ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/08 12h00 GMT
អាស៊ី

ស្ត្រី​រាប់ពាន់នាក់​នៅ​ហ្វីលីពីន​នាំគ្នា​ដើរ​ធ្វើ​បាតុកម្ម​ប្រឆាំងនឹង​លោកឌុយទែរតេ​

media  
លោកប្រធានាធិបតីហ្វីលីពីនឌុយទែរតេ។ REUTERS/Romeo Ranoco

នៅថ្ងៃ​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​ ៨ មីនា​ មាន​ស្ត្រី​ជាច្រើន​ពាន់នាក់​ នាំគ្នា​ដើរ​នៅតាម​ដងផ្លូវ​ជាច្រើនកន្លែង​ នៅក្នុង​ទីក្រុងម៉ានីល​ប្រទេសហ្វីលីពីន​ ដើម្បី​ធ្វើ​បាតុកម្ម​ប្រឆាំងទៅនឹង​លោក​ប្រធានាធិបតី​ឌុយទែរតេ​។ ក្រុមអ្នកតវ៉ា​បានចោទថា​ លោកឌុយទែរតេ​ គឺជា​ប្រធានាធិបតីមួយរូប​ ដែល​រើសអើង​ និង​មិនឲ្យ​តម្លៃ​លើ​ស្ត្រីភេទ​។

ក្រុមស្ត្រី​អ្នកតវ៉ា​ប្រមាណជា​ ៤ ០០០ នាក់​ បាននាំគ្នា​ដើរ​នៅក្នុង​ក្បួនបាតុកម្មមួយ​ដើម្បី​ប្រឆាំង​នឹង​លោកឌុយទែរតេ​ ដោយ​ផ្តើមចេញពី​វិមានប្រធានាធិបតី​ក្នុង​ទីក្រុង​ម៉ានីល​។ ក្រុមអ្នកតវ៉ា​បានអះអាងថា​ពួកគេ​មិនពេញចិត្ត​ទាល់តែសោះ​ឡើយចំពោះ​ចរិត​ឫកពា​របស់​លោកប្រធានាធិបតី​ឌុយទែរតេ​ ដែល​ចូលចិត្ត​លើកយក​រឿង​ចាប់រំលោភ​ មកនិយាយ​ជារឿង​លេងសើច​ទៅវិញ​។

បន្ថែមលើនេះ​ ក្រុមស្រ្តី​ដែលជា​បាតុករ​ក៏បាន​បង្ហាញ​ការមិនពេញចិត្ត​ផងដែរ​ ចំពោះ​សម្តី​មិន​សមរម្យ​របស់​លោកឌុយទែរតេ​ កាលពី​ឆ្នាំ​ទៅមិញ​ដែលថា​លោក​បានប៉ះពាល់​ស្ត្រី​បម្រើ​ការ​នៅផ្ទះ​របស់​លោក​។

ឆ្លើយតប​ចំពោះ​មតិ​រិះគន់​ខាងលើ​ ជំនួយការ​របស់​លោកឌុយទែរតេ​ បាន​បកស្រាយថា​ ពាក្យពេចន៍​របស់​លោកប្រធានាធិបតី​ថ្លែង​នៅគ្រា​កន្លងមក​ គ្រាន់តែជា​ការ​និយាយ​លេងសើច​បែប​កំប្លុកកំប្លែង​ធម្មតា​តែប៉ុណ្ណោះ​ និងថា​វា​មិនមែន​ជា​រឿង​នយោបាយ​ ហើយ​គេ​មិន​គួរ​ចាត់ទុករឿង​ទាំងនោះ​ថាជា​រឿង​ធំដុំ​អ្វី​នោះទេ​។

ពាក់ព័ន្ធរឿងនេះដែរ​ មេដឹកនាំ​បាតុកម្ម​គឺ​អ្នកស្រី​ Joms Salvador បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ AFP ថា​ពាក្យសម្តី​មើលងាយ​មិនឲ្យតម្លៃ​លើស្ត្រី​របស់​លោក​ប្រធានាធិបតី​ឌុយទែរតេ​ គឺ​មិនអាច​ទទួល​យកបានឡើយ​មិនថា​ក្នុងន័យ​និយាយកំប្លែង​ ឬ​ក្នុងន័យ​អ្វី​ផ្សេងទៀត​ក៏ដោយ​។

អ្នកស្រី​បាន​អះអាងទៀតថា​ គិតជាមធ្យម ក្នុង​រយៈពេល​មួយម៉ោង​ មានស្ត្រី​ ឬ​កុមារ​ហ្វីលីពីន​ម្នាក់​ត្រូវបាន​ចាប់រំលោភ​ ដែល​នេះ​ជា​តួលេខ​បង្ហាញថា​ករណី​ចាប់រំលោភ​នៅក្នុង​ប្រទេសហ្វីលីពីន​បាន​កើនឡើងខ្លាំង​គឺ​កើន​រហូតដល់​ចំនួន​ ១៥៣ ភាគរយ​ ពី​មួយទសវត្សរ៍​មុនពេល​ដែល​លោកឌុយទែរតេ​ឡើង​កាន់​តំណែង​។

គួរជម្រាបជូនថា​ ធ្វើដំណើរ​ចេញ​ពី​វិមាន​ប្រធានាធិបតី​ ក្រុមបាតុករ​ក៏បាន​ដើរកាត់​តាម​ដងផ្លូវ​ជាច្រើន​កន្លែង​ផ្សេងទៀត​នៅក្នុង​ទីក្រុងម៉ានីល​ សំដៅ​ទៅកន្លែង​ទីប្រជុំជនធំៗ​ និង​ផ្សារទំនើប​ដោយ​មាន​ពាក់អាវ​​បង្កប់​នូវសារ​អប់រំ លើកកម្ពស់​ពី​សមភាព​យេនឌ័រ​ផងដែរ​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ