​ច្រើន​ទៅតាម​នោះ​ផងដែរ។

ហេតុដូច្នេះ​ហើយ​បាន​ជា​គេ​សង្កេតឃើញ​ថា បណ្តា​ប្រទេស​មួយ​ចំនួន​កំពុងតែ​ព្យាយាម ​ទាក់ទាញ​ទេសចរ​មក​ពី​ប្រទេស​ផ្សេង ដើម្បី​ជំនួស​ទេសចរ​ចិន ដែល​ធ្លាក់ចុះ ហើយ​ទីផ្សារ​​ដ៏​មាន​សក្តានុពល​មួយ ដែល​គេ​កំពុង​តែ​សំឡឹង​ឃើញ​​នៅក្នុងពេល​បច្ចុប្បន្ន​នេះ គឺ​ឥណ្ឌា។ឥណ្ឌា​ជា​ទីផ្សារ​មួយ​ប្រកប​ដោយ​សក្តានុពល នៅ​ក្នុង​វិស័យ​ទេសចរណ៍​ ពីព្រោះ​ថា ឥណ្ឌា​គឺ​ជា​ប្រទេស​​​មាន​​ប្រជាជន​ច្រើន រហូត​ដល់​ទៅ​ជាង ១ពាន់៣រយលាននាក់ ហើយ​ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ជា​រៀងរាល់​ឆ្នាំ ប្រជាជន​ឥណ្ឌា​ដែល​មាន​ចំណូល​ពី​មធ្យម​ទៅ​ខ្ពស់ ដែល​មាន​លទ្ធភាព​​​​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​បរទេស​ក៏​មាន​​ចំនួន​ច្រើន។

ហេតុដូច្នេះហើយ​បាន​ជា​គេ​ឃើញ​ថា នៅ​ក្នុង​ឆ្នាំ២០១៩​នេះ នៅ​ពេល​ដែល​ទេសចរ​ចិន​ធ្លាក់​ចុះ​ខ្លាំង ប្រទេស​មួយ​ចំនួន​បាន​ងាក​ទៅ​ផ្តោត​លើ​ការ​ទាក់ទាញ​ទេសចរ​ឥណ្ឌា​វិញ​ម្តង ដូចជា​ប្រទេស​វៀតណាម​ជាដើម ​ទើប​នឹង​បាន​អនុញ្ញាត​ឲ្យ​មាន​ជើង​ហោះហើរ​ដោយ​ត្រង់​ ​ជាមួយ​​​ឥណ្ឌា​ចាប់ពី​ខែ​តុលា​នេះ​តទៅ ចំណែក​ថៃ​វិញ ដែល​មាន​ជើង​ហោះហើរ​ដោយ​ត្រង់​ជាមួយ​ឥណ្ឌា​ស្រាប់ ទើប​នឹង​បាន​សម្រេច​ឈប់​យក​ថ្លៃ​ទិដ្ឋាការ​ពី​ទេសចរ​ឥណ្ឌា ចាប់​ពី​ខែ​មេសា​ ដើមឆ្នាំ២០១៩​កន្លងទៅនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ