ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/06 12h00 GMT

លោកស្រី​មេ​ បញ្ចប់​តួនាទី​ជា​មេបក្ស​កាន់អំណាច​អង់គ្លេស​នៅថ្ងៃ​ទី៧​ មិថុនា​នេះ​

លោកស្រី​មេ​ បញ្ចប់​តួនាទី​ជា​មេបក្ស​កាន់អំណាច​អង់គ្លេស​នៅថ្ងៃ​ទី៧​ មិថុនា​នេះ​
 
លោកស្រីតេរេសា មេ នាយករដ្ឋមន្ត្រីអង់គ្លេស។ Anthony Devlin/Pool via REUTERS

ថ្ងៃសុក្រ ទី៧ មិថុនានេះ គឺជាថ្ងៃចុងក្រោយរបស់លោកស្រីនាយករដ្ឋមន្ត្រីតេរេសា មេ ក្នុងនាមជាមេដឹកនាំបក្សកាន់អំណាចអង់គ្លេស។​ ទោះបីលែងមានតួនាទី ជាប្រធានបក្សកាន់អំណាចត្រឹមនេះក្តី តែលោកស្រីមេ នឹងនៅតែបន្តតំណែងជានាយករដ្ឋមន្ត្រីរយៈក្នុងរយៈពេល ៤ ទៅ ៥ សប្តាហ៍ខាងមុខទៀត ដើម្បីរង់ចាំអ្នកថ្មី មកជំនួសតំណែងរបស់លោកស្រីទាំងជាប្រធានបក្សកាន់អំណាច និងជាប្រមុខរដ្ឋាភិបាលថ្មីរបស់អង់គ្លេស។

តើនរណាទៅ ដែលនឹងអាចក្លាយទៅជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសអង់គ្លេស? ហើយពេលណា ទើបអង់គ្លេសអាចជ្រើសរើសប្រមុខដឹកនាំប្រទេសថ្មីរបស់ខ្លួនបាន?

រំឭកហេតុផល ដែលនាំឲ្យលោកស្រីតេរេសា មេ លាលែងចេញពីតំណែងនាយករដ្ឋមន្ត្រី

គេនៅចាំបានមិនទាន់ភ្លេចទេថា កាលពី ២ សប្តាហ៍កន្លងទៅ លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេសតេរេសា មេ បានប្រកាសថាលោកស្រីនឹង​លាឈប់​ពីមុខ​តំណែង​ជា​​ប្រមុខរដ្ឋាភិបាលអង់គ្លេស នាថ្ងៃ​សុក្រ ទី៧ ​មិថុនា នេះ​។ នេះក៏មានន័យដែរថា តំណែងជាប្រធានបក្សកាន់អំណាចរបស់លោកស្រី ពោលគឺប្រធានបក្សអភិរក្សនិយមក៏ត្រូវបិទបញ្ចប់ព្រមជាមួយគ្នាតែម្តង។

លោកស្រីមេ បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេស ក្នុងខែកក្កដា ឆ្នាំ ២០១៦ ពោលគឺប៉ុន្មានសប្តាហ៍តែប៉ុណ្ណោះ បន្ទាប់ពីការបោះឆ្នោតប្រជាមតិ Brexit។ ចាប់តាំងពីចូលកាន់តំណែងភ្លាម លោកស្រីមេ បានស្ថិតក្រោមសម្ពាធជាខ្លាំង និងជាពិសេសតែម្តងក្នុងការដឹកនាំដំណើរការចរចា លែងលះគ្នាជាមួយនឹងសហភាពអឺរ៉ុប។ រយៈពេល ៣ ឆ្នាំ កន្លងមកនេះ លោកស្រីមេ បានខិតខំប្រឹងប្រែងចរចា តថ្លៃជាមួយ សហភាពអឺរ៉ុប ជាច្រើនលើកច្រើនសារ អំពីលក្ខខណ្ឌក្នុងការបែកផ្លូវគ្នា បូករួមទាំងទំនាក់ទំនងរវាងអង់គ្លេស និងសហភាពអឺរ៉ុបក្រោយលែងលះគ្នា។

លោកស្រីមេ នៅទីបំផុតទៅ បានសម្រេចកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុប​ ចំនួន ៣ ក៏ប៉ុន្តែ គ្មានកិច្ចព្រមព្រៀងគ្នាណាមួយឡើយ ក្នុងចំណោមកិច្ចព្រមព្រៀងទាំងអស់ ដែលអ្នកស្រីខំប្រឹងសម្រេចបាន ត្រូវសភាអង់គ្លេសបោះឆ្នោតអនុម័តគាំទ្រនោះ។ បរាជ័យជាច្រើនលើកច្រើនសារនេះហើយ ដែលជាហេតុផលជំរុញឲ្យលោកស្រីសម្រេចលាលែងចុះចេញតំណែង។

គួររំឭកជូនដែរថា កាលពី ថ្ងៃទី ២៤ ឧសភា ថ្ងៃដែលលោកស្រី ប្រកាសលាលែងចេញពីតំណែង លោកស្រីក៏បានបញ្ជាក់ប្រាប់ដែរថា នៅគ្រាកន្លងមក លោកស្រីបានខិតខំប្រឹងប្រែងអស់ពីលទ្ធភាពហើយ ក្នុងការផ្តាច់អង់គ្លេស ចេញពីសហភាពអឺរ៉ុប តែលោកស្រីមិនអាចធ្វើឲ្យរឿងនេះកើតឡើង ដូចការចង់បានរបស់ពលរដ្ឋអង់គ្លេស ដូច្នោះលោកស្រីត្រូវតែចាកចេញ និងទុកតួនាទីនេះឲ្យអ្នកជំនាន់ក្រោយដែលមានសមត្ថភាពធ្វើការជំនួសវិញ។

នរណាជាអ្នកអាចស្នងតំណែងជានាយករដ្ឋមន្ត្រីថ្មីជំនួសលោកស្រីមេ?

រឿងមួយដែលគេដឹងច្បាស់នាពេលនេះគឺថា នរណាអាចឈ្នះការបោះឆ្នោត ក្លាយជាប្រធានគណបក្សកាន់អំណាចអង់គ្លេសគឺបក្សអភិរក្សនិយម អ្នកនោះនឹងក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេសដោយស្វ័យប្រវត្តិ។

នាខណៈនេះគេដឹងថា មានសមាសភាពមកពីបក្សអភិរក្សនិយមចំនួន ១១ នាក់ ដែលជាបេក្ខភាពប្រកួតប្រជែង ដណ្តើមយកតំណែងជាមេដឹកនាំបក្ស ដែលក្នុងនោះក៏មានស្ត្រីចំនួនពីររូបផងដែរ។

តែទោះជាយ៉ាងណាក្តី ក្នុងចំណោមបេក្ខភាពទាំង ១១ មានគេសង្កេតឃើញថា មានបេក្ខភាពចំនួនពីររូប ដែលលេចធ្លោជាងគេ និងមានឱកាសខ្ពស់ ក្នុងការដណ្តើមយកតំណែងជាមេបក្សកាន់អំណាច និងជាប្រមុខដឹកនាំរដ្ឋាភិបាលអង់គ្លេសថ្មី។

អ្នកទី១ គឺ លោក Boris Johnson ជាអតីតរដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេស និងជាអតីតចៅហ្វាយក្រុងឡុងដ៍ម្នាក់ផងដែរ។ លោក Boris Johnson បានក្លាយជាអ្នកនយោបាយដ៏លេចធ្លោ និងមានប្រជាប្រិយខ្លាំងបំផុតមួយរបស់អង់គ្លេសចាប់តាំងពីឆ្នាំ ២០១៦ មកម្ល៉ោះ។ អតីតចៅហ្វាយក្រុងឡុងដ៍រូបនេះ មិនសូវជាចូលចិត្តប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ ប៉ុន្មាននោះទេ។

មិនតែប៉ុណ្ណោះ នាពេលថ្មីៗចុងក្រោយនេះ លោកធ្លាប់បាននិយាយថា អង់គ្លេសមិនត្រូវចាកចេញពីសហភាពអឺរ៉ុប ដោយគ្មានកិច្ចព្រមព្រៀង ដូចការឲ្យយោបល់របស់លោកត្រាំឡើយ។ លោក Boris Johnson លើកឡើងថា ការចាកចេញដោយគ្មានកិច្ចព្រមព្រៀងអង់គ្លេស នឹងរង់ផលប៉ះពាល់ និងខាតបង់ខ្លាំងជាមិនខាន។

ចំណែកអ្នកទី២ ដែលអាចមានលទ្ធភាពទទួលបានសំឡេងគាំទ្រ ក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេសថ្មី គឺ លោក Michael Gove ជារដ្ឋមន្ត្រីក្រសួងបរិស្ថាន និងក៏ជាបុគ្គលម្នាក់ដែលជួយគាំទ្រលោកស្រីតេរេសា មេ យ៉ាងសកម្មក្នុងដំណើរការនៃកិច្ចចរចា ជាមួយសហភាពអឺរ៉ុប ទាក់ទងនឹងការចាកចេញរបស់អង់គ្លេស នាពេលកន្លងមក។

អង់គ្លេស រំពឹងជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីបានក្នុងពេលឆាប់ៗ

លោកស្រីមេ នឹងនៅដឹកនាំប្រទេស ក្នុងនាមជានាយករដ្ឋមន្ត្រីស្តីទី រហូតដល់ចុងខែកក្កដា ក្រោយ។ តែទោះជាយ៉ាងណាក្តី មិនជាយូរប៉ុន្មានទៀតទេ ដែលអង់គ្លេសអាចរកឃើញបេក្ខភាពថ្មី មកជំនួសតំណែងលោកស្រីមេបាន។

ជាក់ស្តែង នៅថ្ងៃចន្ទ ទី ១០ មិថុនា សប្តាហ៍ក្រោយនេះ ការទទួលពាក្យសុំប្រកួតប្រជែងជាមេដឹកនាំបក្សកាន់អំណាច នឹងត្រូវចាប់បើកជាផ្លូវការ ហើយបិទវិញនៅវេលាម៉ោង ៥ ល្ងាច ម៉ោងនៅក្នុងប្រទេសអង់គ្លេស។

បន្ទាប់មកទៀត ការបោះឆ្នោតជាសម្ងាត់ ជ្រើសរើសមេដឹកនាំបក្សកាន់អំណាច នឹងត្រូវប្រព្រឹត្តឡើងជាច្រើនដំណាក់កាល ពោលគឺច្រើនរហូតដល់ ៥ ជុំ ជាបន្តបន្ទាប់គ្នា រាប់ចាប់ពីថ្ងៃទី ១៣ ខែមិថុនា និងរហូតដល់ថ្ងៃទី ២២ កក្កដា។

បេក្ខភាព ដែលអាចឈ្នះការប្រកួតប្រជែងនេះបាន ត្រូវការសំឡេងគាំទ្រចំនួន ៨ ពីសមាជិកបក្សអភិរក្សដទៃទៀត។​ នៅជុំចុងក្រោយ បេក្ខភាពពីរនាក់ នឹងត្រូវបន្តប្រកួតប្រជែងគ្នា ហើយគេរំពឹងទុកថា អ្នកឈ្នះការបោះឆ្នោត និងជានាយករដ្ឋមន្ត្រីអង់គ្លេសថ្មី នឹងត្រូវប្រកាសប្រាប់ជាសាធារណៈនៅថ្ងៃ ទី ២២ កក្កដា ខាងមុខនេះ៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • Brexit៖ នាយករដ្ឋមន្រ្តីអង់គ្លេស​ប្រកាស​លាឈប់​ពីមុខតំណែង

    ស្វែងយល់បន្ថែម

  • Brexit៖ ពេលវេលា​កំណត់​កាន់តែ​ជិតដល់ រដ្ឋមន្ត្រី​ម្នាក់​ទៀត​លាលែង​ពី​តំណែង

    ស្វែងយល់បន្ថែម

  • នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ព្រម​ធ្វើ​ប្រជាមតិ​​​លើក​ទីពីរ ដើម្បី​ស្រោចស្រង់​កិច្ចព្រមព្រៀង​Brexit

    ស្វែងយល់បន្ថែម

  • អង់គ្លេស និងអឺរ៉ុប​ព្រម​ពន្យារ​ពេល Brexit រហូត​ដល់​ថ្ងៃ​ទី៣១តុលា ២០១៩

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ