ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/08 12h00 GMT
អាស៊ី

យោធា​ហ្វីលីពីន​ដាស់តឿន​រដ្ឋាភិបាល​អំពី​ការវិនិយោគ​របស់​ចិន​នៅលើ​កោះ​យុទ្ធសាស្ត្រ​

media  
ប្រធានាធិបតីហ្វីលីពីនលោកឌុយទែរតេ និងលោកស៊ី ជីនពីងប្រធានាធិបតីចិន។ Kenzaburo FUKUHARA / POOL / AFP

មន្ត្រីយោធាហ្វីលីពីន នៅថ្ងៃអង្គារ ទី ៦ សីហា បានក្រើនរំឭក រដ្ឋាភិបាលដឹកនាំដោយលោកប្រធានាធិបតីឌុយទែរតេ ជុំវិញរឿងអនុញ្ញាតឱ្យវិនិយោគិនចិន ធ្វើការលើគម្រោងអភិវឌ្ឍន៍កោះតូចៗចំនួនបី។ សម្រាប់ថ្នាក់ដឹកនាំយោធាហ្វីលីពីន ត្បិតតែកោះទាំងបីនេះ មានទំហំតូចៗមែនពិត ក៏ប៉ុន្តែវាជាទីតាំងយុទ្ធសាស្ត្រដ៏សំខាន់មួយ សម្រាប់សន្តិសុខជាតិ។

មួយវិញទៀត ក្រៅតែព្រួយបារម្ភពីកត្តាសន្តិសុខជាតិ កងទ័ពហ្វីលីពីន ក៏ខ្វល់ខ្វាយផងដែរ ពីលំហូរចូលចំនួនពលករចិននៅក្នុងប្រទេសដែលមានចំនួនកើនឡើង​ តាមរយៈការវិនិយោគខាងលើនេះ។

រដ្ឋាភិបាលហ្វីលីពីន គួរតែសិក្សាពីផលប៉ះពាល់សន្តិសុខ មុននឹងប្រគល់កោះចំនួនបី ទៅឱ្យអ្នកវិនិយោគបរទេស ពីព្រោះថា កោះទាំងអស់នោះ មានសារៈសំខាន់ជាយុទ្ធសាស្ត្រ សម្រាប់ការការពារជាតិរបស់ហ្វីលីពីន។ នេះ គឺជាការលើកឡើងរបស់លោកអេឌហ្គា អារឺវ៉ាឡូ Edgard Arevalo ដែលជាទាហានជើងទឹករបស់ហ្វីលីពីនម្នាក់។

លោកទាហានជើងទឹករូបនេះ បានបន្ថែមថា វាពិតជាក់ស្តែងណាស់ ហើយគ្មានរឿងអ្វីគួរឲ្យសង្ស័យនោះទេ ដែលថា កូនកោះទាំងបីដែលក្នុងនោះរួមមាន កូនកោះក្រង់ដឹ (Grande) ឆីកីតតា (Chiquita) និងកូនកោះហ្វូហ្គា (Fuga) មានសារៈសំខាន់ខ្លាំងសម្រាប់សន្តិសុខរបស់ហ្វីលីពីន។ ក្នុងបរិបទនេះ លោកបន្ថែមថា ប្រសិនណាបើ កូនកោះទាំងបីធ្លាក់ក្នុងដៃជនបរទេស នោះវានឹងប៉ះពាល់ខ្លាំងដល់កិច្ចការ ការពារប្រទេសរបស់យោធាហ្វីលីពីន។

ព្រមជាមួយគ្នានេះ លោក អារឺវ៉ាឡូ បានបញ្ជាក់ទៀតថា ខណៈដែលរដ្ឋាភិបាល ចង់ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ...រដ្ឋាភិបាលក៏គួរពិចារណាផងដែរ អំពីបញ្ហាសន្តិសុខរបស់ប្រទេស ដែលអាចកើតចេញមកពីកត្តា មិនបានសិក្សាឲ្យជាក់ច្បាស់ និងគ្រប់គ្រាន់ពី ផលប៉ះពាល់នៃការជួលកោះទាំងនោះទៅឱ្យជនបរទេស។

ឆ្លើយតបនឹងការលើកឡើងខាងលើ អ្នកនាំពាក្យរបស់លោកប្រធានាធិបតីហ្វីលីពីន បានឲ្យដឹងថា តាមពិតទៅលោក ឌុយ ទែរតេ បានដឹងអស់ហើយអំពីសំណើសុំវិនិយោគរបស់ក្រុមហ៊ុនចិន នៅលើទីតាំងកោះទាំងបីនោះ ប៉ុន្តែលោកមិនបានប្រាប់អ្វីលម្អិតបន្ថែមទាក់ទងរឿងនេះឡើយ។

គួរជ្រាបថា ប្រទេសហ្វីលីពីន បានផ្តើមមានទំនាក់ទំនងសេដ្ឋកិច្ចល្អប្រសើរឡើង ជាមួយនឹងប្រទេសចិន ចាប់តាំងពីលោកប្រធានាធិបតីឌុយទែរតេ ជាប់ឆ្នោតក្លាយជាប្រធានាធិបតី នាពាក់កណ្តាលឆ្នាំ ២០១៦ មក។ មួយវិញទៀត ដើម្បីពង្រីក និងពង្រឹងកំណើនសេដ្ឋកិច្ចជាតិ លោកឌុយទែរតេ ថែមទាំងបានទុក ជម្លោះដណ្តើមកោះជាមួយក្រុងប៉េកាំង នៅឯសមុទ្រចិនខាងត្បូង មួយឡែកសិនទៀតផង ។

និន្នាការនេះ បានធ្វើឲ្យលំហូរចូលអ្នកវិនិយោគ បូករួមទាំងពលករចិន ក្នុងប្រទេសហ្វីលីពីន មានការកើនឡើងខ្លាំង។ ហើយនេះ ក៏ជារឿងដែលយោធាហ្វីលីពីនកំពុងព្រួយបារម្ភ និងដាស់តឿនដល់រដ្ឋបាលហ្វីលីពីន ក្រោមការដឹកនាំរបស់លោកឌុយទែរតេផងដែរ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ