ភាពមិនប្រាកដប្រជានៃកិច្ចព្រមព្រៀង Brexit ធ្វើឲ្យកំណើនសេដ្ឋកិច្ចអង់គ្លេសធ្លាក់ចុះ
កំណើនសេដ្ឋកិច្ចរបស់ប្រទេសអង់គ្លេស កំពុងតែជួបបញ្ហានៅមួយរយៈពេលចុងក្រោយនេះ ដោយសារតែស្ថានភាពសេដ្ឋកិច្ចពិភពលោក និងពិសេសដោយសារឥទ្ធិពលរបស់ Brexit ផង។ ជាក់ស្តែង បើតាមការព្យាករណ៍ របស់ធនាគារជាតិអង់គ្លេស កំណើនសេដ្ឋកិច្ចរបស់អង់គ្លេសនាឆ្នាំនេះបានធ្លាក់ចុះពីចំនួន ១,៧ មកត្រឹមតែ ១,២ ភាគរយប៉ុណ្ណោះ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៥១
កំណើនសេដ្ឋកិច្ចរបស់អង់គ្លេស កំពុងតែត្រូវបានខ្យល់នៃកិច្ចព្រមព្រៀង Brexit បក់បោក។ ភាពប្រទាញប្រទុងគ្នាជុំវិញកិច្ចព្រមព្រៀង Brexit នេះ បានបង្កើតជាឧបសគ្គ និងធ្វើឲ្យភាពរីកចម្រើនលូតលាស់នៃសេដ្ឋកិច្ចអង់គ្លេស ជួបភាពយឺតយ៉ាវ។ នេះ គឺជាការលើកឡើងរបស់លោក Mark Carney ប្រធានធរនាគារជាតិនៃប្រទេសអង់គ្លេស។
លោក Carney បានក្រើនរឮកថា សេដ្ឋកិច្ចរបស់អង់គ្លេសមានកំណើនដែរ តែជាកំណើនមួយ ដែលដើរយឺត នៅចុងឆ្នាំ ២០១៨ និងទំនងជាកាន់តែយ៉ាប់យ៉ឺនឡើងបន្តទៀត នៅដើមឆ្នាំ ២០១៩ នេះ។ លោកបន្តថា កត្តាចំបងដែលធ្វើឲ្យកំណើនសេដ្ឋកិច្ចរបស់អង់គ្លេសជួបបញ្ហាបែបនេះ គឺដោយសារតែរងឥទ្ធិពលមិនល្អ កើតចេញពីភាពមិនប្រាកដប្រជារបស់កិច្ចព្រមព្រៀង Brexit។
កិច្ចព្រមព្រៀង Brexit ដែលកំពុងតែធ្វើឲ្យសង្គមអង់គ្លេសរញ៉េរញៃ និងធ្វើបណ្តាក្រុមហ៊ុនដែលកំពុងរកស៊ី នៅក្នុងប្រទេសមានការព្រួយបារម្ភ។ មិនតែប៉ុណ្ណោះ កិច្ចព្រមព្រៀងនេះ ក៏បានធ្វើឲ្យនាយករដ្ឋមន្ត្រីអ្នកស្រីទែររ៉េហ្សា ម៉េ (Theresa May) ឈឺក្បាលវិលមុខជាខ្លាំងផងដែរ។ ឈឺក្បាលវិលមុខ ដោយសារតែ កន្លងមកថ្មីៗនេះ សភាអង់គ្លេសមិនព្រមឯកភាព និងអនុម័តលើកិច្ចព្រមព្រៀង ដែលលោកស្រីខំប្រឹងអស់រយៈពេលជាច្រើនខែ ចរចាជាមួយសហភាពអឺរ៉ុប ទំរាំតែសម្រេចបាន។
គួររំឭកជូនថា នៅថ្ងៃព្រហស្បតិ៍ ថ្ងៃទី៧ កុម្ភៈ ឆ្នាំ ២០១៩ សហភាពអឺរ៉ុប និងនាយករដ្ឋមន្ត្រីអង់គ្លេស បានវិលមកចូលតុពិភាក្សាគ្នាសារជាថ្មីម្តងទៀត ជុំវិញកិច្ចព្រមព្រៀងលែងលះគ្នា។ គេជឿថា ចំណុចខ្ទាស់ខ្លាំង ដែលធ្វើឲ្យសហភាពអឺរ៉ុប ពិបាកនឹងធ្វើសម្បទាន ឲ្យអង់គ្លេស នោះគឺបញ្ហាព្រំដែនរបស់អៀរឡង់ខាងជើង។
តែទោះជាយ៉ាងណាក្តី គេនៅមិនទាន់ដឹងទេថា លោកស្រីម៉េ អាច ទំលាយភាពទាល់ច្រក ក្នុងពេលចរចា នោះឬក៏អត់ទេ។ អ្វីដែលគេដឹងនាពេលនេះ គឺថាទាំងសហភាពអឺរ៉ុប ទាំងប្រទេសអង់គ្លេសបានឯកភាពគ្នា បន្តកិច្ចចរចា នៅពេលខាងមុខទៀត។ ក៏ប៉ុន្តែ ភាគីទាំងពីរមិនទាន់បានកំណត់ពីកាលបរិច្ឆេទនៅឡើយទេ។
គួរជម្រាបជូនថា ទោះបីជារដ្ឋាភិបាលទីក្រុងឡុងដ៍ខិតខំវិលទៅចរចាជាមួយសហភាពអឺរ៉ុបយ៉ាងណាក្តី គេជឿថាវាមិនមែនជារឿងងាយស្រួលនោះទេ។ ជាកស្តែង លោក Carney ប្រធានធរនាគារជាតិនៃប្រទេសអង់គ្លេស បានលើកឡើងថា កិច្ចចរចា-កិច្ចព្រមព្រៀង Brexit នៅតែស្ថិតក្នុងភាពស្រពេចស្រពិល ហើយបញ្ហានេះ នឹងនៅតែជាចលករ រុញច្រានឲ្យអង់គ្លេសធ្លាក់ចូលទៅក្នុងរណ្តៅនៃបញ្ហាសេដ្ឋកិច្ច និងហិរញ្ញវត្ថុដដែល។
សូមជម្រាបជូនថា នាពេលបច្ចុប្បន្ននេះ អង់គ្លេស មិនមែនជាប្រទេសតែមួយនោះទេ ដែលជួបនឹងបញ្ហាកំណើនសេដ្ឋកិច្ច។ ជាក់ស្តែង ប្រទេសអឺរ៉ុបមួយចំនួនដែលក្នុងនោះ រួមមានដូចជា ប្រទេសអាល្លឺម៉ង់ និងបារាំងជាដើម ក៏កំពុងមានបញ្ហាកំណើនសេដ្ឋកិច្ចចុះថមថយដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ