អានតួអត្ថបទ
ហ្វីលីពីន-សារព័តមាន-នយោបាយ

អ្នក​កាសែត​ប្រឆាំង​រដ្ឋាភិបាល​ហ្វីលីពីន​ត្រូវបាន​ដោះលែង​ឲ្យនៅ​ក្រៅឃុំ​បណ្តោះ​អាសន្ន

នៅថ្ងៃ​ព្រហស្បតិ៍ ទី១៤ កុម្ភៈ ​អ្នកកាសែត​ហ្វីលីពីនម្នាក់​ដែល​និយម​សរសេររឿង​រិះគន់​ពីរបៀបដឹកនាំ​ប្រទេស​របស់​លោក​ឌុយទែរតេ​ត្រូវបាន​អនុញ្ញាត​ឲ្យនៅ​ក្រៅឃុំ​ជាបណ្តោះអាសន្ន​ បន្ទាប់ពី​ជាប់ឃុំឃាំង​រយៈពេល​មួយយប់​រួចមក​។ ការចាប់ខ្លួន​អ្នកកាសែត​នេះ​បានធ្វើឲ្យ​សហគមន៍​អន្តរជាតិ​ផ្ទុះ​ប្រតិកម្ម​ប្រឆាំង​ និងថា​នេះ​ជា​យុទ្ធសាស្ត្រ​បង្ក្រាប​ របស់​រដ្ឋាភិបាលហ្វីលីពីន​ទៅលើ​ក្រុមអ្នក​កាសែត​ដែល​មាន​និន្នាការ​ប្រឆាំង​នឹង​លោកប្រធានាធិបតីឌុយទែរតេ។

ប្រធានាធិបតីហ្វីលីពីនលោកឌុយទែរតេ។
ប្រធានាធិបតីហ្វីលីពីនលោកឌុយទែរតេ។ NOEL CELIS / AFP
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ជាប់ឃុំឃាំង​រយៈពេល​មួយយប់​ ពោល​នៅ​យប់​ថ្ងៃពុធ​ ទី១៣ កុម្ភៈ​ អ្នកកាសែតប្រឆាំង​គឺ​អ្នកស្រី​ម៉ារីយ៉ា​ រ៉េសា​ (Maria Ressa) ត្រូវបាន​អាជ្ញាធរ​ហ្វីលីពីន​ សម្រេច​ដោះលែង​ឲ្យនៅ​ក្រៅឃុំ​បណ្តោះអាសន្ន​ ក្រោយ​បង់ប្រាក់ធានា​ចំនួន ១ ៩០០​ ដុល្លារសហរដ្ឋ​អាមេរិក​រួចម​ក។

ការឃុំខ្លួន​អ្នកស្រី​បានធ្វើឲ្យ​គេគិតថា​ វា​គឺ​ជាការ​គំរាមកំហែង​និង​ដាក់សំពាធ​របស់ក្រុមអ្នកមាន​អំណាច​ហ្វីលីពីន​ ទៅលើ​អ្នកស្រី ព្រមទាំង​វេបសាយ​ព័ត៌មាន​របស់​អ្នកស្រី​ផងដែរ។

មួយវិញទៀត​ ការចាប់ខ្លួន​អ្នកកាសែត​ប្រឆាំង​នៅពេលនេះ​ បានធ្វើឲ្យ​សហគមន៍​អន្តរជាតិ​ បញ្ចេញ​ប្រតិកម្ម​រិះគន់​ជាខ្លាំង​។ ជាក់ស្តែង​ តំណាង​គណៈកម្មការ​ការពារ​អ្នកការសែត​ ដែលមាន​ទីតាំង​នៅ​សហរដ្ឋ​អាមេរិក​និយាយថា​ ចំណាត់ការ​របស់​រដ្ឋាភិបាល​ហ្វីលីពីន​ គឺ​មិនអាច​ទទួលយក​បាន​ទាល់តែ​សោះឡើយ​ ហើយ​បានទាមទារឲ្យ​ អាជ្ញាធរ​ដោះលែង​អ្នកស្រី រ៉េសា​ ឲ្យមាន​សេរីភាព​ពេញលេញ​ និង​បញ្ឈប់​នូវ​រាល់​ការធ្វើទុក្ខបុកម្នេញ​ទៅលើ​ក្រុមអ្នកកាសែត​ប្រឆាំង​។

ទាក់ទងរឿងនេះដែរ​ អតីត​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​ម្នាក់​ បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ Twitter​ ថា​ ការ​ចាប់ខ្លួន​អ្នកការសែត​ប្រឆាំង​អ្នកស្រី​ រ៉េសា​ ពី​សំណាក់​រដ្ឋាភិបាល​ហ្វីលីពីន​គឺជា​រឿង​ដែល​មិនអាច​ទទួលយក​បានឡើយ​ ហើយ​គ្រប់​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​ទាំងអស់​គួរមាន​ចំណាត់កា​រឆ្លើយតប​ទៅនឹង​ទង្វើបែបនេះ​។

សូម​រំឭកថា​ មានវ័យ៥៥ ឆ្នាំ​ អ្នកស្រី​ រ៉េសា ​គឺជា​អ្នកកាសែត​ចាស់វស្សា​ម្នាក់​។ នៅគ្រាកន្លងមក​ អ្នកស្រី​តែងតែ​សរសេរ​ព័ត៌មាន​រិះគន់​រដ្ឋាភិបាល​ហ្វីលីពីន​។ ជាពិសេស​រឿងដែល​គេ​ឧស្សាហ៍​ឃើញ​អ្នកស្រី​ចុះផ្សាយ​គឺ​ពាក់ព័ន្ធនឹង​គោលនយោបាយ​កណ្តាប់ដៃដែក​របស់​លោក​ប្រធានាធិបតី​ ឌុយទែរតេ ក្នុងការ​បង្ក្រាប​ការជួញដូរគ្រឿងញៀន​។ ជាការ​បង្ក្រាប​ដែលបាន​សម្លាប់មនុស្ស​រាប់ពាន់នាក់​ និង​ទទួលបាន​ការរិះគន់​យ៉ាងខ្លាំង​ពីសំណាក់​ក្រុមអ្នក​ការពារ​សិទ្ធិមនុស្ស​។

ក្រោយ​ត្រូវដោះលែង​ អ្នកស្រី​ រ៉េសា បានប្រាប់​ទៅកាន់​អ្នក​សារព័ត៌មាន​ថា​ ការ​ចាប់ខ្លួន​អ្នកស្រី​គឺជាសញ្ញា​ដែល​រដ្ឋាភិបាល​ប្រាប់​យ៉ាងច្បាស់​ (…) ឲ្យ​លោកស្រី​បិទមាត់​ ឈប់ទិតៀន​លោក​ឌុយទែរតេ​ទៀត​ បើមិនដូច្នោះទេ​អ្នកស្រី​នឹងមាន​គ្រោះថ្នាក់​ជាមិនខាន​។

តែទោះជាយ៉ាងណាក្តី​ អ្នកស្រី​អះអាងថា​អ្នកស្រី​មិនចាញ់​សំឡុត​របស់​រដ្ឋាភិបាល​ឡើយ​ ហើយ​នៅតែបន្ត​បេសកកម្ម​របស់​អ្នកស្រី​ក្នុងការ​បង្ហាញ​ការពិត​ក្នុង​សង្គម​ហ្វីលីពីន​តាមរយៈ​អាជីព​ជាអ្នកកាសែត​បន្តទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ