ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 12/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 12/11 12h00 GMT

ហេតុអ្វី​បានជា​មហាអំណាច​នាំគ្នា​ទៅ​បង្កើត​មូលដ្ឋានទ័ព​នៅក្នុង​ប្រទេស​ជីប៊ូទី

ហេតុអ្វី​បានជា​មហាអំណាច​នាំគ្នា​ទៅ​បង្កើត​មូលដ្ឋានទ័ព​នៅក្នុង​ប្រទេស​ជីប៊ូទី
 
ទាហាន​អាមេរិក​កំពុង​ហ្វឹកហាត់ នៅ​ឯ​មូលដ្ឋានទ័ព​ ក្នុង​ប្រទេស​ជីប៊ូទី Photo: Corporal Matthew J. Apprendi (USMC)

ជីប៊ូទី គឺ​ជា​ប្រទេស​ដ៏តូចមួយ​នៅ​ក្នុង​តំបន់​អាហ្វ្រិក ក៏ប៉ុន្តែ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ មាន​ប្រទេស​ជាច្រើន​ ដែល​ក្នុងនោះ​មាន​ទាំង​មហាអំណាច​យោធា​សំខាន់ៗ ដូចជា អាមេរិក បារាំង ហើយ​​ថ្មីៗ​ចុងក្រោយ​នេះ គឺ​ចិន​ បាន​នាំគ្នា​ទៅ​​បង្កើត​មូលដ្ឋាន​ទ័ព​របស់​ខ្លួន នៅ​ទីនោះ។ តើ​ជីប៊ូទី​មានចំណុចសំខាន់​អ្វី ទើប​គេនាំគ្នា​សម្រុក​ទៅ​ដាក់តាំង​មូលដ្ឋានទ័ព​បែបនេះ?

ជីប៊ូទី គឺ​ជាប្រទេស​ដ៏តូចមួយ ដែល​មាន​ផ្ទៃដីតែ​ប្រមាណ​ជាង ២ម៉ឺនគីឡូម៉ែត្រ​ក្រឡា (២៣ ០០០​គ.មក្រឡា) ហើយ​ប្រជាជន​​មិនដល់ ១លាននាក់​ផង ក៏ប៉ុន្តែ ជីប៊ូទី គឺ​ជា​ប្រទេស​ដែល​មាន​មូលដ្ឋាន​ទ័ព​បរទេស​ច្រើន​ជាង​ប្រទេស​ណាៗ​ទាំង​អស់​នៅលើ​ពិភពលោក។

បារាំង​ដែល​ជា​អតីត​មហាអំណាច​អាណានិគម ហើយ​ដែល​ទើប​នឹង​ប្រគល់​ឯករាជ្យ​ដល់​ជីប៊ូទី នៅ​ឆ្នាំ១៩៧៧​ បាន​បន្ត​រក្សា​មូលដ្ឋាន​ទ័ព​របស់​ខ្លួន​នៅ​ទីនោះ ហើយ​ព្រមទាំង​ចុះ​កិច្ចព្រមព្រៀង​ការពារជាតិ​ជាមួយ​ជីប៊ូទីទៀតផង​។ អាមេរិកវិញ​បាន​ចាប់ផ្តើម​បង្កើត​មូលដ្ឋាន​ទ័ព​នៅ​ជីប៊ូទី នៅ​ក្នុង​ឆ្នាំ២០០២ មួយឆ្នាំក្រោយ​ភេរវកម្ម​១១កញ្ញា។ ជប៉ុន​ ដែល​ជា​ប្រទេស​មាន​រដ្ឋធម្មនុញ្ញ​សន្តិភាព​និយម ដែល​ហាមឃាត់​មិន​ឲ្យ​បើក​ធ្វើ​ប្រតិបត្តិការ​យោធា​នៅ​បរទេស​នោះ ក៏​បាន​បង្កើត​មូលដ្ឋាន​ទ័ព​នៅ​ក្នុង​ប្រទេស​ជីប៊ូទី​នេះ​ដែរ នៅ​ឆ្នាំ២០១១ ដែល​ជា​មូលដ្ឋាន​ទ័ព​តែ​មួយគត់​របស់​ជប៉ុន​នៅបរទេស។ ចិនវិញ ក៏​បាន​បង្កើត​មូលដ្ឋាន​ទ័ព​នៅ​បរទេស​ជាលើកទីមួយ​របស់​ខ្លួន នៅ​ក្នុង​ប្រទេស​ជីប៊ូទី​នេះ​ដែរ កាល​ពី​ឆ្នាំ​២០១៧​កន្លងទៅ​ ក្រោយ​ពី​បាន​បោះទុនវិនិយោគ​ជាច្រើន​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅទីនោះ។ ក្រៅពីនេះ នៅមាន​ប្រទេស​ផ្សេងទៀត រួមមាន​ដូចជា អ៊ីតាលី អាល្លឺម៉ង់ និង​អេស្ប៉ាញ ជាដើម ក៏​បាន​ដាក់តាំងទ័ព​របស់​ខ្លួន​ នៅ​ក្នុង​ប្រទេស​ជីប៊ូទីនេះ​ដែរ ចំណែក​ឯ​​អារ៉ាប៊ីសាអ៊ូឌីត​ទើប​នឹង​បាន​ចុះ​កិច្ចព្រមព្រៀង​​ជាមួយ​ជីប៊ូទី កាល​ពី​ឆ្នាំ២០១៧​កន្លងទៅ ដើម្បី​សាងសង់​មូលដ្ឋាន​ទ័ព​របស់​ខ្លួន​នៅ​ទីនោះ។

សំណួរសួរថា​តើ​ហេតុអ្វី​បាន​ជា​គេ​​នាំគ្នា​សម្រុក​ទៅ​សាងសង់​មូលដ្ឋាន​ទ័ព​នៅ​ក្នុង​ប្រទេស​ដ៏តូចមួយនេះ?

ជីប៊ូទី ថ្វីដ្បិតតែ​ជា​ប្រទេស​តូច​ពិតមែន ក៏ប៉ុន្តែ មាន​ទីតាំង​ភូមិសាស្រ្ត​ស្ថិត​នៅ​ត្រង់​ចំណុច​យុទ្ធសាស្រ្តដ៏សំខាន់​មួយ ទាំង​ខាង​វិស័យ​ពាណិជ្ជកម្ម និង​ខាង​ផ្នែក​សន្តិសុខ។

ជីប៊ូទី​ស្ថិត​នៅ​ជាប់នឹង​ច្រកសមុទ្របាបអាល់ម៉ាន់ដាប់ (Bab al-Mandab) ដែល​ជា​ច្រកចេញចូល​ដ៏សំខាន់​តភ្ជាប់​មហាសមុទ្រ​ឥណ្ឌា ទៅ​សមុទ្រ​ក្រហម និង​ព្រែកជីក​ស៊ុយអេ​ ចាក់ចេញ​ទៅ​សមុទ្រ​មេឌីទែរ៉ាណេ រួចហើយ​បន្ត​ទៅ​មហាសមុទ្រ​អាត្លង់ទិច ដែល​ជា​ផ្លូវកាត់​ដ៏សំខាន់​មួយ រវាង​មហាសមុទ្រឥណ្ឌា និង​មហាសមុទ្រ​អាត្លង់ទិច ដោយ​មិន​ចាំបាច់​វាង​ទ្វីបអាហ្វ្រិក។

ហេតុដូច្នេះហើយ​បាន​ជា​ច្រកសមុទ្រ​​បាបអាល់ម៉ាន់ដាប់នេះ​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ផ្លូវនាវាចរណ៍​ដ៏សំខាន់​បំផុត​មួយ​នៅលើ​ពិភពលោក ដោយ​ក្នុងមួយឆ្នាំៗ ​មាន​នាវាប្រមាណ​ជា ៣ម៉ឺនគ្រឿង​ធ្វើ​ដំណើរ​ឆ្លងកាត់ ហើយ​ជា​សសៃឈាម​នៃ​ពាណិជ្ជកម្ម​ រវាង​តំបន់​អឺរ៉ុប អាហ្វ្រិក មជ្ឈិមបូព៌ា​ និង​អាស៊ី។ កាន់តែ​សំខាន់​ជាងនេះ​ទៅទៀត ​ច្រកសមុទ្រ​បាបអាល់ម៉ាន់ដាប់ ក៏ដូចជា​ច្រកសមុទ្រ​អ័រមូហ្ស (Ormuz) នៅ​ឈូងសមុទ្រពែរ្ស៍​ដែរ គឺសុទ្ធសឹង​​ជា​ច្រក​សមុទ្រ​ដ៏​សំខាន់ សម្រាប់​ការ​ដឹកជញ្ជូន​ប្រេង ពី​តំបន់​មជ្ឈិមបូព៌ា ទៅកាន់​ទីផ្សារ​អន្តរជាតិ។ ក្នុងមួយថ្ងៃៗ ប្រេងឆៅ​ប្រមាណ​ជា ៥លាន​បារីល​ត្រូវ​ដឹកជញ្ជូន​ឆ្លងកាត់​តាម​ច្រកសមុទ្រ​បាបអាល់ម៉ាន់ដាប់ ហើយ​បើ​គិតជាសរុប ៣៥% នៃ​ទំហំ​ពាណិជ្ជកម្ម​ប្រេងឆៅ​នៅ​ទូទាំង​ពិភពលោក ត្រូវ​ដឹកជញ្ជូនឆ្លងកាត់​តាម​ច្រកសមុទ្រ​នេះ។

និយាយ​ពី​ខាង​ផ្នែក​សន្តិសុខ​វិញ ប្រទេស​ជីប៊ូទី មាន​ទីតាំង​ស្ថិត​នៅ​ក្បែរ​​ឈូងសមុទ្រ​អាដែន (Aden) ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ទីតាំង​ប្រតិបត្តិការ​ដ៏សកម្មបំផុត​របស់​ក្រុម​ចោរសមុទ្រ ដែល​បង្ក​បញ្ហា​អសន្តិសុខ​ ដល់​​បណ្តា​នាវាដឹកជញ្ជូន​ ទាំង​នាវាដឹកប្រេង និង​នាវាដឹកជញ្ជូន​ពាណិជ្ជកម្ម​ជាទូទៅ។

លើសពីនេះ​ទៅទៀត តំបន់​នៅ​ជុំវិញ​ប្រទេស​ជីប៊ូទី គឺ​​ជា​​តំបន់​ដែល​ពោរពេញ​ទៅដោយ​អស្ថិរភាព ហើយ​​ដែល​ត្រូវ​បាន​ក្រុម​ភេរវជន​អន្តរជាតិ​យក​ធ្វើ​ជា​ទីជម្រក។ នៅជាប់​នឹង​ប្រទេស​ជីប៊ូទី គឺ​ប្រទេស​សូម៉ាលី ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​សម្បុក​នៃ​ក្រុម​ចោរសមុទ្រ​ផង និង​ជា​មូលដ្ឋាន​ដ៏សំខាន់​របស់​ក្រុម​ភេរវជន​ប្រចាំ​តំ​បន់​អាហ្វ្រិក​ផង ជាពិសេស គឺ​ក្រុម​អាល់ស្ហាបាប់ (al-Shabab)។ ចំណែក​នៅ​ទល់មុខ​ជីប៊ូទី នៅ​​ត្រើយម្ខាងទៀត​នៃ​ច្រកសមុទ្របាបអាល់ម៉ាន់ដាប់ គឺ​ប្រទេស​យេម៉ែន ដែល​ជា​មូលដ្ឋាន​ដ៏ធំ​របស់​ក្រុម​​ភេរវជន​អាល់កៃដា បន្ទាប់​ពី​ប្រទេស​អាហ្វហ្កានីស្ថាន។

ទីតាំង​ជា​យុទ្ធសាស្រ្ត​នេះហើយ ដែល​ធ្វើ​ឲ្យ​​ប្រទេស​មហាអំណាច នាំគ្នា​ទៅដាក់តាំង​មូលដ្ឋាន​ទ័ព នៅ​ក្នុង​ប្រទេស​ជីប៊ូទី ដើម្បី​ប្រជែង និង​ការពារផលប្រយោជន៍​ជាតិ​របស់​ពួកគេ​រៀងៗខ្លួន ទាំង​នៅ​ក្នុង​​ការ​គ្រប់គ្រង និង​រក្សា​សន្តិសុខ​ផ្លូវ​នាវាចរណ៍ សម្រាប់​ការ​ដឹកជញ្ជូនប្រេង និង​​ការ​ដោះដូរពាណិជ្ជកម្ម និង​ទាំង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ភេរវកម្ម៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ