អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើហេតុអ្វី​បានជា​អតិផរណា​នៅ​អឺរ៉ុប​មាន​អត្រា​ទាបខ្លាំង?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​តាម​បណ្តា​ប្រទេស​ខ្លះ គេ​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​អតិផរណា​ដែល​មាន​អត្រា​ខ្ពស់​ហួសហេតុ។ ចំណែក​ឯ​នៅ​ក្នុង​តំបន់​ចាយលុយ​អឺរ៉ូវិញ កំពុងតែ​ប្រឈមមុខ​នឹង​អត្រា​អតិផរណា​ទាប​ទៅវិញ។ បើទោះបីជា​មាន​ចំណាត់ការ​យ៉ាងច្រើន​ពីសំណាក់​ធនាគារ​កណ្តាល​អឺរ៉ុប ក៏ប៉ុន្តែ អតិផរណា​នៅ​អឺរ៉ុប​នៅតែ​មិន​ព្រមកើនឡើង ផ្ទុយ​ទៅវិញ គឺ​មាន​តែ​ធ្លាក់ចុះ​រហូតដល់​កម្រិត​អវិជ្ជមាន កាល​ពីខែ​កុម្ភៈ​កន្លងទៅនេះ។ តើ​មាន​កត្តាអ្វីខ្លះ​ដែល​ធ្វើ​ឲ្យ​អត្រា​អតិផរណា​នៅ​អឺរ៉ុប​មាន​កម្រិត​ទាប​ខ្លាំង​បែបនេះ?

អត្រា​អតិផរណា​នៅ​ក្នុង​តំ​បន់​ចាយលុយ​អឺរ៉ូ​បបាន​ធ្លាក់​ចុះ​ដល់​កម្រិត​អវិជ្ជមាន (-០,២%) នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៦
អត្រា​អតិផរណា​នៅ​ក្នុង​តំ​បន់​ចាយលុយ​អឺរ៉ូ​បបាន​ធ្លាក់​ចុះ​ដល់​កម្រិត​អវិជ្ជមាន (-០,២%) នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៦ REUTERS/Yves Herman
ផ្សាយពាណិជ្ជកម្ម

ធនាគារ​កណ្តាល​អឺរ៉ុប​ធ្លាប់​បាន​វាយតម្លៃ​ថា តម្លៃ​ទំនិញ​ទូទៅក្នុងតំបន់​ចាយលុយ​អឺរ៉ូ​​​ចាំបាច់​ត្រូវ​តែ​មាន​កំណើន​ក្នុង​រង្វង់ ២% ក្នុងមួយឆ្នាំ ទើប​សេដ្ឋកិច្ច​​អាច​មាន​កំណើន​ប្រកប​ដោយ​ចីរភាព។ ហេតុដូច្នេះ​ហើយ​បាន​ជា​កន្លងទៅនេះ ធនាគារ​កណ្តាល​អឺរ៉ុប​បាន​ចាត់វិធានការ​ជាច្រើន ដើម្បី​ជំរុញ​អត្រា​អតិផរណា​ឲ្យ​កើនឡើង។ ក៏ប៉ុន្តែ បើទោះបីជា​យ៉ាងនេះក៏ដោយ អត្រា​អតិផរណា​ក្នុង​តំបន់​អឺរ៉ូ​មិនត្រឹមតែ​មិនកើនឡើង តែបែរ​ជា​ធ្លាក់​ចុះ​ទៅវិញ រហូតដល់​អត្រា​អវិជ្ជមាន គឺ​-០,២% កាល​ពីខែ​កុម្ភៈ​កន្លងទៅនេះ។

ការធ្លាក់ចុះ​នៃ​តម្លៃ​ទំនិញ​ជាទូទៅ នៅ​ក្នុង​តំបន់​ចាយលុយ​អឺរ៉ូ​នេះ គឺ​បណ្តាល​មក​ពី​កត្តា​ជាច្រើន​យ៉ាង​រួមផ្សំគ្នា។

កត្តា​ទី១ ដែល​ជា​កត្តា​សំខាន់​ជាងគេ គឺ​​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេងឆៅ​នៅលើ​ទីផ្សារ​អន្តរជាតិ។ គេ​សង្កេតឃើញ​ថា នៅ​ក្នុងរយៈពេល​២ឆ្នាំ​កន្លងទៅនេះ តម្លៃ​ប្រេងឆៅ​នៅលើ​ទីផ្សារ​អន្តរជាតិ​បានដាំក្បាលចុះ​យ៉ាងខ្លាំង ដោយសារ​តែ​បរិមាណ​ប្រេង​ដែល​គេ​បូមលក់​​មាន​កំណើន​លឿន​ជាង​តម្រូវការ​នៃ​ទីផ្សារ។

ជាការពិត​ថា ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេង​នេះគឺ​​ជា​ចំណុច​វិជ្ជមាន​មួយ​ដល់​អ្នក​ប្រើប្រាស់ ក៏ដូចជា​ក្រុមហ៊ុន​សហគ្រាស ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា វា​ក៏​​ទាញ​តម្លៃ​ទំនិញ​​ឲ្យ​ធ្លាក់​ចុះ​ទៅតាម​នោះ​ដែរ​ ទាំង​តម្លៃ​ប្រេង តម្លៃ​ថាមពល​អគ្គិសនី ក៏ដូចជា តម្លៃ​ផលិតផល​ផ្សេងទៀត​ដែល​ផលិត​ចេញ​ពី​ប្រេង ឬ​ផលិត​ដោយ​ប្រើ​ប្រេង។

នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ គេ​សង្កេតឃើញថា តម្លៃ​ប្រេង​ហាក់​ដូចជា​នៅ​ទ្រឹង ឬ​ក៏​ពេល​ខ្លះ​ត្រូវ​កើនឡើង​បន្តិចបន្តួច ដោយសារ​តែ​មាន​ការ​បង្ហើប​ឲ្យដឹង​ខ្លះៗ ពី​សំណាក់​ប្រទេស​នាំចេញ​ប្រេង អំពី​លទ្ធភាព​នៃ​ការ​កាត់បន្ថយ​បរិមាណ​បូមប្រេង។ ក៏ប៉ុន្តែ ទោះជាយ៉ាងណា បណ្តា​ប្រទេស​អស់ទាំងនេះ​នៅតែ​មាន​ការ​ខ្វែងគំនិតគ្នា​ច្រើន​នៅឡើយ ដែល​ជាហេតុ​ធ្វើ​ឲ្យ​គេ​គិត​ថា តម្លៃ​ប្រេងឆៅ​ទំនង​ជា​នឹង​មិនកើនឡើង​មកវិញនោះទេ នៅ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ។ ដូច្នេះ​ហើយ​បាន​ជា​អ្នកជំនាញ​ជាច្រើន​នាំគ្នា​ព្យាករ​ថា អត្រា​អតិផរណា​នៅ​ក្នុង​តំបន់​ចាយលុយ​អឺរ៉ូ ក៏​ទំនង​ជា​នឹង​មិន​កើនឡើង​នោះដែរ ដរាបណា​តម្លៃប្រេងឆៅ នៅតែ​មាន​កម្រិត​ទាបបែបនេះ។

កត្តា​ទី២ គឺ​អត្រា​ប្តូរប្រាក់អឺរ៉ូ​។ គេ​សង្កេតឃើញ​ថា កាលពីខែ​មីនា​ឆ្នាំ​ទៅមិញ​នេះ នៅ​ក្រោយ​ពេល​ដែល​ធនាគារ​កណ្តាល​អឺរ៉ុប​ប្រកាស​បញ្ចេញ​សាច់ប្រាក់​យ៉ាងច្រើន​ទៅក្នុង​ទីផ្សារ លុយ​អឺរ៉ូ​បាន​ធ្លាក់​ចុះ​យ៉ាងខ្លាំង​ធៀប​ទៅនឹង​លុយ​បរទេស​ផ្សេងទៀត។ ក៏ប៉ុន្តែ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ លុយ​អឺរ៉ូ​ក៏​ស្រាប់តែ​ឡើង​ថ្លៃ​មកវិញ ជាពិសេស ធៀប​នឹង​លុយ​ដុល្លារ​អាមេរិក។ នៅ​ពេល​ដែល​លុយ​អឺរ៉ូ​ឡើងថ្លៃ​ធៀបនឹង​លុយ​បរទេស គឺ​មានន័យ​ថា តម្លៃ​ទំនិញ​ដែល​នាំចូល​ពីបរទេស​មក​ក្នុង​តំបន់​ចាយលុយអឺរ៉ូ​​ក៏​ត្រូវ​ធ្លាក់​ថ្លៃ​ទៅតាម​នោះដែរ។

កត្តា​ទី៣ គឺ​ការ​ធ្លាក់​ចុះ​នៃ​កម្រិត​​ប្រាក់ឈ្នួលរបស់​និយោជិត។ គេ​សង្កេតឃើញ​ថា ប្រទេស​ជាច្រើន ក្នុង​តំបន់​ចាយលុយ​អឺរ៉ូ រួមមាន​ដូចជា ក្រិក អេស្ប៉ាញ អ៊ីតាលី និង​ព័រទុយហ្កាល់​ ជាដើម ដែល​ត្រូវ​ប្រឈមមុខ​នឹង​វិបត្តិ​ប្រាក់​បំណុល បាន​នាំគ្នា​ធ្វើ​កំណែទម្រង់​ទីផ្សារ​ការងារ ដែល​នាំ​ទៅរក​ការ​កាត់បន្ថយ​កម្រិត​ប្រាក់​ឈ្នួល​របស់​និយោជិត។ នៅ​ពេល​ដែល​ប្រាក់​ខែ​ធ្លាក់​ចុះ ប្រាក់ចំណូល​របស់​ប្រជាជន​ក៏​ត្រូវ​ធ្លាក់ចុះ ហើយ​ការចំណាយ​ទូទៅ​របស់ប្រជាជន​ក៏​ត្រូវ​ធ្លាក់ចុះ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​តម្លៃ​ទំនិញ​ក៏​ត្រូវ​ធ្លាក់​ចុះ។

លើសពីនេះ​ទៅទៀត នៅ​ពេលដែល​តម្លៃ​ទំនិញ​ទូទៅ​ធ្លាក់ចុះ ដែល​នាំ​ឲ្យ​អត្រា​អតិផរណា​មាន​កម្រិត​ទាប កម្រិត​ប្រាក់​ឈ្នួល​​ដែល​ជាទូទៅ​ត្រូវ​បាន​គេ​យក​សន្ទស្សន៍​ទៅតាម​អត្រា​អតិផរណា​​ក៏​ត្រូវ​នៅ​ទ្រឹង​ដោយ​មិន​កើនឡើង ចំណែក​ឯ​និយោជិត​ដែល​មាន​ប្រាក់​ខែ​ទាប ប៉ុន្តែ មាន​អំណាច​ទិញ​កើនឡើង ដោយសារ​តែ​ទំនិញ​ធ្លាក់ថ្លៃ ក៏​មិនសូវ​ជា​ស្ទុះស្ទា​ទាមទារ​ដំឡើង​ប្រាក់​ខែ។

កត្តា​អស់ទាំងនេះ​ហើយ​ដែល​ជំរុញ​ឲ្យ​អត្រា​អតិផរណា​​នៅ​ក្នុង​តំបន់​ចាយលុយ​អឺរ៉ូ​នៅតែ​បន្ត​មាន​កម្រិត​ទាប​ដោយ​មិន​កើនឡើង។ នៅ​ពេល​ដែល​អត្រា​អតិផរណា​មាន​កម្រិត​ទាប​ខ្លាំង​បែបនេះ វា​ធ្វើ​ឲ្យ​​សេដ្ឋកិច្ច​ក្នុង​តំបន់​ចាយលុយ​អឺរ៉ូ​មិនសូវ​មាន​កំណើន ហើយ​ចក្ខុវិស័យ​ក្នុងរយៈពេល​ខ្លី​ក៏​មិនល្អ ដែល​ជា​ហេតុធ្វើ​ឲ្យ​ក្រុមហ៊ុន សហគ្រាស​ជាទូទៅ​គ្មាន​​ជំនឿចិត្ត​ ក្នុង​ការ​បោះទុន​វិនិយោគ​លើ​មុខជំនួញ​របស់​ពួកគេ។ នៅ​ពេល​ដែល​ការ​វិនិយោគ​ធ្លាក់ចុះ តម្រូវការ​ទីផ្សារ​ក្នុងស្រុក​ដែល​មាន​កម្រិត​ទាបស្រាប់​ក៏​កាន់តែ​ធ្លាក់​ចុះ​ខ្លាំងឡើង​ថែម​ទៀត ហើយ​នេះ​គឺ​ជា​កត្តា​មួយ​បន្ថែម​ទៀត ជំរុញ​ឲ្យ​អត្រា​អតិផរណា​នៅ​ក្នុង​តំបន់​ចាយ​លុយ​អឺរ៉ូ​កាន់តែ​ត្រូវ​ធ្លាក់ចុះ​ទាប​ដូចជា​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ