ហេតុអ្វីវិស័យទេសចរណ៍អាស៊ីអាគ្នេយ៍ត្រូវក្លាយជាអ្នករងគ្រោះដោយសង្រ្គាមពាណិជ្ជកម្មចិន-អាមេរិក?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៣៣
ថៃ ដែលជាទិសដៅទេសចរណ៍ដ៏សំខាន់បំផុតមួយនៅក្នុងតំបន់អាស៊ី បានចេញផ្សាយតួលេខផ្លូវការមួយដែលបង្ហាញថា នៅក្នុងរយៈពេល ៩ខែ គឺចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០១៩នេះ ចំនួនទេសចរចិនទៅលេងប្រទេសថៃបានធ្លាក់ចុះរហូតដល់ទៅប្រមាណជា ២៥% បើធៀបទៅនឹងឆ្នាំ២០១៨កន្លងទៅ។ តាមការពិតទៅ ការធ្លាក់ចុះនៃចំនួនទេសចរចិននេះមិនមែនកើតមានតែនៅក្នុងប្រទេសថៃមួយនោះទេ ក៏ប៉ុន្តែ កំពុងតែកើតមានជាលក្ខណៈទូទៅ នៅតាមបណ្តាប្រទេសជាច្រើនផ្សេងទៀត ហើយមូលហេតុចម្បងនៃការធ្លាក់ចុះនេះ គឺសង្រ្គាមពាណិជ្ជកម្ម រវាងចិន និងអាមេរិក។
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេឃើញថា ទេសចរចិនគឺជាចលករដ៏ចម្បងមួយនៃទីផ្សារទេសចរណ៍ពិភពលោក ដោយគ្រាន់តែនៅក្នុងឆ្នាំ២០១៨កន្លងទៅ មានទេសចរចិនរហូតដល់ទៅប្រមាណជា ១៥០លាននាក់ បានធ្វើដំណើរទៅលេងនៅក្រៅប្រទេស ហើយការចំណាយរបស់អ្នកទេសចរចិន មានទំហំរហូតដល់ទៅប្រមាណជា ២៥% នៃការចំណាយទេសចរសរុបនៅទូទាំងពិភពលោកទាំងមូល។ នេះបើយោងតាមតួលេខរបស់អង្គការទេសចរណ៍ពិភពលោក (World Tourism Organization)។
ក៏ប៉ុន្តែ នៅឆ្នាំ២០១៩នេះ គេសង្កេតឃើញថា ចំនួនទេសចរចិនទៅក្រៅប្រទេសមានការធ្លាក់ចុះច្រើន ហើយគ្រាន់តែនៅត្រីមាសទី១ឆ្នាំនេះ ការចំណាយរបស់ទេសចរចិននៅក្រៅប្រទេសបានធ្លាក់ចុះរហូតដល់ទៅ ១០% បើធៀបនឹងត្រីមាសទី១ឆ្នាំ២០១៨កន្លងទៅ។
ការធ្លាក់ចុះនៃចំនួន និងទំហំនៃការចំណាយរបស់អ្នកទេសចរចិននេះអាចបណ្តាលមកពីកត្តាច្រើនផ្សេងគ្នា ដោយនៅក្នុងនោះ បញ្ហាសុវត្ថិភាព អនាម័យ និងគោលនយោបាយរបស់ប្រទេសជាទិសដៅទេសចរនីមួយៗ ក៏ជាកត្តាដ៏សំខាន់ផងដែរ ក៏ប៉ុន្តែ មូលហេតុដ៏ចម្បងជាងគេបំផុត គឺសង្រ្គាមពាណិជ្ជកម្ម រវាងចិន និងអាមេរិក ដែលកំពុងតែបង្កើតនូវបញ្ហាពីរដល់វិស័យទេសចរណ៍អន្តរជាតិ គឺសេដ្ឋកិច្ចចិនត្រូវមានកំណើនយឺតជាងមុន ហើយក្នុងពេលជាមួយគ្នា តម្លៃលុយយ័នរបស់ចិនក៏ត្រូវធ្លាក់ចុះ។
នៅពេលដែលកំណើនសេដ្ឋកិច្ចធ្លាក់ចុះ វាធ្វើឲ្យប្រាក់ចំណូលរបស់ប្រជាជនមួយចំនួនក៏ត្រូវធ្លាក់ចុះ ហើយក្នុងពេលជាមួយគ្នា តម្លៃលុយយ័នក៏ត្រូវធ្លាក់ចុះ ដែលមានន័យថា លុយដែលទេសចរចិនរកបានជាយ័ន នៅពេលដូរទៅជាលុយបរទេសក៏ត្រូវបានតិចជាងមុន។ ជាលទ្ធផល កញ្ចប់ថវិកាសម្រាប់ការធ្វើដំណើរទៅបរទេសក៏ត្រូវធ្លាក់ចុះខ្លាំង ដោយខ្លះលែងមានលទ្ធភាពធ្វើដំណើរទៅកម្សាន្តនៅក្រៅប្រទេស រីឯខ្លះទៀត បើទោះបីជានៅមានលទ្ធភាព ក៏ប៉ុន្តែ សុខចិត្តផ្អាកគម្រោងសិន ដោយសារតែបារម្ភអំពីស្ថានភាពសេដ្ឋកិច្ចមិនច្បាស់លាស់ ឬក៏ចង់រង់ចាំមើលក្រែងស្ថានភាពសេដ្ឋកិច្ចបានប្រសើរមកវិញ។
ជាលទ្ធផល ចំនួនទេសចរចិនទៅលេងនៅក្រៅប្រទេសក៏ត្រូវធ្លាក់ចុះ ចំណែកឯអ្នកដែលនៅបន្តធ្វើដំណើរទៅលេងក្រៅប្រទេសក៏ចំណាយតិចជាងមុន នៅតាមបណ្តាប្រទេសដែលខ្លួនទៅលេង។ មែនទែនទៅ ការធ្លាក់ចុះនៃទេសចរចិននេះ កំពុងតែកើតមានឡើងជាលក្ខណៈទូទៅ នៅទូទាំងពិភពលោកទាំងមូល ក៏ប៉ុន្តែ សម្រាប់បណ្តាប្រទេសមួយចំនួន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ការធ្លាក់ចុះនេះអាចនឹងបង្កនូវផលប៉ះពាល់ខ្លាំង ម្យ៉ាង គឺដោយសារតែបណ្តាប្រទេសទាំងនេះ រួមមានដូចជាប្រទេសថៃ ឥណ្ឌូណេស៊ី និងកម្ពុជា ជាដើម សុទ្ធតែជាប្រទេសមានសេដ្ឋកិច្ចពឹងផ្អែកច្រើនលើវិស័យទេសចរណ៍ ហើយនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យទេសចរណ៍របស់ប្រទេសទាំងនេះក៏មានការពឹងផ្អែកយ៉ាងខ្លាំងផងដែរលើទេសចរចិន។
ត្រង់ចំណុចនេះ គេអាចយល់បានថា បណ្តាប្រទេសទាំងនេះចង់ឆ្លៀតឱកាសទាញយកផលប្រយោជន៍ពីកំណើនទេសចរចិន ដែលមានសន្ទុះយ៉ាងលឿន នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ។ ក៏ប៉ុន្តែ វិស័យទេសចរណ៍ក៏មិនខុសពីវិស័យផ្សេងទៀតប៉ុន្មានដែរ នៅពេលដែលគេពឹងផ្អែកកាន់តែខ្លាំងទៅលើតែទីផ្សារណាមួយ ហានិភ័យក៏មានកាន់តែច្រើនទៅតាមនោះផងដែរ។
ហេតុដូច្នេះហើយបានជាគេសង្កេតឃើញថា បណ្តាប្រទេសមួយចំនួនកំពុងតែព្យាយាម ទាក់ទាញទេសចរមកពីប្រទេសផ្សេង ដើម្បីជំនួសទេសចរចិន ដែលធ្លាក់ចុះ ហើយទីផ្សារដ៏មានសក្តានុពលមួយ ដែលគេកំពុងតែសំឡឹងឃើញនៅក្នុងពេលបច្ចុប្បន្ននេះ គឺឥណ្ឌា។ឥណ្ឌាជាទីផ្សារមួយប្រកបដោយសក្តានុពល នៅក្នុងវិស័យទេសចរណ៍ ពីព្រោះថា ឥណ្ឌាគឺជាប្រទេសមានប្រជាជនច្រើន រហូតដល់ទៅជាង ១ពាន់៣រយលាននាក់ ហើយជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ជារៀងរាល់ឆ្នាំ ប្រជាជនឥណ្ឌាដែលមានចំណូលពីមធ្យមទៅខ្ពស់ ដែលមានលទ្ធភាពធ្វើដំណើរទៅកម្សាន្តនៅបរទេសក៏មានចំនួនច្រើន។
ហេតុដូច្នេះហើយបានជាគេឃើញថា នៅក្នុងឆ្នាំ២០១៩នេះ នៅពេលដែលទេសចរចិនធ្លាក់ចុះខ្លាំង ប្រទេសមួយចំនួនបានងាកទៅផ្តោតលើការទាក់ទាញទេសចរឥណ្ឌាវិញម្តង ដូចជាប្រទេសវៀតណាមជាដើម ទើបនឹងបានអនុញ្ញាតឲ្យមានជើងហោះហើរដោយត្រង់ ជាមួយឥណ្ឌាចាប់ពីខែតុលានេះតទៅ ចំណែកថៃវិញ ដែលមានជើងហោះហើរដោយត្រង់ជាមួយឥណ្ឌាស្រាប់ ទើបនឹងបានសម្រេចឈប់យកថ្លៃទិដ្ឋាការពីទេសចរឥណ្ឌា ចាប់ពីខែមេសា ដើមឆ្នាំ២០១៩កន្លងទៅនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ