ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/11 12h00 GMT

នៅ​ប្រទេស​ក្រីក្រ ​អត្រាអ្នក​អត់​ការងារ​ទាប​ ព្រោះ​មនុស្ស​មិន​អាច​មិន​ធ្វើការ​

នៅ​ប្រទេស​ក្រីក្រ ​អត្រាអ្នក​អត់​ការងារ​ទាប​ ព្រោះ​មនុស្ស​មិន​អាច​មិន​ធ្វើការ​
 
ភាពឥតការងារធ្វើើ​និង​ភាពក្រីក្រ​កំពុងលុកលុយ​នៅ​ក្នុងប្រទេស​ទុយនីស៊ី​ DR

អត្រា​និកម្ម​ភាព ឬ​អត្រាអ្នកអត់​​ការងារ​ធ្វើ​ ជារឿយៗ ត្រូវ​បាន​មើល​ឃើញ​ថាមាន​កម្រិត​ទាប​ខ្លាំង​ ក្នុងបណ្ដា​ប្រទេស​ក្រីក្រ ឬ​ប្រទេស​កំពុង​អភិវឌ្ឍ ធៀប​ជាមួយនឹង​បណ្តា​ប្រទេស​ជឿន​លឿន។ ប៉ុន្តែ បើ​គេអង្កេត​មើល​ឱ្យ​បាន​ជ្រៅ អត្រាអ្នកអត់ការងារធ្វើទាប គ្រាន់តែជា សក្ខីភាព​​មួយបង្ហាញថា មនុស្សកំពុងធ្វើការងារ មិនមានន័យថា មនុស្សកំពុង​ធ្វើ​ការងារ​ល្អ​ប្រសើរនោះទេ ព្រោះថា ការងារទាំងនោះបានត្រឹមទទួលប្រាក់ឈ្នួលទាប ជួនកាលមាន​ជួន​កាលអត់ និងមានភាពផុយស្រួយខ្លាំង។

អត្រានិកម្ម​ភាព​៖ និយម​ន័យ​ដោយអង្គការ​ពលកម្ម​អន្តរជាតិ (ILO) នៃ​ធនគារ​ពិភពលោក

ជា​ទូទៅ ទោះ​ជា​យោង​តាម​និយម​ន័យរបស់​អង្គការពលកម្មអន្តរជាតិ (ILO) ឬ​ក៏​តាម​និយម​ន័យ​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​មួយ​ អត្រា​និកម្ម​ភាព (unemployment rate / taux du chômage) សំដៅ​​ដល់​ ភាគរយ​នៃ​កម្លាំង​ពលកម្ម​សរុបដែលគ្មាន​ការ​ងារ​ធ្វើ ប៉ុន្តែ​​ស្ថិត​ក្នុង​ស្ថាន​ភាពរួចរាល់​សម្រាប់​ការ​ងារ​ ឬ​ក៏​កំពុងរង់​ចាំ​ស្វែងរក​ការ​ងារធ្វើ​តែម្ដង។ ​គេ​វាស់ ​កម្លាំងពល​កម្ម​សរុប​ ដោយ​បូក​បញ្ចូល​ មនុស្ស​ដែល​មាន​អាយុចាប់ពី ១៥ឆ្នាំ​ឡើង​ទៅ និង​អាច​ផ្គត់ផ្គង់​​កម្លាំង​​ពលកម្ម​បាន​ នៅ​លើ​ទីផ្សារ​ការងារ មិន​ថាការងារ​ពេញ​ម៉ោង ឬ​​មិន​ពេញ​ម៉ោង ហើយនិង​បូកបញ្ចូលមនុស្ស​ដែលអត់​ការ​ងារធ្វើ ប៉ុន្តែ​កំពុង​ស្វែង​រក​។ ក្នុង​ន័យ​នេះ មិន​មែន​គ្រប់​មនុស្ស​ដែល​ធ្វើការ ​សុទ្ធ​តែ​រាប់​បញ្ចូល​ក្នុង​កម្លាំងពល​កម្ម​សរុប​នោះ​ទេ។ ជាឧទាហរណ៍ បុគ្គលិក​មិន​ទទួលបាន​ប្រាក់ឈ្នួល សមាជិកធ្វើការងារ​ក្នុង​គ្រួសារ និង​សិស្សានុសិស្ស​ មិន​ត្រូវ​បាន​គេរាប់​បញ្ចូល​។

ស្ថាន​ភាពបច្ចុប្បន្ននៃ​​អត្រា​និកម្ម​ភាព​ក្នុងបណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍភាគច្រើន

ភាគ​ច្រើន​នៃ​ប្រទេស​ដែល​មាន​អត្រា​និកម្ម​ភាព​ទាប​បំផុត​ ស្ថិត​ក្នុង​តំបន់​អាស៊ី​ និង​អាហ្វ្រិក ខណៈ​អត្រា​អ្នកអត់ការងារ​ធ្វើ​ អាច​ធ្លាក់ចុះទាប រហូត​ដល់​ចន្លោះ ០,១% ទៅ​ ១,០%។​

ប្រាកដណាស់ អត្រា​អ្នកអត់​ការងារ​ធ្វើ​មាន​កម្រិត​ទាប​ខ្លាំង​ មិន​មែន​មាន​ន័យ​ថា សេដ្ឋកិច្ច​របស់​ប្រទេស​មួយ​ មាន​ស្ថានភាព​ខ្លាំងខ្លា​ពិសេស​អ្វី​ទេ។ ជា​ឧទាហរណ៍ ប្រទេសឡាវ​មាន​អ្នក​អត់​ការងារ​ធ្វើ​ ត្រឹម​តែ​ប្រហែល ០,៣% ​ប៉ុណ្ណោះ នៅ​ឆ្នាំ​២០១៦ ប៉ុន្តែ​ ចំណូលប្រចាំឆ្នាំ​​របស់​​មនុស្ស​ម្នាក់ ​មាន​មិន​ដល់​ ១៧០០ដុល្លារ​ផង។ នៅ​ប្រទេស​កម្ពុជាឯណោះវិញ ការប្រើប្រាស់​កម្លាំងពលកម្មមាន​រហូតដល់ ៩៩,៩%​ នៃ​កម្លាំង​ពលកម្ម​សរុប ប៉ុន្តែ ​ចំណូល​ជា​មធ្យម​របស់​មនុស្ស​ម្នាក់ ​មាន​ទំហំ​ទាប​ជាង​ប្រទេស​ឡាវ​ខាង​លើ​ទៅទៀត។ ប្រមាណម្នាក់​​ក្នុង​ចំណោម​មនុស្ស​ពីរនាក់ ក្នុង​ប្រទេស​កម្ពុជា រស់​ជាមួយ​ចំណូល​ប្រហែលត្រឹម ឬ​ក្រោម ២ ដុល្លារ ក្នុង​មួយ​ថ្ងៃ។ ប្រទេស​ផ្សេង​ៗ​ទៀត នៅអាហ្វ្រិក​ ដែល​អត្រា​អ្នកអត់​ការងារ​ធ្វើ​ទាបបំផុត រួម​មាន​ដូចជា នីហ្សេ តុងហ្គា រវ៉ាន់ដា ជា​ដើម។

ហេតុអ្វី​អត្រា​​អ្នក​អត់​ការ​ងារ​ធ្វើ​ទាបខ្លាំង​ក្នុង​ប្រទេស​ក្រីក្រ?

តាមរយៈ​ការ​កំណត់​និយមន័យ​ ដូច​ដែល​រៀបរាប់​ខាងលើ គេ​អង្កេតឃើញ​ថា ជារឿយៗ ប្រទេស​ក្រីក្រ​មាន​អត្រា​អ្នក​អត់ការងារ​ធ្វើ​ទាប បើធៀប​​នឹងបណ្ដា​ប្រទេសអភិវឌ្ឍ​ជឿន​លឿន។ ទាំងនេះ​អាច​​មក​ពី​មូល​ហេតុ​ដូច​ខាង​ក្រោម៖

ប្រទេស​​​ដែល​​មាន​អត្រា​អ្នកអត់​​ការងារ​ធ្វើ​ទាប ភាគច្រើន​ជា​ប្រទេស​កំពុង​អភិវឌ្ឍ ហើយ​សេដ្ឋកិច្ច​ពឹង​ផ្អែក​​ខ្លាំង​ លើវិស័យ​កសិកម្ម ដែល​ប្រើប្រាស់​កម្លាំង​ពលកម្ម​មនុស្ស​ភាគ​​ច្រើន ប៉ុន្តែជាប្រភេទ​ការងារ​មាន​ភាពផុយស្រួយ​ខ្លាំង មាន​ពេល​ខ្លះ ​មិន​ទៀងទាត់ និង​អាស្រ័យ​ខ្លាំង​លើ​​រដូវកាលអំណោយផលឬ​ក៏​អត់​។ ត្រង់​នេះ ​គេ​ត្រូវ​ចងចាំថា ទោះ​ជា​ការងារ​មិន​ពេញ​ម៉ោង ឬ​​ការងារ​មិន​ពេញ​លេញ និង​ថែមទាំង ការងារ​ទទួល​បាន​ប្រាក់​ឈ្នួល​​​ទាប​យ៉ាងណា ក៏​ត្រូវ​បាន​រាប់​បញ្ចូល​ថា មាន​ការងារ​ធ្វើ។

កត្តា​ចម្បង​មួយ​ផ្សេងទៀត គឺ​ដោយ​សារ​ ប្រទេស​ក្រីក្រ​កំពុង​អភិវឌ្ឍ ជួប​​កង្វះខាត​ ឬអត់​ទាំង​ស្រុង​តែ​ម្ដង ធានារ៉ាប់រង ឬ​របប​សន្តិសុខ​សង្គម សម្រាប់​អ្នកអត់​ការងារ​ធ្វើ។ លើស​ពីនេះ វា​អាច​ដោយសារ​ ​កង្វះប្រសិទ្ធភាព និង​ភាព​ស្មុគស្មាញ​នៃ​សេវាកម្ម​សាធារណៈ ហើយនិង ​បរិមាណ​នៃអត្ថប្រយោជន៍ទទួល​បាន​មាន​ទំហំ​ទាបពេក បើទោះ​ជា​​អ្នកអត់​ការងារ​ធ្វើ​ ទៅ​ប្រកាស​ពី​ស្ថានភាព​របស់ខ្លួនដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ទាំង​នោះ​ក៏​ដោយ។ នៅ​ក្នុង​បណ្តា​ប្រទេស​អភិវឌ្ឍ​ជឿន​លឿន នៅ​ពេល​អ្នក​អត់​ការងារ​ ឬ​​ស្ថិត​ក្នុង​ស្ថានភាព​​កំពុង​ស្វែង​រក​ការងារ គេ​អាច​ទទួល​បាន​សេវាសង្គម​ខ្លះ ដើម្បី​ចញ្ចឹម​ជីវិត។ ផ្ទុយ​ទៅវិញ ចំពោះ ​ពលរដ្ឋ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ បើ​ពួកគេមិន​ទទួល​បាន​សេវា​ទាំង​អស់​នេះទេ ពួកគេត្រូវព្យាយាម​រក​គ្រប់​មធ្យោបាយ ឬ​ធ្វើការងារ​គ្រប់ប្រភេទ ដើម្បីចញ្ចឹម​ជីវិត និង​បើមិន​ដូច្នេះទេ គេ​ត្រូវ​ប្រឈម​នឹង​ស្ថានភាព​អត់​បាយ​តែម្ដង។

ជាទូទៅ​ គេ​អង្កេត​ឃើញ​ថា នៅ​ក្នុង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ អត្រា​អ្នកអត់​ការងារធ្វើ ច្រើន​តែ​ប្រមូល​ផ្ដុំ​ នៅលើ​ក្រុមមនុស្សដែល​​​មាន​ជីវភាពធូរធារ​ និង​បាន​ទទួល​ការអប់​រំ​ខ្ពស់ ព្រោះ​ដោយសារ​ ពួកគេអាច​មាន​លទ្ធភាព​គ្រប់គ្រាន់​ ដើម្បី​បន្ត​រង់ចាំ​ទទួល​បាន​ការងារ​ ដែល​ខ្លួន​ពេញ​ចិត្ដ និង​សមស្រប​ចំពោះ​ខ្លួនឯង។ ទោះ​ជា​យ៉ាង​ណា ក្រុម​ពលរដ្ឋ​ប្រភេទ​នេះ មាន​ចំនួន​តិចតួចណាស់​ធៀប​នឹង​កម្លាំងពលកម្ម​សរុប​ ក្នុង​ប្រទេស​ទាំងមូល។

សរុបជារួម អត្រានិកម្មភាពទាប គ្រាន់តែជាសក្ខីភាពមួយបង្ហាញថា មនុស្សកំពុងធ្វើការងារ មិនមានន័យថា មនុស្សកំពុងធ្វើការងារល្អប្រសើរនោះទេ។ ក្នុងបណ្តាប្រទេសក្រីក្រភាគច្រើន ដោយសារ​គ្មាន​ជម្រើស​  មនុស្ស​ត្រូវ​តែបង្ខំចិត្ត​ធ្វើការ​ ទោះជាការងារទាំងនោះ បានត្រឹមទទួលប្រាក់ឈ្នួលទាប ជួនកាលមានជួនកាលអត់​ និងមាន​ភាព​ផុយ​ស្រួយ​ខ្លាំង៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ